អត្ថបទពត៌មាន

អត្ថបទខ្លីៗ៖ ប្រជាពលរដ្ឋ​ជាច្រើន​​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ
ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៧audio available

ទោះបីជា​មាន​ការ​រឹតត្បិត​មកលើ​សង្គម​ស៊ីវិល​ក៏ដោយ​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​៣០០០​នាក់ បាន​ជួបជុំ​គ្នា​នៅ​តាម​តំបន់​ជាច្រើន (ភាគច្រើននៅតាមបណ្ដាខេត្ត) ក្នុង​ប្រទេសកម្ពុជា​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦៩​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ចាប់​តាំងពី​ថ្ងៃ​សុក្រមក សហគមន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ បានប្រារព្ធ​ទិវា​នេះជា​បន្តបន្ទាប់ និងបាន​ធ្វើការ​សម្ដែង​មតិ​ស្ដី​ពី​បញ្ហា​ដីធ្លី​ ការ​ការពារ​ធនធាន​ធម្មជាតិ​ និងសិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ជាដើម។

ទោះបី​ជា​មាន​បរិយាកាស​ភ័យ​ខ្លាច​នាពេល​បច្ចុប្បន្ន​ក្ដី ​សហគមន៍ ប្រជាពលរដ្ឋមូលដ្ឋាន និងសហជីព បាន​បង្ហាញ​ពី​សាមគ្គី​ភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​ នៅ​តាម​ទីកន្លែង​ឯកជន​ និង​សាធារណៈ​ផ្សេងៗ។​ ប៉ុន្តែ​សហគមន៍​មួយចំនួន​ត្រូវ​បាន​អាជ្ញាធរ​ក្នុងតំបន់​ និងអាជ្ញាធរ​​ខេត្ត​ហាមឃាត់​ក្នុងការ​ដង្ហែ​ក្បួន។

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ តែងតែ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជារៀងរាល់​ឆ្នាំ ដើម្បី​រំលឹកពី​សេចក្ដី​ប្រកាស​ជាសកល​ស្ដីពី​សិទ្ធិ​មនុស្ស​ ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​អនុម័ត​ កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៤៨។

ឯកសារទាក់ទង:

អត្ថបទខ្លីៗ៖ តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ក្នុង​ការ​ផ្ដន្ទាទោស​សកម្មជន​បឹងកក់
ចេញផ្សាយ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០១៧audio available

នាព្រឹកនេះ តុលាការ​កំពូល​បាន​សម្រេច​តម្ដល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ក្នុងការ​ផ្ដន្ទាទោស​សកម្មជន​បឹងកក់​បីនាក់​រួមមាន​ អ្នកស្រី ទេព​ វន្នី អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូ ឆវី​ ពាក់​ព័ន្ធ​នឹងការ​ចោទប្រកាន់​ពី “បទប្រមាថ” និង​ “បទ​ប្រឆាំងនឹង​អ្នក​រាជ​ការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស”។ ការ​ផ្ដន្ទាទោស​ឱ្យ​អ្នកទាំងនោះ​ជាប់ពន្ធនាគារ៦ខែ ត្រូវបាន​តុលាការ​កំពូល​សម្រេច​តម្កល់​ទុកជា​បានការ។​

ខណៈនេះ មិន​ទាន់​មាន​ដីកា​ឱ្យ​អនុវត្ត​សាលដីកានេះទេ។ នេះ​មានន័យ​ថា​ ការចាប់​ខ្លួន​និងការ​អនុវត្ត​ទោស​របស់​អ្នក​ទាំង​បី អាច​​ធ្វើឡើង​នៅពេល​ណាក៏បាន អាស្រ័យលើ​ឆន្ទានុសិទ្ធិ​របស់​ព្រះរាជ​អាជ្ញានៃ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ។

អ្នកស្រី​ ទេព វន្នី​ ត្រូវបាន​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​មណ្ឌល​អប់រំកែ​ប្រែទី២ (ម.២) វិញ នៅព្រៃសរ​ ជាកន្លែងដែល​អ្នកស្រី​ត្រូវបាន​ឃុំខ្លួន​ តាំង​ពីថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។ អ្នក​ស្រី​កំពុងរង់​ចាំ​សវនាការនៃបណ្ដឹង​សារទុក្ខ​ប្រឆាំងនឹង​ការផ្ដន្ទាទោសក្នុងករណី​តវ៉ារឿង​ដីធ្លី​មួយទៀត​ ដែល​អ្នកស្រី​ត្រូវបាន​ផ្ដន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​៣០ខែ។ អ្នកស្រី​ គង់ ចន្ថា​ និង ​អ្នកស្រី ​បូ ឆវី ​មិនទាន់​ត្រូវបាន​ឃុំខ្លួនទេ។

ការ​ផ្ដន្ទាទោស​នេះ ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​បញ្ញត្តិ​ មាត្រា​៥០២​ និង​មាត្រា​៥០៤​ នៃ​ក្រមព្រហ្មទណ្ឌ​ ពាក់ព័ន្ធនឹង​ការចូលរួម​របស់​អ្នកទាំងបី​ក្នុងការ​តវ៉ារឿង​ដីធ្លីមួយ​ នៅ​ខាងមុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពីឆ្នាំ​២០១១​។ មេធាវី​ និងសាក្សី​ដាក់​បន្ទុក​របស់ភាគី​ដើម​បណ្ដឹង​ មិន​បាន​បង្ហាញ​វត្តមាន​នៅ​តុលាការ​ទេ។ ដូចគ្នា​នឹង​សវនាការ​មុនៗ​នៃករណី​ដដែល​នេះដែរ​ គឺ​មិនមាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ត្រូវបាន​លើកឡើង​ដើម្បី​ឱ្យស្រប​តាម​បទដ្ឋាន​គតិយុត្ត​ឡើយ​។

ឯកសារទាក់ទង:

អត្ថបទខ្លីៗ៖ តុលាការ​កំពូល​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​​បឹងកក់
ចេញផ្សាយ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០១៧audio available

នាព្រឹកនេះ​ តុលាការ​កំពូល​បាន​ជំនុំជម្រះ​លើ​សំណុំរឿង ​សកម្មជន​សហគមន៍​បឹងកក់​បួននាក់​រួមមាន​ អ្នកស្រី​ ទេព វន្នី​ អ្នកស្រី​ គង់ ចន្ថា​ អ្នកស្រី​ បូ ឆវី និងអ្នកស្រី​ ហេង មុំ​ ​ ដែល​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ផ្ដន្ទាទោស​ពី “បទ​​ប្រមាថ​” និង​ “បទ​ប្រឆាំងនឹង​​​អ្នក​រាជ​ការ​សាធារណៈ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស”។

ប្រសិន​បើ​តុលាការ​កំពូល ​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជាបានការ​
ស្រ្តី​ទាំងបួន​នាក់​ ប្រឈម​នឺង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៦ខែ​ ផ្អែក​តាម​បញ្ញត្តិ​មាត្រា​៥០២​និងមាត្រា​៥០៤​នៃ​ក្រម​ព្រហ្មទណ្ឌ​ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​រឿង​ដីធ្លី​កាលពី​ឆ្នាំ​២០១១​ នៅ​ខាងមុខសាលា​រាជធានី​ភ្នំពេញ។ អ្នកស្រី ទេព វន្នី ត្រូវ​បាន​ចាប់​ខ្លួន​និង​​ឃុំ​ខ្លួន​ តាំងពី​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៦ ហើយអ្នកស្រី​កំពុងរង់ចាំ​សវនាការ​បណ្ដឹង​សារទុក្ខ​ ពាក់ព័ន្ធ​នឹង​ការផ្ដន្ទាទោស​ក្នុង​សំណុំរឿង​ផ្សេង​មួយ​ទៀត។

មេធាវី​ និង​សាក្សីដាក់​បន្ទុក​​របស់​ភាគី​ដើម​បណ្ដឹង​ មិន​បាន​បង្ហាញ​វត្តមាន​នៅ​តុលាការ​ទេ ដែល​ជាហេតុ​ធ្វើ​ឱ្យ​អ្នកទាំងបី (អ្នកស្រី​ ហេង មុំ អវត្តមាន)​ គ្មាន​ឱកាស​ជជីកសួរ​ដេញ​ដោល​បាន​។

សាល​ដីកា​តុលាការ​កំពូល​នឹង​ត្រូវ​ប្រកាស​ នៅ​ថ្ងៃទី០៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ។

ឯកសារទាក់ទង:

អត្ថបទខ្លីៗ៖ អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរនាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចារកម្ម
ចេញផ្សាយ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៧audio available

នា​រសៀលនេះ​ អតីត​អ្នក​សារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ពីរនាក់​ ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ជាប់​សង្ស័យ​ពីបទ​ចារកម្ម​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ នៅ​ឯមណ្ឌល​អប់រំ​កែប្រែទី១​ នៅ​ព្រៃសរ។​ លោក​ យាង​ សុធារិន​ (យាង​ សុជាមេត្តា)​ និង​លោក​ អ៊ួន​ ឈិន​ ត្រូវបាន​នគរបាល​ឃាត់​ខ្លួន​តាំង​ពីយប់​ថ្ងៃអង្គា​រ​ ដោយ​សង្ស័យ​ថា​បាន​រាយការណ៍​ព័ត៌មាន​ទៅ​សារព័ត៌មាន​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។​

អ្នក​ទាំងពីរ​បាន​បម្រើ​ការងារ​ជាមួយ​វិទ្យុអាស៊ីសេរី​ រហូត​ដល់​វិទ្យុ​មួយនេះ​បិទ​ការិយាល័យ​នៅថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៧​ ដោយ​លើក​ឡើង​ថា​អាជ្ញាធរ​បាន​រឹតត្បិត​ និង​បាន​បិទ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន​នៅតាម​ស្ថានីយ៍វិទ្យុ​ផ្សេងៗ​។

លោក ​យាង​ សុធារិន​ និង​លោក​ អ៊ួន​ ឈិន​ ត្រូវ​បាន​ចោទ​ប្រកាន់​ផ្អែកតាមមាត្រា​៤៤៥​នៃក្រម​ព្រហ្មទណ្ឌ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ ដែល​ចែង​អំពី​ការ​ប្រគល់​ឱ្យរដ្ឋបរទេស​នូវ​ព័ត៌មាន​ ជាអាទិ៍​ ដែល​អាច​ធ្វើឱ្យ​ "អន្តរាយ​ដល់​ការការពារ​ជាតិ"។​ បទ​ចោទនេះ​អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​៧ឆ្នាំ​ ទៅ​ ​១៥ឆ្នាំ។​

អត្ថបទខ្លីៗ៖ សកម្មជនអង្គការ​មាតាធម្មជាតិ​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ការ​ថតសកម្មភាព​បូមខ្សាច់
ចេញផ្សាយ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០១៧audio available

សកម្មជន​​មាតា​ធម្មជាតិ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈពេល​ដែលកំពុង​ថត​សកម្មភាព​បូមខ្សាច់​នៅក្នុង​ខេត្ត​កោះកុង និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថាជាប់​សង្ស័យ​ពីបទ​ប៉ះពាល់​​សិទ្ធិខាង​រូបភាព​នៃ​បុគ្គលនិង​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ លោក​ ឌឹម គុនឌី​ និង​លោក​ ហ៊ុន វណ្ណៈ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ស្រុក​គិរីសាគរ​កាលពី​ថ្ងៃអង្គារ​ម្សិល​មិញ​ គឺត្រឹមតែ​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពីអង្គការ​​មាតា​ធម្មជាតិ​ បាន​បង្ហោះ​វីដេអូ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ​ប្រព័ន្ធ​អ៊ីនធើណេត​ដែល​ពណ៌នា​អំពី​ការ​​នាំចេញ​ខ្សាច់​ស៊ីលីកា​ទៅកាន់​តៃវ៉ាន់។​

វីដេអូ​​នោះ ​មាន​អ្នក​ចូលមើល​រហូត​ជិត​១លាន​​នាក់​នៅលើ​បណ្ដាញ​សង្គម​ហ្វេសបុក។​ ក្រុម​សកម្មជន​ទាំងនេះ​បាន​ធ្វើការ​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​បង្ហាញ​ពី​ភាព​ខុសគ្នា​នៃ​តួលេខ​ពាណិជ្ជកម្ម​ដែល​បញ្ជាក់​ពី​ការ​នាំ​ចេញ​ខ្សាច់​ទ្រង់ទ្រាយ​ធំ​ទៅកាន់​ប្រទេស​ជាច្រើន​រួមមាន​ប្រទេស​ឥណ្ឌា​និង​សិង្ហបុរី​ជាដើម។

ប្រសិន​បើត្រូវ​បាន​ផ្ដន្ទាទោស​លើ​បទចោទ​ទាំង​ពីរ សកម្មជន​ទាំង​ពីរនាក់​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់​២ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ជា​អតិបរមា​ចំនួន​ ៦លាន​រៀល​ យោង​តាម​មាត្រា​៤៩៥​ស្ដីពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​និង​មាត្រា​៣០២​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ចែងពី​អំពើ​ថត​រូបភាព​នៃបុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការ​ព្រមព្រៀង​​។

កាលពី​ខែ​សីហា​ ឆ្នាំ​២០១៥ ​សកម្មជន​មាតា​ធម្មជាតិ​៣នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈដែល​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​បូមខ្សាច់​ដោយ​ខុសច្បាប់​ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​១ឆ្នាំកន្លះ​។ ចំណែក​ឯស្ថាបនិក​នៃ​មាតា​ធម្មជាតិ​ លោក​ Alejandro Gonzalez-Davidson (អាឡិច) ​ដែល​មាន​សញ្ជាតិ​អេស៉្បាញ​ ត្រូវ​បាន​ឃាត់​ខ្លួន​និង​បណ្ដេញ​ចេញ​ពីប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០១៥។

ឯកសារទាក់ទង:

អត្ថបទ៖ ការបិទ​​ស្ថានីយ៍​វិទ្យុ​នៅ​កម្ពុជា​​
ចេញផ្សាយ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០១៧audio available

វិទ្យុ​គឺ​ជា​ប្រ​ភព​ព័ត៌មាន​ដ៏សំខាន់​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​​រស់​នៅ​តំបន់​ជនបទ​ ​ ដោយសារ​​សេវា​អ៊ីនធើ​ណេតនៅ​ទីនោះ​មិន​សូវ​អំណោយ​ផល។

នៅ​ចុង​ខែ​សីហា ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​កម្ពុជា​បាន​សម្រេច​បិទ​ហ្រ្វេកង់ស៍​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​ចំនួន​៣២​ នៅក្នុង​ខេត្ត​និង​រាជ​ធានី​ចំនួន​២០។

ការបិទ​​វិទ្យុទាំង​នេះបាន​ធ្វើ​ឱ្យ​ប៉ះពាល់​​ទៅ​លើ​​ស្ថានីយ៍​វិទ្យុ ដែល​ផ្សាយបន្តនូវព័ត៌មាន​ឯករាជ្យ​​​​​ពី​វិទ្យុ​អាស៊ីសេរី (RFA) ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ដែលជា​សារព័ត៌មាន​មិនរក​ប្រាក់​ចំណេញ។ កម្មវិធី​ព័ត៌មាន​ទាំងនេះ ត្រូវ​បាន​បិទ​​មធ្យោបាយ​ផ្សព្វផ្សាយ​​ទាំងស្រុង​ នៅ​តាម​រលកធាតុ​អាកាសផ្សេងៗ​​។

អានអត្ថបទបន្ដ...

អត្ថបទខ្លីៗ៖ សហគមន៍​មក​ពី​ខេត្ត​កោះ​កុងឡើង​មក​​តវ៉ា​រក​ដំណោះ​ស្រាយ​ពី​ការ​រំលោភ​យក​ដីធ្លី​នៃសម្បទាន​សេដ្ឋកិច្ច​ស្ករ​អំពៅ​
ចេញផ្សាយ ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៧audio available

នា​ព្រឹក​នេះ ប្រជាកសិករ​ប្រមាណ​ជា​១០០​នាក់​មកពី​សហគមន៍​ជីខ​ក្រោម​ក្នុង​ខេត្ត​កោះ​កុង​ បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម​និង​សំណង់ ដើម្បី​ទាម​ទារ​ឱ្យ​រាជ​រដ្ឋា​ភិបាលជួយ​​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​​ ដែល​ប៉ះពាល់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​១៥គ្រួសារ។ នៅ​ពេល​នោះ នគរបាល​និង​កងសន្ដិសុខ​ បាន​រុញ​ច្រាន​​អ្នកតវ៉ា​ទាំង​នោះ​ពីតាម​ដង​​ផ្លូវ​ ដែល​បណ្ដាល​​ឱ្យស្រ្ដីសមាជិក​សហគមន៍​​ពីរនាក់រងរបួស​ និង​បែក​បាក់​​ឧបករណ៍​បំពងសំឡេង។​

កាល​ពី​ឆ្នាំ​២០១០ ​សហគមន៍​រង​ផលប៉ះពាល់នេះ ​បាន​បាត់​បង់​ដី​ចំការ​ដោយសារ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ហេង​ហ៊ុយអេហ្រ្គី​ខ័លឈ័រ​គ្រុប ដោយ​​បាន​រំលោភ​យកដីធ្លី​​និង​សម្អាតដី​ទាំងនោះ​ដើម្បី​ដាំ​​អំពៅ។​ បន្ទាប់ពី​ការ​តស៊ូ​​រកដំណោះ​ស្រាយ​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​អស់​រយៈ​ពេល​៧ឆ្នាំរួចមក​​ ប្រជាសហគមន៍ជាង​១២០នាក់​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​បាន​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ ដើម្បី​ដាក់​ញត្តិ​សុំអន្តរាគមន៍​ពី​​អាជ្ញាធរពាក់ព័ន្ធ។​ កាល​ពី​​ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ​២០១៧ សហគមន៍​បានត្រឡប់​មក​​ជួប​ជាមួយ​តំណាង​មួយ​រូប​នៃ​ខុទ្ទកាល័យ​​សម្ដេច​នាយករដ្ឋ​មន្រ្តី ​ជា​អ្នកដែល​​បាន​សន្យា​ថា​នឹង​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ពួកគាត់​។​

បន្ទាប់ពី​ការ​តវ៉ា​អស់​ជាច្រើន​ម៉ោងនៅ​ខាងមុខ​ក្រសួង​ដែនដី អ្នក​នាំ​ពាក្យមួយ​រូប​របស់​ក្រសួងបាន​ចេញ​មក​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា​ ករណី​របស់​ពួកគាត់​កំពុង​ត្រូវ​បាន​ពិនិត្យ​ពិចារណា។ ទោះ​បី​ជា​មានការ​សន្យា​របស់​រាជ​រដ្ឋាភិបាល​ថា ជម្លោះ​ដីធ្លីរបស់​ពួកគាត់​​នឹង​ត្រូវ​បាន​ដោះ​ស្រាយក្ដី​​ ប៉ុន្តែ​សហគមន៍​រងផលប៉ះពាល់​នឹង​នៅបន្ត​​រង់ចាំ​រហូត​ដល់​មាន​ការ​ចាត់​វិធាន​ការ​ ហើយ​ពួក​គាត់​គ្រោង​នឹង​ស្នាក់​នៅ​រាជ​ធានី​ភ្នំពេញ​រហូត​ដល់​ទទួល​បាន​​ដំណោះ​ស្រាយ​សមស្រប។

អត្ថបទខ្លីៗ៖ អ្នកគាំទ្រ​ដាក់​ញត្តិស្នើសុំអន្តរាគមន៍​ដើម្បី​​​ឱ្យ​ដោះ​លែង​អ្នកស្រី​ ទេព វន្នី បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួនអស់​​រយៈពេល​១ឆ្នាំ​
ចេញផ្សាយ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៧audio available

អ្នកគាំទ្រ​របស់​សកម្មជន​ដីធ្លី​និង​អ្នកការពារ​សិទ្ធិ​មនុស្ស​ អ្នកស្រី ​ទេព វន្នី បាន​រំលឹក​ខួប​១ឆ្នាំ​នៃ​ការ​ឃុំខ្លួន​អ្នកស្រី​ដ៏អយុត្តិធម៌ ដោយ​បាន​ធ្វើការ​អំពាវនាវដល់​អន្តរជាតិ​ឱ្យជួយ​អន្តរាគមន៍ ដើម្បី​ឱ្យ​មានការ​ដោះលែង​អ្នកស្រី​មកវិញ។

ប្រជាពលរដ្ឋ​មួយចំនួន​មកពី​សហគមន៍​បឹងកក់​ បាន​ដាក់ញត្តិ​ទៅកាន់​ស្ថានទូត​​និង​អង្គការ​អន្តរជាតិ​មួយចំនួន ដែល​ចាប់ផ្ដើម​ពីថ្ងៃច័ន្ទម្សិលមិញ​ នៅ​ការិយាល័យ​ឧត្ដម​ស្នងការនៃអង្គការ​សហប្រជាជាតិ​​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជានិង​ស្ថានទូត​នៃប្រទេស​សមាជិក​អាស៊ាន​ចំនួន​៦​។ នៅ​ថ្ងៃ​អង្គារ៍នេះ អ្នក​ទាំងនោះ​បាន​បន្ត​ដាក់​ញត្តិ​ទៅ​ស្ថានទូត​នៃបណ្ដា​ប្រទេស​នៅសហគមន៍​អ៊ឺរ៉ុប​ចំនួន​៩ផ្សេងទៀត​ រួមមាន​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ ជប៉ុន ​អាឡឺម៉ង់ ​និង​ស្ថានទូត​អ៊ឺរ៉ុប​ផងដែរ​។

អ្នកស្រី ​ទេព វន្នី​ ត្រូវ​បាន​ចាប់​ខ្លួននិងចោទប្រកាន់​រយៈពេល​១ឆ្នាំមក​ហើយ​ ដោយសារ​អ្នកស្រី​​ចូលរួម​ក្នុង​ការតវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង៥នាក់​ដែលនៅ​ពេលនោះ​កំពុងតែ​ជាប់ឃុំ ​(អ្នក​ទាំង៥​នាក់​ត្រូវបាន​ដោះលែង​ឱ្យនៅក្រៅ​​ឃុំវិញហើយ)។ សាលា​ដំបូង​រាជធានីភ្នំពេញបាន​​ផ្តន្ទាទោសអ្នក​ស្រីពីបទ​ ‘ប្រមាថមន្ត្រី​រាជការ​​សាធារណៈ’ និងត្រូវជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​មួយ​ថ្ងៃ។ ប៉ុន្តែអ្ន​កស្រីមិន​ត្រូវបាន​​ដោះ​លែងវិញ​ទេ​ក្រោយពីបាន​អនុវត្ត​ទោស​​រួច​ ដោយ​អាជ្ញាធរ​បានសើរើ​សំណុំរឿង​ចាស់​ចំនួន៣​ផ្សេងទៀត​ពាក់ព័ន្ធ​នឹងការ​តវ៉ា​អហិង្សា​រឿង​បញ្ហា​ដីធ្លី​ នៅក្នុង​សវនាការ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​យល់ថា មាន​ចរិត​លក្ខណៈ​នយោបាយ​និង​មាន​ភាព​ខ្វះចន្លោះ​ក្នុងការ​អនុវត្តតាម​បទដ្ឋាន​ច្បាប់។ ​បច្ចុប្បន្ន​ អ្នកស្រី​កំពុង​អនុវត្ត​ទោស​នៃការ​ផ្តន្ទាទោស​ឱ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ​រយៈពេល​៣០ខែ។ ការ​ផ្តន្ទាទោស​ឱ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ​រយៈពេល​៦ខែ​ផ្សេង​ទៀត មិនទាន់​អាច​អនុវត្ត​ទេដោយ​ត្រូវរង់​ចាំសាលក្រម​ស្ថាពរពី​តុលាការ​កំពូល ហើយ​​នៅ​ពេល​នេះ​អ្នកស្រី​កំពុង​ដំណើរការ​សំណុំរឿងទី​៣ដែល​ត្រូវ​បាន​សើរើឡើងវិញ។

នៅល្ងាចថ្ងៃ​អង្គារ៍នេះ តំណាង​សហគមន៍​បឹងកក់​និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល​និង​សង្គមស៊ីវិល​មួយចំនួន​ទៀត ​នឹង​ធ្វើការ​អុជ ​ទាន ធូប និង​បួងសួង​ នៅក្នុង​សហគមន៍​បឹងកក់​ ចាប់ផ្ដើមពីម៉ោង៥ល្ងាចដើម្បី​រំលឹកខួប​មួយឆ្នាំ​នៃ​ការ​ឃុំខ្លួន​អ្នកស្រី​ និង​ស្នើសុំ​ឱ្យមាន​ការដោះ​លែងអ្នកស្រី​ឱ្យមាន​សេរីភាព​វិញ។ ​

ការ​អំពាវនាវ​របស់​អ្នកទាំង​នោះក៏​ទទួលបាន​ការគាំទ្រ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​រួមពី​សំណាក់ អង្គការ​សង្គម​ស៊ីវិល​ជាតិនិង​អន្តរជាតិចំនួន​៦៥ ក៏ដូចជា​សេចក្ដី​ថ្លែងការណ៍​រួម​និង​សកម្មភាព​តស៊ូមតិ​ផ្សេងទៀត​ពីសំណាក់​អង្គការ​អន្តរជាតិ​និងអង្គការអន្តរជាតិ​​ក្នុង​តំបន់

ឯកសារទាក់ទង:

អត្ថបទខ្លីៗ៖ សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្ដន្ទាទោសអ្នកស្រី​ ទេព វន្នី
ចេញផ្សាយ ថ្ងៃទី​៨ ខែសីហា ឆ្នាំ២០១៧audio available

នាព្រឹកនេះ​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បានការ ដោយ​ផ្ដន្ទា​ទោស​សកម្មជន​ដី​ធ្លី អ្នកស្រី​ ទេព វន្នី លើ​សំណុំរឿង​ចាស់​ដែល​ត្រូវ​បាន​សើរើ​ឡើង​វិញ​ បន្ទាប់​ពី​អ្នកស្រី​ចូលរួម​ក្នុង​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ កាលពី​ឆ្នាំមុន។ ការ​ប្រកាស​សាល​ដីកា​ថ្ងៃនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សវនាការ​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​២៧ ខែកក្កដា​ ដោយ​មិន​មាន​វត្តមាន​របស់​ភាគី​ដើម​ចោទ​​ (ដូច​សវនាការ​នៅសាលាដំបូង​រាជ​ធានី​ភ្នំពេញកាល​ពី​ខែ​កុម្ភៈ​​ដែរ) ដែល​នាំ​ឲ្យ​ភាគី​ចុងចោទ​គ្មាន​ឱកាស​ជជីក​​សួរ​ដេញ​ដោល​បាន​ ហើយ​តំណាងមហា​អយ្យការ​ក៏​មិន​បាន​លើក​យក​ភស្ដុតាង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ណាមួយ​មក​បង្ហាញ​នៅ​ក្នុង​សវនាការ​នោះ​ផងដែរ។

អ្នកស្រី ​ទេព វន្នី ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផ្ដន្ទាទោស​ពីបទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស ​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ២០១៧​ នៅក្នុង​សវនាការ​ដែល​មាន​ភាព​ខ្វះ​ចន្លោះ​នៃការ​អនុវត្ត​តាម​បទដ្ឋាន​ច្បាប់។ សំណុំរឿង​នេះ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​កាល​ពីឆ្នាំ​២០១៣​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​បឹងកក់​មួយរូប​ផ្សេង​ទៀត ដែល​អំឡុង​ពេល​នោះ ​អ្នកស្រី​ ទេព​ វន្នី​ និង​សមាជិក​សហគមន៍​មួយចំនួន​ទៀត​ ត្រូវ​បាន​នគរបាល​និង​កងសន្ដិសុខជា​ច្រើន​នាក់​ ​វាយ​ដំបណ្ដាល​ឲ្យ​រង​របួស។

សាល​ដីកា​សាលាឧទ្ធរណ៍​ថ្ងៃនេះ ​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បានការ ដោយ​ផ្ដន្ទាទោស​អ្នកស្រី​ ទេព វន្នី​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ៦ខែ ​និង​ពិន័យ​ជាប្រាក់​និង​សំណង​ទៅដើម​បណ្ដឹង​ សរុប​ទាំងអស់​ចំនួន​ ១៤លាន​រៀល​ (​ប្រហែល ​៣,៥០០​ ដុល្លារ​អាមេរិក)។ គិត​ចាប់​តាំង​ពីពេល​ចាប់ខ្លួន​អ្នកស្រី​កាលពី​ថ្ងៃទី១៥ ខែ​សីហា​ ឆ្នាំ​២០១៦ អ្នកស្រី ​ទេព វន្នី​​ ត្រូវបាន​ឃុំខ្លួនក្នុង​ពន្ធនាគារ​អស់​​រយៈពេល​៣៥៨​ថ្ងៃ​មក​ហើយ។

ឯកសារទាក់ទង:

អត្ថបទខ្លីៗ៖ អ្នកស្រី ទេព វន្នី រង់ចាំសាល​ដីកា​បណ្ដឹង​​ឧទ្ធរណ៍
ចេញផ្សាយ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៧audio available

នារសៀល​នេះ សាលា​ឧទ្ធរណ៍បាន​បើក​សវនាការ​​លើ​បណ្ដឹងឧទ្ធរណ៍​របស់​សកម្មជន​ដីធ្លី​ អ្នកស្រី​ ទេព វន្នី ដែល​ត្រូវបាន​ផ្ដន្ទាទោស​ដោយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ពាក់​ព័ន្ធនឹង​ការ​ចូលរួមរបស់​​អ្នកស្រី​ក្នុង​ការតវ៉ាដោយ​សន្ដិវិធី​ ខណៈដែល​​អ្នក​គាំ​ទ្រ​អ្នកស្រីប្រមាណ​ជា​ ១០០នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងមុខ​តុលាការ​។ អំឡុងពេល​សវនាការ ភាគី​ដើម​ចោទ​និង​សាក្សី​ដាក់​បន្ទុក​មិន​បាន​បង្ហាញ​វត្តមាន ដូច​សវនាការ​នៅសាលាដំបូង​រាជ​ធានី​ភ្នំពេញកាល​ពី​ខែ​កុម្ភៈ​​ដែរ ដែល​នាំ​​ឲ្យ​ភាគី​ចុងចោទ​គ្មានឱកាស​ជជីក​​សួរ​ដេញ​ដោល​បាន​ ហើយ​មិន​មាន​ភស្ដុតាង​គួរ​ឲ្យ​ជឿទុកចិត្តណាមួយ​ ត្រូវ​បាន​បង្ហាញឡើង​នៅ​ក្នុង​សវនាការ​នោះទេ។

អំឡុងពេល​តវ៉ាកាល​ពីឆ្នាំ​២០១៣ក្នុង​រាជ​ធានី​ភ្នំពេញដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ សកម្មជន​បឹងកក់​មួយរូប​ផ្សេង​ទៀត នគរបាល​និង​កងសន្ដិសុខជា​ច្រើន​នាក់​ បាន​វាយ​ដំ​​អ្នកស្រី​ ទេព​ វន្នី​ និង​សមាជិក​សហគមន៍មួយចំនួនទៀត បណ្ដាល​ឲ្យ​រង​របួស។ ប៉ុន្តែ​អ្នកស្រី​ បែរជាត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពីបទ​​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស នៅក្នុង​សវនាការថ្ងៃទី​២៣ ខែកុម្ភៈ​​ទៅវិញ ដែលនេះ​​បញ្ជាក់​ពីភាព​ខ្វះចន្លោះ​នៃការអនុវត្ត​តាម​ស្តង់ដា​ច្បាប់ ដោយ​សារ​គ្មាន​ការ​​ជជីកសួរ​ដេញ​ដោល​ទៅ​លើ​ដើម​ចោទ​ទាំងពីរ​នាក់ដែល​ជា​សន្ដិសុខ​ខណ្ឌ​ដូន​ពេញ។

អ្នកស្រី ទេព វន្នី ​ត្រូវបាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញផ្ដន្ទាទោស​​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ៦ខែ និងពិន័យជាប្រាក់​និង​សំណងទៅដើមបណ្ដឹង​ សរុបទាំងអស់​ចំនួន ១៤លាន​រៀល​ (​ប្រហែល ៣,៥០០ ដុល្លារ​អាមេរិក)។ អ្នកស្រី​ ត្រូវបាន​ឃុំខ្លួនក្នុង​ពន្ធនាគារ​អស់​​រយៈពេល៣៤៦​ថ្ងៃ​មកហើយ។ សាលដីកា​នៃ​សវនាការសាលា​ឧទ្ធរណ៍ថ្ងៃ​នេះ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៧។​

ឯកសារទាក់ទង:

អត្ថបទខ្លីៗ៖ កម្មករ​​ជាច្រើន​នាក់​ជួបជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​
ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៧audio available

នា​ព្រឹក​នេះ​ ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៥០០​នាក់​ រួមមាន ​សហជីព​​ កម្មករ​ កសិករ​ អ្នក​បើក​រម៉ក​កង់បី​និង​យុវជន​ បាន​ជួបជុំ​គ្នា​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ និង​អំពាវ​នាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​កម្មករ​ សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា​ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ប្រាក់ខែ​គោល​សម្រាប់​ការ​រស់នៅ​សមរម្យ​របស់​កម្មករ។​

ការ​ជួបជុំ​ដោយ​សន្តិវិធី​ត្រូវ​បាន​ប្រឈម​ដោយ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​សន្តិសុខ​និង​នគរបាល​បង្រ្កាប​កុបកម្ម​ជាច្រើន​ ដែល​មាន​កាន់​ដំបង​ឆក់​និង​កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​។ ការ​ជួបជុំ​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​រនាំង​ដែក​និង​ឡោម​ព័ទ្ធ​ដោយ​កង​កម្លាំង​នគរបាល​ចម្រុះ​ប្រមាណ​ជា២ម៉ោង​ មុន​ពេល​ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន​ខ្លី​មួយ​ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា​ជាតិ​ ប៉ុន្តែ​ក្បួន​ដង្ហែ​ដដែល​នោះ​ត្រូវ​បាន​រាំង​ខ្ទប់​ម្ដង​ទៀត​នៅ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​រដ្ឋសភា​ជាតិ។​​

តំណាង​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ធ្វើការ​សម្ដែង​មតិ​ដោយ​បាន​លើក​ឡើង​ពីការ​ទាមទារ​របស់​កម្មករ​ មុន​ពេល​ប្រគល់​ញាត្តិ​ជូន​ទៅ​តំណាង​ម្នាក់​មក​ពី​រដ្ឋសភា។​ នៅ​ពេល​ចាប់​ផ្ដើម​ជួប​ជុំ​គ្នា​ដំបូង​ អាជ្ញាធរ​បាន​ប៉ុន​ប៉ង​រារាំង​ប្រជាពលរដ្ឋ​ទាំង​នោះ​ពីការ​ប្រើ​ប្រាស់​គ្រឿង​បំពង​សំឡេង។​ អ្នក​ចូលរួម​ជាច្រើន​នាក់​បាន​ពាក់​បូពណ៌​ក្រហម​ដោយ​មាន​ពាក្យ​ស្លោក​សរសេរ​ថា ​"សិទ្ធិ​យើង" ​ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បាន​កាន់​បដា​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​របស់​កម្មករ។​​

ឯកសារទាក់ទង:

អត្ថបទខ្លីៗ៖ សកម្មជន​ដីធ្លី​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពេល​រៀបចំ​ធ្វើ​យុទ្ធនាការ​អហិង្សា​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ
ចេញផ្សាយ ថ្ងៃទី​២៧ ខែមិនា ឆ្នាំ២០១៧audio available

នាព្រឹកនេះ​ អ្នក​ស្រី ​ស ​ស៊ន​ និង​អ្នកស្រី​ ណាត់​ ស្រី​ណាក់​ ដែល​រស់នៅ​ក្នុង​សហគមន៍​បុរីកីឡា​ ត្រូវ​បាន​ចាប់ខ្លួន​ ខណៈ​ពេល​ដែល​អ្នក​ទាំងពីរ​បាន​រៀបចំ​ការ​ប្រមូលផ្ដុំ​គ្នា​មួយ​ដោយ​អហិង្សា​ ដើម្បី​ធ្វើយុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​ នៅ​ខាង​មុខផ្ទះ​របស់ខ្លួន​។ ​អ្នក​ទាំងពីរ​​ត្រូវ​បាន​ដោះលែងមក​វិញ​​នៅ​ម៉ោង​៧និង១៥នាទី​ល្ងាច បន្ទាប់​ពី​ត្រូវ​បាន​​ឃាត់​ខ្លួន​អស់រយៈពេល​ជិត​​១១ម៉ោង​ ​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា​។​

ស្រ្តី​ទាំងពីរ​នាក់​ដែល​កំពុង​ពាក់​អាវ​ពណ៌ខ្មៅ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​នគរបាល​និង​សន្តិសុខ​ នៅក្នុង​សហគមន៍​បុរីកីឡា​ តាំង​ពីម៉ោង​ប្រហែល​ជា៨និង​៤៥នាទី​ព្រឹកនេះ​ ខណៈពេល​ដែល​អ្នកទាំងពីរ​បាន​រៀបចំ​ការ​ជួបជុំ​គ្នា​ដោយ​សន្តិវិធីមួយ​ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នកការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ រួម​បញ្ចូល​ទាំង​តំណាង​សហគមន៍​បឹងកក់​អ្នកស្រី​ ទេព​ វន្នី​ ដែល​ត្រូវ​បានចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ កាល​ពី​ថ្ងៃទី១៥​ ខែ​សីហា​ ឆ្នាំ​២០១៦។​ ចាប់​តាំងពី​យុទ្ធនាការ​នេះ​បាន​ចាប់ផ្ដើម​ក្នុងខែ​ឧសភា​ ឆ្នាំ២០១៦​ មាន​ការ​ឃាត់​ខ្លួន​អ្នក​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ចំនួន​៣៨លើក​មកហើយ​ ដែល​ភាគ​ច្រើន​អ្នក​ទាំងនោះ​ត្រូវ​បាន​ឃាត់ខ្លួន​ជាច្រើន​ម៉ោង​មុន​ពេល​ដោះលែង​មកវិញ​ បើ​ទោះបីជា​គ្មាន​ការ​ចោទ​ប្រកាន់​ក៏ដោយ។​ ការ​ចាប់​ខ្លួន​ថ្ងៃនេះ​គឺជា​ការ​ចាប់ខ្លួន​លើក​ទី៥​របស់​អ្នកស្រី​ ស ស៊ន​ និង​ជាការ​ចាប់ខ្លួន​លើកទី២​របស់​អ្នកស្រី ​ណាត់ ​ស្រីណាក់​ផងដែរ​ ដោយសារ​អ្នកទាំងពីរ​បាន​ចូលរួម​ក្នុងការ​ប្រមូលផ្ដុំ​នៃ​យុទ្ធនាការ​អហិង្សា​ថ្ងៃច័ន្ទពណ៌ខ្មៅ។

ឯកសារទាក់ទង:

អត្ថបទខ្លីៗ៖ យុវ​ជន​ត្រូវ​បាន​ឃាត់​ខ្លួន​ខណៈ​ដែល​មាន​ការ​ហាម​ចាក់​បញ្ចាំង​វី​ដេ​អូឯក​សារ​
ចេញផ្សាយ ថ្ងៃទី​១២ ខែមិនា ឆ្នាំ២០១៧audio available

ថ្ងៃ​នេះ​ យុវជន​ចំនួន​បួន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​អស់​រយៈ​ពេល​បី​ម៉ោង​បន្ទាប់​ពី​នគរ​បាល​ និង​កង​សន្តិ​សុខ​បាន​ហាម​ឃាត់​ការ​ចាក់​បញ្ចាំង​វី​ដេ​អូ​ឯក​សារ​របស់​កា​សែត​ Al​ Jazeera ស្តី​ពី​ករណី​ឃាត​កម្ម​របស់​អ្នក​វិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម​ ឡី​។

ការ​ចាក់​បញ្ចាំង​វី​ដេ​អូ​ឯកសារ​នេះ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ការិយាល័យ​ឯក​ជន​មួយ​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​ (KSILA) ដែល​ជា​អង្គការ​មួយ​របស់​សកម្ម​ជន​និង​អ្នក​វិភាគ​វ័យ​ក្មេង។​ អ្នក​ចូល​រួម​ប្រមាណ​ជា​ ១៥​នាក់​រង់​ចាំ​ទស្សនា​វី​ដេ​អូ​ឯក​សារ​នេះ​ នៅ​ពេល​ដែល​មាន​កង​កម្លាំង​នគរបាល​និង​កង​សន្តិ​សុខ​ប្រមាណ​ជា​ ៥០នាក់​បាន​ឡោម​ព័ទ្ធ​ការិយា​ល័យ​និង​បាន​ឃាត់​ខ្លួន​យុវជន​ចំនួន​បួន​នាក់​។ លោក​ មួង​ សូនី​ លោក​ សួង​ នាគ​ព័ន្ធ លោក​ វ៉ន​ ចាន់​ឡូត​ និង​លោក​ ហេង​ សំណាង​ ជា​សមាជិក​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​ ត្រូវ​បាន​ដោះ​លែង​នៅ​ម៉ោង​ប្រហែល​ជា​ ៦ល្ងាច​ បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ ដោយ​សន្យា​ថា​នឹង​ឈប់​ចាក់​បញ្ចាំង​ខ្សែរ​វី​ដេ​អូ​នេះ​ម្តង​ទៀត​ បើ​ពុំ​មាន​ការ​អនុញ្ញាត​ពី​អា​ជ្ញា​ធរ​។

ឯកសារទាក់ទង:

អត្ថបទខ្លីៗ៖ អតីត​ប្រធាន​បណ្ដាញ​និស្សិត​កម្ពុជា ត្រូវ​បាន​ដោះ​លែង​ហើយ​ បន្ទាប់ពី​អនុវត្ត​ទោស​ដោយ​គ្មាន​ការ​ព្យួរ
ចេញផ្សាយ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០១៧audio available

នាព្រឹក​នេះ លោក ​គង់​ រាយ៉ា​ អតីត​ប្រធាន​បណ្ដាញ​និស្សិត​កម្ពុជា ​​ត្រូវ​បាន​ដោះ​លែង​ពី​មណ្ឌល​អប់រំ​កែប្រែ​ទី១​ ព្រៃស​ហើយ​ បន្ទាប់​ពី​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ ១៨ខែ ក្រោម​ការ​ចោទ​ប្រកាន់​ពី​ “បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍” តាម​មាត្រា​ ៤៩៤​ និង​មាត្រា​ ៤៩៥ ​នៃក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

អតីត​ប្រធាន​បណ្ដាញ​និស្សិត​កម្ពុជា​ អាយុ​ ២៦ឆ្នាំ ​រូបនេះ​ ត្រូវ​បាន​ចាប់​ខ្លួន​​ក្នុង ​ខែ​សីហា ឆ្នាំ​២០១៥​ ដោយសារ​លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ អំពាវនាវ​ឲ្យ​មាន​ការចូលរួម​ធ្វើ “​បដិវត្តន៍​ពណ៌” ជាពាក្យ​ដែល​រាជរដ្ឋា​ភិបាល​និយម​​បកស្រាយ​លើ​ចលនា​អហិង្សា​ផ្សេងៗ ថា​ជា​សកម្មភាពនៃ​ការ​បះបោរ​ដោយ​ហិង្សា។ ការ​ចាប់ខ្លួន​លោក​ធ្វើ​ឡើង​មិន​ដល់​១ខែ​ផង បន្ទាប់​ពី​សម្ដេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​នគរបាល និង​កងកម្លាំង​ប្រដាប់​អាវុធ​នានា ​ចាត់​វិធានការ​លើ​ក្រុម ឬបុគ្គល​ណា​មួយ ​ដែល​មាន​បំណង​ចង់​ធ្វើ​បដិវត្តន៍​ពណ៌។

បន្ទាប់​ពីតុលាការ​សម្រេច​ឃុំ​ខ្លួន​លោក​បណ្ដោះ​អាសន្ន​អស់​រយៈពេល​ជាច្រើន​ខែ លោកត្រូវ​បាន​ផ្ដន្ទាទោស​ កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ ដែល​សាលក្រម​របស់សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​នេះ ក៏ត្រូវ​បាន​សម្រេច​តម្កល់​ទុកជា​បានការ​ដោយ​សាលាឧទ្ធរណ៍​និង​តុលាការ​កំពូលផងដែរ។ ការ​ផ្ដន្ទាទោស​លើ​រូប​លោក​ គឺជា​ករណី​ដំបូង​មួយនៃ​ការ​បង្រ្កាប​ចំពោះ​ការ​បញ្ចេញ​មតិ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើ​ណេត។

ឯកសារទាក់ទង:

អត្ថបទខ្លីៗ៖ វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោ​បាយ​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋ​សភា​ ទោះ​បី​គណ​បក្ស​ជំទាស់​ធ្វើ​ពហិកា​មិនចូល​រួម​ប្រជុំ​
ចេញផ្សាយ ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ២០១៧audio available

ថ្ងៃនេះ​ សមាជិក​សភា​របស់​គណ​បក្ស​កាន់​អំណាច​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទោះ​បី​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​ក៏ដោយ។

សេច​ក្តី​ព្រាង​ច្បាប់​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ដើម​ខែ​នេះ​ មាន​មាត្រា​មួយ​ចំនួន​បាន​ផ្តល់​អំណាច​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដល់​តុលាការ​កំពូល​ក្នុង​ការ​រំលាយ​គណបក្ស​នយោបាយ​ និង​ហាម​ឃាត់​អ្នក​ដឹក​នាំ​គណបក្ស​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​តាម​សំណើរ​បស់​ក្រសួង​មហា​ផ្ទៃ ​ដែល​មិន​មាន​ភាព​ច្បាស់​លាស់​ និង​ដោយ​មិន​បាន​បញ្ជាក់​ពី​អត្ថន័យ​ពិត​ប្រាកដ​ ដូចជា​ “ការ​រួប​រួម​ជាតិ​”។ ដំណើរ​ការ​នៃ​ការ​រំលាយ​គណបក្ស​នេះ​មិន​ត្រូវ​បាន​ធ្វើតាមរយៈសវនាការ​ទេ ​ហើយ​ក៏​មិន​មាន​បណ្តឹង​ឧទ្ធរណ៍​ចំពោះ​ដំណើរ​ការ​នេះ​ដែរ។

ច្បាប់​នេះ​ ក៏​បាន​អនុញ្ញាត​ផង​ដែរ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​ជា​បណ្តោះ​អាសន្ន​ដោយ​មិន​មាន​កំណត់​ពី​ពេលវេ​លា​អតិបរ​មា​ច្បាស់​លាស់​។ ច្បាប់​នេះ ​បាន​ហាម​ឃាត់​បុគ្គល​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ មិន​ឲ្យ​កាន់​មុខ​តំណែង​ផ្លូវ​ការ​ក្នុង​គណ​បក្ស​នយោ​បាយ​ ទោះ​ជា​បាន​អនុវត្ត​ទោស​ ឬ​មិន​បាន​អនុវត្ត​ទោស​ ឬ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​មិន​មាន​ការ​ព្យួរ​។

ច្បាប់​​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​ ហើយ​ត្រូវ​បាន​ចែង​ថា​ “បន្ទាន់” មា​ន​ន័យ​ថា​ច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ភ្លាម​ៗក្រោយ​ពី​ព្រះ​មហាក្ស​ត្រ​បាន​ចុះ​ហត្ថ​លេខា។​