យុទ្ធនាការ១៦ថ្ងៃ ទប់ស្កាត់អំពើហិង្សាលើស្រី្តភេទ៖ អ្នកស្រី ទេព វន្នី
ចេញផ្សាយ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ដើម្បីប្រារព្ធយុទ្ធនាការ១៦ថ្ងៃទប់ស្កាត់អំពើហិង្សាលើស្រ្តីភេទ អង្គការលីកាដូ ផ្តោតសំខាន់ទៅលើអ្នកធ្វើយុទ្ធនាការសិទិ្ធដីធ្លី និងអ្នកការពារសិទ្ធិមនុស្សជាស្រ្តី ដែលបានប្រឈមមុខ និងទទួលរងអំពើហិង្សាពីសំណាក់អាជ្ញាធររដ្ឋនៅកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជាប្រហែលជាងកន្លះលាននាក់បានបាត់បង់ដីធ្លី និងផ្ទះសម្បែង ដោយសារការបណ្តេញដោយបង្ខំ ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។ ពលរដ្ឋទាំងនោះ ដែលភាគច្រើនជាស្រ្តី បានចេញមុខក្នុងការតវ៉ាដោយអហិង្សា ដើម្បីទាមទារយុត្តិធម៌ និងសំណងសមរម្យ។ ភាពសកម្មនិយមរបស់អ្នកទាំងនោះ ជាញឹកញាប់ត្រូវបានទទួលរងដោយការបង្រ្កាបយ៉ាងហិង្សាពីសំណាក់កងសន្តិសុខ ក៏ដូចជាការគំរាមកំហែងដោយប្រើប្រាស់ប្រព័ន្ធតុលាការ និងការឃុំខ្លួនដោយមិនត្រឹមត្រូវផងដែរ។
នៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ (១៦ថ្ងៃ) អង្គការលីកាដូ នឹងចេញផ្សាយពីប្រវត្តិតស៊ូ និងវីដេអូខ្លីមួយចំនួន ស្តីពីស្រ្តីកម្ពុជា ដែលកំពុងបន្តទាមទារយុត្តិធម៌ ទោះបីអ្នកទាំងនោះបានជួបប្រទះនឹងផលលំបាកយ៉ាងណាក្តី។
យើងចាប់ផ្តើមបរិយាអំពីអ្នកស្រី ទេព វន្នី ដែលបច្ចុប្បន្នមានអាយុ ៣៨ឆ្នាំ និងដែលជាស្ត្រីឈរជួរមុខតំណាងឲ្យពលរដ្ឋនៅសហគមន៍បឹងកក់ ក្នុងការតវ៉ាជំទាស់នឹងការបណ្តេញចេញដោយបង្ខំនៅរាជធានីភ្នំពេញ។ អ្នកស្រីក៏ជាអ្នកការពារសិទិ្ធមនុស្សដ៏សកម្មមួយរូបផងដែរ។
អ្នកស្រី បានជាប់ពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៦ និងក្រោយមកទៀតអ្នកស្រីត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារចំនួន ៣០ខែ ពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន ដែលមតិភាគច្រើនអះអាងថាជាការចោទប្រកាន់មិនត្រឹមត្រូវ ទាក់ទងនឹងការតវ៉ាដោយអហិង្សា។ នេះ គឺជាលើកទីបួនហើយ ដែលអ្នកស្រីត្រូវបានជាប់ពន្ធនាគារ និងជាលើកទីមួយហើយ ដែលអ្នកស្រីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលយូរបំផុត។ អ្នកស្រីត្រូវបានដោះលែងកាលពីខែកញ្ញា ឆ្នាំ២០១៨ អំឡុងពេលមានការលើកលែងទោសជាច្រើនមកលើអ្នកទោសមនសិការមួយចំនួន។
អ្នកស្រី ទេព វន្នី បានក្លាយទៅជាសកម្មជនសិទិ្ធមនុស្ស នៅក្នុងឆ្នាំ២០១០ ដោយសារតែការបដិសេធរបស់សាលារាជធានីក្នុងការផ្ដល់សំណងសមរម្យ ឬជម្រើសនៃការតាំងទីលំនៅថ្មីសមរម្យ សម្រាប់ប្រជាពលរដ្ឋតំបន់បឹងកក់ប្រមាណជាង ៤.០០០គ្រួសារ។ អ្នកទាំងនោះ បានរងផលប៉ះពាល់ពីការបណ្តេញចេញដោយបង្ខំ ដើម្បីធ្វើការអភិវឌ្ឍន៍បែបក្រុងរណបមួយនៅលើដីសហគមន៍របស់ពួកគេ ដែលការអភិវឌ្ឍនេះមានទំនាក់ទំនងជាមួយនឹងសមាជិកព្រឹទ្ធសភាម្នាក់របស់គណបក្សកាន់អំណាច។
អ្នកស្រីបានសរសេរលើអត្ថបទថ្មីមួយ ថា៖ “ចំនួនពលរដ្ឋ នឹងកើនឡើងជាបណ្តើរៗ នៅពេលដែលប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងថា អ្វីដែលពួកយើងធ្វើ គឺកំពុងតស៊ូសម្រាប់អនាគតកូនចៅរបស់យើង”។
ស្រ្តី គឺជាអ្នកឈរនៅជួរមុខ ក្នុងការតវ៉ាសម្រាប់យុទ្ធនាការរបស់សហគមន៍បឹងកក់ ដូចជាការដឹកនាំការហែរក្បួន និងដាក់ញាតិទៅក្រសួងផ្សេងៗ ទោះបីជាមានការឃាត់ខ្លួននិងការប្រើប្រាស់អំពើហិង្សាជាញឹកញាប់ ពីសំណាក់អាជ្ញាធររដ្ឋក៏ដោយ។
ក្នុងឆ្នាំ២០១៣ អ្នកស្រី ទេព វន្នី បានធ្វើដំណើរទៅកាន់ រដ្ឋធានី វ៉ាស៊ីនតោន (Washington D.C.) នៃសហរដ្ឋអាមេរិក ដើម្បីទទួលពានរង្វាន់ គ្លបបលវ៉ោសអាវើត (Global Voices Award) ដែលបានធ្វើឲ្យឈ្មោះ និងការតស៊ូរបស់អ្នកស្រីមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស។
យើង នៅតែមានឆន្ទៈក្នុងការប្រឈមនឹងហានិភ័យគ្រប់បែបយ៉ាង ដើម្បីការពារផ្ទះនិងដីរបស់យើង...យើងជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមិនធ្លាប់ប្រព្រឹត្តរឿងខុសច្បាប់ណាមួយនោះទេ។
ដោយសារតែមានភាពជោគជ័យលើរឿងទាំងអស់នេះ អ្នកស្រី ទេព វន្នី បានចាប់ផ្ដើមតវ៉ា ដើម្បីជួយពលរដ្ឋដទៃទៀត។ ជាក់ស្ដែង នៅពេលមន្រ្តីសិទ្ធិមនុស្សនៃអង្គការមិនមែនរដ្ឋាភិបាល ចំនួន៤នាក់ និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ម្នាក់ ត្រូវបានឃុំខ្លួនដែលភាគច្រើនយល់ថាមិនត្រឹមត្រូវ អ្នកស្រី ទេព វន្នី បានចូលរួមជាមួយអ្នកដទៃទៀតក្នុងការធ្វើ “យុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅ” ដើម្បីតវ៉ាទាមទារសូមឲ្យដោះលែងសកម្មជនសិទិ្ធមនុស្សទាំង ៥នាក់។
ទោះបីជាអ្នកស្រី រងនូវភាពលំបាកជាច្រើន ហើយស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា ដែលសាធារណមតិយល់ថាកាន់តែធ្លាក់ចុះដុនដាបក៏ដោយ ក៏អ្នកស្រី នៅតែតស៊ូ និងប្តេជ្ញាចិត្តតវ៉ា ដើម្បីទាមទារឲ្យមាននូវយុត្តិធម៌ក្នុងសង្គមកម្ពុជា។
អ្នកស្រីបានសរសេរថា៖ “ខ្ញុំនៅតែមានក្តីបារម្ភចំពោះសុវត្ថិភាពរបស់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំមិនមានអារម្មណ៍សុវត្ថិភាពទេ ទោះបីជាខ្ញុំត្រូវបានដោះលែងក៏ដោយ។ គិញសម្ងាត់របស់អាជ្ញាធររដ្ឋនៅតែបន្តតាមដានសកម្មភាពរបស់ខ្ញុំ។”
អ្នកស្រីបន្ថែមទៀតថា “យើង នៅតែមានឆន្ទៈក្នុងការប្រឈមនឹងហានិភ័យគ្រប់បែបយ៉ាង ដើម្បីការពារផ្ទះនិងដីរបស់យើង...យើងជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមិនធ្លាប់ប្រព្រឹត្តរឿងខុសច្បាប់ណាមួយនោះទេ។ ខ្ញុំគិតថាជោគជ័យកំពុងរង់ចាំយើងនៅថ្ងៃអនាគត ប្រសិនបើយើងរៀបចំការតស៊ូដោយអហិង្សា ដើម្បីសម្រេចគោលដៅរបស់យើង។”
MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ តុលាការ និង នីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិដីធ្លី សិទ្ធិស្ត្រី
- ឯកសារទាក់ទង