សេចក្តីថ្លែងការណ៍

សាលាដំបូងរាជធានី​ភ្នំពេញផ្តន្ទាទោសម្ចាស់ស្ថានីយ៍​វិទ្យុឯករាជ្យ​ឲ្យជាប់ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ

ចេញផ្សាយ ថ្ងៃទី​១ ខែតុលា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ ដែលជាអង្គការសង្គម​ស៊ីវិលមានរាយនាមដូច​ខាងក្រោម សូមធ្វើការ​បដិសេធ​លើសាលក្រម​ដ៏គួរឲ្យរន្ធត់​​របស់សាលា​ដំបូងរាជធានីភ្នំពេញ ដែលបាន​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​​​មកលើម្ចាស់ស្ថានីយ៍វិទ្យុ​ឯករាជ្យ លោក ម៉ម សូណង់ដូ នាថ្ងៃនេះ ឲ្យជាប់​ពន្ធនាគារ​​រយៈពេល ២០ឆ្នាំ។ លោក ​សូណង់ដូ ដែលមានអាយុ ៧០ឆ្នាំ​ទៅហើយ អាចនឹង​​ទទួល​មរណភាព​​នៅក្នុងពន្ធនាគារ ប្រសិនបើ​លោកជាប់ទោស​រយៈពេល​២០ឆ្នាំ ពេញ។

លោក សូណង់ដូ ដែល​ជាម្ចាស់ស្ថានីយវិទ្យុ​សំបុកឃ្មុំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ​ទី១២ ខែ កក្កដា ក្រោមបទ​ចោទអ្នកផ្តើម​គំនិតក្នុងសកម្មភាព ដែលគេហៅថា “ចលនា​អបគមន៍” នៅខេត្តក្រចេះ។ សហជន​ជាប់ចោទ​​ជាច្រើន ក៏ត្រូវបានចោទ​ប្រកាន់​ពី​បទរៀបចំចលនា​អបគមន៍នៅតំបន់នោះ។ អ្នកទាំងនោះក៏ត្រូវបាន​ផ្តន្ទាទោស​ផងដែរ ក៏ប៉ុន្តែ​បុគ្គលពីរនាក់ ដែលពីមុនបានគេ​ដឹងថាជា “មេដឹកនាំ” ត្រូវ​បានតុលាការ​​ប្រកាស​ព្យួរទោស ដែលនេះ ជាការអនុវត្តតាម​សុន្ទរកថា សាធារណៈ​របស់សម្តេច​​នាយករដ្ឋមន្ត្រី ដោយធ្វើការ​លើកលែងទោស​នូវបុគ្គល ដែលបាន​ចូលមក​សារភាព។

ព្រះរាជអាជ្ញា បានប្រកាសគាំទ្រថា គម្រោង​ធ្វើអបគមន៍ បានផ្តើម​ឡើងនៅក្នុងភូមិ​ប្រមានៃខេត្តក្រចេះ ហើយ​អ្នកភូមិទាំងនោះ បានកាន់អាវុធ​ប្រឆាំងនឹងអាជ្ញាធរ​សាធារណៈ ក្នុង​គោលបំណងព្យាយាម​បង្កើតរដ្ឋ​ផ្ទាល់ខ្លួនរបស់​ពួកគេ។ កាលពី​ខែឧសភា កងកម្លាំង​ប្រដាប់អាវុធ​របស់រាជរដ្ឋាភិបាល បានធ្វើ​ការវាយលុកចូល​ក្នុងភូមិ ហើយធ្វើការ​បណ្តេញប្រជាពលរដ្ឋជា​ច្រើនរយនាក់។ អាជ្ញាធរបានអះ​អាងថា អាជ្ញាធរ​បាន​ធ្វើការចូលឆ្មក់បង្ក្រាប​ចលនាអបគមន៍។ ទោះជាយ៉ាងណា ព័ត៌មានត្រូវបានគេ​ដឹងច្បាស់ថា អ្នកភូមិបាន​ចូលរួមក្នុងជម្លោះ​ដីធ្លីដ៏រាំរ៉ៃ និងកាន់តែ​រីករាលដាល​ឡើង​ជាមួយ​​ក្រុមហ៊ុន កាសូទីម ដែល​គ្រប់គ្រងដីសម្បទាន​សេដ្ឋកិច្ចចំនួន ១៥.០០០ ហិកតា នៅក្បែរនោះ។

កុមារីអាយុ ១៤ ឆ្នាំម្នាក់ ត្រូវបាន​សម្លាប់ ក្នុងអំឡុង​ពេលធ្វើការ​បណ្តេញចេញដោយ​បង្ខំ​ដោយអាជ្ញាធរ។ នាងមិនមាន​អាវុធនឹងដៃ​នោះទេ ហើយក៏មិន​មានភស្តុតាងណា​បង្ហាញនៅក្នុងអង្គសវនាការ​ថា ក្រុមអ្នកភូមិ​បានកាន់​កាប់អាវុធ។ ផ្ទុយទៅវិញ​ព្រះរាជអាជ្ញាបានប្រកាសគាំទ្រ​ថាអ្នក​ភូមិបានគ្រោងប្រើប្រាស់ឧបករណ៍​សាមញ្ញសម្រាប់​បរបាញ់សត្វ និងធ្វើស្រែចំការ ក្នុងការ​វាយប្រហារកង​កម្លាំងរបស់រាជ​រដ្ឋាភិបាល ហើយនឹង​បង្កើតរដ្ឋផ្ទាល់ខ្លួន​របស់ពួកគេ។

អ្នកនាង ណាលី ពីឡូក នាយិការអង្គការសិទិ្ធមនុស្ស លីកាដូ បានមាន​ប្រសាសន៍ថា៖ “វត្តមានរបស់លោក​ សូណង់ដូ គឺជា​ការព្រួយបារម្ភ​របស់​រាជរដ្ឋាភិបាល ក៏ប៉ុន្តែមិនមែន​ពីព្រោះ​គាត់មាន​បំណងធ្វើ​អបគមន៍”។ អ្នកនាង​បានមាន​ប្រសាសន៍​បន្តថា៖ “ពីព្រោះគាត់មានស្ថានីយ៍វិទ្យុ​ដែលឯករាជ្យ​ចុងក្រោយគេ​នៅប្រទេស​កម្ពុជា ហើយនិងពីព្រោះគាត់​បានផ្តល់​នូវការផ្សាយ​តាមរលកធាតុអាកាស​ដល់គណបក្ស​ប្រឆាំង និងសម្លេង​ពី​ខាងក្រៅ”។

ទោះជា លោកសូណង់ដូ ត្រូវបានចោទប្រកាន់​ពីបទផ្តើមគំនិត​ក្នុងចលនាអបគមន៍ កាលពីខែឧសភា ក៏ដោយ ក៏ការចាប់ខ្លួនរបស់លោក​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពីការ​ផ្សាយរបស់លោក​​នូវរបាយការណ៍​ពីតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) នៅទីក្រុង Hague ប្រទេស Netherland នៅថ្ងៃទី២៥ ខែ​ សីហា។ របាយការណ៍​នោះបានបង្ហាញ​​ពីការប្តឹងទៅ​តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដោយចលនាអំណាច​ប្រជាពលរដ្ឋខ្មែរ ទៅលើរាជរដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ​ទាក់ទង​នឹង​ជម្លោះដីធ្លី​នៅក្នុងប្រទេស។

ម្ភៃបួនម៉ោងបន្ទាប់ពីរបាយការណ៍របស់តុលាការឧក្រិដ្ឋកម្ម ត្រូវបានផ្សាយ​តាមរលក​សំលេង​ជាលើកដំបូង សម្តេចនាយករដ្ឋមន្ត្រី លោកបាន​អំពាវនាវ​ជាសាធារណៈ​ឲ្យមានការចាប់ខ្លួនលោកសូណង់ដូ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ​ឲ្យអ្នក​ភូមិ​ប្រមាចូល​មកធ្វើ​ការ​សារភាព​នៅការចូលរួម​របស់ពួកគេ​នៅក្នុងផែនការ​នេះ នោះអ្នក​ទាំងនោះ​​នឹងត្រូវបាន​រួចទោស។ អ្នកភូមិមួយចំនួន ក៏បានធ្វើតាម សម្តេច ហើយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោកស្រីចាំង ស៊ីណាត ក៏បាន ព្យួរទោស​អ្នកទាំងនោះ (ទោះជា​បុគ្គល​ពីរនាក់​​ត្រូវបានគេ​ដឹងថា​​ជាអ្នកដឹកនាំ​សំខាន់ក៏ដោយ)។

សហជនជាប់ចោទដែលនៅសេសសល់ គឺត្រូវជាប់ពន្ធនាគារ។

ភាពមិនប្រក្រតីនៅតែកើតមានជាមួយការផ្តន្ទាទោសដោយមិនស្មើភាពគ្នា។ សាក្ខីកម្ម​របស់​សាក្សី​ជាច្រើន​ដែលមាន​វត្តមាន​ក្នុងសវនាការ គឺខុសប្លែក​ពីពាក្យសម្តី​ពីមុន​របស់​អ្នកទាំងនោះ​​​ដែលបាន​​ធ្វើនៅពេល​​ផ្តល់ទៅ​​នគរបាល។ ក៏ប៉ុន្តែ​លោកស្រី​​ចៅក្រម នៅក្នុង​​​សាលក្រម​​​របស់លោក គឺមានភាពលំអៀង​ទៅលើ​កិច្ចការ​របស់​នគរបាល ជាជាង​សាក្ខីកម្ម​នៅ​ក្នុង​​តុលាការ។

មិនមានសាក្ខីកម្មនៅក្នុងតុលាការ បានបង្ហាញថាមាន​ផែនការ​ធ្វើអបគមន៍ ឬក៏តួនាទី​របស់លោក​សូណង់ដូ នៅក្នុងការ​ធ្វើជាមេគំនិត​នៃផែនការ​នេះ។

លោក យ៉េង វីរៈ នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌល​អប់រំច្បាប់សម្រាប់​សហគមន៍ (CLEC) បានមានប្រសាសន៍ថា៖ “នេះជាការរំលំសេរីភាព​ក្នុងការបញ្ចេញមតិ​ដ៏គួរឲ្យ​កត់សំគាល់​មួយនៅ​ប្រទេស​កម្ពុជា”។ លោកបានបន្តថា៖ “នេះមិនត្រឹមតែ​​ពីព្រោះតែ​សាលក្រម​នេះ​ធ្វើការ​បំបិទ​មាត់​​លោក ម៉ម សូណង់ដូ (ហើយមានឥទ្ធិពល​​យ៉ាងខ្លាំង​មកលើ​​ស្ថានីយ៍​វិទ្យុ​​របស់គាត់) ហើយថែមទាំងពីព្រោះសាលក្រមនេះ ក៏មាន​​ឥទិ្ធពល​​ធ្វើឲ្យភិតភ័យ​​ដល់អ្នកដទៃ​ផងដែរ”។

នេះមិនមែនជាលើកទីមួយរបស់លោកសូណង់ដូ ដែលត្រូវបាន​ក្លាយជា​មុខសញ្ញា​របស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែនេះជាលើកទីមួយ​ដែលលោក​ត្រូវបានរកឃើញ​ថា​មានពិរុទ្ធភាព​នៅបទព្រហ្មទណ្ឌ។ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៣ ជាច្រើនខែ​មុនកា​របោះឆ្នោត​អណត្តទី៣ របស់​ប្រទេសកម្ពុជា សាលាដំបូង​រាជធានីភ្នំពេញ​បានចោទប្រកាន់​លោក សូណង់ដូ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់​ប្រជាពលរដ្ឋ​ឲ្យធ្វើការ​រើសអើង និងញុះញង់​ប្រជាពលរដ្ឋឲ្យប្រព្រឹត្ត​បទលើ្មស​ព្រហ្មទណ្ឌ។ នៅពេលនោះ គាត់ត្រូវបាន​ដោះលែង បន្ទាប់ពី​បានឃុំខ្លួន​អស់ពេល​ពីរសប្តាហ៍។

លោកសូណង់ដូ ត្រូវបានចាប់ខ្លួនម្តងទៀតកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៥ ហើយចោទពីបទបរិហារកេរ្តិ៍ ញុះញង់ និងផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត សម្រាប់​ការផ្សាយ​ការសម្ភាសន៍​ជាមួយ​អ្នកជំនាញ​ឯករាជ្យ​ទៅលើបញ្ហា​នយោបាយ​ដ៏រសើប។ នៅពេលនោះ លោកត្រូវបាន​គេឃុំខ្លួន​អស់រយៈ​ពេលបីខែ នៅមុនពេល​មានការ​ដោះលែង​ឲ្យនៅក្រៅឃុំ​ជាបណ្តោះ​អាសន្ន​នៅខែមករា ឆ្នាំ២០០៦ បន្ទាប់ពី​មានការអន្តរាគមន៍​​របស់អន្តរជាតិ និងក្រោយ​ពីមានដំណើរ​ទស្សនកិច្ច​របស់​ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក​សម្រាប់អាស៊ីបូព៌ា លោក Christopher Hill។

ប្រសិនបើលោកសូណង់ដូនិងសហជនជាប់ចោទរបស់គាត់គួរតែធ្វើការប្តឹងឧទ្ធរណ៍ចំពោះសាលក្រមសាលាដំបូងថ្ងៃ
នេះយើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិល​មានរាយនាមដូចខាងក្រោម ក៏សូម​អំពាវនាវ​ដល់សាលាឧទ្ធរណ៍កម្ពុជា
សូមមេត្តាធ្វើការចាត់ការ​លើសំណុំរឿង​របស់អ្នកទាំងនោះឲ្យបានឆាប់ ហើយធ្វើការ​សម្រេចសេចក្តី​ដោយផ្អែកលើ
​ភស្តុតាង។

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សមាគមន៍មន្ត្រីរាជការកម្ពុជា (CICA)
សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
គណៈកម្មការធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមន៍ការពារសិទិ្ធមនុស្សកម្ពុជា (CHRAC)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
អង្គការសមធម៌កម្ពុជា (EC)
សមាគមធាងត្នោត (STT)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Center for Independent Media (CCIM)
២. Cambodia's Civil Servants Association (CICA)
៣. Cambodian Food and Service Worker Federation (CFSWF)
៤. Cambodian Human Rights Action Committee (CHRAC)
៥. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៦. Cambodian Worker Center for Development (CWCD)
៧. Cambodian Youth Network (CYN)
៨. Coalition of Cambodian Farmer Community (CCFC)
៩. Community Legal Education Center (CLEC)
១០. Equitable Cambodia (EC)
១១. Independent Democracy of Informal Economy Association (IDEA)
១២. SahmakumTeangTnaut (STT)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា