សេចក្តីថ្លែងការណ៍

ប៊ន សំណាង និង សុខ សំអឿន អ្នក​គ្មាន​ទោស ជាប់​ពន្ធនា​គារ ១,៧០០​ថ្ងៃ​ហើយ

ចេញផ្សាយ ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០០៨
F T M

ថ្ងៃនេះ ជាថ្ងៃទី ១,៧០០ របស់លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែល​បាន​ជាប់​ពន្ធនាគារ ដោយ​សារ​តែ​បទឧក្រិដ្ឋ​មួយ​ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​មិន​បាន​ប្រព្រឹត្ត ។

ទោះបីជាមានភស្តុតាងយ៉ាងច្រើនលើស​លប់​បង្ហាញ​ពីការ​មិន​បាន​ប្រព្រឹត្ត​ខុស​របស់​ខ្លួន​យ៉ាង​ណា​ក្តី បុរស​ទាំង​ពីរនាក់​នៅ​តែ​បន្ត​ទទួល​ទោស​ជាប់​ពន្ធនា​គារ​រយៈ​ពេល ២០ឆ្នាំ លើ​ករណី​ឃាតកម្ម​លោក ជា វិជ្ជា មេដឹក​នាំ​សហជីព​កម្មករ ។ បុរស​ទាំង​ពីរ​នាក់​បាន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនា​គារ ប៉េហ៊្សី តាំង​ពី​ពេល​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០០៤ មក ។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការ លីកាដូ មានប្រសាសន៍ថា “រយៈ​ពេល​ជាង ៤ឆ្នាំ និង ៧ខែ នៃ​ការ​ជាប់​ពន្ធនា​គារ ជា​រយៈ​ពេល​យូរ​ណាស់​សំរាប់​លោក​ ប៊ន សំណាង និង សុខ សំអឿន រ៉ាប់​រង​នូវ​ភាព​អយុត្តិធម៌​យ៉ាង​សំបើម​បែប​នេះ ដែល​ពេល​វេលា​នេះ​ត្រូវ​តែ​បញ្ចប់​និង​ត្រូវ​ដោះ​លែង​បុរស​ទាំង​ពីរ​នាក់” ។

“ពី​មួយ​ថ្ងៃទៅមួយថ្ងៃ កាន់តែយូរទៅៗសំរាប់បុរស​ទាំង​ពីរ​នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នោះ បាន​នឹង កំពុង​ទទួល​នូវ​ភាព​កាន់​តែ​ឈឺចាប់ និង​លំបាក​ខ្លាំង​ឡើងៗ​ចំពោះ​បុរស​ទាំង​ពីរ​នាក់ និង​ក្រុម​គ្រួ​សារ​របស់​គាត់ ។ ករណីនេះ នឹង​ធ្វើ​អោយ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ឡើងៗ ទៅ​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​របស់​ប្រទេសកម្ពុជា” ។

ដំណោះស្រាយបែបនេះរបស់តុលាការ និងនគរបាលកម្ពុជា បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​ប្រទេស ។ ​សវនាការ​នៃករណី​បុរស​ទាំង​ពីរ​នាក់​ដែល​ធ្វើ​ឡើង​ដោយ​តុលា​ការ​ក្រុង​ភ្នំពេញ នៅ​ខែ​សីហា ឆ្នាំ២០០៥ និង​សាលា​ឧទ្ធរណ៍ នៅ​ខែ​មេសា ឆ្នាំ២០០៧ ដែល​កាត់​សេចក្តី​ឲ្យ​​បុរស​ទាំង​ពីរ​នាក់​ជាប់​ទោស​នោះ បាន​រំលោភ​លើ​នីតិ​វិធី​ច្បាប់​កម្ពុជា និង​បទ​ដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ។

តុលាការទាំងពីរកំរិតមិនយកចិត្តទុកដាក់​ចំពោះ​ភស្តុតាង​សំខាន់ៗ រួម​ទាំង​លិខិត​បញ្ជាក់​របស់​សាក្សី​ដែល​ថា លោក ប៊ន សំ​ណាង​ បាន​ស្ថិត​នៅ​ចំងាយ ៦០​គីឡូ​ម៉ែត្រ ពី​កន្លែង​កើត​ហេតុ នៅ​ខណៈ​ដែល​ឃាតកម្ម​កើត​ឡើង​ផង​ដែរ ។ សាលាឧទ្ធរណ៍​មិន​យក​ជា​បាន​ការ​នូវ​លិខិត​របស់ វ៉ា​ សុធី ជា​សាក្សី​សំខាន់​ម្នាក់​ក្នុង​ករណី​ឃាតកម្ម​នោះ​ដែល​សរសេរ​ថា លោក ប៊ន សំណាង និង សុខ សំអឿន មិន​មែន​ជា​ឃាតករ​ដែល​គាត់​បាន​ឃើញ​នោះ​ទេ ។ សាលាឧទ្ធរណ៍​ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ ចំពោះ​សេច​ក្តី​សន្និដ្ឋាន​ពី​ព្រះ​រាជ​អាជ្ញា​របស់ខ្លួន ដែល​បាន​ទទួល​ស្គាល់​ថាការ​ស៊ើប​អង្កេត​របស់​នគរបាល​ក្នុង​ករណី​ឃាតកម្ម​នោះ​មិន​ទាន់​បាន​ធ្វើ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ និង​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែមទៀត ។

កញ្ញា ណាលី ពីឡូក មានប្រសាសន៍ថា “ការ​បន្ត​អនុវត្ត​ទង្វើ​អយុត្តិ​ធម៌​ទៅ​លើ​លោក ប៊ន សំណាង និង សុខ សំអឿន បង្ហាញ​នូវ​ការកង្វះ​ខាត​ការ​រីក​ចំរើន​ពិត​ប្រា​កដ​ក្នុង​កំ​ណែ​ទំរង់​ប្រព័ន្ធ​យុត្តិ​ធម៌កម្ពុជា” “ប្រព័ន្ធ​យុត្តិធម៌​មិន​ត្រឹម​គ្រាន់​តែ​បាន​វិនិច្ឆ័យ​ទៅ​លើ ថា​មាន​ច្បាប់​ថ្មីៗមួយ​ចំនួន​ដែល​បាន​អនុម័ត ឬ​ដោយ​សិក្ខា​សាលា​និង​សន្និ​សឹទ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​នោះ​ទេ ប៉ុន្តែ​គេ​ក៏​ត្រូវ​ពិនិត្យ និង ពិចារណា​ផង​ដែរ​ក្នុង​ការ​អនុវត្តន៍​ជាក់​ស្តែង​លើ ច្បាប់ ឬ នី​តិវិ​ធី​ច្បាប់​ទាំង​នោះ ដែល​តុលាការ​ដោះ​ស្រាយ​ជាមួយ​អ្នក​ពាក់​ព័ន្ធ ហើយ​ទទួលរង​នូវ​ភាព​អយុត្តិធម៌​ពិត​ប្រាកដ​ដូច​ជា​លោក ប៊ន សំណាង និង សុខ សំអឿន” ។

បន្ទាប់ពីមានការជំនុំជំរះទោសនៅសាលាឧទ្ធរណ៍ នៅខែមេសា ឆ្នាំមុន បុរសទាំង​ពីរនាក់​បាន​រង់​ចាំ​តុលាការ​កំពូល​ធ្វើសវនាការ​អំពី​ករណី​របស់ខ្លួន អស់​រយៈពេល ១៧ខែ មក​ហើយ ។ ទោះ​ជា​ច្បាប់​បាន​កំណត់​ថា តុលាការ​កំពូល​ត្រូវ​សម្រច​ក្នុង​រយៈ​ពេល ៦ខែ គិត​ពី​ពេល​ទទួល​សំណុំ​រឿង ក៏​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ តុលាការ​កំពូល​នៅ​ពុំទាន់​បាន​កំណត់​កាល​បរិច្ឆេទ​សវនាការ​នៅ​ឡើយ​ដែរ​ ។
កញា ណាលី ពីឡូក មានប្រសាសន៍ថា “យើង​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ធ្វើ​សវនាការ​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​សង្ឃឹម​ថា តាម​រយៈ​ការ​ដោះ​លែង​លោក ប៊ន សំណាង និង សុខ សំអឿន នឹង​ផ្តល់​ឱកាស​សំរាប់​ធ្វើឲ្យ​ប្រសើរ​ឡើង​វិញ នូវ​ភាព​យុត្តិ​ធម៌​ចំពោះ​ករណី​បុរស​ទាំង​ពីរ​នាក់ និង​ការ​ជឿ​ជាក់​លើ​ផ្តល់​ប្រព័ន្ធ​តុលាការ​កម្ពុជា” ។

កញ្ញា ណាលី ពីឡូក មានប្រសាសន៍ថា “បើ​សិន​តុលាការ​កំពូល​មិន​ផ្តល់​យុត្តិធម៌​ដល់​បុរស​ទាំង​ពីរ​នាក់​នេះ​ទេ យើង​សង្ឃឹម​យ៉ាង​មុត​មាំថា ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​ព្រះ​រាជ​តួនា​ទីដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ដែល​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​នៃ​អំណាច​តុលា​ការ នឹង​ប្រទាន​ការ​លើកលែង​ទោស ឲ្យ​បុរស​ទាំង​ពីរ​នាក់” ។
អតីត​ព្រះ​មហាក្សត្រ នរោត្តម សី​ហនុ អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន និង​បុគ្គល​មួយ​ចំនួន និង​គ្រួសារ​របស់​លោក​ ជា វិជ្ជា បាន​ប្រកាស​ជា​សាធារ​ណៈថា លោក ប៊ន សំណាង និង សុខ សំ​អឿន​ជា​មនុស្ស​គ្មាន​ទោស ។

សំគាល់ៈ គ្រួសារ មិត្តភ័ក្រ អ្នកគាំទ្រ របស់លោក ប៊ន សំណាង និង សុខ សំអឿន នឹ​ងជួប​ជុំគ្នា​ខាង​ក្រៅ ពន្ធនា​គារ ប៉េហ៊្សី វេលា​ម៉ោង​១០ព្រឹក បង្ហោះ​ប៉េង​ប៉ោង ដើម្បីសំដែង​សាម​គ្គីភាព​ជា​មួយ​បុរស​ទាំង​ពីរ​នាក់ ។ សូមស្វាគមន៍ការចូលរួមរបស់អ្នកសារព័ត៌មាន ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 កញ្ញា ណាលី ពីឡូក នាយិកាអង្គការលីកាដូ ០១២ ៨០៣ ៦៥០
 លោក វណ្ណ សូផាត នាយករង ការទំនាក់ទំនង និងតស៊ូមតិ ០១២ ៩៤១ ២០៦

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា