សេចក្តីថ្លែងការណ៍

នគរបាលវាយដំអ្នកតវ៉ានៅតំបន់បឹងកក់ ធ្វើឲ្យមនុស្សប្រាំនាក់រងរបួស

ចេញផ្សាយ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

សន្តិសុខសាលាខណ្ឌដូនពេញព្យាយាម រារាំងអ្នកឃ្លាំមើលមិនឲ្យថតយក ព្រឹត្តិការណ៍ នៃការប្រើអំពើហិង្សា

នៅថ្ងៃនេះ អាជ្ញាធរបានបង្កើនការបង្ក្រាប របស់ខ្លួនទៅលើសហគមន៍បឹងកក់កាន់តែខ្លាំងឡើង ខណៈដែលនគរបាល បានធ្វើការវាយដំយ៉ាងសាហាវទៅលើកក្រុមអ្នកតវ៉ា ដែលបានជួបជុំគ្នា នៅសួនសាធារណៈខាងក្រៅភូមិគ្រឹះរបស់លោក នាយករដ្ឋមន្ត្រី។

ប្រជាពលរដ្ឋបីនាក់ត្រូវបានឃាត់ខ្លួន និងប្រាំនាក់ទៀតរងរបួសធ្ងន់ រួមមាន លោក
លួស សាខន ត្រូវជាប្តីរបស់អ្នកស្រី យ៉ោម បុប្ផា សកម្មជនសិទ្ធិមនុស្ស នៅសហ
គមន៍បឹងកក់ដែលកំពុងជាប់ពន្ធនាគារ។ ក្រុមអ្នកតវ៉ា បានអំពាវនាវ ឲ្យដោះលែង
អ្នកស្រី យ៉ោម បុប្ផា ដែលអង្គការ លើកលែងទោសអន្តរជាតិ ហៅថា អ្នកស្រីជា
អ្នកទោសមនសិការ។

សមាគមធាងត្នោត អង្គការសមធម៌កម្ពុជា គណៈកម្មាធិការ នៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ និងសម្ព័ន្ធខ្មែរជំរឿន និង ការពារសិទ្ធិមនុស្ស លីកាដូ បានថ្កោល ទោសការវាយដំ ដោយប្រើហិង្សានេះថា ជាឧទាហរណ៍ មួយទៀតនៃជម្រើសរបស់អាជ្ញាធរក្នុងការ ព្យាយាមបង្ក្រាប ការតវ៉ាដោយសន្តិវិធី។

លោក អ៊ី សារ៉ុម អ្នកសម្របសម្រួលកម្មវិធីនៅសមាគមធាងត្នោត បានមានប្រសាសន៍ថា “វាច្បាស់ណាស់ថា ការអំពាវនាវរកយុត្តិធម៌ជាបន្តបន្ទាប់របស់សហគមន៍បឹងកក់ គឺពិតជាធ្វើឲ្យអាជ្ញាធរមិនសប្បាយចិត្ត។ ប៉ុន្តែការវាយដំ និងការចាប់ខ្លួនប្រជាពលរដ្ឋវាមិនបានធ្វើឲ្យបញ្ហានេះស្ងប់នោះទេ។ ផ្ទុយទៅវិញសកម្មភាពនេះកាន់តែ ធ្វើឲ្យសហគមន៍បង្កើនសាមគ្គីភាពទៅវិញទេ។

“ដល់ពេល ដែលអាជ្ញាធររកដំណោះស្រាយជាមួយសហគមន៍ហើយ ដើម្បីឲ្យអ្វីៗវិលទៅរកភាពដើមវិញ”។


មើល​វីដេអូ​នេះ
នគរបាល និងសន្តិសុខប្រើកម្លាំងហួសប្រមាណបង្ក្រាប ទៅលើអ្នកតវ៉ាដោយអហិង្សាបឹងកក់

ការតវ៉ារបស់អ្នកភូមិបឹងកក់បានចាប់ផ្តើមនៅពេលព្រឹក ដោយមានអ្នកតវ៉ាប្រហែល ៦០នាក់បានជួបជុំគ្នានៅខាង ក្រៅក្រសួងយុត្តិធម៌ ដើម្បីទាមទារឲ្យបើកសវនាការសាលាឧទ្ធរណ៍ និងទាម ទារឲ្យដោះលែង អ្នកស្រី យ៉ោម បុប្ផា ជាបន្ទាន់ ។ អ្នកស្រី យ៉ោម បុប្ផា ដែលជាអ្នកដឹកនាំក្នុងការតស៊ូរបស់ សហគមន៍ ដើម្បីតវ៉ានឹងការរំលោភ យកដី
ដ៏ទ្រង់ទ្រាយធំ ដែលបានបណ្តាលឲ្យមានការបណ្តេញអ្នក ភូមិប្រហែល ៣,៥០០គ្រួសារ ចេញពីដីនោះគាត់ត្រូវបាន
កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ កាលពីខែធ្នូ ឆ្នាំ២០១២ ពីបទចោទប្រកាន់ថា អ្នកស្រីបានជាប់ពាក់ព័ន្ធក្នុង
ការវាយដំចោរដែលជាប់ សង្ស័យម្នាក់។ ប៉ុន្តែរឿងនេះដែលគេជឿថា អ្នកស្រីជា គោលដៅរបស់អាជ្ញាធរ ដោយសារ
អ្នកស្រី ជាប់ពាក់ព័ន្ធក្នុងការតស៊ូយ៉ាងសកម្មក្នុងការទាមទារសិទ្ធិ របស់សហគមន៍បឹងកក់។

អ្នកស្រី គឺជាសកម្មជនសហគមន៍បឹងកក់ទី១៦ ដែលត្រូវបានចាប់ខ្លួន អំឡុងរយៈពេលបួនខែក្នុងឆ្នាំ២០១២។

ក្រោយពីមន្ត្រីក្រសួងយុត្តិធម៌ បានបដិសេធមិនស្តាប់ការអង្វរករបស់សហគមន៍ ក្រុមអ្នកតវ៉ាបានដើរក្បួនទៅ កាន់
ភូមិគ្រឹះរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅជិតវិមានឯករាជ្យ។ ពួកគាត់បានជួបជុំគ្នានៅសួន សាធារណៈ
នៅក្បែរភូមិគ្រឹះនោះ ពេលនោះស្រាប់តែកងរាជអាវុធហត្ថ នគរបាលអន្តរាគមន៍ និងសន្តិសុខខណ្ឌប្រមាណ៦០
ទៅ៨០នាក់បានមកដល់។ ពួកគេបានប្រើខែលប្រឆាំងកុបកម្ម និងកម្លាំងបាយ រុញច្រានក្រុមអ្នកតវ៉ាឲ្យទៅកាន់
មជ្ឈមណ្ឌលហុងកុង ដែលស្ថិតនៅចម្ងាយប្រហែល៥០០ម៉ែត្រពីភូមិគ្រឹះនេះ។ យ៉ាងហោចណាស់ អាជ្ញាធរបាន
ឃាត់ខ្លួនអ្នកតវ៉ាបីនាក់ជាបណ្តោះអាសន្ន ហើយអ្នកតវ៉ាជាច្រើននាក់ទៀត បានរងរបួសនៅពេលប៉ះទង្គិចគ្នានោះ។

លោក លួស សាខន ប្តីរបស់អ្នកស្រី យ៉ោម បុប្ផា បានរងរបួស ប្រហែលជារបួសធ្ងន់ជាងគេបំផុត ដោយបាក់ធ្មេញមុខ និងមានស្នាមដាច់រយះជាច្រើនកន្លែងទៀត។ បុរសម្នាក់ទៀត ស្ទើរស្លាប់ដោយសារ សន្តិសុខខណ្ឌបានចាប់ទាញមួក
សុវត្ថិភាពរបស់គាត់ ហើយធ្វើឲ្យខ្សែមួកនោះរឹតករបស់គាត់យ៉ាងតឹង។ បុរសរូបនោះថប់ដង្ហើមស្ទើរស្លាប់ ហើយ
ក្រោយមកត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ផ្នែកនៃការប្រើអំពើហិង្សានេះ ត្រូវបានថតជាវីដេអូ។

លោក អៀង វុទ្ធី តំណាងអង្គការសមធម៌កម្ពុជា បានហៅ ការប្រើអំពើហិង្សានេះថា ជា”អំពើអយុត្តិធម៌ទាំងស្រុង” ហើយ ជាការបង្ក្រាបមួយដែលយើងមិនធ្លាប់បានឃើញក្នុងចំណោមការបង្ក្រាបយ៉ាងសាហាវមកលើសហគមន៍
បឹងកក់”។

សមាគមធាងត្នោត អង្គការសមធម៌កម្ពុជា គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បី អនុសញ្ញា
លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សូមអំពាវ
នាវឲ្យក្រុមអាជ្ញាធរ បញ្ឈប់ការប្រើអំពើហិង្សាមកលើការតវ៉ាដោយអហិង្សារបស់ប្រជាពលរដ្ឋ ហើយជំនួសវិញ នូវការដោះស្រាយបញ្ហានេះដោយផ្ទាល់ដោយសន្តិវិធី ប្រកបដោយផ្លែផ្កានិងមានតម្លាភាព។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Mr. Am Sam Ath, Technical Supervisor Tel: (+855) 012-327-770 [Khmer]
 Mr. Ee Sarom, Program Coordinator of STT Tel: (+855) 012-83-65-33 [Khmer, English]

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា