សេចក្តីថ្លែងការណ៍

អង្គការ​សង្គម​ស៊ីវិល ស្តីពី​ការ​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង អ្នក​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣

ចេញផ្សាយ ថ្ងៃទី​២ ខែឧសភា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល ដែលមាន​រាយ​ឈ្មោះ​ដូចនៅ​ខាងក្រោម សូម​គាំទ្រ​ការ​បោះឆ្នោត​ដែល​ប្រប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌ នីត្យានុកូលភាព និង​ការ​ជឿ​ទុកចិត្ត​ដោយ​ពេញលេញ​ពី​គណបក្ស​នយោបាយ​សំខាន់ៗដែល​ចូល​រួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣​នេះ។

យើងខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង អំពី​ទំនាស់​នយោបាយ​ទៅលើ​ទីលាន​ប្រកួត​ប្រជែង​បោះ​ឆ្នោត មិន​ស្មើគ្នា ពិសេស ការ​មិន​ផ្តល់​ឱកាស​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង ឯកឧត្តម សម រង្ស៊ី ចូល​ប្រកួត​បោះឆ្នោត​ដោយ​សុវត្ថិភាព និង​ខ្វះ​តម្លាភាព​ទៅ​លើ​ការ​ត្រៀម​រៀបចំ​នូវ​ដំណើរ​ការ​បោះ​ឆ្នោត​ជាច្រើន ពិសេស​ការ​ជ្រើស​រើស និង​តែងតាំង​នៃសមាជិក​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់​ថ្នាក់ និង​ការ​ខ្វះ​គុណភាព​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​បោះឆ្នោត។

យើងខ្ញុំ​សូម​ស្នើ​យ៉ាង​ទទូច​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សូម​ដោះ​ស្រាយ និង​កែសម្រួល​នូវ​អនុសាសន៍​គន្លឺះ​ពីរ យ៉ាង​ហោច​ដូច​ខាង​ក្រោម៖

១. បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង សិទ្ធិ​អ្នក​បោះ​ឆ្នោត : គ.ជ.ប សូម​បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​នៅ​តាម​ភូមិ ចាប់ពី​ពេល​នេះ​តទៅ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​ដែល​បាត់ ឬ​ខុស​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​របស់​គ.ជ.ប ដើម្បី​ស្នើសុំ​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត ដើម្បី​កែតម្រូវ និង​កែ​អត្តសញ្ញាណ។ នីតិវិធី​នៃ​ការ​ចេញ​លិខិត​នេះ គឺ​ឲ្យ​អ្នក​បាត់ ឬ​ខុស​ឈ្មោះ​ក្នុង​បញ្ជី​ផ្តល់​ភស្តុតាង​ដូចជា បង្កាន់​ដៃ​នៃការ​ចុះ​ឈ្មោះ។ ដើម្បី​បង្កើន​ការ​ទុក​ចិត្ត ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត មិន​ត្រូវ​ឲ្យ​លើស​ពីថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៣។​ ឯកសារ​ពាក់ព័ន្ធ​ទាំងនេះ ត្រូវបាន​គ្រប់គ្រង​ដោយ គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត គឃ/សប ហើយ​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ។

ម្យ៉ាង​ទៀត ដើម្បី​បន្ថយ​ទំនាស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប) សូម​អនុញ្ញាត​ឲ្យ​ភា្នក់ងារគណបក្ស​នយោបាយ​ឈរ​ពី​ក្រោយ​លេខា​ធិការ​នៃ​ការិយាល័យ​បោះឆ្នោត ដែល​អាច​មើល​ឃើញ​ច្បាស់ ហើយមាន​សិទ្ធិ​ស្នើ​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​អ្នក​បោះឆ្នោត នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ជាមួយ​នឹង​ឯកសារ ឬ​លិខិត​បញ្ជាក់អត្តសញ្ញាណ​ដែល​យក​មក​បោះ​ឆ្នោត។

២. ការ​ជ្រើស​រើស និង​តែង​តាំង​នៃ​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត: បង្កើត​គណៈកម្មការ​ជ្រើស​រើស និង​ត្រួត​ពិនិត្យ​ការ​តែងតាំង​សមាជិក គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះឆ្នោត (គឃ/សប) និង​គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត (គកប/គករ) ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​បាន​ចុះឈ្មោះ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ គណបក្សនយោបាយ ទាំង នេះ (មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំងតំណាង​រាស្រ្ត​ឆ្នាំ​២០១៣​នេះ គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ដាក់​តំណាង​របស់ខ្លួន ដើម្បី​ឲ្យ​ក្លាយជា សមាជិកគឃ/សប និង​គបក/គករ។

យើងខ្ញុំ​ជឿជាក់​ថា គ.ជ.ប នឹង​បើកការ​ពិភាក្សា​ជាមួយ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​រៀបចំការ​សម្រេច​មួយ​សម​ស្រប និង​ដាក់​ផែនការ​សកម្មភាព​ជាក់លាក់ និង​បន្ទាន់ ដើម្បី​ដោះ​ស្រាយ​អនុសាសន៍​ខាងលើនេះ។ ប្រសិន​បើ​មិនបាន​យក​អនុសាសន៍​ទាំងពីរ​ខាងលើ​នេះ​ទៅ​ដោះស្រាយ​ឲ្យបាន​មុន​ថ្ងៃ​បោះ​ឆ្នោត​នោះ​ទេ យើងមាន​ការ​បារម្ភថា ដំណើរ​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ អាច​ទទួល​ការ​បាត់បង់​ជំនឿ​ពី​ភាព​ត្រឹមត្រូវ និង​យុត្តិធ៌ម​របស់ខ្លួន និង​អាច​បាត់បង់​នូវ​នីត្យានុកូលភាព​ទាំងមូល​នៃ​ការ​បោះឆ្នោត​នេះ​ពី​សំណាក់​មតិ​ជាតិ និង​អន្តរជាតិ​ជាច្រើន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក ធន សារាយ ប្រធាន​គណ​កម្មាធិការ​នាយក​ខុម​ហ្វ្រែល និងជាប្រធាន​សមាគម​អាដ​ហុក ទូរស័ព្ទលេខ៖ ០១៦ ៤៤០ ០៤៤
 លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​គណ​កម្មា​ធិការ​នាយក​និកហ្វិច និង​ជា​ប្រធាន​អង្គការ​លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៨០២ ៥០៦
 លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិច ទូរស័ព្ទលេខ៖ ០១២ ៩៥៩ ៦៦៦
 លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ទូរស័ព្ទលេខ៖ ០១២ ៩៤២ ០១៧

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា