អត្ថបទ

អាជ្ញាធរ​ឃាត់ខ្លួន​មនុស្ស៧នាក់​ ពាក់ព័ន្ធនឹង​ការរំលឹក​ខួប៣ឆ្នាំ​នៃឃាតកម្ម​លើលោកបណ្ឌិត​ កែម ឡី

ចេញផ្សាយ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៩
F T M
លោក ជុំ ហួត ​លោក ជុំ ហួរ​ និងលោក សួង នាគព័ន្ធ​ ត្រូវបាននគរបាល​ហ៊ុមព័ទ្ធ និងឃាត់ខ្លួន​ ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ២០១៩ រាជធានីភ្នំពេញ​ ខណៈពេលអ្នកទាំង៣​ចូលរួមពិធីរំលឹក​ខួប៣ឆ្នាំ​នៃឃាតកម្ម​លើលោកបណ្ឌិត​ កែម ឡី។

អាជ្ញាធរ​បានឃាត់ខ្លួន​មនុស្សចំនួន៧នាក់​នៅថ្ងៃទី០៩​ និងថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០១៩​នេះ ពាក់ព័ន្ធនឹង​ការសម្ដែងក្ដីរំលែកទុក្ខ​ និងការគាំទ្រ​ចំពោះ​អ្នកវិភាគនយោបាយ​ ដែលត្រូវបាន​ឃាតករ​បាញ់សម្លាប់​ គឺលោក​បណ្ឌិត កែម ឡី​ ខណៈដែល​ប្រជាពលរដ្ឋ​រំលឹកខួប៣ឆ្នាំ​នៃឃាតកម្ម​លើ​លោកបណ្ឌិត​ នៅទីតាំង​នៃអំពើឃាតកម្ម​ក្នុងរាជធានី​ភ្នំពេញ ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយកងកម្លាំងចម្រុះ​ជាច្រើន។ ​ការឃាត់ខ្លួន​មនុស្ស​ទាំងនេះ​បង្ហាញទៅកាន់សាធារណជនថាជា​ការបង្ក្រាប​ឥតឈប់ឈរ​នៃការប្រើប្រាស់​កម្លាំងអាជ្ញាធរ​ច្រើនលើសលុប​ ដើម្បីរារាំង​ប្រជាពលរដ្ឋ​កម្ពុជាពីការ​សម្ដែងសិទ្ធិ​ក្នុងការ​បញ្ចេញមតិ​ និង​សិទ្ធិជួបជុំគ្នា។​

នាព្រឹកនេះ​ សកម្មជន៣នាក់​ ត្រូវបានឃាត់ខ្លួន​នៅខាងក្រៅ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច​ស្ដុបបូកគោ​ក្នុង​រាជធានីភ្នំពេញ​ បន្ទាប់ពី​អ្នកទាំង៣​បានចូលរួម​ជាមួយយុវជន​ មេដឹកនាំ​សហជីព​ និងសមាជិក​សង្គមស៊ីវិល​ដទៃទៀត​ ដើម្បី​ធ្វើពិធីរំលឹក​ខួបនេះ។​ ស្ថានីយ​ប្រេងឥន្ធនៈនេះ​ ជាទីតាំង​ដែលលោក​បណ្ឌិត កែម ឡី​ ត្រូវបាន​ឃាតករបាញ់​សម្លាប់​ កាលពីថ្ងៃទី១០​ ខែកក្កដា ​ឆ្នាំ២០១៦។​ យុរជន​ដែលត្រូវបាន​ឃាត់ខ្លួន​ទាំង៣នាក់​ក្នុងនោះ​ក៏មាន​ សកម្មជន​ការពារបរិស្ថាន ​លោក ជុំ ហួត​ និងលោក ជុំ ហួរ​ ផងដែរ។​

សកម្មជន​ដទៃទៀត​ មិនត្រូវបាន​អនុញ្ញាតឱ្យ​ដាក់កម្រងផ្កា​នៅស្ថានីយ​ប្រេងឥន្ធនៈ​នោះទេ ដោយមាន​កម្លាំង​ប្រដាប់អាវុធ​ជាច្រើន​បានធ្វើការ​ហ៊ុមព័ទ្ធ​ និងធ្វើទុក្ខ​បុកម្នេញ ​ខណៈដែល​អ្នកទាំងនោះ​កំពុងពិសា​កាហ្វេ​ដោយ​សន្ដិវិធីនៅទីនោះ។​ សកម្មជន​បឹងកក់​ លោកយាយ​ ង៉ែត ឃុន​ ត្រូវបាន​ហ៊ុមព័ទ្ធ​ភ្លាមៗ​ពេលលោកយាយ​បានមកដល់ស្ថានីយ​ និងត្រូវបាន​កងសន្ដិសុខ​នាំខ្លួន​ចេញពី​ស្ថានីយ​ដោយបង្ខំ​ ខណៈដែល​កងកម្លាំង​ចម្រុះប្រមាណ៥០នាក់​ បាន រុញច្រាន​ និងហ៊ុមព័ទ្ធ​ សិស្ស-និស្សិត​ សកម្មជនសហជីព​ យុវជន ​និងអ្នកសារព័ត៌មាន។

នគរបាល​បង្ខំឱ្យសកម្មជន​ម្នាក់​ដោះអាវ​ដែលមាន​រួបលោកបណ្ឌិត​ កែម ឡី ​ដែលត្រូវបាន​ឃាតករបាញ់​សម្លាប់។

កាលពីម្សិលមិញ​ អតីតនិស្សិត​ជាសកម្មជន​ លោក គង់ រ៉ៃយ៉ា​ និង​សមាជិក​ក្រុមគ្រួសារ​របស់លោក ​៣នាក់ទៀត​ ត្រូវបាន​នគរបាល​ចាប់ខ្លួន​ ដោយចោទប្រកាន់​ពីបទញុះញង់​ឱ្យបង្ក​ចលាចល​ក្នុងសង្គម។​ ខណៈដែល​សមាជិគ្រួសារ៣នាក់​កំពុងស្ថិតនៅ​ក្នុងការឃាត់ខ្លួន​នៅស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​នៅឡើយ ​លោក គង់ រ៉ៃយ៉ា​ ត្រូវបាន​បញ្ជូនខ្លួនទៅ​សាលាដំបូង​រាជធានីភ្នំពេញ​ ដើម្បីសាកសួរ។ លោកត្រូវបាន​ចាប់ខ្លួន​ម្ដងហើយ​កាលពីខែសីហា​ ឆ្នាំ២០១៥​ និង​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី “បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍”​ ពាក់ព័ន្ធ​នឹងការ​បង្ហោះសារ​លើហ្វេសប៊ុក​ ដែលបាន​អំពាវនាវ​ឱ្យធ្វើ ​“បដិវត្តន៍ពណ៌”​ ជាពាក្យ​ដែលអាជ្ញាធរ​តែងតែ​ប្រើដើម្បី​ចាត់ទុក​ចលនាសន្ដិវិធី​ថាជា សកម្មភាព​បះបោរ​ដោយហិង្សា។

កាលពីថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ លោកបណ្ឌិត កែម ឡី​ អ្នកវិភាគនយោបាយ​និងជាសកម្មជន​ដែលគួរឱ្យគោរពម្នាក់​ ត្រូវបានឃាតករ​បាញ់សម្លាប់​ទាំងកណ្ដាលថ្ងៃ​ ខណៈពេល​លោកកំពុង​ពិសាកាហ្វេ​ពេលព្រឹក​នៅស្ថានីយ​ប្រេងឥន្ធនៈ​ស្ដុបបូកគោ។​ អាជ្ញាធរ​បានចាប់ខ្លួន​អតីតទាហាន​ម្នាក់ឈ្មោះ ​អឿត អាង​ ដែលក្រោយមក​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​អស់មួយជីវីត​ នៅខែមីនា​ ឆ្នាំ២០១៧​ បន្ទាប់ពី​ការស៊ើបអង្កេត​ និងសវនាការ​ ដែលត្រូវបាន​រិះគន់យ៉ាងខ្លាំង​ពីសំណាក់​អ្នកឃ្លាំមើលជាតិ​ និងអន្តរជាតិ​ ថានៅមិនទាន់​សមស្រប​ និងមិនទាន់​គ្រប់គ្រាន់។​ ដោយសារ​បារម្ភ​ពីសុវត្ថិភាព​គ្រួសារ​ ភរិយា​លោកបណ្ឌិត​ កែម ឡី​ អ្នកស្រី​ ប៊ូ រចនា ​បានទទួល​សិទ្ធិជ្រកកោន​ទៅរស់នៅ​ប្រទេស​អូស្ត្រាលី ​ជាមួយ​កូនប្រុស​ទាំងប្រាំនាក់៕

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា