អត្ថបទខ្លីៗ

សាលាដំបូង​រាជធានីភ្នំពេញ​ ប្រកាស​សាលក្រម​ចាត់របៀប​ករណីអតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​

ចេញផ្សាយ ថ្ងៃទី​៣ ខែតុលា ឆ្នាំ២០១៩
F T M
អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ លោក អ៊ួន ឈិន​ និងលោក យាង សុធារិន​ ផ្ដល់បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​នៅខាងក្រៅ​សាលាដំបូង​រាជធានីភ្នំពេញ​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។

នាព្រឹក​នេះ​ សាលាដំបូង​រាជធានីភ្នំពេញ​ជាថ្មីម្ដងទៀត​ មិនទាន់បាន​សម្រេចពី​ការផ្ដន្ទាទោស​ករណីអតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ លោក អ៊ួន ឈិន​ និងលោក យាង សុធារិន​ ដែលប្រឈមមុខ​នឹងការចោទប្រកាន់​ពាក់ព័ន្ធ​នឹងការ​ផ្ដល់ព័ត៌មាន​ឱ្យរដ្ឋបរទេស​ដែលអាច​ធ្វើឱ្យ​អន្តរាយ​ការការពារជាតិ​នៅឡើយទេ។ ចៅក្រម​ជំនុំជម្រះ​បានចាត់តាំង​ចៅក្រមថ្មី​ ដើម្បី​ស៊ើបអង្កេត​បន្ថែមទៀត​លើករណីនេះ​ ដែលធ្វើឡើង​បន្ទាប់ពី​សវនាការ​មួយដោយ​មិនបាន​បង្ហាញពីភស្ដុតាង​គួរឱ្យទុកចិត្ត​ណាមួយ​ ក្នុងការ​ដាក់បន្ទុក​លើបទចោទ​ទាំងនេះ។

អង្គការ​លីកាដូ​ សំណូមពរ​ដោយទទូចឱ្យ​អាជ្ញាធរមេត្តាទម្លាក់ចោល​បទចោទ​ទាំងអស់​ប្រឆាំងនឹង​អតីត​អ្នកសារព័ត៌មាន​ទាំងពីរនាក់។

ចៅក្រម​សាលាដំបូង​រាជធានីភ្នំពេញ​ បានប្រកាស​សាលក្រម​ចាត់របៀប​នាព្រឹកនេះ​ថា តុលាការ​មិនទាន់​បានសម្រេចពី​ការផ្ដន្ទាទោស​ករណី​អតីត​អ្នកសារព័ត៌មាន​ទាំងពីរនាក់ទេ​ ប៉ុន្តែ​ត្រូវធ្វើការ​ស៊ើបអង្កេត​បន្ថែមទៀត​ទៅលើ​អង្គហេតុ​មួយចំនួន​ដូចជា​ ការធ្វើ​កោសល្យវិច័យ​ចំពោះការវិភាគ​លើឧបករណ៍​ផ្ទុកឯកសារ​ (hard drives)​ ដែលតុលាការ​បានរក្សាទុក​អស់រយៈពេល​ជាង១៨ខែ​មកហើយនោះ។​ ពេលវេលា​ជាក់លាក់​នៃការស៊ើបអង្កេត​បន្ថែមនេះ​ មិនទាន់​ត្រូវបាន​កំណត់ទេ។ ការបន្ត​ដំណើរការ​ផ្លូវច្បាប់នេះ​បង្ហាញថា ​អតីតអ្នកសារព័ត៌មាន​ទាំងពីររូប​ត្រូវ​បន្តប្រឈម​នឹងបទចោទ​ដែលមិនបាន​លើកយក​ភស្ដុតាងជាក់លាក់​គួរឱ្យជឿទុកចិត្ត​ណាមួយ​មកបង្ហាញ​។

លោក អ៊ួន ឈិន​ និងលោក​ យាង សុធារិន​ ត្រូវបាន​ចោទប្រកាន់​តាមមាត្រា៤៤៥​នៃក្រមព្រហ្មទណ្ឌ ​ចំពោះ​សកម្មភាព​ដែលអាច​ “ធ្វើឱ្យ​អន្តរាយ​ការការពារជាតិ​” និងមាត្រា៣៨​ និងមាត្រា៣៩​នៃច្បាប់ស្ដីពី​ការបង្ក្រាប​អំពើជួញដូរ​មនុស្ស ​និងអំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ។​ អ្នកទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​កាលពីថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ និងត្រូវបាន​ឃុំខ្លួន​បណ្ដោះ​អាសន្នរង់ចាំ​សវនាការ​ជាង៩ខែ ​មុនពេល​ដោះលែងឱ្យ​នៅក្រៅឃុំវិញ។​ អ្នកទាំងពីរ​បានបម្រើការ​នៅវិទ្យុ​អាស៊ីសេរី​ មុនពេល​ដែលវិទ្យុនេះ​សម្រេចបិទ​ការិយាល័យ​នៅរាជធានី​ភ្នំពេញ​ បន្ទាប់ពី​បានអះអាង​ថា​រងការ​គាបសង្កត់​ពីសំណាក់​អាជ្ញាធររដ្ឋ ដែលបាន​បិទ​ការផ្សាយព័ត៌មាន​នៅតាមស្ថានីយ​វិទ្យុនានា ​ ក្នុងនោះ​មានការ​ផ្សាយបន្ត​ផ្ទាល់​របស់វិទ្យុអាស៊ីសេរី​នៅតាមវិទ្យុ​មួយចំនួន​ផងដែរ។​

អ្នកទាំងពីរ​បានបដិសេធ​ការចោទប្រកាន់​ទាំងនេះ​ពីសំណាក់​អាជ្ញាធរ​ ខណៈដែល​ស្ថាប័ន​ធ្វើការ​លើបញ្ហាសិទ្ធិមនុស្ស​ទាំងក្នុងស្រុក​និងក្រៅស្រុក​ និងស្ថាប័នធ្វើការលើសេរីភាពសារព័ត៌មាន ​បានអំពាវនាវ​ម្ដងហើយម្ដងទៀត​ សូមឱ្យទម្លាក់​ចោលបទចោទ​ទាំងអស់ប្រឆាំង​នឹងអ្នកសារព័ត៌មាន​ទាំងពីរនាក់​នេះ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា