សេចក្តីថ្លែងការណ៍

វិធានការចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ទទួល​រង​ការ​ធ្វើ​ទុក​ម្នេញ

ចេញផ្សាយ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០០៨
F T M

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) សូម​អំពាវ​នាវ​ដល់​អាជ្ញាធរ​កម្ពុជា មេត្តា​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រ​សិទ្ធភាព​ចំពោះ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស រួម​ទាំង​ការ​នាំ​ខ្លួន​ឃាត​ករ​សម្លាប់​លោក ហ៊ី វុទ្ធី ដែល​ជា​សកម្មជន​សហជីព​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ និង​ធានាឲ្យ​បាន​ថា​ព្រះសង្ឃ​ព្រះនាម ​ទឹម ​សាខន ជា​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម អាច​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជាវិញ ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា “កម្ពុជា​ជា​កន្លែង​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ស្ថានភាព​នេះ​នឹង​​មិន​អាច​ផ្លាស់​ប្តូរ​បាន​ឡើយ ប្រសិន​ពុំ​មាន​ចាត់​វិធាន​ការ​ពិត​ប្រាកដ​ដើម្បី​ទប់​ស្កាត់ និង​ផ្តន្ទា​ទោស​អ្នក​ប្រព្រឹត្ត​ល្មើស​មក​លើ​ពួក​គេទេ” ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “អាជ្ញាធរ​មិន​អាច​បន្ត​អនុវត្ត​បែប​នេះ​បាន​ទៀត​ទេ ឬ មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ការ​រំលោភ​ធ្ងន់ធ្ងរ​មក​លើ​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ព្យា​យាម​ការពារ ឬ លើក​កំពស់​សិទ្ធិ​មនុស្ស​ឡើយ” ។

របាយការណ៍សង្ខេបរបស់អង្គការ លីកាដូ មានចំណងជើងថា ការ​គំរាម​កំហែង និង​ការ​វាយ​ប្រហារ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ឆ្នាំ ២០០៧ ដែល​បាន​ចែក​ចាយ​នៅ​ថ្ងៃ​នេះ បាន​កត់​ត្រា​នូវ​ករណី​គំរាម​កំហែង ឬ ហិង្សា​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ឆ្នាំ ២០០៧ មាន​ចំនួន​ជាង​ ៥០ ករណី ។ ករណី​ទាំង​នោះ​រួម​មាន ទាំង​ករណី​ឃាតកម្ម​លើ លោក ហ៊ី វុទ្ធី និង​ការ​បញ្ចូន​ខ្លួន​ព្រះ​សង្ឃ​ព្រះ​នាម ទឹម សាខន ទៅ​កាន់​ប្រទេស​វៀត​ណាម​ដោយ​ខុស​ច្បាប់​កាលពី ខែមិថុនា ។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការលីកាដូ បាន​មាន​ប្រសាសន៍​ថា “ករណី​របស់​លោក ហ៊ី វុទ្ធី និង​ព្រះ​សង្ឃ ទឹម សាខន ជា​បែប​ផែន​នៃ​និទណ្ឌភាព​ចំពោះ​អ្នក​ប្រព្រឹត្ត​ការ​គំរាម​កំហែង និង​ការ​វាយ​ប្រហារ​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស” ។

“រយៈពេលជាងមួយឆ្នាំហើយ បន្ទាប់ពី​ឃាត​កម្ម​មក​លើ​លោក ​ហ៊ី វុទ្ធី ប៉ុន្តែ​ឃាត​ករ​នៅ​មាន​សេរីភាព​នៅ​ឡើយ ។ ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ជា​ឲ្យ​បញ្ជូន​ព្រះ​សង្ឃ ទឹម សាខន ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀត​ណាម​នោះ ក៏​មិន​ទាន់​ត្រូវ​បាន​ដាក់​ទណ្ឌ​កម្ម​នៅ​ឡើយ​ដែរ” ។
លោក ហ៊ី វុទ្ធី ដែលជាមន្ត្រីសហជីពសេរីកម្មករ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ត្រូវ​បាន​ឃាត​ករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ​២០០៧។ ស្នង​ការនគរបាល​រាជ​ធានី​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ម្តង​ហើយ​ម្តងទៀត​ថា នគរបាល​បាន​ស្គាល់​អត្ត​សញ្ញាណ​ជន​សង្ស័យ​ពីរនាក់ ហើយ​ក៏​បាន​ទទួល​ដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរនោះ​ផងដែរ ប៉ុន្តែ លោក ទូច ណារ៉ុថ នៅ​តែ​បដិសេធ​យ៉ាង​ម៉ឹង​ម៉ាត់ ក្នុង​ការ​ប្រាប់​ឈ្មោះ​ជន​សង្ស័យ​ទាំង​នោះ ហើយ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ជន​សង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។

ផ្ទុយទៅវិញ យោងទៅលើព័ត៌មានផ្សេងៗដែល​ទទួល​បាន​ដោយ​អង្គការ លីកាដូ នា​ពេល​ថ្មីៗនេះ ឃើញ​ថា​មិន​មាន​ការ​ចេញ​ដី​កា​ចាប់​ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នោះ​ទេ ហើយ​តាម​ពិត​ទៅ តុលា​ការ​បាន​បញ្ឈប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ជា​ផ្លូវ​ការ​ទៅ​ហើយ​ដែរ ដោយ​សារ​មិន​មាន​ជន​ល្មើស​ណា​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ។

អ្នកនាង ណាលី ពីឡូក បន្តថា “នគរបាល​មាន​សំនួរលំបាក​មួយ​ចំនួន​ដែល​ត្រូវ​ឆ្លើយ​ទាក់​ទង នឹង​ចំណាត់​ការ​របស់​ខ្លួន​ក្នុង​ករណី​ឃាតកម្ម​នេះ​ រួម​ទាំង​ចម្លើយ​ចំពោះ​សំនួរដែល​ថា ហេតុអ្វី​បាន​ជា​ពួក​គេ​អះអាង​ថា មាន​ការ​ចេញ​ដីកា​ស្វែង​រក​ចាប់​ខ្លួន និង​ព័ត៌​មាន​ស្តី​ពី​ការ​ស៊ើប​អង្កេត​អ្វី​ខ្លះ ដែល​បាន​បញ្ជូន​ទៅ​អោយ​តុលា​ការ” ។

ព្រះសង្ឃ ទឹម សាខន ដែលជា​សកម្មជន​លេច​ធ្លោ​ជាង​គេ ក្នុង​ការ​ទាម​ទារ​សិទ្ធិ​ខ្មែរ​កម្ពុជា​​ក្រោម ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចោទ​ប្រកាន់​អំពី ការ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀត​ណាម​ត្រូវ​បាន​បញ្ជូន​ព្រះ​កាយ​ដោយ​ខុស​ច្បាប់ និង​លួច​លាក់​ទៅ​ប្រទេស​វៀត​ណាម​កាល​ពី ខែមិថុនា ឆ្នាំ២០០៧ ។ នៅ​ប្រទេសវៀត​ណាម ព្រះ​សង្ឃ ទឹម សាខន ត្រូវ​បាន​កាត់​ទោស​ពី​បទ “ធ្វើ​ឲ្យ​បែក​បាក់​សាមគ្គី​ជាតិ” ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ ។ ឥឡូវ​នេះ ព្រះ​សង្ឃ ទឹម សាខន ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​រយៈ​ពេល​៣ខែ មក​ហើយ តែ​ត្រូវ​បាន​គេ​កំពុង​បង្ឃាំង​​​ខ្លួន​​នៅ​​ក្នុង​​ផ្ទះ​​ហើយ​មិន​អាច​វិល​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​ទេ” ។

អ្នកនាង ណាលី ពីឡូក មានប្រសាសន៍ថា “ព្រះសង្ឃ ទឹម សាខន មិន​គួរ​ត្រូវ​បាន​ឃុំ​ខ្លួន​ទាល់​តែសោះ ពីព្រោះ​ព្រះ​សង្ឃ​អង្គ​នេះ មិន​បាន​ប្រ​ព្រឹត្ត​បទ​ល្មើស​អ្វី​នោះ​ទេ ។ រាជ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​វៀត​ណាម ដើម្បី​ធានា​ថា​ព្រះសង្ឈ ទឹម សាខន មាន​សេរី​ភាព ដើម្បី​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ឲ្យ​លោក​អាច​មក​រួមរស់​ជា​មួយ​ក្រុម​គ្រួសារ​​របស់​លោក​វិញ នៅ​ក្នុង​មាតុ​ភូមិ​ដែល​ព្រះ​សង្ឃ​អង្គនេះ​បាន​គង់​នៅ​អស់​រយៈ​ពេល ៣០ ឆ្នាំ មុន​ពេល​លោក​ត្រូវ​បាន​បញ្ជូន​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀតណាម” ។
បន្ថែម​លើ​ករណី​សំខាន់ៗ ដូច​ជា​ករណី​ឃាតកម្ម​លើ​លោក ហ៊ី វុទ្ធី និង​ករណី​បញ្ជូន​ព្រះស្ឃ ទឹម​ សាខន ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀត​ណាម របាយការណ៍​សង្ខេប​នេះ​ក៏​បាន​លើក​ឡើង​ករណី​ជា​ច្រើន ទាក់​ទង​នឹង​ការ​បំភិត​បំភ័យ ចំណាត់​ការ​ផ្នែក​ច្បាប់​ ឬ អំពើ​ហិង្សា​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឆ្នាំ ២០០៧ ។ ជន​រងគ្រោះ​ក្នុង​ករណី​ទាំង​នោះរួម​មាន​សកម្មជន​សហជីព ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម (រួម​ទាំង​ព្រះ​សង្ឃ​ដែល​ត្រូវ​បាន​វាយ​ដោយ​នគរបាល ពេល​ដែល​ព្រះ​សង្ឃ​ទាំង​នោះ​ព្យាយាម​ធ្វើ​បាតុកម្ម​ជា​សាធារណៈ ដើម្បី​អំពាវ​នាវ​ឲ្យ​ដោះ​លែង​ព្រះ​សង្ឃ ទឹម សាខន) មេធាវី អ្នកសារព័ត៌មាន និង​ប្រជាពល​រដ្ឋ​សាមញ្ញ​ដែល​បាន​ព្យាយាម​ជួយ​ជន​ជាតិ​ម៉ុងតាញ៉ា​ក្នុង​ការ​ស្វែង​រក​សិទ្ធិ​ជ្រក​កោណ​នៅ​កម្ពុជា ។

ប៉ុន្តែ ចំនួនករណីច្រើនបំផុតនៃការគំរាមកំហែង និង​វាយ​ប្រហារ​ដែល​បាន​រាយ​ការណ៍​នៅ​ក្នុង​ឆ្នាំ​២០០៧ ជា​ករណី​ប្រឆាំង​នឹង​សកម្មជន​តាម​មូលដ្ឋាន ដែល​បាន​ព្យាយាម​ជួយ​សហគមន៍​ពួក​គេ ក្នុង​ការ​ការពារ​ខ្លួនឯង​ពី​ការ​រំលោភ​យក​ដីធ្លី ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍ថា “សកម្មជន​ដីធ្លី​នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ អំ​ពើ​ហឹង្សា ការ​ចោទ​​ប្រកាន់​​ចំពោះ​​បទ​​ល្មើស​​ព្រហ្មទណ្ឌ និង​​ ឃុំ​ខ្លួន​​ជា​​រឿង​​សាមញ្ញ​​ទៅ​​ហើយ ។ នេះ​​ជា​​ឆន្ទៈ​​ដែល​​បង្ហាញ​នូវ​ភាព​ក្លាហាន​របស់​ពួក​គេ​ថា បើ​ទោះ​ជា​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ក៏​ដោយ ពួក​គេ​ជា​ច្រើន​នៅ​តែ​មាន​ឆន្ទៈ​តស៊ូ​ដើម្បី​ការពារ​សិទ្ធិ​ដីធ្លី​របស់​សហគមន៍​ពួក​គេ” ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍ថា “ការ​បន្តវាយ​ប្រហារ​មក​លើ​សកម្មជន​ដីធ្លី និង​សកម្មជន​សហ​ជីព រួម​ទាំង​ឃាត​កម្ម​លើ​អ្នក​សារព័ត៌​មាន ឃឹម សំបូរណ៍ កាល​ពី​ខែ​កន្លង​ទៅ​បង្ហាញ​ថា មាន​ការ​ផ្លាស់​ប្តូរ​តិច​តួច​ណាស់ ហើយ​ថា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​នៅ កម្ពុជា” ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 * អ្នកណា ណាលី ពីឡូក នាយិកាអង្គការលីកាដូ ទូរស័ព្ទ ០១២ ៨០៣ ៦៥០
 * លោក វណ្ណ សូផាត នាយករងផ្នែកទំនាក់ទំនង និងតស៊ូមតិ ទូរស័ព្ទ ០១២ ៩៤១ ២០៦

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា