អត្ថបទ

ការ​រឹតត្បិត​ទៅលើ​សង្គមស៊ីវិល​នៅថ្ងៃ​ទិវា​សិទ្ធិមនុស្ស​នៅតែ​កើតមាន​ឡើង

ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៨
F T M
មនុស្សយ៉ាងតិចណាស់៣០០នាក់ បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែធ្នូនេះ ទោះបីជាអាជ្ញាធរបានហាមឃាត់អ្នករៀបចំមិនឱ្យមានការហែក្បួនតាមការគ្រោងទុក ហើយកងកម្លាំងរក្សាសន្ដិសុខជាច្រើនត្រូវបានដាក់ពង្រាយនៅជុំវិញទីតាំងប្រារព្ធទិវាក៏ដោយ។

សាលា​រាជធានី​ភ្នំពេញ​បានហាមឃាត់​ទៅលើ​ការហែក្បួន​នៃ​ថ្ងៃទិវា​សិទ្ធិមនុស្ស​នាព្រឹកនេះ​ ប៉ុន្តែ​ការប្រារព្ធ​ទិវានេះ​នៅតែ​អាច​ប្រព្រឹត្ត​ទៅបាន​ ទោះបីជា​មានកងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ ត្រូវបាន​ដាក់ពង្រាយ​នៅទីតាំង​ប្រារព្ធទិវា​ (ប្រហែល​៤គីឡូម៉ែត្រ​ពីកណ្ដាល​រាជធានី​ភ្នំពេញ)​ ដែល​អាជ្ញាធរ​បាន​អនុញ្ញាត។​ កងកម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ពាក់មួក​ការពារ​សុវត្ថិភាព​ទាំងនោះ​គឺមាន​ចំនួន​ច្រើន​ជាង​អ្នក​ចូលរួម​ទៅទៀត​ ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅព័ទ្ធជុំវិញ​ទីតាំង​ប្រារព្ធទិវា​។

កម្មករ​រោងចក្រ​កាត់ដេរ​ កសិករ​ គ្រូបង្រៀន​ សហជីព​ តំណាង​សហគមន៍​ និង​ក្រុមយុវជន​ រាប់រយនាក់​ បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅទីលាន​ប្រជាធិបតេយ្យ​ថ្មី ស្ថិត​ក្នុង​ខណ្ឌ​ឬស្សីកែវ​ ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​សហជីព​និង​សមាគម​មួយចំនួន។​ សាលា​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ ប្រសិន​បើអ្នក​រៀបចំ​កម្មវិធី​នៅតែ​ធ្វើការ​ហែក្បួន​​ “ប៉ះពាល់​ដល់សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ និង​របៀប​រៀបរយ​សាធារណៈ ​” ទោះបីជា​ថ្ងៃទី១០​ ខែធ្នូនេះ​ជាថ្ងៃ​ឈប់សម្រាក​ ដែល​មិនសូវ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមដងផ្លូវ​ក្នុងរាជធានី​ក៏ដោយ។

ទោះបីជា​មានការ​ប្រកាស​របស់​រាជរដ្ឋាភិបាល​នាពេលថ្មីៗ​នេះអំពី​ការឈប់​រឹតត្បិត​លើ​ក្រុម​សង្គម​ស៊ីវិល​ក្ដី ក៏អាជ្ញាធរ​នៅតែត្រូវបានចោទប្រកាន់ថា នៅតែ​បន្តការ​រឹតត្បិត​លើ​ចលនា​របស់​សហគមន៍​នៅទូទាំង​ប្រទេស ​ដោយ​ហាមឃាត់​អ្នកទាំងនោះ​មិនឱ្យ​ជួបជុំគ្នា​ជាសាធារណៈ​ និងទាមទារ​ឱ្យមាន​លិខិត​អនុញ្ញាត​ ថែមទាំង​ចាត់ចែង​កំណត់ទីកន្លែងឱ្យអ្នកទាំងនោះ​ជួបជុំគ្នា​​ទៀត។

នៅ​ខេត្ត​រតនគិរី​ ក្រុម​យុវជន​និង​សហគមន៍​ ត្រូវបាន​រាយការណ៍​ថា ​មានការ​ធ្វើ​ទុក្ខបុក​ម្នេញ​ជាបន្ត​បន្ទាប់​ពីសំណាក់​ការិយាល័យ​សាលាខេត្ត​រួមមាន​ ការទាមទារ​ឱ្យធ្វើ​សំណើជា​លាយ​លក្ខណ៍​អក្សរ​ក្នុងការ​រៀបចំ​ទិវានេះ ​និង​ព្រមាន​ចាប់ខ្លួន​ប្រសិន​បើ​អ្នក​ទាំង​នោះ​ប្រារព្ធ​ទិវា​ដោយ​គ្មាន​លក្ខខណ្ឌ​ទាំងនេះ។​

នៅ​ខេត្ត​បន្ទាយ​មានជ័យ​វិញ​ អាជ្ញាធរ​បាន​បញ្ឈប់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៣០០នាក់​ មកពី​សហគមន៍​ចំនួន៦​ ពីការ​ជួបជុំគ្នា​នៅក្រុង​សិរីសោភ័ណ។​ អ្នកទាំងនេះ​ ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចាកចេញ​ពីភូមិ​ និង​ត្រូវបាន​បញ្ឈប់​នៅតាម​ផ្លូវធ្វើដំណើរ​។ អ្នក​ទាំងនោះ​ត្រូវបាន​ប្រាប់ថា​ ត្រូវមាន​លិខិត​អនុញ្ញាត​ពីអាជ្ញាធរ​ស្រុក ​និង​ខេត្ត ​ដើម្បី​អាច​ចូលរួម​ប្រារព្ធ​ទិវានេះ​បាន។​

សហគមន៍​នៅតំបន់ដាច់​ស្រយាល​ចំនួន៥​ នៅខេត្ត​កោះកុង​ ត្រូវបាន​បង្ខំឱ្យ​ផ្លាស់ប្ដូរ​ទីតាំង​ប្រារព្ធទិវា​ពីកីឡដ្ឋាន​បាល់ទាត់​ខេត្ត​ មកធ្វើ​នៅក្នុង​សាលមហាស្រព​វិញ។​

ទោះបីជា​មានការ​គំរាមកំហែង​ និងរឹតត្បិត​ជាច្រើន​ក៏ដោយ​ ក៏សហគមន៍​នៅទូទាំង​ប្រទេស​បានចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​តាមរយៈ​ ការសម្ដែង​រឿងខ្លីៗ​ ការប្រគុំ​តន្រ្តី ​ការពិភាក្សាគ្នា​ និង​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ និង​បញ្ឈប់​ការរំលោភ​បំពាន​ដែលកំពុង​កើតមាន​ឡើង។​

ប្រជាពលរដ្ឋ​ជាង៧០០០នាក់​ នៅ​រាជធានីនិង​ខេត្តចំនួន១៣​ បាន​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ដែលបានចាប់​ផ្ដើមពី​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៨មក​។

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា