អត្ថបទ

ការពិនិត្យឡើងវិញនាឆ្នាំ ២០១៣៖និទ្ទណ្ឌភាពក្នុង​ប្រព័ន្ធតុលាការ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៤
F T M
បុរសម្នាក់នេះក្រាបចុះ​នៅមុខ​កងរាជ​អាវុធហត្ថ អំឡុង​ពេល​មានការ​ប៉ះទង្គិចគ្នា​នៅក្នុង​បាតុកម្ម​របស់​កម្មករ​រោងចក្រ អេស អិល នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

ជាផ្នែកមួយនៃការឈាន​ទៅរក​ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​យើង​ខ្ញុំ​អំពី “សិទិ្ធ​មនុស្ស​ឆ្នាំ ២០១៣៖ ឆ្នាំ​ស្ថិតក្នុង​ការ​ពិនិត្យ​ឡើង​វិញ អង្គការ​លីកាដូ កំពុង​ធ្វើការ​ចេញ​ផ្សាយ លំដាប់​នៃ​គេហទំព័រ​ចំនួន ៤ភាគ ដែល​ជាការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុងឆ្នាំ​២០១៣។ ការ​ដាក់​បន្តិច​ម្តងៗ​ជារៀងរាល់​ថ្ងៃនឹង​ត្រូវ​បាន​ធ្វើឡើង​ពេញ​មួយ​សប្តាហ៍​រហូត ដល់​ការ​បោះពុម្ព​ផ្សាយ​របាយការណ៍​ទាំង​មូល​របស់​យើងខ្ញុំ​នៅថ្ងៃទី​២៤ ខែ​មិនា។

ខណៈពេលដែលការតវ៉ារបស់ប្រជាពលរដ្ឋ​មានការកើនឡើង នោះ​ការ​បង្រ្កាប​របស់​អាជ្ញាធរ​ក៏​កាន់តែ​កើន​ឡើង​ផងដែរ ចំណែក​ឯ​ប្រព័ន្ធ​យុត្តិធម៌​វិញមិន​បាន​ស្វែងរក​ការពិត​ជូន​​ប្រជាពលរដ្ឋទេ បែរជា​​បណ្តោយ​ឲ្យ​និទណ្ឌភាព​ក្នុង​ប្រព័ន្ធ​តុលាការ​កាន់តែ​រីករាល​ដាល​ឡើង។ ឆ្នាំ២០១៣​នេះបានបង្ហាញ​​ពី៖ ចំនួន​​​​សំណុំ​រឿង​ដែលលេច​ធ្លោ​ជាងគេ​ក្នុង​តុលាការ ជាមួយ​នឹង​សេចក្តី​សម្រេច​ផ្សេង​ៗ​គ្នា។

ក្រោយពីបានចំណាយអស់​រយៈ​ពេល ៨ខែ​នៅ​ក្នុង​ពន្ធនាគារ លោក ម៉ម សូណង់ដូ ដែលជា​ម្ចាស់​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ និង​សហភាគី​ចុងចោទ​របស់លោក ត្រូវបាន​សាលា​ឧទ្ធរណ៍​សម្រេចដោះលែង​ នៅ​ថ្ងៃ​ទី ១៥ ខែមិនា ដោយ​បាន​បញ្ចប់​សំណុំ​រឿង​ដ៏ចម្លែក ដែល​បាន​ឃុំខ្លួន​លោក​ក្នុង​ពន្ធនាគារ​ពី​បទ “ផ្តួចផ្តើម​គំនិត​បង្កើតតំបន់​អបគមន៏” ក្នុង​ខេត្ត​ក្រចេះ។ លោក ម៉ម សូណង់ដូ ត្រូវ​បាន​ចាប់ខ្លួន​ក្នុងខែ​កក្កដា ឆ្នាំ​២០១២ និង​ផ្តន្ទាទោស​ពី​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រាជ​រដ្ឋាភិបាល ហើយ​ត្រូវបាន​ផ្តន្ទាទោស​អោយ​ជាប់​ពន្ធនាគារ​រយៈពេល ២០ឆ្នាំ។ នៅទី​បញ្ចប់ សាលា​ឧទ្ធរណ៍ បាន​សម្រេច​ផ្លាស់ប្តូរ​ការ​ចោទ​ប្រកាន់​យ៉ាង​ចម្លែក​ពីបទ​បង្កើត​តំបន់​អបគមន៍ ទៅជា​បទល្មើស​កាប់​ព្រៃ​ឈើ​ខុសច្បាប់​ទៅវិញ តុលាការ​ក៏បាន​កាត់បន្ថយ​ទោស​របស់​លោក​មក​ត្រឹម​តែ ៥ឆ្នាំ ដោយ​ជាប់ក្នុង​ពន្ធនាគារ​ចំនួន ៨ខែ ហើយ​ទោស​ដែលនៅ​សល់ត្រូវ​បានព្យួរ។ ការ​តស៊ូ​មតិ​ផ្នែក​ច្បាប់​របស់​លោក​ ជំរុញឲ្យ​មាន​ការតវ៉ាដ៏​ធំមួយ​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកគាំទ្រ​រាប់រយ​នាក់​បានជួប​ជុំគ្នា​នៅខាង​ក្រៅ​សាល​សវនាការ​ដើម្បីរង់ចាំ​ស្តាប់​លទ្ធផល​សវនាការ​របស់​គាត់។

ឆ្នាំ២០១៣នេះ បាននាំមកនូវព័ត៌មាន​ដ៏លេច​ធ្លោ​ជាងគេ​ចំនួនពីរ។ ក្រោយពី​បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល ១៤​ខែ​កន្លងមក អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការ​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​ជា​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ ហើយ​និង​ឃាតករ​សប្បនិម្មិត​សម្លាប់​លោក ជា វិជ្ជា គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវបាន​តុលាការ​កំពូល​ប្រកាស​គ្មាន​ទោស។

លោក ម៉ម សូណង់ដូ នៅពេល​ដែល​គាត់​ត្រូវ​បាន​គេដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ព្រៃសរ នៅ​ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ​២០១៣។

អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ពីបទ​ប្រើប្រាស់​អំពើ​ហិង្សា​វាយដំ​លើ​បុរស​ម្នាក់​នៅជិត​ផ្ទះ​របស់​អ្នកស្រី។ ទោះបី​ជា​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​នោះ​ក៏ដោយ ក៏អ្នកស្រី​ត្រូវបាន​ផ្តន្ទាទោស​នៅខែធ្នូ ឆ្នាំ​២០១២ ឲ្យជាប់​ពន្ធនាគារ​ចំនួន ៣ឆ្នាំ​ដែរ។ អ្នកស្រី យ៉ោម បុប្ផា ដែល​ត្រូវបានអង្គការ​លើកលែង​ទោស​អន្តរជាតិ​កំណត់ថា​ជាអ្នក​ទោសមន​សិការ​ ធ្លាប់មាន​សកម្មភាព​យ៉ាង​ខ្លាំងក្លា​ក្នុងការ​តវ៉ា​ទាមទារ​ឲ្យមាន​ការ​ដោះលែង​សមាជិក​សហគមន៍​បឹងកក់​ចំនួន ១៥នាក់​ផ្សេងទៀត​នៅឆ្នាំ​២០១២ ហើយ​អាជ្ញាធរ​បាន​ព្រមាន​អ្នកស្រី​​ថា អ្នកស្រី​នឹង​ជួប​បញ្ហា​ឆាប់ៗ​នេះ ជាការ​សងសឹក​នឹង​ភាពសកម្ម​និយម​របស់​អ្នកស្រី។ នៅថ្ងៃទី ១៤ ខែ​មិថុនា សាលា​ឧទ្ធរណ៍​បានសម្រេច​ផ្លាស់ប្តូរ​បទចោទ​ប្រកាន់ ហើយបាន​ព្យួរ​ទោស​អ្នកស្រី​យ៉ោម បុប្ផា ចំនួន​មួយ​ឆ្នាំ ប៉ុន្តែ​សាលា​ឧទរណ៍​បានបដិសេធ​ការ​លើកលែង​ទោស ទោះបីជាមិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​​ក៏ដោយ។ នៅថ្ងៃទី​២២ ខែ​វិច្ឆិកា ដោយមាន​យុទ្ធនាការ​ក្នុងការ​តស៊ូ​មតិ​​យ៉ាង​ខ្លាំង​ក្លា​ទាំង​ជាតិ និង​អន្តរជាតិ តុលាការ​កំពូល​បានដោះលែង​អ្នកស្រី យ៉ោម បុប្ផា ឲ្យនៅ​ក្រៅឃុំ​ជា​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ បន្ទាប់ពី​អ្នកស្រី​បានជាប់​ពន្ធនាគារ​អស់រយៈ​ពេល ១៤ខែ។ យ៉ាង​ណា​ក៏​ដោយ តុលាការ​កំពូល​មិនបាន​ទម្លាក់​បទ​ចោទ​នោះទេ (សំណុំ​រឿង​អ្នកស្រី​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ឧទ្ធរណ៍​វិញ ហើយ​អ្នកស្រី​អាច​នឹង​ត្រូវបាន​បញ្ជូន​ត្រលប់​ទៅកាន់​ពន្ធនាគារ​វិញគ្រប់​ពេល​វេលា)។

នៅទីបញ្ចប់ឃាតករសប្បនិមិ្មត​លោក ប៊ន សំណាង និង​លោក​សុខ សំអឿន ដែលត្រូវ​បាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​លើមេដឹកនាំ​សហជីព​គឺលោក ជា វិជ្ជា កាលពី​ឆ្នាំ ២០០៤ ត្រូវបាន​តុលាការ​កំពូល​ដោះលែង​ឲ្យមាន​សេរីភាព​​នៅថ្ងៃទី​២៥ ខែ​កញ្ញា។ ទោះបីជា​គ្មាន​ភស្តុតាង​ណាមួយ​ដែលអាច​ជឿជាក់​បាន​ក៏ដោយ ក៏តុលាការ​នៅតែ​សម្រេច​ផ្តន្ទាទោស​អ្នកទាំងពីរ​ឲ្យជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ ពីបទ​សម្លាប់​មេដឹកនាំ​សហជីព នៅឆ្នាំ​២០០៥។ តុលាការ​កំពូល​បាន​សម្រេច​ដោះលែង​អ្នកទាំងពីរ​ឲ្យនៅ​ក្រៅឃុំ​ជាបណ្តោះ​អាសន្ន​រង់ចាំ​សវនាការនៅ​ក្នុងខែ​ធ្នូ ឆ្នាំ ២០០៨ និង​បង្គាប់​ឲ្យមានការ​ស៊ើប​អង្កេតសារ​ឡើងវិញ​លើករណី​ឃាតកម្ម​នេះ ខណៈ​ពេល​ដែល​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ធ្វើការចោទ​ប្រកាន់​អ្នកទាំងពីរ។ នៅថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ អ្នកទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​ម្តងទៀត បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បានសម្រេច​ដំកល់​សាលដីការ​ដំបូង​របស់ខ្លួន​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល ហើយបាន​បញ្ជូនអ្នក​ទាំងពីរ​ទៅកាន់​ពន្ធនាគារ​សម្រាប់​ទោសដែល​នៅសេស​សល់។ សវនាការ​របស់​សាលាឧទ្ធរណ៏​ក្នុងឆ្នាំ​២០១២ មិនបាន​ផ្តល់​ភស្តុតាង​ថ្មីណា​មួយ​ពាក់ព័ន្ធ​នឹងពិរុទ្ធភាព​របស់​លោក​សុខ សំអឿន និង​លោក ប៊ន សំណាង នោះទេ ហើយ​ថែមទាំង​បាន​ច្រាន​ចោល និង​មិនអើពើ​ជាលក្ខណៈ​ប្រព័ន្ធ​នូវ​ភស្តុតាង និង​សាក្ខីកម្ម​របស់សាក្សី​ដែលគាំទ្រ​អ្នកទាំងពីរ​ទៀត​ផង។ សរុបមក​អ្នកទាំង​ពីរ​បានជាប់​ពន្ធនាគារ​អស់រយៈ​ពេល​ជាង ៥ឆ្នាំ។ តុលាការ​កំពូល​សម្រេច​ទម្លាក់​រាល់បទចោទ​ទាំង​អស់ ដោយ​មិនមាន​ភស្តុតាង​គ្រប់គ្រាន់ ។ ក៏ប៉ុន្តែ តុលាការ​មិនបាន​ផ្តល់សំណង​ជំងឺចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នកទាំងពីរ​នោះទេ ខណៈពេល​ដែលពួកគេ​បានជាប់​ពន្ធនាគារ​អស់រយៈ​ពេល ៥ឆ្នាំ និង​រយៈពេល ៨ឆ្នាំទៀត រស់នៅ​ក្រោមបទ​ចោទប្រកាន់​មិនត្រឹមត្រូវ​ពី​បទឧក្រិដ្ឋ​ដែលពួកគេ​មិនបាន​ប្រព្រឹត្ត។ ឃាតករ​ពិតប្រាកដ នៃការ​ស្លាប់របស់​លោក ជា វិជ្ជា នៅតែ​មិនត្រូវ​បានគេ​ដឹង។

ករណីមួយផ្ទុយស្រឡះពីករណី​ខាងលើនេះ គឺអតីត​អភិបាល​ក្រុងបាវិត លោក ឈូក បណ្ឌិត នៅតែ​នៅក្នុងស្ថាន​ភាពមាន​សេរីភាព​ដដែល ទោះបី​ជាមាន​ដីកាចាប់ខ្លួន និង​ការផ្តន្ទាទោស​លើបទ​ល្មើស​ព្រហ្មទណ្ឌ ដែល​បានរក​ឃើញថា​លោកបណ្ឌិត​បានប្រើប្រាស់​កាំភ្លើង​បាញ់​ទៅលើ​ក្រុមបាតុករ​រោងចក្រ​ក្នុងឆ្នាំ ២០១២ ដោយបណ្តាល​ឲ្យមាន​មនុស្ស ៣នាក់​រងរបួសធ្ងន់។ ក្រោយពី​មាន​ចំណាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់​យ៉ាងយូរ​លើករណី ឈូក បណ្ឌិត ដែលធ្លាប់​ត្រូវបាន​តុលាការ​សម្រេច​ទម្លាក់​​បទ​ចោទ​ ទាំងអស់​នោះ នៅទី​បញ្ចប់​លោក ឈូក បណ្ឌិត ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​រយៈពេល ១ឆ្នាំ​កន្លះ ពីបទ​បង្ក​របួស​ស្នាម​ដោយអចេតនា​នៅថ្ងៃទី​២៥ ខែ​មិថុនា។ លោក ឈូក បណ្ឌិត មិន​បាន​បង្ហាញខ្លួន​នៅសវនាការ​ទេ។ មកដល់​ចុងឆ្នាំ ២០១៣នេះ នៅតែ​គ្មានដំណឹង​អ្វីពី​លោក​ឈូក បណ្ឌិត ទោះបី​ជាតុលាការ​បានចេញ​ដីកា​តាមចាប់ខ្លូន​ក៏ដោយ។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា