សេចក្តីថ្លែងការណ៍

ឃាតករសប្បនិម្មិត ប៊ន សំណាង និងសុខ សំអឿន ត្រូវបានបញ្ជូនទៅត្រឡប់ ទៅពន្ធនាគារ ដោយមិនសមហេតុផល

ចេញផ្សាយ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

ប៊ន សំណាង និង សុខ សំអឿន នៅសវនាការតុលាការឧទ្ធរណ៍ កាលពីថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០១២

យើងខ្ញុំ ជាអង្គការ​សង្គមស៊ីវិលមានរាយ​នាមដូចខាងក្រោម សូមជំទាស់យ៉ាងខ្លាំង​ទៅលើសេចក្តីសម្រេច ដែលមិននឹក​ស្មានដល់របស់ចៅក្រម​សាលាឧទ្ធរណ៍ លោកចៅក្រម ជួន ស៊ុនឡេង លោកចៅក្រម សេង ស៊ីវុត្ថា និង​លោកចៅក្រម ឃុន លាងម៉េង ក្នុងការតម្កល់សាលក្រម ដែលមិនយុត្តិធម៌របស់​សាលាដំបូងរាជធានី​ភ្នំពេញ ប្រឆាំង​នឹងលោក ប៊ន សំណាង និងសុខ សំអឿន។ អ្នកទាំងពីរ ត្រូវបានចាប់ខ្លួន ដោយមន្ត្រីនគរបាលក្រសួងមហាផ្ទៃនៅ ក្នុងបន្ទប់​សវនាការ ហើយត្រូវបាន​បញ្ជូនខ្លួនទៅ​កាន់ពន្ធនាគារវិញ កាលពីព្រឹក​មិញនេះ។

អ្នកទាំងពីរ ដែលត្រូវបានគេជឿជាក់យ៉ាងច្បាស់ថា ត្រូវបានគេទម្លាក់កំហុសឲ្យក្លាយជាឃាតករសប្បនិម្មិតអំពី អំពើឃាតកម្មកាលពីឆ្នាំ២០០៤ ទៅលើមេដឹក​នាំសហជីព លោក ជា វិជ្ជា ត្រូវបាន​ដោះលែង កាលពីខែធ្នូ ឆ្នាំ២០០៨ ដោយ​សេចក្តីសម្រេច​ដ៏ក្លាហានរបស់តុលាការកំពូល ដែលបង្គាប់ឲ្យធ្វើការ​ស៊ើបអង្កេតបន្ថែម​លើករណីឃាតកម្មនេះ ក្នុងខណៈដែល​មានភស្តុតាង​យ៉ាងច្រើន បញ្ជាក់​ពីភាពគ្មានកំហុសរបស់អ្នកទាំងពីរ។

លោក មឿន តុលា ប្រធានផ្នែក​កម្មវិធីសិទិ្ធការងារ​នៃមជ្ឈមណ្ឌលអប់រំ​ច្បាប់សម្រាប់សហគមន៍​បានមាន ប្រសាសន៍ថា៖ “សាលដីកា នាព្រឹកនេះ បានធ្វើឲ្យ​យើងខ្ញុំគ្មានពាក្យ​នឹងនិយាយ”។ លោកបានបន្ថែម​ទៀតថា៖ “សេចក្តី សម្រេច​របស់សាលាឧទ្ធរណ៍ មិនបានអនុវត្ត​ទៅតាមគោលការណ៍​យុត្តិធម៌ និងនីតិរដ្ឋនោះទេ”។

សវនាការរបស់​សាលាឧទ្ធរណ៍ដ៏លឿន ដែលបានប្រព្រឹត្តិ​ឡើង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ មិនបានផ្តល់នូវ ភស្តុតាងថ្មី ដែលអាច​នឹងត្រូវបាន​ប្រើដើម្បីបង្ហាញ​ពីពិរុទ្ធភាពរបស់លោក ប៊ន សំណាង និងសុខ សំអឿន​នោះទេ។ ក៏ប៉ុន្តែចៅក្រម​ទាំងឡាយ បានសម្រេចថា អ្នកទាំងពីរមាន​ពិរុទ្ធ ដោយផ្អែកលើ​សាក្ខីកម្មជា​លាយល័ក្ខអក្សរ​របស់អតីត មន្ត្រីនគរបាល។ ការណ៍នេះ ចៅក្រមទាំងអស់បានសម្រេចបដិសេធជាលក្ខណៈប្រព័ន្ធ និងព្រងើយកន្តើយលើ ភស្តុតាង និងសាក្ខីកម្មនានា ដែលគាំទ្រអ្នកទាំងពីរ ដែលរួមមាន៖

§ សាក្សីផ្ទាល់ភ្នែក​តែម្នាក់នៅក្នុង​អំពើឃាតកម្មនេះ (អ្នកលក់​កាសែត ដែលបាន​ឈរជិតលោក ជា វិជ្ជា នៅពេល ដែលលោកត្រូវ​បានគេសម្លាប់) ដែលបាន​បង្ហាញថា លោក ប៊ន សំណាង និងសុខ សំអឿន មិនមែនជា ឃាតករ ដូចដែលនាងបានឃើញកាលពីថ្ងៃនោះទេ។
§ អតីតអ្នកដឹកនាំ​ការស៊ើបអង្កេតករណី​ឃាតកម្មនេះ ដែលជាអតីតអគ្គស្នងការ​នគរបាលរាជធានី​ភ្នំពេញ លោក ហេង ពៅ (បន្ទាប់ពីបានបាត់បង់តំណែងដ៏មានអំណាច) ដែលបាន​បង្ហាញថា លោក ប៊ន សំណាង និងសុខ សំអឿន មិនមែនជា ឃាតករនោះទេ។
§ សាក្សីផ្ទាល់ភ្នែក ដែលបង្ហាញថា លោក ប៊ន សំណាង ស្ថិតនៅខេត្តព្រៃវែង ដែលមានចម្ងាយ ៦០គីឡូម៉ែត្រពី រាជធានីភ្នំពេញ នៅខណៈពេលដែលមានអំពើឃាតកម្មកើតឡើង។
§ ការធ្វើទារុណកម្ម ដោយមន្ត្រីនគរបាល​ទៅលើលោក ប៊ន សំណាង ដើម្បីគម្រាមឲ្យ​ឆ្លើយសារភាព​ជាបឋម ហើយដែលក្រោយមក លោកបានធ្វើការកែតម្រូវភ្លាមៗ
§ សាក្សីម្នាក់​បានបង្ហាញថា នៅពេលមាន​អំពើឃាតកម្ម លោក សុខ សំអឿន កំពុងតែនៅ​ជាមួយលោក និង មិត្តភក្តិមួយ​ចំនួនទៀត។

ចំណុចខាងលើ​ទាំងអស់ គឺមានលក្ខណៈគ្រប់គ្រាន់​សម្រាប់តុលាការកំពូល​ក្នុងការដោះលែង​អ្នកទាំងពីរ។ ដោយ មិនមាន​ភស្តុតាងណា​មួយ ដែលគួរឲ្យជឿ ដើម្បីបង្ហាញថា លោក ប៊ន សំណាង និងសុខ សំអឿន មានពិរុទ្ធភាព វាគួរតែគ្រប់គ្រាន់​សម្រាប់បង្ហាញ​ថាអ្នកទាំងពីរមិនមាន​ពិរុទ្ធភាពនោះទេ។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “សាលដីកានេះ ជាការ បន្ថែមលើ​សោកនាដកម្មជាច្រើន ដែលបាន​កើតឡើងនៅ​ក្នុងឆ្នាំ២០១២ ហើយដែលធ្វើឲ្យឆ្នាំនេះ គឺជាឆ្នាំ​ដែលអាក្រក់ បំផុតក្នុង​អំឡុងពេលមួយ​ទសវត្សរ៍នេះ ទៅលើស្ថានភាព​សិទិ្ធមនុស្ស និងនីតិរដ្ឋ”។ អ្នកនាងបានបន្តទៀតថា៖ “យើងខ្ញុំ សូមធ្វើការជម្រុញឲ្យតុលាការកំពូល សូមមេត្តាធ្វើការផ្លាស់ប្តូរទៅរកភាពដើមវិញនូវសេចក្តីសម្រេចនាថ្ងៃនេះ និង បញ្ចប់ សកម្មភាពគួរ​ឲ្យអស់សំណើចនេះ ដោយធ្វើការសម្រេច​ឲ្យអ្នកទាំងពីរគ្មានពិរុទ្ធទៅ​លើបទលើ្មសព្រហ្មទណ្ឌ ដែលអ្នក ទាំងពីរមិន​បានប្រព្រឹត្ត”។

លោក សរ មូរ៉ា ប្រធានសហព័ន្ធសហជីព​កម្មករចំនីអាហារ និងសេវាកម្មកម្ពុជា បានមានប្រសាសន៍ថា៖ “អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ នាពេលមួយទ្រង់បាន​មានព្រះបន្ទូលថា អ្នកទាំងពីរមិន​មានពិរុទ្ធនោះ ទេ។ ការពិតដែល​តុលាការធ្វើការបញ្ជួន​អ្នកទាំងពីរត្រឡប់ទៅ​ពន្ធនាគារវិញ ដោយមិន​សមហេតុផល ក្នុងខណៈពេល​មានពិធី កាន់ព្រះរាជមរណទុក្ខព្រះបរមរតនកោដ គឺជាការមិនគោរពដល់ព្រះអង្គ”។

សហភាពសហជីពកម្ពុជា (CCU)
សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សហភាពការងារកម្ពុជា (CLC)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហជីពចលនាកម្មករខ្មែរ (CUMW)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
សមធម៌កម្ពុជា (EC)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
លីកាដូកាណាដា (LC)
សម្ព័ន្ធសហជីពជាតិ (NTUC)
សកម្មភាពប្រជាជនដើម្បីការផ្លាស់ប្តូរ (PAC)
សមាគមធាងត្នោត (STT)
សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
សហព័ន្ធសហជីពនៃកម្មករអាស៊ាន (UFAW)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Confederation Unions (CCU)
២. Cambodian Food and Service Worker Federation (CFSWF)
៣. Cambodia's Independent Civil-servants Association (CICA)
៤. Cambodian Labour Confederation (CLC)
៥. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៦. Cambodian Worker Center for Development (CWCD)
៧. Cambodian Youth Network (CYN)
៨. Collective Union of Movemrnt of Workers (CUMW)
៩. Coalition of Cambodian Farmer Community (CCFC)
១០. Community Legal Education Centre (CLEC)
១១. Equitable Cambodia (EC)
១២. Housing Rights Task Force (HRTF)
១៣. Independent Democracy of Informal Economy Association (IDEA)
១៤. LICADHO Canada (LC)
១៥. National Trade Unions Coalition (NTUC)
១៦. People’s Action for Change (PAC)
១៧. Sahmakum Teang Tnaut (STT)
១៨. The Building and Wood Workers Trade Union Federation of Cambodia (BWTUC)
១៩. Union Federation of ASEAN Workers (UFAW)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Mr. AM Sam Ath (Khmer), LICADHO Technical Supervisor, 012-327-770
 Mr. Moeun Tola (English, Khmer), Head of CLEC Labour Program, 066-777-056

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា