អត្ថបទ

ការពិនិត្យឡើងវិញនាឆ្នាំ២០១២៖ ការរំលោភយកដីធ្លី ជាឬសគល់នៃជម្លោះ

ចេញផ្សាយ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១៣
F T M
នគរបាលបង្ក្រាបកុបកម្មត្រូវបានដាក់ពង្រាយ ដើម្បីរារាំងសមាជិកសហគមន៍បឹងកក់មិនឲ្យ ចូលក្នុងសវនាការសាលាឧទ្ធរណ៍លើសំណុំ រឿងសកម្មជនទាំង ១៣នាក់ដែលត្រូវបាន ឃុំខ្លួន កាលពីថ្ងៃទី២៧ ខែមិថុនា​​​ ឆ្នាំ២០១២

ស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជានាដើមឆ្នាំ២០១២ ចាប់ផ្តើមមានភាពអាប់អួ ហើយនៅចុងឆ្នាំស្ថានភាព រឹតតែធ្ងន់ធ្ងរយ៉ាងខ្លាំង។ ការកើនឡើងយ៉ាងច្បាស់លាស់ នៃភាពតក់ស្លុត បានធ្វើឲ្យមានការលំបាកដោយមិនដឹងថា ចាប់ផ្តើមសរសេរ របាយការណ៍សង្ខេបឆ្នាំ២០១២ ពីកន្លែងណានោះទេ៖ ម្ចាស់ស្ថានីយ៍វិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ទៅលើបទចោទដែលមានលក្ខណៈនយោបាយ។ សកម្មជនបរិស្ថានដ៏ល្បីឈ្មោះ ត្រូវបានបាញ់សម្លាប់នៅក្នុងព្រៃ នៅខណៈ ដែលកំពុងធ្វើការស៊ើបអង្កេត ករណីកាប់ឈើខុសច្បាប់។ អ្នកកាសែតធ្វើការទាក់ទងនឹង បញ្ហាកាប់ឈើ ខុសច្បាប់ម្នាក់ ត្រូវបានគេធ្វើឃាតនៅខេត្តរតនគីរី។ អភិបាលក្រុងម្នាក់ បានបាញ់រះទៅលើក្រុមបាតុកររោងចក្រកាត់ដេរ ហើយមិនទាន់ត្រូវបាន កាត់ទោសឲ្យជាប់ពន្ធនាគារ នៅឡើយទេ។ ហើយអ្នកដឹកនាំ ១៧នាក់ ដែលមក ពីសហគមន៍កំពុងប្រឈមមុខនឹងការបណ្តេញចេញនៅរាជធានីភ្នំពេញបានជាប់ ក្នុងពន្ធនាគារ។

នេះ គឺជាឆ្នាំដែលមាន អំពើហិង្សាខ្លាំងបំផុត ក្នុងចំណោម ឆ្នាំនានា ដែលត្រូវបានកត់ត្រា... លើករណីនៃការប្រើ ប្រាស់កំលាំងអាវុធខ្លាំង ក្លារបស់អាជ្ញាធរមកលើ សកម្មជននានា

គ្រាន់តែក្នុងអំឡុងពេលមួយខែប៉ុណ្ណោះក្នុង ខែមេសា និងឧសភា យើងឃើញមានអ្នកការពារ សិទិ្ធមនុស្ស ១៥នាក់ ត្រូវបានជាប់ពន្ធនាគារ ព្រះសង្ឃមួយ អង្គជាសកម្មជន ត្រូវបានឃាត់ព្រះកាយ និងទទួលការគម្រាមកំហែង ហើយមនុស្ស ៣នាក់ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងរបស់រដ្ឋ។ នៅឆ្នាំនោះដែរ រយៈពេលបីថ្ងៃក្នុងខែធ្នូ យើងឃើញមានបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលម្នាក់ ត្រូវបានតុលាការកោះហៅ ដើម្បីធ្វើការសាកសួរពីបទចោទ ដែលទាក់ទងនឹងការងាររបស់គាត់ សកម្មជនដីធ្លី ២នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។ បុរសពីរនាក់ទៀត ដែលគ្មាននរណាម្នាក់ នឹងស្មានដល់ថា ត្រូវជាប់ពន្ធនាគារម្តងទៀតទាល់តែសោះ (ព្រោះគេដឹងជាទូទៅថា ជាឃាតករសប្បនិម្មិត និងត្រូវបានដោះលែងឲ្យមានសេរីភាពម្តងដោយតុលាការ កំពូល) ពីបទចោទថា ធ្វើឃាតលើមេដឹកនាំសហជីព លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤។

នៅចន្លោះខែវិចិ្ឆកា ឆ្នាំ២០១១ ដល់ខែធ្នូ ឆ្នាំ២០១២ យ៉ាងតិចណាស់មានព្រឹត្តិការណ៍ចំនួន ៩ ដែលអាជ្ញាធរបានបើក ការបាញ់ប្រហារ មកលើប្រជាពលរដ្ឋ ដែលនេះធ្វើឲ្យឆ្នាំ២០១២ ជាឆ្នាំដែលមានអំពើហិង្សា ខ្លាំងបំផុត ក្នុងចំណោមឆ្នាំនានា ដែលបានកត់ត្រាទាក់ទង នឹងការប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លារបស់អាជ្ញាធរមកលើសកម្មជន។

ជាផ្នែកមួយនៃការឈានទៅរកការចេញផ្សាយរបាយការណ៍របស់យើងអំពី “សិទិ្ធមនុស្សឆ្នាំ២០១២៖ ឆ្នាំស្ថិតក្នុងការពិនិត្យ ឡើងវិញ” នៅថ្ងៃទី១៨ ខែកុម្ភៈ អង្គការលីកាដូ កំពុងធ្វើការចេញផ្សាយលំដាប់ នៃសេចក្តីសង្ខេបលើគេហទំព័រចំនួន ៤ភាគ ដែលជាការពិនិត្យមើលឡើងវិញនូវសិទិ្ធមនុស្ស សំខាន់ៗនៅក្នុងឆ្នាំ២០១២។ ការដាក់បន្តិចម្តងៗជារៀងរាល់ថ្ងៃនឹងត្រូវ បានធ្វើឡើងពេញមួយសប្តាហ៍ រហូតដល់ការបោះពុម្ពផ្សាយរបាយការណ៍ ទាំងមូលរបស់យើងនៅថ្ងៃទី១៨ ខែកុម្ភៈ។

ការរំលោភយកដីធ្លី៖ ឬសគល់នៃជម្លោះ
ប្រភពដ៏សំខាន់បំផុតនៃជម្លោះ នៅតែជាការចាប់យកដីធ្លីខុសច្បាប់ ដោយអាជ្ញាធររដ្ឋ។ អាជ្ញាធរតែងតែធ្វើក្នុងនាម ផលប្រយោជន៍អ្នកជំនួញ ដែលមានទំនាក់ទំនងល្អជាមួយខ្លួន។ ការសិក្សា រួមរបស់អង្គការលីកាដូ ដែលត្រូវបាន ចេញផ្សាយនៅក្នុង កាសែតឌឹឃែមបូឌាដេលី (The Cambodia Daily) កាលពីខែមីនា បានរកឃើញថា ដីធ្លីប្រទេស កម្ពុជាច្រើនជាង ២២ ភាគរយ ត្រូវបានធ្វើ ប្រគល់ទៅឲ្យក្រុមហ៊ុនឯកជនជាច្រើន តាមរយៈទម្រង់ ជាសម្បទានដី។ នៅរាជធានីភ្នំពេញ និងនៅខេត្តទាំង ១២ ដែលអង្គការលីកាដូ បានធ្វើការករណីរំលោភដីធ្លី បានប៉ះពាល់ដល់ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៤០០,០០០នាក់ ចាប់តាំងពីឆ្នាំ២០០៣ ដែលនេះ ជាការបង្កើន ឲ្យមានអ្នកគ្មាន ដីធ្លីកាន់តែច្រើន និងមិនអាចចិញ្ចឹមជីវិតខ្លួនឯងបាន។

ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចូលឆ្នាំថ្មី ថ្ងៃទី៣ ខែមករា អាជ្ញាធរ និងកម្មករ ដែលត្រូវបានគេជួល បានប៉ះទង្គិច ជាមួយប្រជាពលរដ្ឋបុរីកីឡា ដោយអ្នកទាំងនោះបានធ្វើការឈូសឆាយកំទេចផ្ទះរបស់ ប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ។ ផ្ទះបានគេកំទេច មុនពេលដែលប្រជាពលរដ្ឋប្រមូលរបស់របររបស់ពួកគេចេញ។ ដំណើរការនេះ ត្រូវបានត្រួតត្រា ឃ្លាំមើល ដោយកងកម្លាំងនគរបាលចម្រុះចំនួន ១០០នាក់ ដែលជាអ្នកបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងភ្ជង់អាវុធដាក់ ប្រជាពលរដ្ឋ។ អ្នកតំណាងសហគមន៍ចំនួនប្រាំបីនាក់ ដែលក្នុងនោះមានអនីតិជនម្នាក់ ត្រូវបានចាប់ និងឃុំខ្លួន។

ក្រុមហ៊ុនផានអ៊ីមិច ដែលកំពុងធ្វើការអភិវឌ្ឍន៍ដីធ្លីរបស់ពួកគេ បានទទួលដីធ្លីជាផ្នែក នៃគោលការណ៍ថ្មី ហើយប្លែក “ការចែកដីធ្លី (ការអភិវឌ្ឍន៍នៅនឹងកន្លែង)” ដែលក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ដោយព្រមព្រៀងក្នុងការសាងសង់ អគារគេហដ្ឋាននៅនឹងដីនោះ ជាថ្នូរនឹងការផ្លាស់ទីកន្លែងរស់នៅរបស់ ប្រជាពលរដ្ឋនៅទីនោះ។ ក្រុមហ៊ុន បានបញ្ចប់ការសាងសង់ត្រឹមតែ ៨ អគារប៉ុណ្ណោះ ក្នុងចំណោមអគារទាំង១០។ .

នគរបាលចាប់ខ្លួនប្រជាពលរដ្ឋសហគមន៍ បុរីកីឡា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ បន្ទាប់ពី អ្នកទាំងនោះធ្វើ ការប្រមូលផ្តុំគ្នានៅមុខសាលារាជធានី ភ្នំពេញ ដើម្បីតវ៉ាប្រឆាំងនឹងការបណ្តេញ ចេញ។ បន្ទាប់មក ពួកគេត្រូវ បានបញ្ជូន ទៅកាន់មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ជាកន្លែង ដែលអ្នកទាំងនោះត្រូវបានឃុំ ខ្លួន ដោយគ្មានការចោទប្រកាន់ពីបទ ល្មើសព្រហ្មទណ្ឌ

មួយសប្តាហ៍ក្រោយមក ពលរដ្ឋបុរីកីឡា ៣០នាក់ ដែលក្នុងនោះមាន ២៤នាក់ជាស្ត្រី និង៦នាក់ ជាកុមារ ត្រូវបានចាប់ខ្លួន នៅមុខសាលារាជធានីភ្នំពេញ ខណៈដែលធ្វើ ការអំពាវនាវឲ្យក្រុមហ៊ុនផានអ៊ីម៉ិច គោរពនូវកិច្ចសន្យាព្រមព្រៀងរបស់ខ្លួន។ ពលរដ្ឋទាំងនោះ ត្រូវបានឃុំខ្លួន ដោយមិនមានការចោទប្រកាន់ នៅមជ្ឈមណ្ឌល សង្គមកិច្ចព្រៃស្ពឺ របស់រាជរដ្ឋាភិបាល ដែលជាកន្លែង ត្រូវបានប្រើប្រាស់ ម្តងហើយ ម្តងទៀតសម្រាប់ជាកន្លែងទុក “អ្នកដែលគេ មិនត្រូវការ” ដែលអាជ្ញាធរមិនមាន មូលហេតុ ក្នុងការចោទប្រកាន់ព្រហ្មទណ្ឌបាន។ អ្នកឃុំ ទាំងអស់ចៃដន្យ បានរត់ចេញ ឬត្រូវបានគេដោះលែង។

នៅពេលនោះដែរ ប្រជាពលរដ្ឋនៅភូមិប៉ោយប៉ែត គឺជាជនរងគ្រោះចុងក្រោយ នៅក្នុងជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងគម្រោងស្តារផ្លូវដែករបស់កម្ពុជា។ នៅថ្ងៃទី៥ ខែមេសា មាន២២ គ្រួសារ ដែលបានរស់នៅតាមបណ្តោយផ្លូវរទភ្លើងបានទទួល លិខិតជូនដំណឹងពីការបណ្តេញចេញ ពីអាជ្ញាធរក្នុងតំបន់។ លិខិតនោះ បានទុក រយៈពេល ឲ្យពួកគេចំនួន ១០ថ្ងៃ ដើម្បីរុះរើសំណង់របស់ពួកគេពីតំបន់ផ្លូវ រទេះភ្លើង ប៉ុន្តែពួកគេទទួលបានលិខិតជូនដំណឹងនេះ តែមួយថ្ងៃមុនថ្ងៃកំណត់ប៉ុណ្ណោះ។ នៅថ្ងៃធ្វើរបាយការណ៍ ពួកគេនៅតែស្ថិតនៅទីនោះដដែល។

ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ជាជនរងគ្រោះនៃការបណ្តេញចេញ ដែរនៅក្នុងឆ្នាំ២០១២។ នៅថ្ងៃទី២៦ ខែឧសភា ដីចំការ និងផ្ទះចំនួន ៦០ ហិកតា ជាកម្មសិទិ្ធរបស់ ១៥ គ្រួសារ ដែលរស់នៅសង្កាត់លេខ ១ ត្រូវបានបំផ្លាញ ដោយកងកម្លាំង ប្រដាប់អាវុធ (ពង្រឹងកម្លាំងបន្ថែមដោយអ្នកទោស) ដែលដឹកនាំដោយព្រះរាជអាជ្ញាសាលាដំបូង ខេត្តព្រះសីហនុ លោក ប៊ូ ប៊ុនហាង។ ដីនេះ គឺទុកសម្រាប់ ការសាងសង់ពន្ធនាគារថ្មី។ អ្នកភូមិដែលត្រូវបានបណ្តេញចេញ មិនបានទទួលសំណងអ្វីទេ ហើយបែរជាមានអ្នកភូមិម្នាក់ យ៉ាងតិចរងរបួសធ្ងន់ធ្ងរអំឡុងពេលប្រតិបត្តិការរបស់អាជ្ញាធរ។

កាលពីខែឧសភា រាជរដ្ឋាភិបាល បានធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការផ្តល់ដីសម្បទានថ្មីៗ ប៉ុន្តែនៅខែមិថុនា អង្គការលីកាដូ បានចងក្រងឯកសារ ពីការផ្តល់ដីសម្បទានយ៉ាងតិចមាន ១២កន្លែង ដែលសរុបមានជាង ៨០,០០០ ហិកតា។ រាជរដ្ឋាភិបាល បានបញ្ជាក់ថា ការផ្អាកផ្តល់ដីសម្បទាន មិនមានអានុភាពទៅលើដីដែល “បានព្រមព្រៀង” ផ្តល់រួចហើយនោះទេ (ដោយមិនមានបញ្ជីកត់ត្រាដីសម្បទាន ជាសាធារណៈ)។ ម៉្យាងទៀត ការផ្អាកនេះ នៅមានភាពខ្វះ ចន្លោះជាច្រើន។

ជាការឆ្លើយតបទៅនឹងការកើនឡើងនៃទុក្ខសោកនៃជម្លោះដីធ្លី សម្តេចនាយករដ្ឋមន្ត្រី លោកបានមានប្រសាសន៍ប្រកាស អំពីគោលនយោបាយផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លីថ្មីនៅខែមិថុនា ដោយប្រើប្រាស់ និស្សិតស្ម័គ្រចិត្តចុះវាស់វែងដីធ្លីចំនួន ១,៦០០ នាក់ ដែលស្លៀកពាក់ជាយោធា។ នៅពាក់កណ្តាលទីពីរនៃឆ្នាំ២០១២ និស្សិតស្ម័គ្រ ចិត្តបានធ្វើដំណើរពាសពេញ ផ្ទៃប្រទេសដើម្បីវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទិ្ធដី។ យើងទាំងអស់គ្នា សូមធ្វើការអបអរសាទរ និងសរសើររាជ រដ្ឋាភិបាលដែលជួយជំរុញឲ្យមានការចេញប័ណ្ណកម្មសិទិ្ធ ឲ្យបានឆាប់ ក៏ប៉ុន្តែយើងមានការព្រួយបារម្ភ ខ្លាចកម្ម វិធីនេះ មានការរំលងទាំងស្រុង នូវស្ថាប័នមានស្រាប់ ដែលត្រូវបានបង្កើតដោយរដ្ឋ ក្នុងការអនុវត្តតួនាទីនេះ។ យើងក៏មានការ សោកស្តាយ ដោយកម្មវិធីនេះមិនមាន ការផ្តល់អ្នកឃ្លាំមើលដោយឯករាជ្យ។ មានរបាយការណ៍ ដែលគួរឲ្យជឿជាច្រើន ទាក់ទងនឹងម្ចាស់ដីដែលរងផលប៉ះពាល់ ដែលត្រូវបាន គេបង្ខំឲ្យទទួលយកល័ក្ខខ័ណ្ឌ ដែលបានដាក់ដោយនិស្សិត ស្ម័គ្រចិត្ត។ នៅចុងឆ្នាំ២០១២ កម្មវិធីចែកប័ណ្ណកម្មសិទិ្ធដីធ្លី នៅតែបន្តអនុវត្ត។

នៅខែតុលា អង្គការលីកាដូ បានចេញផ្សាយ ផែនទីបង្ហាញពីសកម្មភាពទៅតាមពេលវេលា ដែលបង្ហាញពីការផ្តល់ដី សម្បទាននៅប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន។ ផែនទីនេះ បង្ហាញយ៉ាងរស់ររើក នូវរបៀប ដែលដីសម្បទាន ជាច្រើនត្រូវបានផ្តល់យ៉ាងលឿននៅប៉ុន្មានឆ្នាំថ្មីៗនេះ ហើយអង្គការ លីកាដូ នឹងផ្តល់ព័ត៌មានជូនអ្នកអាន ឲ្យទាន់សភាពការណ៍ (update) ជាទៀងទាត់ នៅពេលណាមានទិន្នន័យថ្មីអំពីដីសម្បទាន។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា