សេចក្តីថ្លែងការណ៍

សេចក្តី​ប្រកាស​ពត៌មាន​របស់​អង្គការ​លីកាដូ​ការ​ឃុំ​ឃាំង​មិន​ស្រប​ច្បាប់​និង​មាន​ការ​សង្ស័យ​ចំពោះ​ការ​ធ្វើ​ទារុណកម្មពី​សំណាក់​ក្រសួង​មហា​ផ្ទៃ

ចេញផ្សាយ ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០០៨
F T M

អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីការដូ មានការព្រួយបារម្ភជាខ្លាំងអំពីការឃុំឃាំងមិនស្របនិងមានការសង្ស័យចំពោះការធ្វើទារុណកម្មទៅលើបុរសម្នាក់នៅកន្លែងឃុំឃាំងរបស់ក្រសូងមហាផ្ទៃ ។
លោក ព្រីង ពៅ ជានគរបាលប្រចាំនៅស្រុកដំណាក់ចង្អើ មកពីសាលាក្រុងកែប ត្រូវបានចាប់ខ្លួនដោយគ្មានដីការតុលាការ នៅក្រុងកែបកាលពីថ្ងៃទី១៨ ខែកុម្ភៈ ។ បន្ទាប់ពីបញ្ជូនមកដល់ភ្នំពេញនៅថ្ងៃដដែលនោះ លោកត្រូវបានគេឃុំឃាំងរហូតមក អស់រយៈពេលបីសប្តាហ៍ នៅក្នុងអាគារមួយរបស់អង្គភាពនគរបាលអនុវត្តបទបញ្ជា និង នគរបាលអន្តរាគមន៍នៃក្រសួងមហាផ្ទៃ ។ យោងតាមប្រភពព័ត៌មានដែលអាចជឿជាក់បានដែលអង្គការលីការដូ បានទទួល លោកត្រូវគេវាយដំនិងដាក់ខ្នោះដៃ យ៉ាងតិចណាស់ក៏មួយរយៈពេលនៃពេលវេលាបីសប្តាហ៍ នោះដែរ ហើយបច្ចុប្បន្នលោកមានសុខភាពមិនល្អទេ ។
គេបានរាយការណ៍មកថា លោក ព្រីង ពៅមានពាក់ព័ន្ធក្នុងជំលោះដីធ្លីមួយជាមួយម្ចាស់ក្សត្រីម៉ារី រណឬទ្ធិហើយបច្ចុប្បន្ននេះគាត់និងគ្រួសារគាត់កំពុងរស់នៅលើដីនោះនៅឯក្រុងកែប ។
មន្ត្រីនគរបាលមួយចំនួននៃក្រសួងមហាផ្ទៃបានបញ្ចាក់ថា លោក ព្រីង ពៅ កំពុងជាប់ឃុំឃាំងទៅតាមបទបញ្ជាផ្ទាល់របស់លោកឩត្តមសេនីយ៍អគ្គនាយកនគរបាលជាតិ ហុក ឡងឌី ។ មន្ត្រីនគរបាលទាំងនោះបានបដិសេធម្តងហើយម្តងទៀត មិនអោយវេជ្ជបណ្ឌិតរបស់អង្គការមិនមែនរដ្ឋាភិបាល និងអ្នកស៊ើបអង្កេតពីអង្គការសិទិ្ធមនុស្សចូលជួបលោក ព្រីង ពៅ នៅកន្លែងឃុំឃាំងឡើយ ដោយនិយាយថា ការអនុញ្ញាតអោយចូលគឺជាការផ្ទុយនឹងបទបញ្ជារបស់លោកឩត្តមសេនីយ៍ ហុក ឡងឌី ។
មន្ត្រីមួយចំនួនបានបញ្ជាក់ថា លោក ព្រីង ពៅ ត្រូវគេផ្តល់ការអប់រំវិន័យឡើងវិញ អំពីបទមិនគោរពតាមបញ្ជាថ្នាក់លើក្នុងរឿងជំលោះដីធ្លី ។ អង្គការលីកាដូមិនបានឃើញមូលដ្ឋានច្បាប់ណាមួយដែលអនុញ្ញាតអោយក្រសួងមហាផ្ទៃធ្វើការឃុំឃាំង ឬដាក់ខ្នោះ ឬធ្វើទុក្ខទោសដោយគ្មានភាពប្រាកដប្រជាទៅលើនគរបាលម្នាក់ក្នុងរូបភាពជាការដាក់វិន័យនោះទេ ។ យោងតាមសារាចរស្តីពីការដាក់វិន័យលើកំលាំងនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ឆ្នាំ១៩៩៥ មន្ត្រីនគរបាលដែលមិនគោរពបញ្ជាអាចទទួលការព្រមាន ស្តីបន្ទោស បន្ថយឋានៈ ឬបណ្តេញចេញពីអង្គការនគរបាល ។
យោងតាមច្បាប់នីតិវិធីព្រហ្មទណ្ឌប្រទេសកម្ពុជា ជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលនគរបាលចាប់ខ្លួនអាចត្រូវឃុំឃាំងក្នុងរយៈពេលអតិបរមា ៤៨ម៉ោង ដោយមិនចាំបាច់មានការយល់ព្រមពីព្រះរាជអាជ្ញា ។
មន្ត្រីខ្លះបានបញ្ចាក់ច្បាស់ថា លោក ព្រីង ពៅ អាចត្រូវដោះលែង បើសិនជាគាត់ចុះហត្ថលេខាលើឯកសារមួយស្តីពីការយល់ព្រមបោះបង់ការទាមទាររឿងដីនៅក្រុងកែបចោល ។ បើដូច្នេះ បញ្ជាក់អោយឃើញថាគេចាប់គាត់ទុកសំរាប់ជាថ្នូរក្នុងការបង្ខំអោយគ្រួសាររបស់គាត់ចាកចេញពីដីនោះ ។
អង្គការលីកាដូសូមបញ្ជាក់ជូនថា ករណីជំលោះដីធ្លីទាំងអស់សូមមេត្តាដោះស្រាយតាមរយៈការស៊ើបអង្កេត ឯករាជ្យនិងត្រឹមត្រូវដែលធ្វើឡើងដោយស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ ដោយអាស្រ័យច្បាប់ត្រឹមត្រូវ ។ ចំពោះករណីមួយនេះ បើមិនចាំបាច់គិតដល់ថា នរណាជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់នោះ ប៉ុន្តែមានការអនុវត្តខុសនីតិវិធីក្នុងការចាប់ខ្លួន និងការឃុំខ្លួនដោយមិនស្របច្បាប់រួចទៅហើយ ។
អង្គការលីកាដូសូមស្នើដោយទទូចសូមមេត្តាអោយមានការដោះលែង លោក ព្រីង ពៅ ពីកន្លែងឃុំឃាំងនៃក្រសួងមហាផ្ទៃអោយបានឆាប់ ពីព្រោះលោកត្រូវបានឃុំឃាំងដោយមិនស្របច្បាប់ ។ បើសិនជា លោកមិនត្រូវបានដោះលែងភ្លាមៗទេ យ៉ាងតិចណាស់ សូមក្រសួងមហាផ្ទៃមេត្តាអោយវេជ្ជបណ្ឌិតរបស់អង្គការមិនមែនរដ្ឋាភិបាល មានឱកាសចូលជួបជាមួយគាត់អោយបានឆាប់ ដើម្បីអោយប្រាកដថា គាត់បានទទួលការថែទាំវេជ្ជសាស្រ្តគ្រប់គ្រាន់ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Naly Pilorge, LICADHO director, 012 803 650

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា