អត្ថបទ

ដោះលែង​ ទេព វន្នី៖​ ការឃុំខ្លួន​រយៈពេល២ឆ្នាំ​គឺយូរពេកហើយ​

ចេញផ្សាយ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៨
F T M

សកម្មជនដីធ្លី​ដ៏មានប្រជាប្រិយភាព​មួយរូប​គឺអ្នកស្រី ទេព វន្នី​ បានចេញមុខ​ក្នុងការតវ៉ា​សម្រាប់សហគមន៍​របស់អ្នកស្រី​ ដើម្បីជំទាស់នឹង​ការបណ្ដេញចេញ​ដោយបង្ខំ​ និងការរំលោភបំពាន​សិទ្ធិផ្សេងៗ​ ដែលកើតមាន​លើប្រជាពលរដ្ឋ​សហគមន៍បឹងកក់​ នៅក្នុងរាជធានីភ្នំពេញ។​ ការប្ដេជ្ញាចិត្ត​របស់អ្នកស្រី​ បានធ្វើឱ្យ​អ្នកស្រីក្លាយជា​អ្នកតស៊ូមតិដ៏​មានឥទ្ធិពលមួយរូប​ក្នុងការទាមទារ​រកយុត្តិធម៌​ មិនសម្រាប់តែការ​ផ្លាស់ប្ដូរ​បញ្ហាប្រឈម​ដោយ​សហគមន៍​​របស់​អ្នកស្រី​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំង​យុត្តិធម៌សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជាគ្រប់រូប​ផងដែរ។

ប៉ុន្តែអាជ្ញាធរ​កម្ពុជា​បានបញ្ឈប់​ភាពសកម្មរបស់​អ្នកស្រី អស់រយៈពេល​២ឆ្នាំមកហើយ​ និងបានឃុំខ្លួន​អ្នកស្រី​តាំងពី​ពេលនោះ​មក​ ពាក់ព័ន្ធ​នឹងបទចោទ​និងការ​ផ្ដន្ទាទោស​មិនត្រឹមត្រូវ​មួយចំនួន​ នៅក្នុង​សវនាការ​ដែលមិនមាន​ភ័ស្ដុតាងដាក់បន្ទុក​គួរឱ្យជឿទុកចិត្តបាន។ អ្នកស្រីកំពុង​អនុវត្តទោស​ជាប់ពន្ធនាគារ​រយៈពេល២ឆ្នាំ​ នៅមណ្ឌលអប់រំ​កែប្រែទី២​ (ម២) នៃពន្ធនាគារ​ព្រៃស​រ ដែលស្ថិតនៅ​ក្នុងរាជធានី​ភ្នំពេញ។

ចិត្តរបស់ខ្ញុំ​គឺនៅតែក្លាហាន​។ ខ្ញុំស្រេកឃ្លានយុត្តិធម៌។​ ខ្ញុំស្រេកឃ្លានសន្តិភាព

នៅខែសីហា​ ឆ្នាំ២០១៦​ អ្នកស្រី​ត្រូវបានចាប់ខ្លួន ​អំឡុងពេល​តវ៉ាដោយ​អហិង្សាមួយ​ ក្នុងការទាមទារ​ឱ្យមានការ​ដោះលែង​ អ្នកការពារ​សិទ្ធិមនុស្ស​ដែលកំពុងជាប់ពន្ធនាគារ​ ហើយត្រូវបានចោទ​ប្រកាន់ជា​បន្តបន្ទាប់​លើបទចោទ​ ដែលអសកម្ម​អស់រយៈពេល​ជាយូរមកហើយ ​ ដែលក្នុងនោះ​មានការចោទ​ប្រកាន់ពីបទ​ញុះញង់ឱ្យប្រព្រឹត្ត​​អំពើហិង្សា​ នៅក្នុងការ​តវ៉ាពី​បញ្ហា​ជម្លោះ​​ដីធ្លី តាំង​ពីឆ្នាំ​២០១៣។

នេះជាការ​ជាប់ពន្ធនាគារ​លើកទី៣​របស់អ្នកស្រី​ ទេព វន្នី​ គិតចាប់តាំងពី​ឆ្នាំ២០១១មក​ ប៉ុន្តែនេះជា​លើកទី១​ដែលអ្នកស្រី​ ត្រូវជាប់​ពន្ធនាគារតែ​ម្នាក់ឯង​ដោយគ្មាន​សកម្មជន​ផ្សេងទៀត។ អ្នកស្រី​ ត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ​រយៈពេល៧៣០​ថ្ងៃមកហើយ​ និង​ត្រូវរស់នៅដាច់ដោយឡែកពីព្រឹត្តិការណ៍​ច្របូកច្របល់​ផ្សេងៗ​ស្ដីពី ការ​បង្ក្រាបទៅលើគ្រប់ទម្រង់​នៃអ្នកមានគំនិត​ជំទាស់ពីសំណាក់រាជរដ្ឋាភិបាល។​ ប៉ុន្តែចក្ខុវិស័យ​នៃភាពសកម្មដ៏ក្លាហាន​របស់អ្នកស្រី​គឺ នៅតែ​ខ្លាំងក្លាជានិច្ច។​

អ្នកស្រីបានមាន​ប្រសាសន៍ថា៖​ “ចិត្តរបស់ខ្ញុំ​គឺនៅតែក្លាហាន​។ ខ្ញុំស្រេកឃ្លានយុត្តិធម៌។​ ខ្ញុំស្រេកឃ្លានសន្តិភាព។​” អ្នកស្រីបាន​បន្ថែមថា៖​ ប្រសិនបើខ្ញុំ​មិនទាន់​ទទួលបាន​សន្តិភាព​ ឬយុត្តិធម៌ទេ​ នោះបញ្ហានេះ​នៅតែជំរុញឱ្យខ្ញុំ​ ធ្វើកិច្ចការ​នេះ​ឱ្យបាន​ជោគជ័យ។​ ខ្ញុំមិនខ្វល់ពី​ខ្លួនខ្ញុំដែល​កំពុងស្ថិតនៅ​ក្នុងពន្ធនាគារ​នោះទេ”។

ការ​បណ្ដេញ​ចេញ

អ្នកស្រី ​ទេព វន្នី​ និងក្រុមគ្រួសារ​ បាន​ផ្លាស់ប្ដូរពី​ខេត្តកំពង់ស្ពឺ​ មករស់នៅ​ក្នុងរាជធានីភ្នំពេញ​ ក្នុងឆ្នាំ២០០៨ ​ដើម្បីស្វែងរកជីវិត​ល្អប្រសើរមួយ​ដោយស្វែងរកផ្ទះថ្មីមួយ​ នៅជាយបឹងធំជាងគេ​ក្នុងរាជធានីភ្នំពេញ​ គឺបឹងកក់។​ បឹងនេះ​គឺជាបេះដូង​នៃសហគមន៍​ និងជាប្រភពធម្មជាតិមួយ​នៃជីវភាពរស់នៅ​ប្រចាំថ្ងៃ ​សម្រាប់ប្រជាពលរដ្ឋ​ប្រមាណជាង៤០០០ គ្រួសារ​ ដែលកំពុងរស់នៅ​លើជាយនៃផ្ទៃបឹង​។


មើល​វីដេអូ​នេះ
ដោះលែង​ ទេព វន្នី៖​ ការឃុំខ្លួន​រយៈពេល២ឆ្នាំ​គឺយូរពេកហើយ​

ជីវិតរីករាយ​នៅតំបន់បឹងកក់​ត្រូវបានផ្លាស់ប្ដូរ​ក្នុងឆ្នាំ២០០៧ នៅពេល​រាជរដ្ឋាភិបាល​កម្ពុជា​បានចុះកិច្ចសន្យា​ជួលបឹង ​និងដី​នៅព័ទ្ធជុំវិញ​តំបន់បឹងកក់​ ទៅឱ្យក្រុមហ៊ុន​មួយ​ដែលមាន​ម្ចាស់ជា​សមាជិកព្រឹទ្ធសភា​មកពី គណបក្ស​កាន់អំណាច​គឺលោកឧកញ៉ា​ ឡៅ ម៉េងឃីន​។

រាជរដ្ឋាភិបាលកម្ពុជា​ ​បានទទួលប្រាក់​ចំនួន៧៩លានដុល្លារ​ពីការជួលនេះ។​ ប្រជាពលរដ្ឋ​ជាង៤០០០គ្រួសារ​ទាំងនោះ ​មិនដែល​ត្រូវបាន​ពិភាក្សា ​ហើយការ​វាយតម្លៃ​ពីផលប៉ះពាល់​លើបរិស្ថាន​ក៏មិនត្រូវបាន​ធ្វើឡើង​ផងដែរ។​ ដោយគ្មាន​ការព្រមាន​ផ្សេងៗ​ ការអភិវឌ្ឍន៍​ក៏បានចាប់ផ្ដើម​ដោយការ​លុបបឹង​ ដើម្បី​អភិវឌ្ឍតំបន់បឹងកក់​​ឱ្យក្លាយ​ជាលំនៅដ្ឋានថ្មី​ និងទីក្រុង​មជ្ឈមណ្ឌល​ជំនួញ។​

ពេលនោះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់បឹងកក់​ រួមទាំង​អ្នកស្រី ​ទេព វន្នី​ ​បានចាប់ផ្ដើម​មើលឃើញ​ផ្ទះរបស់​ពួកគាត់​ កំពុង​ត្រូវបាន​បំផ្លិច​បំផ្លាញ​ដោយគ្រឿងចក្រ​ឈូសឆាយ​ឬរុញដី​ ខណៈដែល​ប្រជាពលរដ្ឋ​កំពុងរស់នៅ​ខាងក្នុង​ ឬក៏ត្រូវបាន​លិចលង់​ដោយទឹកបឹង​ដែលត្រូវបានលុប។ ​

ស្រ្តី​នៅ​ជួរមុខ

ប្រសិន​បើយើង​មិនធ្វើការ​តវ៉ា​ នោះយើង​នឹងបាត់បង់​អ្វីៗ​គ្រប់យ៉ាង៖​ មិនថា​អនាគត​កូនចៅរបស់​យើង​ ដីធ្លី​របស់យើង​ គឺបាត់បង់​ទាំងអស់។

អ្នកស្រី​ ទេព វន្នី​ ត្រូវបាន​ជំរុញ​ឱ្យក្លាយ​ទៅជាសកម្មជន​ ដោយសារ​តែការបដិសេធ​របស់អាជ្ញាធរ​ក្នុងការ​ផ្ដល់សំណង​ ​ឬជម្រើស​នៃការ​តាំងទីលំនៅថ្មីសមរម្យ​ សម្រាប់​ប្រជាពលរដ្ឋ​តំបន់បឹងកក់​ដែលរង​ផលប៉ះពាល់​ពីការអភិវឌ្ឍន៍​។ ដោយសារ​អ្នកស្រីនិង​ក្រុមគ្រួសារ​ធ្លាប់មាន​បទពិសោធន៍​នៃការបាត់បង់​ដីធ្លី​នៅក្នុង​ខេត្តកំពង់ស្ពឺ ​ដែលត្រូវបាន​រឹបអូស​យកដោយ​លោកឧកញ៉ា​ធ្វើមុខជំនួញ​លើស្ករអំពៅ​ អ្នកស្រី​ក៏បានប្ដេជ្ញាចិត្តថា​ មិនឱ្យរឿងនេះ​កើតមានឡើង​​ម្ដងទៀត​នោះទេ។

អ្នកស្រី​បានមាន​ប្រសាសន៍ថា៖ “ប្រសិនបើយើង​មិនធ្វើការតវ៉ា​ នោះយើង​នឹងបាត់បង់​អ្វីៗគ្រប់យ៉ាង​៖ មិនថា​អនាគត​កូនចៅរបស់​យើង​ ដីធ្លីរបស់យើង​ គឺបាត់បង់​ទាំងអស់”​​។

អ្នកស្រី ​ទេព វន្នី​ បានចំណាយ​ពេល១០ឆ្នាំបន្ទាប់​​ ក្នុងការ​រៀបចំ​ ការតវ៉ា ​និងការដាក់ញត្តិ​ស្វែងរក​អន្តរាគមន៍​ផ្សេងៗ​ ជាមួយ​សមាជិក​សហគមន៍​របស់​អ្នកស្រី ​ដើម្បី​ទាមទារ​សំណង​សមរម្យ។​ ស្រ្តីជាច្រើននាក់​តែងតែ​ចេញមុខ​ជានិច្ច​នៅក្នុងការតវ៉ានានា​​។ ស្រ្ដីនៅ​តំបន់​បឹងកក់​ ទាំងក្មេង​ ទាំងចាស់ ​បានដឹកនាំ​ការហែក្បួន​ដាក់ញត្តិ​ទៅស្ថាប័ន​រដ្ឋ​ និងក្រសួង​ពាក់ព័ន្ធ​ជាច្រើន ​ដោយបាន​លើក​បដា ​និងផ្កាឈូក​ជាច្រើន​ ដើម្បីបង្ហាញ​ជា​សញ្ញា​នៃសន្ដិភាព​ និងសាសនា​ព្រះពុទ្ធ​ នៅរាល់​ពេល​ដែល​មានការ​ប្រើប្រាស់​អំពើហិង្សា​ ពីសំណាក់​កងសន្តិសុខ។​

ប៉ុន្តែភាពសកម្ម​របស់​អ្នកស្រី ​ទេព វន្នី​ បានក្លាយទៅជា​ការជំទាស់​នឹងមន្រ្តី និងស្ថាប័ន​របស់រដ្ឋ​ជាច្រើនករណី។​

នៅថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១២​ អ្នកស្រី ​ទេព វន្នី ​និងសមាជិក​សហគមន៍​អ្នកស្រី​មួយចំនួនទៀត​ ត្រូវបាន​ចាប់ខ្លួន​ និង​ផ្ដន្ទាទោស​ ព្រោះតែ​ការកាន់កាប់​ដីរបស់ពួកគាត់​ដោយខុសច្បាប់។​ ស្រ្តីទាំងនោះ​ ត្រូវបាន​ឃុំខ្លួន​ និងត្រូវបាន​ស្គាល់ថាជា ​ស្រ្តីបឹងកក់​១៣នាក់។​ បន្ទាប់ពី​ត្រូវបាន​ផ្ដន្ទាទោស​ឱ្យជាប់​ពន្ធនាគារ២ឆ្នាំកន្លះ​ ស្រ្តីបឹងកក់​ទាំង១៣នាក់​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាពវិញ ​ដោយផ្អែក​តាមសាលដីកា​របស់សាលា​ឧទ្ធរណ៍។​

រយៈពេល​ប្រហែល​ជិត១ឆ្នាំក្រោយ​មក អ្នកស្រី​ ទេព វន្នី​ បានធ្វើដំណើរ​ទៅកាន់​ រដ្ឋធានី ​Washington D.C. ​នៃសហរដ្ឋ​អាមេរិក​ ដើម្បី​ទទួលពានរង្វាន់ ​Global Voices Award ​ដែលបានធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់អ្នកស្រី​មានភាពល្បីល្បាញ​ ក្នុងនាម​ជាអ្នកការពារសិទ្ធិ​មនុស្សដែល​ត្រូវបាន​ទទួលស្គាល់​ជាលក្ខណៈ​អន្តរជាតិ​។

ការកំណត់​មុខសញ្ញាពីសំណាក់​អាជ្ញាធរ

ដោយសារ​មាន​ភាពជោគជ័យលើ​រឿងទាំង​​នេះ​ អ្នកស្រី​ ទេព វន្នី ​បានចាប់ផ្ដើម​តវ៉ាជួយ​អ្នកដទៃ។​ ជាក់ស្ដែង នៅពេល​មន្រ្តីសិទ្ធិមនុស្ស​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន៤នាក់​ និងមន្រ្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) ម្នាក់​ ត្រូវបានឃុំខ្លួន​ដោយមិនត្រឹមត្រូវ​ អ្នកស្រី ​ទេព វន្នី ​បានចូលរួម​ជាមួយ​អ្នកដទៃទៀត​ក្នុង ”យុទ្ធនាការ​អហិង្សា​ថ្ងៃច័ន្ទពណ៌ខ្មៅ”​ ដើម្បី​តវ៉ាទាមទារ​សូមឱ្យ​ដោះលែង​អ្នកទាំងនោះ។​

ប្រសិន​បើមាននរណា​ម្នាក់​ជួបបញ្ហា ​កូនស្រី​របស់ខ្ញុំ​នឹងជួយគាំទ្រ​អ្នកទាំងនោះ​​ ដើម្បី​ស្វែងរក​យុត្តិធម៌។​ នាងមាន​ភាពក្លាហាន​ខ្លាំងណាស់​។​

នៅរៀង​រាល់ថ្ងៃច័ន្ទ​ មានក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​បានតវ៉ា​ដោយ​សន្តិវិធី​ ខណៈពេល​ដែលអ្នក​ទាំងនោះ​ស្លៀកពាក់ពណ៌ខ្មៅ​ ជាសញ្ញា​នៃការតស៊ូ​ជាធ្លុងមួយ​ រហូតដល់​សម្ដេច​នាយករដ្ឋមន្រ្តី​ឆ្លើយតប​ ដោយការ​ហាមឃាត់​មិនឱ្យមានការ​តវ៉ាទាំងឡាយណា ​ដែល​អ្នកចូលរួម​ស្លៀក​ពាក់ពណ៌ខ្មៅ​ដូចគ្នា។​

ម្ដាយរបស់​អ្នកស្រី ​ទេព វន្នី​ គឺអ្នកស្រី ​ស៊ី ហ៊ាប​ គាំទ្រសេចក្ដីក្លាហាន​របស់កូនស្រីគាត់។​

អ្នកស្រីបានមាន​ប្រសាសន៍ថា៖​ “ប្រសិន​បើមាននរណា​ម្នាក់​ជួបបញ្ហា ​កូនស្រី​របស់ខ្ញុំ​នឹងជួយគាំទ្រ​អ្នកទាំងនោះ​​ ដើម្បី​ស្វែងរក​យុត្តិធម៌។​ នាងមាន​ភាពក្លាហាន​ខ្លាំងណាស់​។” អ្នកស្រីបាន​បន្ថែមថា៖​ “កូនស្រី​របស់ខ្ញុំ​មិនលក់​ឧត្តមគតិទេ។​ នាងមាន​ភាពរឹងមាំ​ ហើយ​មិនដែល​បោះបង់ចោល​គោលដៅ​ម្ដងណាឡើយ។​”

នេះជាពេល​មួយ​ក្នុងចំណោម​ការតវ៉ា​ជាច្រើនទៀត​ ដែល​សេចក្ដីឈឺចាប់​រយៈពេល២ឆ្នាំ​របស់​អ្នកស្រី​បានចាប់ផ្ដើម។​ នៅថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០១៦​ នៅយប់​នៃថ្ងៃចាប់ខ្លួន ​អ្នកស្រី ទេព វន្នី ​កំពុងដឹកនាំ​សហគមន៍​បឹងកក់​ក្នុងពិធី​ដាក់បណ្ដាសារ​មួយ ​ដែលជាទម្រង់​នៃការតវ៉ា​ដោយសន្ដិវិធី។​ ស្រ្តីគ្រប់វ័យ ​ទាំងក្មេង​ ទាំងចាស់ ​បានបាចអំបិល​ និងម្ទេស​ ខណៈពេល​ដែលអ្នកទាំងនោះ ​ស្រែកដាក់​បណ្ដាសារដល់​ទីងមោង ដែលមាន​រូបរាង​ដូច​ជីវិត​មនុស្ស​ ក្នុងន័យសំដៅ​ដល់មន្ត្រីសាធារណៈ ​ឬស្ថាប័នរដ្ឋ​ផ្សេងៗ។​

កងសន្ដិសុខ​បានស្ទុះចូល​ទៅក្នុងព្រឹត្តិការណ៍​នោះ ដោយ​រុញច្រាន​ហ្វូងមនុស្ស​ជាច្រើន​កំពុងតវ៉ា​ ដើម្បី​សំដៅឆ្ពោះទៅ​រក អ្នកស្រី ​ទេព វន្នី។​ អ្នកចូលរួម​ដទៃទៀត​មិនត្រូវបាន​អើពើ ឬ​រុញច្រាន​នោះទេ​ ខណៈពេល​ដែលអ្នកស្រី ​ទេព វន្នី ​និងដៃគូ​សកម្មជន​របស់អ្នកស្រី ​គឺអ្នកស្រី ​បូវ សោភា ​ត្រូវបានទាញ​ និងរុញច្រាន​ ដើម្បី​ចាប់បញ្ចូល​ទៅក្នុង​រថយន្តមួយ​ និងបានបើក​ចេញទៅ។​

នៅពេល​ដែលអ្នកស្រី ​បូវ សោភា​ ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាពវិញ​ បន្ទាប់ពី​បានអនុវត្ត​ទោស​ជាប់ពន្ធនាគារ​រយៈពេល៦ថ្ងៃ​រួចមក​ អ្នកស្រី ទេព វន្នី​ ត្រូវបានចោទ​ប្រកាន់ជាបន្តបន្ទាប់​លើបទចោទដែលអសកម្ម​អស់រយៈពេល​ជាយូរមកហើយ​។ ជាលទ្ធផល​ អ្នកស្រី ​ត្រូវបានផ្ដន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​រយៈពេល៣០ខែ​ ដែល​អ្នកស្រី​កំពុងតែ​អនុវត្តទោស​ និងទោស​៦ខែផ្សេងទៀត​ ដែលមិនទាន់​ត្រូវបានបង្គាប់ឱ្យអនុវត្ត។​

នៅពេល​ជាមួយគ្នានោះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បានបង្កើន​វោហាសាស្ត្រ​ពីអ្វី​ដែលគេហៅថា​ "បដិវត្តន៍ពណ៌"​ ដែលជាការ​ប្រឌិត​រឿង​ដើម្បីចោទប្រកាន់​ថា ក្រុមសង្គមស៊ីវិល​និងអតីតគណបក្ស​ជំទាស់ធំជាងគេ​ បានរៀបចំ​គម្រោង​ដើម្បីផ្ដួលរំលំរដ្ឋាភិបាល​កម្ពុជា​ ដោយមានជំនួយ​ពីរដ្ឋាភិបាល​បរទេស ជាពិសេស​គឺសហរដ្ឋអាមេរិក​។ ជាឧទាហរណ៍ ការតវ៉ា​នៅក្នុងយុទ្ធនាការ​អហិង្សាថ្ងៃច័ន្ទ​ពណ៌ខ្មៅ ​ត្រូវបានអាជ្ញាធរ​បកស្រាយ​ថាជាបដិវត្តន៍ពណ៌​។

ប៉ុន្តែគោលបំណង​របស់អ្នកស្រី​ ទេព វន្នី​ គឺមិនមែន​ការធ្វើបដិវត្តន៍ទេ។​ អ្នកស្រី​បានមាន​ប្រសាសន៍​ថា៖ “ខ្ញុំគាំទ្រ​ឱ្យមានការ​ស្ងៀមស្ងាត់ ​យើងចង់បង្ហាញ​ទៅកាន់ពិភពលោក​ថា យើង​គឺអហិង្សា។ ​ពួកយើង​គឺជាមនុស្ស​មានសន្ដិភាព​ មិនមែន​បដិវត្តន៍ពណ៌​ទេ។”

តម្លៃ​នៃភាព​សកម្ម

ភាពសកម្ម​ហាក់គ្មាន​តម្លៃ​អ្វីសោះ​សម្រាប់​ស្រ្តី​នៅកម្ពុជា។​ នៅពេល​អ្នកទាំងនោះ​​លះបង់​ការងារ​​រកប្រាក់​ចំណូល​ដើម្បីធ្វើជា​សកម្មជន​ គ្រួសារ​របស់​ពួកគាត់​ត្រូវ​រងគ្រោះ ​ដោយសារ​អ្នកទាំងនោះ​គ្មាន​លទ្ធភាព​ក្នុងការ​ចំណាយ​លើការ​ផ្គត់​ផ្គង់ថ្លៃ​អាហារ​ហូបចុក​ ឬថ្លៃសាលា​កូនរៀន​ជាដើម។​ ក្រៅពីនេះ បញ្ហា​ទំនាក់ទំនង​នៅក្នុង​ក្រុមគ្រួសារ ​ក៏ត្រូវបាន​បន្ថែម​ទៅលើ​បញ្ហាដែល​មានស្រាប់​ថែមទៀត។​ ស្រ្តីជា​សកម្មជន​ជាច្រើន​បានរាយការណ៍​ថា ស្វាមីរបស់​ពួកគាត់​បានក្លាយជា​មនុស្ស​មានចរិត​ហិង្សា​ ឬបង្កើន​ការប្រើប្រាស់​អំពើហិង្សា​ក្នុងគ្រួសារ​ដែលធ្លាប់កើត​មានឡើង​ស្រាប់​ នៅពេល​ដែល​ស្រ្តី​ទាំងនោះ​ចាប់ផ្ដើម​ធ្វើយុទ្ធនាការផ្សេងៗ​​ ដោយករណី​មួយចំនួន​បណ្ដាល​ឱ្យឈាន​ទៅដល់​ការលែងលះ​គ្នា និង​ការរើសអើង​នៅក្នុងសង្គម​ដែលកើតឡើងក្រោយពីការលែងលះ​ទៀតផង។

នៅពេល​ជាមួយគ្នា​នោះ ​ស្ថានភាព​សិទ្ធិមនុស្ស​និងនយោបាយ​ដែល​អ្នកស្រី ​ទេព វន្នី ​បានដើរ​តួជាផ្នែកមួយ​យ៉ាង​សកម្ម​ក្នុងឆ្នាំ២០១៦​ បានធ្លាក់​ចុះគួរ​ឱ្យកត់​សម្គាល់​ក្នុងរយៈពេល​ត្រឹមតែ២ឆ្នាំ​។ ច្បាប់ថ្មី​ដែលមាន​លក្ខណៈ​រឹតត្បិត ​និងវិសោធនកម្ម​ជាច្រើន​ ទៅលើ​រដ្ឋធម្មនុញ្ញ​ ត្រូវបាន​រដ្ឋសភាធ្វើការ​​អនុម័ត​ ​ កាសែត​ឯករាជ្យ​និង​ស្ថានីយ​វិទ្យុធំៗ​ជាច្រើន​ត្រូវបាន​បិទ គណបក្ស​ជំទាស់​ត្រូវបាន​រំលាយ​ ហើយ​មេដឹកនាំ​របស់​គណបក្ស​ត្រូវបាន​ចោទប្រកាន់​ពីបទក្បត់​ជាតិជាដើម​។

ទោះបីជា​មានស្ថានភាព​លំបាក​ដែល​អ្នកស្រី ​ទេព វន្នី​ បានតស៊ូ​ និងស្ថានភាព​កាន់តែ​រឹតត្បិតខ្លាំង​​នៅខាងក្រៅ​ពន្ធនាគារ​ អ្នកស្រី​បានមាន​ប្រសាសន៍ថា​ អ្នកស្រី​នឹងតែបន្ត​ភាពសកម្ម​ ​នៅពេល​អ្នកស្រី​ត្រូវបាន​ដោះលែង​ពីពន្ធនាគារ​មកវិញ។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា