អត្ថបទ

យុទ្ធនាការ​១៦ថ្ងៃ​ក្នុងការ​ទប់ស្កាត់​អំពើហិង្សា​លើស្រ្តី​ភេទ៖​ អ្នកស្រី ​ស ស៊ន​

ចេញផ្សាយ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០១៨
F T M

ដើម្បី​ប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃ​ជា​អន្តរជាតិ​ក្នុង​ការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្រ្តីភេទ​ ដែល​ប្រព្រឹត្តទៅ​ជា​រៀង​រាល់​ឆ្នាំ​ចាប់​ពីថ្ងៃ​ទី២៥​ ខែវិច្ឆិកា​ រហូត​ដល់​ ថ្ងៃ​ទី​១០​ ខែធ្នូ​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ គឺបាន​បង្ហាញ​ឯកសារ​ស្ដីពី​អ្នកធ្វើយុទ្ធនាការ​ និង​អ្នកការពារ​សិទ្ធិមនុស្ស​ជាស្រ្តីភេទ​ ដែល​កំពុង​ប្រឈម​នឹង​អំពើហិង្សា​នៅកម្ពុជា។

យ៉ាងតិចណាស់​ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណជា​កន្លះលាននាក់​ បាន​បាត់បង់​ដីធ្លី​និងផ្ទះសំបែង​ ដោយសារ​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ​ក្នុងរយៈពេល​២ទសវត្សរ៍​ចុងក្រោយ​នេះ ​ហើយស្រ្តី​បាន​ដើរ​តួជាសំខាន់​នៅជួរមុខ​នៃការតវ៉ា​ដោយអហិង្សា​ក្នុងការ​ទាមទារ​រកយុត្តិធម៌​និង​សំណង​សមរម្យ។ ភាពសកម្ម​​របស់ស្រ្តី​ទាំងនោះ ​បានទទួល​រង​អំពើហិង្សា​ពីសំណាក់​កងរក្សា​សន្ដិសុខ​ ក៏ដូចជា​ការធ្វើ​ទុក្ខបុក​ម្នេញ​តាមផ្លូវ​តុលាការ​ និង​ការឃុំខ្លួន​ដោយ​មិនត្រឹមត្រូវ​ជាដើម។

ស្ថិត​ក្នុង​រយៈពេល​១៦ថ្ងៃនេះ​ យើង​កំពុង​ផ្សព្វផ្សាយ​អត្ថបទ​អំពីស្រ្តី​ដែល​នៅតែ​បន្តភាព​ក្លាហាន​ក្នុងការ​បញ្ចេញ​មតិ​ដោយ​សាមគ្គីភាព​ជាមួយ​អ្នកដទៃ​ទៀត​ ដើម្បី​ទាមទារ​រកយុត្តិធម៌​ ទោះបីជា​មាន​បញ្ហា​ប្រឈម​ច្រើន​ប៉ុណ្ណា​ក៏ដោយ។​

អ្នកស្រី ស​ ស៊ន​ អាយុ ​៥៨ឆ្នាំ​ បាន​ប្រឈម​នឹងការ​ធ្វើទុក្ខបុកម្នេញ​ ការឃាត់ខ្លួន​ និង​ការឃុំខ្លួន​ជាច្រើន​ដង ដោយសារ​អ្នកស្រី​តែងតែ​ធ្វើការ​តវ៉ាប្រឆាំង​នឹងការ​បណ្តេញចេញ​ដោយបង្ខំ​បែបហិង្សា​ នូវពលរដ្ឋ​សហគមន៍​បុរីកីឡា​ ក្នុង​រាជធានី​ភ្នំពេញ។​ អ្នកស្រី​ត្រូវបាន​ឃាត់ខ្លួន​ជាច្រើន​លើក​អំឡុង​ពេលតវ៉ា​ដោយអហិង្សា​ ដើម្បី​គាំទ្រ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​ជាប់ពន្ធនាគារ​ ជាក់ស្តែង​គឺអំឡុង​ពេល​យុទ្ធនាការ​អហិង្សា​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​ក្នុងឆ្នាំ​២០១៦-២០១៧​ និងអំឡុងពេល​តវ៉ាស្នើសុំ​ឱ្យមានការ​ដោះលែង​សកម្មជន​សិទិ្ធមនុស្ស​ អ្នកស្រី​ ទេព វន្នី។

រាល់ពេល​ដែលខ្ញុំ​តវ៉ា​ ខ្ញុំបាន​គិតរួច​ហើយថា​ នឹងត្រូវ​គេចាប់ខ្លួន​ វាយដំ​ ឬគំរាមកំហែង។

អ្នកស្រី​បានមាន​ប្រសាសន៍​ថា៖​ “រាល់ពេល​ដែលខ្ញុំ​តវ៉ា​ ខ្ញុំបាន​គិតរួច​ហើយថា​ នឹងត្រូវ​គេចាប់ខ្លួន​ វាយដំ​ ឬគំរាមកំហែង។​ ប៉ុន្តែ​អ្វីដែលខ្ញុំ​បានធ្វើ​ គឺដើម្បី​ផ្ទះរបស់​ពួកយើង​តែប៉ុណ្ណោះ។​ យើងត្រូវ​តែមាន​ផ្ទះសំបែង​សម្រាប់​កូនចៅ​របស់យើង​”។ អ្នកស្រី​បានបន្តថា៖​ “យើង​មិនមាន​ជម្រើស​អ្វីផ្សេង​ល្អជាងនេះទេ។​ យើងចាំបាច់​ ត្រូវ​រស់នៅ​ក្បែរ​កន្លែង​ការងារ​ សាលារៀន​ និងមន្ទីរពេទ្យ”។

ភាពសកម្ម​និយម​របស់​អ្នកស្រី​ ស ស៊ន​ បានចាប់ផ្តើម​ក្នុងឆ្នាំ​២០១១​ នៅពេល​ដែលមាន​ក្រុមហ៊ុន​សំណង់មួយ​ដែលមាន​ទំនាក់ទំនង​ល្អផ្នែក​នយោបាយ​ មិនបាន​គោរព​តាមកិច្ចសន្យា​ក្នុងការ​សាងសង់​ផ្ទះឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ ជាថ្នូរ​ដែល​អ្នកទាំងនោះ​ត្រូវបាន​បណ្តេញចេញ​ដោយបង្ខំ​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​អាគារ​ខ្ពស់ៗ​នៅក្នុង​តំបន់នោះ។​

នៅពេល​ដែលក្រុម​គ្រួសារ​ទាំងនោះ​មិនព្រម​ចាកចេញ​ ក្រុមហ៊ុន​បានប្រើប្រាស់​កងកម្លាំង​សន្តិសុខ​ដែលមាន​លក្ខណៈហិង្សា​ ដើម្បី​វាយកំទេច​ផ្ទះសម្បែង​របស់អ្នក​ទាំងនោះ ​ដែលបណ្តាល​ឱ្យ​មាន​ប្រជាពលរដ្ឋ​រាប់សិបនាក់​បានរងរបួស​ និង​អ្នកតវ៉ា​ចំនួន៨នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន។​ អ្នកស្រី ​ស ស៊ន​ និង​អ្នកផ្សេងទៀត​ នៅបន្តតវ៉ា​ និង​រស់នៅ​ជា​បណ្តោះអាសន្ន​ នៅជិត​កន្លែង​ចាក់​សម្រាម​ក្បែរ​ទីតាំង​អតីត​ផ្ទះរបស់​អ្នកទាំងនោះ ​ដែល​ត្រូវបាន​វាយបំផ្លាញ​ដោយ​ក្រុមហ៊ុន។​

អ្នកស្រី​បានមាន​ប្រសាសន៍​បន្តថា៖​ “យើង​ត្រូវតែ​រស់នៅ​បែកគ្នា​ពីក្រុមគ្រួសារ​របស់យើង​ដោយសារ​យើងមិនមាន​ផ្ទះសម្បែង​សម្រាប់​ស្នាក់នៅ​ជុំគ្នាទេ។​ ពួកគេ​បានឈូស​កម្ទេចផ្ទះ​របស់យើង។​ កូន​របស់យើង​ត្រូវទៅ​ស្នាក់នៅ​ (ជាមួយ​សាច់ញាតិ)​ តាមខេត្ត ​។ កូន​របស់យើង​មិនបាន​ទៅរៀន​ជាទៀងទាត់​ឡើយ។​ យើងមិនមាន​ប្រាក់ចំណូលទេ។​”

ច្រើនឆ្នាំ​កន្លងមកនេះ​ ក្រុម​គ្រួសារ​ភាគច្រើន​ត្រូវបាន​សម្លុត ​គំរាម​កំហែង​ និង​បង្ខិត​បង្ខំ​ផ្លាស់ទី​លំនៅទៅ​តំបន់ដែល​ស្ថិតនៅ​ក្រៅរាជធានី​ ដែល​តំបន់នោះ​មិនមាន​អនាម័យ​គ្រប់គ្រាន់​ មិនមាន​ឱកាស​ការងារ​ ហើយ​នៅឆ្ងាយ​ពីសាលារៀន។​

ប៉ុន្តែអ្នកស្រី​នៅតែ​មានភាព​រឹងមាំ ​និងឆន្ទៈមុះមុត​ក្នុងការ​បន្តទាមទារ​សំណងសមរម្យ​សម្រាប់​សហគមន៍​បុរីកីឡា ​និងគាំទ្រ​ដល់​សហគមន៍​ផ្សេងទៀត​ដែលរង​ផលប៉ះពាល់​ដោយការ​បណ្តេញចេញ​ដោយបង្ខំ​ ទោះបីជា​អ្វីដែល​អ្នកស្រី​បានលើកឡើង​អំពីការ​តាមដាន​ និងការ​រំលោភបំពាន​យ៉ាងខ្លាំង​ ក្រោយការ​បង្ក្រាប​ដែល​សាធារណមតិ​យល់ថា​ជារឿង​នយោបាយ​តាំងពី​ឆ្នាំ២០១៧ ​។

រាល់ពេល​ដែល​សហគមន៍​ធ្វើសកម្មភាព​សង្គម​ អាជ្ញាធរ​តែងតែ​តាមដាន​និងសួរ​សំណួរ​មកយើង​ក្នុងគោល​បំណង​មិនចង់ឱ្យ​យើង​ធ្វើយុទ្ធនាការ។​

អ្នកស្រី​បានមាន​ប្រសាសន៍ថា៖​ “រាល់ពេល​ដែល​សហគមន៍​ធ្វើសកម្មភាព​សង្គម​ អាជ្ញាធរ​តែងតែ​តាមដាន​និងសួរ​សំណួរ​មកយើង​ក្នុងគោល​បំណង​មិនចង់ឱ្យ​យើង​ធ្វើយុទ្ធនាការ។​ ប៉ុន្តែ​ខ្ញុំ​មិនអាច​បញ្ឈប់ការ​ទាមទារ​យុត្តិធម៌​ឡើយ ​ដោយសារ​ខ្ញុំឃើញ​ភាព​អយុត្តិធម៌​កើតមាន​គ្រប់ទី​កន្លែង​ក្នុងប្រទេស​”។ អ្នកស្រី​បានបន្ថែម​ថា៖​ “មនុស្ស​ត្រូវតែ​ជួយគ្នា​នៅពេល​ដែល​ប្រឈម​ជាមួយ​នឹង​ភាពលំបាក។​ ខ្ញុំត្រូវបាន​គេផ្តល់​កំលាំង​ចិត្ត ​នៅពេល​ដែល​សហគមន៍​ផ្សេងទៀត​បានជួយខ្ញុំ​ អំឡុងពេល​ដែលខ្ញុំ​ប្រឈម​នឹងការ​ចាប់ខ្លួន​ ការបំភិត​បំភ័យ​ និង​ការ​គំរាមកំហែង​”៕

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា