សេចក្តីថ្លែងការណ៍

“យើងទាំងអស់គ្នា គឺសមាគមធាងត្នោត: អង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនាញ កើតទុក្ខមិនសុខ​ចិត្ត​ចំពោះ​រដ្ឋាភិបាល ផ្អាក​សកម្មភាព​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ក្នុង​ស្រុក

ចេញផ្សាយ ថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១១; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំទាំងអស់គ្នា ជាតំណាងអង្គការសង្គមស៊ីវិល និង​ក្រុម​អ្នក​ជំនាញ ដូច​មាន​ចុះ​ហត្ថលេ​ខាខាង​ក្រោម សូម​គាំទ្រ​ការ​អភិវឌ្ឍ​ជាតិ​ដែល​ប្រកប​ដោយសមធម៌ ប្រកបដោយការចូលរួម និងដោយនិរន្តរភាព។ យើង​ខ្ញុំ​ជឿ​ជាក់​ថា ការអភិវឌ្ឍ​ជាតិ មិនគួរត្រឹមតែ រួមចំណែកដល់ការរីកចម្រើនផ្នែកពានិជ្ជកម្ម និង​ឧស្សា​ហកម្ម​ប៉ុណ្ណោះ​ទេ តែ​គប្បី​រួម​ចំ​ណែក​ដល់​ការ​រីក​ចំរើន​ផ្នែកសុខុមាលភាពរបស់​ប្រជាពល​រដ្ឋ​ទូទៅ។ អង្គការ​សង្គម​ស៊ី​វិល ទាំង​ក្នុង​ស្រុក និង​បរទេស ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ តាម​រយៈ​សកម្មភាព​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សហគមន៍​កាត់​បន្ថយ​ភាព​ក្រីក្រ សកម្មភាព​មនុស្សធម៌ ការងារ​ស្រាវជ្រាវ និ​ងការងារ​តស៊ូ​មតិ។ នៅ​ក្នុង​ដំ​ណើរ​ការ​លើក​ស្ទួយ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌ យើង​ក៍មាន​សិទ្ធិ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​និយាយ​ជា​ចំហរ​ផងដែរ​អំពី​គម្រោង​អភិវឌ្ឍ​ដែល​មាន​ផល​ប៉ះពាល់​ជាអវិជ្ជមាន។

រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ វិស័យសង្គមស៊ីវិល បានអភិវឌ្ឍខ្លួន​យ៉ាង​សកម្មក្នុង​ប្រទេស​កម្ពុជា។ អនាគត​​នៃ​វិស័​យ​នេះ អាស្រ័យ​​លើ​សិទ្ធិសេរីភាព​ខាងការបញ្ចេ​ញ​មតិ និង​​ខាង​សមាគម ដូច​​ដែល​​បាន​​ធានា និង​​មាន​​ចែង​​យ៉ាង​​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា កត៌​កាសញ្ញា​អន្តរ​ជាតិ​ស្តី​ពី​សិទ្ធិ​ពល​រដ្ឋ និង​សិទ្ធិ​នយោ​បាយ និង​សេចក្តីប្រកាសជា​សាកលស្តីសិទ្ធិ មនុស្ស។

បច្ចុប្បន្ននេះ យើងមើលឃើញថាអនាគតនៃ​ប្រជាធិប​តេយ្យ​កម្ពុជា ស្ថិត​នៅ​លើ​ផ្លូវបំបែក។ សេចក្តី​ព្រាង​ច្បាប់​លើក​ទី៣ ស្តី​ពីសមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល កំពុង​តែ​ស្ថិត​នៅគណៈរដ្ឋមន្រ្តី ហើយអាចជិតនឹងត្រូវបាអនុម័ត។

នៅថ្ងៃទី២ ខែសីហា ក្រសួងមហាផ្ទៃ បាន​ចេញលិខិត​មួយ​ទៅកាន់ សមាគមធាង​ត្នោត ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក អោយ “ផ្អាកសកម្មភាព” រហូត​ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ដែល​មាន​រយៈ​ពេល ៥​ខែ​។ សមាគម​ធាង​ត្នោត ធ្វើ​ការ​ជាមួយសហគមន៍ក្រីក្រក្នុង​ទីក្រុង ទាក់​ទង​នឹង​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅ​ដ្ឋាន។ សមាគម​នេះ គឺ​ជា​សមាជិក​មួយ​នៃបណ្តាញ​របស់អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ហើយ​ដែល​សមាគម​នេះ​ទទួល​បាន​នូវ​ការគោរពជា​ខ្លាំងផងដែរ។

លិខិតក្រសួងមហាផ្ទៃនេះ មិនបានបញ្ជាក់​ពីមូល​ដ្ឋាន​ច្បាប់​​សម្រាប់​​ការ​​ផ្អាក​​នេះ​​ទេ។ លិខិត​បាន​​​ត្រឹម​​តែ​​ចោទ​ប្រ​កាន់​​សមាគម​​ធាង​​ត្នោត​​ថា មិន​បាន​កែ​សម្រួល​រចនា​​សម្ព័ន្ធ​ដឹក​​នាំ និង​​កែ​​ប្រែ​​លក្ខន្កិកៈ​សមាគម “តាម​​ការ​​ណែ​នាំ​​របស់​​ផ្នែក​​ជំនាញ”។ លិខិត​នេះ​​មិន​បាន​ផ្តល់​នូវ​សេច​ក្តី​ពន្យល់​​អ្វី​​បន្ថែម​​ទៀត​ទេ។ ទោះ​​បី​​ជា​​យ៉ាង​​ណា​ក៍​ដោយ​ យើង​​ដឹង​​ថា មូល​ហេតុ​​ពិត​ប្រាកដ​នៃ​ការ​ផ្អាក​សកម្មភាព​​សមាគម​ធាង​​ត្នោត គឺ​​ដោយ​​សារ​​តែ​​ការ​​ធ្វើ​ការងារ​​ត្រឹម​​ត្រូវ​​របស់​​អង្គការ​​នេះ​​ជា​​មួយ​​សហគមន៍​​ក្រី​ក្រ​ក្នុង​ទីក្រុង។

យើងមិនដឹងថា​មានបញ្ញត្តិ​ច្បាប់ដែលអនុញ្ញាត​អោយមានការ​ផ្អាកសកម្មភាព​បែប​នេះ​ទេ​ហើយ​ការ​អោយ​ផ្អាក​សកម្មភាព​អង្គការ​រយៈ​ពេលដ៍យូររហូតដល់ទៅ៥ខែ ក៍​ហាក់​ដូច​ជា​ចំណាត់​ការ​តាម​ទំនើង​ចិត្ត​ទាំង​ស្រុង។ ក្រសួង​មហា​ផ្ទៃ មិន​ឆ្លើយតបចំពោះកិច្ចខិត​ខំស្វែងរកការ​បញ្ជាក់​ឡើង​វិញ​លើ​លិខិត​នេះ​ឡើយ។

យើងខ្ញុំ កើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំង ចំពោះ​ទង្វើ​ផ្អាក​សកម្មភាព​សមាគមធាង​ត្នោត​នេះ។ ការ​ផ្អាក​សកម្មភាព​សមាគម​ធាង​ត្នោត គឺ​ពិត​ជា​ទង្វើតាមទំនើងចិត្ត ហើយជាការរំលោភលើ​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ និង​ខាង​សមាគម និងក៍ជាការបង្ក្រាបលើអ្នកការពារ​សិទ្ធិមនុស្ស​ផង​ដែរ។ យើង​ខ្ញុំ​ទាម​​អោយ មាន​​ការ​កែ​​ប្រែ​​ការ​​សម្រេច​​នេះ​អោយទៅរកសភាពដើម​​វិញ​​ជា​​បន្ទាន់។ យើង​​ខ្ញុំ​​គិត​​ថា ទង្វើ​បំបាត់​សំ​លេង សមាគម​ធាង​ត្នោត គឺ​ជា​ទង្វើ​គាប​សង្កត់​លើ​សង្គមស៊ីវិល​យើង​ខ្ញុំ​ទាំង​អស់​គ្នា។ ការ​ប្រើ​ប្រាស់​បច្ចេក​​ទេស​រដ្ឋបាល​បែប​ស្រពិច​ស្រពិល​ដើម្បីផ្អាកសកម្មភាពអង្គការនេះ គឺ​ជា​សញ្ញា ប្រកាស​អាសន្ន​យ៉ាង​ច្បាស់​ក្រឡែត​មួយ​ ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​បំណងប្រើ​ប្រាស់ច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ដើម្បី​រារាំង​សកម្មភាព​របស់​សមាគម និង​អង្គការ​មិន​រដ្ឋាភិបាល​ទាំងអស់ ដែល​ធ្វើ​លើ​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​របស់​ក្រុម​ប្រជាពល​រដ្ឋដែល​គេ​មិន​គិត​គូរដល់នៅក្នុង​សង្គមកម្ពុជា។

ការងាររបស់សមាគមធាងត្នោត ដែលធ្វើការ​ងារជា​មួយ​សហគមន៍​ក្រី​ក្រ​បំផុតក្នុង​ប្រទេស​កម្ពុជា គួរ​តែ​ត្រូវ​បាន​លើក​សរសើរ មិន​មែន​ធ្វើអោយពួកគេបាត់សំលេងនោះទេ។ ការសិក្សា​ស្រាវ​ជ្រាវ ដែល​មាន​លក្ខណៈ​ឯក​រាជ្យ និង​ប្រកប​ដោយ​គុណ​ភាព​លើ​ផល​ប៉ះ​ពាល់ដោយគម្រោងអភិវឌ្ឍ ដែល​សមាគម​ធាង​ត្នោត​បាន​ធ្វើ គួរ​តែ​បាន​ចាត់​ទុក​ថា ជា​ជំនួយ​មួយ​សម្រាប់​ទាំង​គម្រោង អភិវឌ្ឍ​បច្ចុប្បន្ន និង​អនាគត​ដើម្បី​បម្រើជា​ប្រយោជន៍​យ៉ាង​ប្រសើរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ យើង​ខ្ញុំ​សូម​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ សូម​អាន​របាយ​ការណ៍​ថ្មីៗ​បំផុត​របស់​សមាគម​ធាង​ត្នោត ដែលមាននៅគេហទំព័រ​របស់​សមាគម​នេះ ហើយ វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​លើ​គុណ​តម្លៃ​ការងា​ររបស់សមាគមធាងត្នោត។
របាយការណ៍មាននៅលើគេហទំព័រ៖ http://bit.ly/o2mL9n

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ អង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនាញចំនួន១៣០
ខែសីហា ឆ្នាំ២០១១

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា