អត្ថបទខ្លីៗ

សាលា​ឧទ្ធរណ៍​​បើក​​សវនាការ​​លើ​សំណុំរឿង​​បរិហារ​កេរ្តិ៍​​របស់​​បុគ្គលិក​​អង្គការ​​សមធម៌​​កម្ពុជា​

ចេញផ្សាយ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១៧
F T M

នា​​ព្រឹក​នេះ​​ សាលា​​ឧទ្ធរណ៍​​បាន​ជំនុំជម្រះ​​លើ​​សំណុំរឿង​​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​​សមធម៌​​កម្ពុជា​​បីនាក់​​រួមមាន​​ លោក​ ឈាង​ ភា​​ លោក​ អៀង​ វុទ្ធី​​ និង​​លោក​ ផែន​ គឹម​សុង​​ ដែល​​ត្រូវ​បាន​​សាលា​​ដំបូង​រាជ​ធានី​ភ្នំពេញ​​ផ្ដន្ទាទោស​​ពី​បទ​បរិហារ​កេរ្តិ៍។​​ ករណី​នេះ​​ត្រូវ​​បាន​​ប្ដឹង​​ដោយ​​លោក​ ចាន់​​ វិចិត្រ​ (អតីត​​បុគ្គលិក​​អង្គការ​​នេះ)​ ពាក់ព័ន្ធ​នឹង​​ការ​​ព្រមាន​​​បុគ្គលិក​ជាលាយ​​លក្ខណ៍អក្សរ​​នៅក្នុង​អង្គការ។​

ទាំង​លោក​វិចិត្រ​ និង​មេធាវី​របស់​លោក​មិនបាន​បង្ហាញ​វត្តមាន​នៅ​តុលាការ​ទេ​ ដែល​នាំ​ឱ្យ​ដំណើរការ​សួរជជីក​ដេញដោល​មិនអាច​ធ្វើទៅ​បាន។​ តំណាង​មហា​អយ្យការ​នៅ​សាលា​ឧទ្ធរណ៍ ​ក៏បាន​​លើក​ឡើង​​ពី​សម្ដី​របស់​ព្រះរាជ​អាជ្ញា​​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ថ្លែង​ពីភាព​​មិន​ប្រក្រតី​​នៅក្នុង​​សវនាការ​​កាល​ពី​ឆ្នាំ​២០១៦ថា​ មិនមាន​​ភ័ស្ដុតាង​​ដាក់​បន្ទុក​​ដើម្បី​បញ្ជាក់​ពីកំហុស​ដោយ​ចេតនា​របស់​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​សមធម៌​ទេ។​

លោក​ វិចិត្រ​​ បាន​​អះអាង​​ថា​ លោក​​ ត្រូវ​បាន​​បញ្ឈប់​​ពី​ការ​ងារ​​ដោយ​​អយុត្តិធម៌​​ពី​សំណាក់​​អង្គការ​​ក្រៅ​រដ្ឋា​ភិបាល​​ដែល​​ធ្វើការ​​លើ​​សិទ្ធិ​​ដីធ្លី​​មួយ​នេះ​កាល​ពី​ឆ្នាំ​២០១៥​ ហើយ​​ព័ត៌មាន​​ឯកជន​​ពាក់ព័ន្ធ​​នឹង​ការ​​បញ្ឈប់​ពី​​ការងារ​​​នេះ​ត្រូវ​បាន​​ទម្លាយ​ដោយ​ថ្នាក់​ដឹកនាំ​ទាំងនោះ។​

ការ​​ព្រមាន​​នេះ​ធ្វើ​ឡើង​​ជា​លក្ខណៈ​​ឯកជន​​បន្ទាប់​ពី​ការ​វាយតម្លៃ​​បុគ្គលិក​។​ មាត្រា​​៣០៥​​នៃ​​ក្រម​​ព្រហ្មទណ្ឌ​​នៃ​​ព្រះរាជា​ណាចក្រ​កម្ពុជា​​បាន​​កំណត់​​និយមន័យ​​នៃ​​បទ​​បរិហារ​កេរ្តិ៍​ថា​ “ការ​អះអាង​​បំផ្លើស​​ ឬ​ការ​​ទំលាក់​​កំហុស​​ដោយ​​អសុទ្ធ​ចិត្ត​លើ​​អំពើ​​ណាមួយ ​ដែល​នាំ​​ឱ្យ​ប៉ះពាល់​​ដល់​​កិត្តិយស​​ ឬ​កិត្តិស័ព្ទ​​នៃ​បុគ្គល”។​ ទោះ​បីជា​យ៉ាងនេះ​ក្ដី​ អ្នកទាំងបី​​ត្រូវ​បាន​​សាលាដំបូង​​រាជធានី​​​ភ្នំពេញ​​សម្រេច​ផ្ដន្ទាទោស​​នៅ​ថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​ ដោយ​​បង្គាប់​​ឱ្យ​បង់ប្រាក់​ពិន័យ​​​និងសង​ថ្លៃ​ខូចខាត​​​ជាច្រើន។

សាលា​ឧទ្ធរណ៍​​នឹង​​ប្រកាស​​សាលដីកា​​នៃករណី​នេះ​ ​នៅថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០១៨​ ខាងមុខនេះ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា