អត្ថបទ

បុគ្គលិកអាដហុក និងគ.ជ.ប ត្រូវ​បាន​ផ្តន្ទាទោស​ពន្ធនាគារ​ពី​បទ​សូក​ប៉ាន់​សាក្សី ប៉ុន្តែ​ត្រូវ​ព្យួរ

ចេញផ្សាយ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៨
F T M
អ្នកស្រី លីម មុន្នី មកដល់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៦ ខែ​កញ្ញា ឆ្នាំ​២០១៨

បុគ្គលិកចំនួនបួនរូប របស់​​​សមាគម​​ការពារ​សិទិ្ធ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) និង​បុគ្គលិក​ម្នាក់​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គជប) ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​នាថ្ងៃនេះ ពីបទ​សូកប៉ាន់​សាក្សី ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​ដាក់​ទៅ​លើ​មេដឹកនាំ​អតីត​គណបក្ស​ជំទាស់ ឯកឧត្តម កឹម សុខា។

បុគ្គលិកទាំងបួនរូប ដែលរួម​មាន​អ្នក​ស្រី លីម មុន្នី លោក នី សុខា លោក យី សុខ​សាន្ត និង​លោក ណៃ វង់​ដា ត្រូវ​បាន​ផ្តន្ទាទោស​ពន្ធនាគារ​ចំនួន ៥ឆ្នាំ ដោយ​ចៅក្រម​ចំនួន​បី​រូប ប៉ុន្តែ​ទោស​ដែល​នៅ​សល់​ចំនួន​ជិត ៤ឆ្នាំ ត្រូវ​បាន​ព្យួរ។ រយៈ​ពេល​ដែល​អ្នក​ទាំង​ប្រាំ បាន​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ក៏​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ទោស​ពន្ធនាគារ ដែល​សម្រេច​ដោយ​ចៅក្រម​នាព្រឹក​នេះ​ផង​ដែរ ដូចនេះ​អ្នក​ទាំង​ប្រាំ​នឹង​មិន​ត្រឡប់​ចូល​ក្នុង​ពន្ធនាគារ​វិញ​នោះ​ទេ។

នៅក្នុងអំឡុងពេលសវនាការ អ្នក​ទាំង​នោះ ត្រូវបាន​សាកសួរ​អំពី​ការ​ធ្វើ​ការងារ​របស់​ខ្លួន និង​ការ​ផ្តល់​ការ​គាំទ្រ​​ដល់​ឈ្មោះ ខុម ចាន់តារាទី ដែល​​ត្រូវ​បាន​គេ​អះអាង​ថា​ជា​នារី​កំណាន់​របស់​ឯកឧត្តម កឹម សុខា ហើយ​ដែល​បាន​មក​អង្គការ អាដហុក ដើម្បី​ស្នើ​សុំ​ជំនួយ នៅ​ពេល​នាង​ត្រូវ​បាន​សាកសួរ​ដោយ​នគរបាល​ប្រឆាំង​ភេរវកម្ម។ អ្នក​ទាំង​ប្រាំ ត្រូវ​បាន​តុលាការ​សាកសួរ​ពី​ការ​ផ្តល់​នូវ​ជំនួយ​សម្ភារៈ​ទៅ​ដល់​នាង ជា​មួយ​នឹង​ការ​ប្រឹក្សា​ផ្នែក​ច្បាប់។ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក ឌុច សុខសារិន បាន​និយាយ​ថា បុគ្គលិក​អាដហុក​ទាំង​បួន​នាក់ បាន​លួង​លោម​ឈ្មោះ តារាទី ឲ្យ​និយាយ​កុហក​អំពី​ទំនាក់​ទំនង​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឯកឧត្តម កឹម សុខា ហើយ​និយាយ​ថា លោក នី ចរិយា បាន​ធ្វើ​សកម្មភាព​ជា​អ្នក​សម​គំនិត។

ឈ្មោះ ចាន់ តារាទី ដែល​ជា​ដើម​បណ្តឹង និង​ជា​សាក្សី​សំខាន់​មួយ​នៅ​ក្នុង​សវនាការ មិន​មាន​វត្ត​មាន​នៅ​ក្នុង​តុលាការ​នោះ​ទេ ហើយ​សេចក្តី​ថ្លែង​ការណ៍​របស់​សាក្សី​ចំនួន​ពីរ​រូប ត្រូវ​បាន​អាន (ដែល​ជា​សាក្សី​ក្នុង​ចំណោម​​សាក្សី​​​ចំនួន​ប្រាំពីរ​រូប​ផ្សេង​ទៀត​ដែល​អវត្តមាន) ដែល​ធ្វើ​ឲ្យ​ការ​សាកសួរ​ឆ្លង​របស់​មេធាវី​ចុង​ចោទ មិន​អាច​ធ្វើ​ទៅ​បាន។ មិន​មាន​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​ណា​មួយ ត្រូវ​បាន​បង្ហាញ​ដោយ​ព្រះ​រាជ​អាជ្ញា​នោះ​ទេ។

បុគ្គលិកបួននាក់របស់អង្គការ អាដហុក ត្រូវ​បាន​ចោទ​ប្រកាន់ និង​ផ្តន្ទា​ទោស តាម​មាត្រា ៥៤៨ ស្តីពី “អំពើ​សូក​ប៉ាន់​សាក្សី” ហើយ​បុគ្គលិក​មួយ​រូប​របស់​គ.ជ.ប លោក នី ចរិយា (អតីត​បុគ្គលិក​អាដហុក) ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​សម​គំនិត​សូក​ប៉ាន់​សាក្សី តាម​មាត្រា ៥៤៨ និង ២៩ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

អ្នកការពារសិទិ្ធមនុស្សទាំងប្រាំរូប ធ្លាប់បាន​ជាប់​ពន្ធនាគារ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ អស់​រយៈ​ពេល ១៤ ខែ នៅ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ។ ការឃុំ​ខ្លួន​នេះ ត្រូវ​បាន​ក្រុម​ការងារ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​ឃុំខ្លួន​តាម​អំពើ​ចិត្ត ចាត់​ទុក​ថា​ជា​ការ​ឃុំខ្លួន​មួយ​ដែល​មិន​ត្រឹម​ត្រូវ។ ការ​ចាប់​ខ្លួន​អ្នក​ទាំង​ប្រាំ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គាប​សង្កត់​ទៅ​លើ​អង្គការ​សង្គម​ស៊ិវិល សារ​ព័ត៌មាន​ឯករាជ្យ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ដទៃ​ទៀត។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា