សេចក្តីថ្លែងការណ៍

ការដោះលែងតំណាងអ្នកភូមិបឹងកក់ទាំង ១៣ នាក់ មានភាពសៅហ្មង​ដោយសារ​តែអំពើហិង្សា​ពីសំណាក់នគរបាល

ចេញផ្សាយ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

Roadblocks setup by "anti-riot" intervention police prevented Boeung Kak residents from reaching the appeal court.

សេចក្តីថ្លែងការនេះចេញដោយសម្ព័ន្ធ
សហគមន៍កសិករកម្ពុជា (CCFC) បណ្តាញយុវជន កម្ពុជា (CYN)
សកម្មភាពសង្គមដើម្បីការផ្លាស់ប្តូរ(SAC)សកម្មភាពប្រជាជនដើម្បីការ
ផ្លាស់ប្តូរ(PAC) មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
សមាគមមន្ត្រីរាជការ កម្ពុជា (CICA) សមាគមធាងត្នោត (STT)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF) មជ្ឈមណ្ឌល អប់រំច្បាប់
សម្រាប់សហគមន៍ (CLEC) សមធម៌កម្ពុជា (EC) អង្គការលីកាដូ (LICADHO)
និងអង្គការ លីកាដូកាណាដា (LICADHO CANADA)។

យើង ក្នុងនាមអង្គការខាងលើ សូមស្វាគមន៍ចំពោះការដោះលែងតំណាងអ្នកភូមិបឹងកក់ ទាំង ១៣ នាក់ នៅថ្ងៃនេះ ប៉ុន្តែសូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សា ដែលប្រព្រឹត្តដោយ នគរបាលទៅលើអ្នក ភូមិបឹងកក់ដែល
បានព្យាយាមធ្វើដំណើរទៅកាន់សាលាឧទ្ធរណ៍ ហើយយើង មានការសោកស្តាយ ពីព្រោះថា ទោសដែលបាន
អនុវត្តចំពោះអ្នកភូមិបឹងកក់ទាំង ១៣នាក់ នៅតែត្រូវបានតម្កល់ បើទោះជាតុលាការជាថ្មីម្តងទៀត មិនមានលទ្ធភាព
បង្ហាញភស្តុតាងដាក់បន្ទុកលើ បទចោទប្រកាន់យ៉ាងណាក៏ដោយ។

នៅពេលដែលចៅក្រមកំពុងដំណើរការសវនការនៅក្នុងសាលាឧទ្ធរណ៍ នគរបាលប្រឆាំង កុបកម្មមួយក្រុមធំ
ត្រូវបានពង្រាយដើម្បីរារាំងអ្នកភូមិបឹងកក់ និងប្រជាពលរដ្ឋដែលរស់នៅក្បែរទីនោះមិនឲ្យទៅដល់សាលាឧទ្ធរណ៍។ មន្ត្រីនគរបាលបានឈានដល់ការប្រព្រឹត្តិអំពើហិង្សានៅ ពេលដែលកុមារមួយក្រុមបានព្យាយាមរុលចូលកាត់របាំង
ឃាំងផ្លូវ។ អំឡុងពេលប្រឈមមុខដាក់គ្នា មន្រ្តីនគរបាលអន្តរាគមន៍ម្នាក់ បានទាត់ចំពោះរបស់ស្រ្តីម្នាក់ ដែលជា
ប្អូនស្រីរបស់ស្ត្រីម្នាក់ក្នុង ចំណោមស្រ្តីទាំង ១៣នាក់។ វេជ្ជបណ្ឌិតបាន បញ្ជាក់ប្រាប់ថា ស្ត្រីនោះមានផ្ទៃពោះ
ហើយដោយ សារគាត់ធ្លាក់ឈាមច្រើន គាត់បានបាត់បង់កូននៅក្នុង ផ្ទៃរបស់គាត់។ យ៉ាងតិចណាស់មានអ្នក
ភូមិបឹងកក់ ៤នាក់ ផ្សេងទៀត និងកុមារចំនួន ៧នាក់ត្រូវបានវាយ ដោយនគរបាល ហើយត្រូវ ទទួលការ
ព្យាបាលពីវេជ្ជបណ្ឌិត។

លោក យេង វីវៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍មានប្រសាសន៍ថា មន្រ្តីតុលាការគួរតែបើក
ការស៊ើបអង្កេតឲ្យបានពេញលេញ និងឯករាជ្យទៅលើហេតុការណ៍ដ៏គួរឲ្យខ្លោចផ្សានេះនិងផ្តន្ទាទោសមន្ត្រីនគរ
បាលដែលបានប្រព្រឹត្តទង្វើនេះ និងមន្ត្រីនគរបាលដែលបង្គាប់ឲ្យប្រើអំពើហិង្សានេះ។

តុលាការឧទ្ធរណ៍បានតម្តល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោស អ្នកភូមិ ១៣នាក់ ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ និង ៦ ខែ ក៏ប៉ុន្តែបានកែប្រែ តម្រូវឲ្យជាប់ពន្ធនាគារ ជាក់ស្តែងតែ ១ខែ និង៣ថ្ងៃ ហើយទោសដែលនៅសេសសល់ទាំងប៉ុន្មាន ត្រូវបានព្យួរ ដោយ ទទួលស្គាល់ថា អ្នកទាំង ១៣នាក់នេះ បើនៅជាប់ក្នុងពន្ធនាគារ ជាបញ្ហាមួយយ៉ាងធ្ងន់ធ្ងរដោយ សារអ្នកទាំងអស់គ្នានេះ ជាម្តាយ និងជាជីដូន ។ ហេតុដូច្នេះ ស្រ្តីទាំង ១៣ នាក់ នេះអាចប្រឈម មុខនឹងការចាប់ខ្លួនម្តងទៀត។

អំឡុងពេលសវនការនៅសាលាឧទ្ធរណ៍ ភាពមិនប្រក្រតីក្នុងដំណើរការសវនការ មិនត្រូវបានកែតម្រូវនោះឡើយ។
ជាថ្មីម្តងទៀត មិនមានភស្តុតាងដាក់បន្ទុកត្រូវបានបង្ហាញនោះទេ។ ផ្ទុយទៅវិញ សាក្សីដោះបន្ទុក ៣រូប ត្រូវបាន
រារាំងមិនឲ្យចូលក្នុងបន្ទប់សវនាការដើម្បីបំភ្លឺ បើទោះជាមានការខិតខំព្យាយាមពីសំណាក់មេធាវីរបស់ចុងចោទ
ក៏ដោយ។ ស្ត្រីម្នាក់ៗក្នុងចំណោមស្រ្តីទាំង ១៣នាក់ បានបំភ្លឺយ៉ាងលម្អិតអំពីសកម្មភាពរបស់ពួកគាត់នៅថ្ងៃកើត
ហេតុ និងបញ្ជាក់ពីភាព គ្មានទោសពៃរ៍របស់ពួកគាត់។ សាក្សីដោះបន្ទុកតែម្នាក់គត់ ត្រូវបានអនុញ្ញាតឲ្យចូលបំភ្លឺ ហើយចម្លើយរបស់សាក្សីនេះដូចគ្នានឹងចម្លើយរបស់ស្ត្រីទាំង១៣នាក់នោះដែរ។ មិនមានសាក្សីរបស់រាជរដ្ឋាភិបាល
ចូលរួមក្នុងសវនការសាលាឧទ្ធរណ៍នេះទេ។

លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេក ប្រធានអង្គការលីកាដូ មានប្រសាសន៍ថា បើទោះជា ការដោះលែងស្រ្តី អ្នកភូមិបឹងកក់ទាំង ១៣នាក់ ទទួលបានការស្វាគមន៍យ៉ាងខ្លាំងក៏ដោយ ការតម្តល់ទោសរបស់ សាលាឧទ្ទរហ៍ ជាការមើលស្រាលទៅលើយុត្តិធម៌។ បើទោះជាមានចម្លើយបំភ្លឺវីដេអូ និងរូបភាព ដែលជាភស្តុតាងបង្ហាញ ពីភាពគ្មានទោសរបស់អ្នកភូមិបឹងកក់ទាំង ១៣នាក់ ក៏ដោយពួកអ្នកទាំងនោះនៅតែត្រូវបានគេប្រកាសជាថ្មី ម្តងទៀតថា នៅតែមានទោស ដោយសារ ទោសដែលគេព្យួរនេះនៅតែមានជាប់នឹងខ្លួនរបស់ពួកគាត់។

ជាការសំខាន់ណាស់ យើងត្រូវដឹងថា ឥឡូវនេះសហគមន៍បឹងកក់បានវិលត្រលប់ទៅ ស្ថានភាពដើមវិញ ហើយ ដោយសារបញ្ហាចំបងរបស់ពួកគាត់ នៅមិនទាន់ដោះស្រាយនៅឡើយ។ សមាជិកសហគមន៍ជាច្រើន គ្រួសារមិនត្រូវគេផ្តល់ឲ្យនូវប័ណ្ណកម្មសិទ្ធិដីធ្លី ហើយផ្ទៃដីទំហំ ១២.៤៤ ហិចតា ដែលរាជរដ្ឋាភិបាលបានផ្តល់ ជូនជាដីសម្បទានទៅដល់គ្រួសារអ្នកភូមិបឹងកក់ដែលនៅសេសសល់ផ្សេងទៀត មិនទាន់ត្រូវបានវាស់វែងឲ្យ បាន ត្រឹមត្រូវនោះទេ។ ថ្វីបើគ្រួសាររបស់ ស្រ្តីទាំង១៣នាក់ អាចសប្បាយរីករាយពេលបានជូបជុំគ្រួសារឡើង វិញ នៅថ្ងៃនេះក៏ដោយ ការពុះ ពាររបស់សហគមន៍ ដើម្បីដីធ្លី និងសិទ្ធិរបស់ពួកគាត់នៅតែបន្ត។

សាវតារ

ស្រ្តីជាអ្នកភូមិបឹងកក់ដែលត្រូវដោះលែងរួមមាន ង៉ែត ឃុន ទេព វន្នី គង់ ចន្ថា សុង ស្រីលាភ ថូ ដាវី ចាន់ ណាវី ងួន គឹមឡាង បូវ សោភា ឆេង លាភ សួង សម័យ ផាន់ ឈុនរ៉េត ហេង មុំ និងតុល ស្រីពៅ។

ស្រ្តីទាំង ១៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ បន្ទាប់ពីពួកគាត់ បានចូលរួមក្នុងបាតុកម្ម
អហិង្សាលើរឿងជម្លោះដីធ្លីមួយ ដែលឈានទៅដល់ការជម្លៀស ប្រជាពលរដ្ឋចំនួនជាង៣.៥០០គ្រួសារចេញពី
ដីធ្លីរបស់ពូកគាត់។

ពួកអ្នកទាំង ១៣នាក់នោះត្រូវបានកាត់ទោសនៅរយៈពេលប្រហែលជា ៤៨ ម៉ោង ក្រោយមក ក្នុងសវនាការ មួយ ដែលពោរពេញដោយភាពមិនប្រក្រតី។ មេធាវីរបស់ពួកគាត់បានស្នើសុំពន្យារនីតិវិធី ប៉ុន្តែត្រូវបាន បដិសេធ។ មេធាវីរបស់អ្នកទាំង១៣នាក់នោះ ក៏ត្រូវបានបដិសេធ មិនឲ្យពិនិត្យសំណុំរឿង និងភស្តុតាងផងដែរហើយថែម
ទាំងមិនត្រូវបានអនុញ្ញាតឲ្យអញ្ជើញ សាក្សីដោះបន្ទុកថែមទៀត។

អ្នកភូមិបឹងកក់ពីរនាក់ផ្សេងទៀត គឺអ្នកស្រី លី ចាន់ណារី និងលោក សៅ សារឿន ត្រូវបានចាប់ខ្លួននៅក្រៅ សវនាការ។ អ្នកទាំងពីរនាក់នេះ បានមកចូលរួមសវនាការដើម្បីធ្វើជា សាក្សីដោះបន្ទុក។ អ្នកទាំងពីរនាក់នេះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំការបើកសវនការរហូត ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២ ជាពេលដែលពួក គាត់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្រោម ការត្រួតពិនិត្យរបស់តុលាការ។ បទចោទប្រកាន់ចំពោះពួកគាត់ នៅតែបន្តនៅក្នុងតុលាការនៅឡើយ។

ជម្លោះដីធ្លីនៅបឹងកក់កើតឡើងតាំងពីឆ្នាំ២០០៧មកម៉្លេះ ពេលដែលបឹងកក់ និងបរិវេណ ជុំវិញនោះត្រូវបាន ជួលទៅឲ្យក្រុមហ៊ុនស៊ូកាគូ។ ក្រុមហ៊ុនស៊ូកាគូ ជាកម្មសិទ្ធិរបស់សមាជិកព្រឹទ្ធ សភាម្នាក់មកពីគណបក្សកាន់ អំណាច។ ក្រុមហ៊ុននេះ បានចាក់ខ្សាច់លុបបឹង និងបានបង្ខំអ្នកភូមិ ដែលរស់នៅតំបន់នោះស្ទើរតែទាំងអស់ ឲ្យចាកចេញពីដីធ្លីរបស់ពួកគាត់។ សំណងបន្តិចបន្តូចត្រូវបានផ្តល់ឲ្យអ្នកភូមិមួយចំនួន ប៉ុន្តែគ្រួសារភាគច្រើន
មិនទទួលបានសំណងនោះទេ។

យុទ្ធនាការបំភិតបំភ័យ និងបង្ខិតបង្ខំរបស់ក្រុមហ៊ុន បាននាំឲ្យមានការជម្លៀសប្រជាជន ជាទ្រង់ទ្រាយធំបំផុត នៅកម្ពុជា ចាប់តាំងសម័យខ្មែរក្រហមមក។

ហេតុការណ៍ជុំវិញការចាប់ខ្លួនស្រ្តីទាំង ១៣នាក់ មិនស៊ីចង្វាក់គ្នាទៅនឹងបទចោទប្រកាន់នោះទេ។ កាលពីព្រឹក
ថ្ងៃទី២២ ខែឧសភា ជាផ្នែកមួយនៃសកម្មភាពសន្និសីទការសែត អ្នកភូមិប្រមាណ ១៨ គ្រួសារនៃភូមិ១ក្នុងតំបន់
បឹងកក់បានមកដល់កន្លែងចាក់ខ្សាច់ ដែលផ្ទះរបស់ ពួកគាត់ត្រូវបានគេចាក់លុប។ ប្រដាប់ដោយកំណាត់ឈើ
ពីរបីកំណាត់ គ្រួសារមួយក្នុងចំណោម គ្រួសារទាំង ១៣ គ្រួសារបានព្យាយាមបោះបង្គោលដើម្បីសម្គាល់ទីតាំង
ផ្ទះរបស់ពួកគាត់ ដែលត្រូវបានគេបំផ្លិចបំផ្លាញ។ បន្តិចក្រោយមក នគរបាលបានមកដល់ទីកន្លែងនោះ ដោយ
ព្យាយាមរឹបអូសកំណាត់ឈើពីពួកគាត់ ហើយក៏បានរារាំងអ្នកភូមិមួយគ្រួសារនោះ មិនឲ្យបន្តសកម្មភាពទៀត។

ក្រោយពីសន្និសីទកាសែតត្រូវបានបង្អាក់ អ្នកភូមិបឹងកក់មួយក្រុមបន្តស្ថិតនៅទីកនែ្លងនោះ និងបានច្រៀង ចំរៀងជាច្រើនអំពីសិទ្ធិដីធ្លី។ មុនពេលថ្ងៃត្រង់បន្តិចស្រ្តីអ្នកភូមិមួយក្រុមតូចត្រូវបានហ៊ុំព័ទ្ធដោយកម្លាំងនគរ បាលចំរុះ និងសន្តិសុខខណ្ឌដែលរុលចូលដោយហិង្សាទៅកាន់ពួកគាត់។ ពេលដែលសមាជិកសហគមន៍ រត់បែកខ្ញែកគ្នា ស្ត្រី១៣នាក់ត្រូវបានចាប់ខ្លួនយ៉ាងហិង្សា ថ្វីត្បិតតែអ្នកខ្លះក្នុងចំណោមពួកគាត់ អត់ទាំងបាន ចូលរួមជាមួយក្រុមដែលបានច្រៀងចំរៀងនោះផង។

ស្រ្តីទាំង ១៣នាក់ ត្រូវបានចោទប្រកាន់ហើយក្រោយមកត្រូវបានកាត់ទោសពីបទរំលោភ លើមាត្រា ៣៤ និង ២៥៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ និងមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ។ មាត្រា៣៤ នៃច្បាប់ភូមិបាលចែងថា អ្នកកាន់កាប់
ដោយខុសច្បាប់លើអចលនវត្ថុនឹងត្រូវទទួលទោសដូចមានចែងក្នុងមាត្រា២៥៩ ដែលផ្តន្ទាទោសដាក់ពន្ធនាគារពី
១ឆ្នាំ ដល់ ៥ឆ្នាំ។ មាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌចែងអំពីបទល្មើសទាក់ទងនឹងស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹង
អ្នករាជការសាធារណៈ។ មាត្រានេះ អនុញ្ញាតមានការផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ខែ ដល់ ១ឆ្នាំ។

ស្រ្តីទាំងនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ បើទោះជាទោសខ្លះ ត្រូវបានព្យួរក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Eang Vuthy, EC, 012 791 700
 Neup Ly, HRTF, 012 909 397
 Yeng Virak, CLEC, 012 801 235
 Am Sam Ath, LICADHO, 012 327 770

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា