អត្ថបទ

គ្រួសារជន​រងគ្រោះ​ និង​សកម្មជន​សិទ្ធិមនុស្ស​ ប្រារព្ធ​ខួបលើកទី៦​នៃអំពើហិង្សា​នៅផ្លូវវេងស្រេង​

ចេញផ្សាយ ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២០
F T M
សមាជិក​គ្រួសារ​របស់កម្មករ​ដែលត្រូវបាន​កងកម្លាំង​សន្ដិសុខ​បាញ់សម្លាប់​ អំឡុងពេល​តវ៉ាក្នុងឆ្នាំ​២០១៤​ បានអុជធូប​ក្នុងពិធី​បែបពុទ្ធសាសនា។​

នាព្រឹកនេះ​ មនុស្ស​ប្រមាណ​ជា៧០នាក់​ រួមមាន​សកម្មជនដីធ្លី​ កម្មករ​ និងសកម្មជន​សិទ្ធិមនុស្ស​ បានជួបជុំគ្នា​នៅរាជធានី​ភ្នំពេញ​ ដើម្បីប្រារព្ធ​ខួបលើកទី៦​នៃវាយប្រហារ​ពីសំណាក់​កងកម្លាំង​ប្រដាប់អាវុធ​ទៅលើហ្វូង​កម្មករ​ដែលកំពុង​ធ្វើកូដកម្ម​នៅលើ​មហាវិថី​វេងស្រេងក្នុង​រាជធានីភ្នំពេញ​ កាលពីថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១៤​ ដែលបណ្ដាល​ឱ្យមានមនុស្ស​៤នាក់ស្លាប់​បាត់បង់ជីវិត​ ម្នាក់បាត់ខ្លួន​ និងរាប់សិបនាក់​ផ្សេងទៀត​រងរបួស។

អ្នកចូលរួម​បានរៀបចំ​ពិធីតាមបែប​ព្រះពុទ្ធសាសនា​ និងជាការ​រំលឹកដល់ការ​ស្លាប់របស់​ជនរងគ្រោះ ​នៅមជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ​ និងសិទ្ធិមនុស្ស ​(សង់ត្រាល់)​ ដោយមាន​ការចូលរួម​ពីគ្រួសារ​ជនរងគ្រោះ​ដែលត្រូវបាន​បាញ់សម្លាប់​ និងបាត់ខ្លួន​ផងដែរ។

កម្មករដែល​ត្រូវបានបាញ់​សម្លាប់មានឈ្មោះ​ លោក គឹម ផាលាប​ លោក សាម រ៉ាវី​ លោក យាន រឹទ្ធី​ និងលោក​ ផេង កុសល។​ កម្មករម្នាក់ទៀត​ឈ្មោះ លោក ខឹម​ សុផាត​ នៅបន្តបាត់ខ្លួន​ ប៉ុន្តែត្រូវបាន​ប្រទះឃើញ​ចុងក្រោយ​នៅក្នុង​មន្ទីរឃុំឃាំង​របស់កងកម្លាំង​សន្ដិសុខ ​បន្ទាប់ពី​រងរបួស​ដោយគ្រាប់កាំភ្លើង​ចំផ្នែកពោះ។ ​សុផាត​ នៅបន្ត​បាត់ខ្លួន​រយៈពេល៦ឆ្នាំ​មកហើយ ​ទោះបីជា​មានការ​ស្នើសុំឱ្យ​មានការ​ស៊ើបអង្កេត​ជាច្រើនដង​ហើយក៏ដោយ។​

អ្នកស្រី ​លក្ខិណា ​ម្ដាយ​របស់​ជនរងគ្រោះ ​ខឹម សុផាត​ បានមាន​ប្រសាសន៍​ថា៖ ​“ខ្ញុំសូមអំពាវនាវ​ឱ្យស្ថាប័ន​គ្រប់ជាន់ថ្នាក់​ មេត្តា​ជួយរក​យុត្តិធម៌​ជូនគ្រួសារខ្ញុំផង”។​

ពិធីបុណ្យ​បែបសាសនា​នេះត្រូវបាន​និមន្តចូលរួម​ដោយព្រះអង្គ​ លួន សុវ៉ាត​ ដែលព្រះអង្គ​បានពិភាក្សា​អំពីអំពើហិង្សា​ពីសំណាក់​អាជ្ញាធររដ្ឋ​ជុំវិញការតវ៉ា​កាលពីឆ្នាំ​២០១៤​ និង​បានកត់ចំណាំថា​ សូម្បីតែ​ពេលបច្ចុប្បន្ននេះ ​អាជ្ញាធរ​ក៏នៅតែ​បន្តការគំរាមកំហែង​ដើម្បីរារាំង​មិនឱ្យ​ធ្វើពិធីរំលឹក​ខួបរបស់​អ្នកស្លាប់​នៅផ្លូវវេងស្រេង​ នៅទីតាំង​នៃការប្រព្រឹត្ត​អំពើហិង្សានេះ​ផងដែរ។​ ព្រះអង្គក៏បាន​ធ្វើធម្មទេសនា​អំពីតម្រូវការ​នៃសន្ដិភាព​ពិតប្រាកដ​នៅក្នុង​ប្រទេសកម្ពុជា​ ដោយមិនមាន​ការគំរាម​កំហែង ​ការភ័យខ្លាច​ និងអំពើហិង្សា​ពីសំណាក់​អាជ្ញាធររដ្ឋ​ជាដើម។

សហជីព សង្គមស៊ីវិល និងគ្រួសារនៃជនរងគ្រោះ បានរៀបចំ​ពិធីបែបពុទ្ធសាសនា​ ដើម្បីរំលឹក​ខួបលើកទី៦​នៃការបាញ់​ប្រហារ​នៅផ្លូវ​វេងស្រេង។

មួយថ្ងៃ​មុនការបាញ់​បង្រ្កាបនេះ ​កងទាហាន​ប្រដាប់​ដោយកាំភ្លើង​មកពី​បញ្ជាការដ្ឋាន​កងពល​តូចទ័ព​ពិសេស​ឆត្រយោង​៩១១​ បានប្រើ​អំពើហិង្សា​វាយដំលើកម្មករ​ និង​បានចាប់ខ្លួន​កម្មករចំនួន​១០នាក់​ និងប្រធាន​សហជីព​មួយចំនួនទៀត​ នៅខាងមុខ​រោងចក្រ​ យ៉ាកជីន​ ក្នុងរាជធានី​ភ្នំពេញ។ ​ពេលនោះ ​អ្នកតវ៉ា​បានអំពាវនាវ​ឱ្យមាន​ប្រាក់ឈ្នួលអប្បបរមា​ចំនួន ១៦០ដុល្លារ។​ ចំពេល​ដែល​អតីត​គណបក្ស​ជំទាស់​កំពុង​ធ្វើពហិការ​មិនចូល​ប្រជុំសភា​ដោយសារ​ភាពចម្រូងចម្រាស​នៃលទ្ធផល​បោះឆ្នោត​ជាតិជ្រើសតាំង​តំណាងរាស្រ្ត​ឆ្នាំ២០១៣​ ក្រៅពីមនុស្ស​៤នាក់​ដែលបានស្លាប់​ និងម្នាក់ទៀត​ដែលបាត់ខ្លួន​ ការបង្រ្កាប​ដោយហិង្សា​នៅលើផ្លូវវេងស្រេង​ បានបណ្ដាល​ឱ្យមានមនុស្ស​៣៨នាក់រងរបួស​ និង​ត្រូវបាន​បញ្ជូនទៅ​កាន់មន្ទីរពេទ្យ​ដើម្បីស​ម្រាកព្យាបាល ​។

អ្នកស្រី ​កែវ សុខម៉េង​ ម្ដាយ​របស់ជនរងគ្រោះ​ ផេង កុសល​ បានមាន​ប្រសាសន៍ថា៖​ “រយៈពេល៦ឆ្នាំហើយ​ យើង​នៅតែមិនទាន់​ទទួល​បានយុត្តិធម៌។​ អ្នកស្រី​បន្ថែមថា៖​ “កូនរបស់ខ្ញុំ​មិនបាន​ប្រព្រឹត្តអ្វីខុសទេ​ កូនខ្ញុំ​គ្រាន់តែ​ទាមទារ​ឱ្យមានប្រាក់ឈ្នួល​ខ្ពស់បន្តិច”។​

សកម្មជន​ និង​អ្នកដឹកនាំ​សហជីព​ចំនួន២៣នាក់​ ត្រូវបាន​ចាប់ខ្លួន​ ចោទប្រកាន់​ និងឃុំខ្លួន​ក្នុងពន្ធនាគារ​រយៈពេល៥ខែ​ អំឡុងពេល​បង្ក្រាបទៅ​លើកម្មករ​ដែល​កំពុងតវ៉ា​ កាលពីខែមករា​ ឆ្នាំ២០១៤នេះ។ ​មិនមាន​សមាជិក​កងសន្ដិសុខ​ ឬកម្លាំង​ប្រដាប់​អាវុធ​ណាម្នាក់​ ត្រូវបាន​ព្យួរតួនាទី ​ឬុយក​មកផ្ដន្ទាទោស​ ចំពោះការ​ស្លាប់របស់​កម្មករ​ទាំងនេះទេ។​

លោក វ៉ន ពៅ ​ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ (IDEA)​ និងជាមនុស្សម្នាក់​ក្នុងចំណោម​មនុស្ស២៣នាក់​ដែលត្រូវបាន​ឃុំខ្លួនក្នុង​ពន្ធនាគារ​បន្ទាប់ពី​ការបង្រ្កាប​នោះ បាន​បន្តអំពាវនាវ​សុំឱ្យអាជ្ញាធរ​ជួយរកយុត្តិធម៌​ជូនជនរងគ្រោះ​នៃអំពើហិង្សានេះ។​ លោកបានមាន​ប្រសាសន៍ថា​៖ នៅមិនទាន់​មានយុត្តិធម៌​សម្រាប់អ្នក​ដែលត្រូវបានស្លាប់​នៅឡើយទេ”៕

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា