សេចក្តីថ្លែងការណ៍

ស្ថាប័ន​រដ្ឋ​សភា​កម្ពុជា ត្រូវ​បាន​រុះ​រើ​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ

ចេញផ្សាយ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

រដ្ឋ​សភា​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (ជា​ស្ថាប័ន​នីតិ​បញ្ញត្តិ​ដ៏​សំខាន់) ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្នុង​ស្ថាន​ភាព​វិបត្តិ​ធម្មនុញ្ញ​ភាព នៅ​ក្នុង​រយៈ​ពេល​តិច​ជាង​ពីរ​ខែ​មុន​ពេល​មាន​ការ​បោះ​ឆ្នោត​ជាតិ។ កាលពី​សប្តាហ៍​មុន គណ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ដែល​មាន​សមាជិក​ទាំ​ង​អស់​មកពី​គណបក្ស​កាន់​អំណាច បាន​សម្រេច​ដក​សមាជិក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ទាំង ២៩ រូប ពី​តំណែង​តំណាង​រាស្ត្រ​របស់​អ្នក​ទាំង​នោះ។ ដោយ​សារ​ការ​បណ្តេញ​នេះ បាន​​កើត​​ឡើង​​នៅ​​ក្នុង​​រយៈ​​ពេល ៦ខែមុន​ពេល​បោះ​ឆ្នោត​ជាតិ នោះអសនៈ​ដែល​នៅ​ទំនេរ​ដោយការជម្រុះសមាជិក​តំណាង​រាស្ត្រ​ទាំងនោះ នឹង​ត្រូវ​រក្សា​ទុកឲ្យ​ទំនេរ​រហូត​​​ដល់​​ក្រោយ​​ពេល​​​បោះ​​ឆ្នោត។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថារដ្ឋសភា ត្រូវមានសមាជិកចំនួន ១២០រូប។ ដោយ​អសនៈ​នៃ​សមាជិក​គណបក្ស​​ប្រឆាំង​ទាំង​អស់​នៅ​ទំនេរ មិនមានការជំនួសនោះ រដ្ឋ​សភា​បច្ចុប្បន្ន​នេះ​មាន​សមាជិក​ត្រឹម​តែ ៩៤ រូប ប៉ុណ្ណោះ (មិន​បាន​បំពេញ​នូវ​ល័ក្ខ​ខ័ណ្ឌ​នេះ​ទេ)។

នេះមិនមានអ្វីគួរឲ្យឆ្ងល់នោះទេ ដែលយុទ្ធសាស្ត្រនេះកើត​នៅ​ពេល​នេះ​ដោយ​ចេតនា។

រយៈពេលតិចជាងមួយសប្តាហ៍បន្ទាប់ពីសមាជិកទាំងនោះត្រូវបានដក​ចេញ សមាជិក​ដែល​នៅ​សល់​នៃ​រដ្ឋ​សភា ត្រូវ​បាន​កោះ​អញ្ជើញ​ប្រជុំ​ជា​វិសាមញ្ញ​ដើម្បី​ធ្វើការអនុម័តច្បាប់ថ្មី។ មានសមាជិកតែ ៨៦ រូបប៉ុណ្ណោះ បានចូលរួមប្រជុំ។ ច្បាប់​ថ្មី​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ស្ថាប័ន​នេះ បាន​ចាត់​ទុក​ថា​ខុស​ច្បាប់​ចំពោះការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែល​កើត​ក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ។ ច្បាប់​នេះ​ត្រូវ​បាន ព្រាង និងអនុម័តនៅក្នុងរយៈពេលត្រឹមតែ ពីរសប្តាហ៍​ក្រោយ​ពេល​មាន​ការ​អំពាវនាវ​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី កាល​ពីថ្ងៃ​ទី​២៧ ខែ​ឧសភា ឲ្យមានបទបញ្ញត្តិព្រហ្មទណ្ឌលើអំពើនោះ។ ប្រសាសន៍​អំពាវ​នាវ​​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី ត្រូវបានធ្វើឡើងនៅក្នុងការថ្លែងសុន្ទរកថាមួយ ដែលសម្តេច លោក​បាន​តបត​​ទៅ​​នឹងមេដឹកនាំគណបក្សប្រឆាំង លោកកឹម សុខា បន្ទាប់ពីមានការចេញផ្សាយនូវខ្សែអាត់សំឡេង ដោយ​គណបក្ស​​កាន់​អំណាច អំពីការអះអាងរបស់មេដឹកនាំគណបក្សប្រឆាំងថា មន្ទីរ ស-២១ (គុកទួលស្លែង) គឺជាគុកសប្បនិម្មិត។ មេដឹក​នាំ​គណបក្ស​ប្រឆាំង បានបដិសេធដែលថាលោកបាននិយាយបែបនោះ ហើយគណបក្សប្រឆាំង​​នៅ​តែ​បន្ត​បដិសេធ​ទៅ​នឹង​ការចោទប្រកាន់ទាំងនេះ។

ទោះបីជាមានភាពចម្រូងចម្រាសយ៉ាងខ្លាំងទៅលើការអនុម័តយ៉ាងរហ័សនេះ ការបង្កប់ន័យនយោបាយយ៉ាងច្បាស់ ហើយ​និង​បទ​បញ្ញត្តិស្រពិចស្រពិលដែលប្រកបដោយគ្រោះថ្នាក់ ហើយដែលគំរាម កំហែងក្នុងការធ្វើឲ្យចុះខ្សោយយ៉ាង​ខ្លាំង​ដល់​សិទិ្ធ​ក្នុង​ការបញ្ចេញមតិក៏ដោយ ក៏ច្បាប់នេះត្រូវបានអនុម័តយ៉ាងរហ័សនៅថ្ងៃសុក្រ ទី៧ ខែមិថុនា។ ច្បាប់នេះ​មាន​មាត្រា ចំនួន ៤ ដែលត្រូវបានចែងដោយមានលក្ខណៈទូលាយ ដែលមាត្រាមួយក្នុងចំណោមមាត្រា​ទាំង​នោះ​បាន​ចែង​ពី​ការ​ទទួល​ខុសត្រូវព្រហ្មទណ្ឌលើនីតិបុគ្គល។ ច្បាប់នេះកំណត់ទោសពន្ធនាគាររហូតដល់ ២ឆ្នាំ។

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ បាន​មាន​ប្រសាសន៍​ថា៖ “ការអនុម័តច្បាប់ថ្មីយ៉ាងប្រញាប់នៅក្នុងស្ថានភាពទាំងនេះ គឺប៉ះពាល់ដោយផ្ទាល់នូវគោលការណ៍​គ្រឹះ​នានា​នៃ​លទិ្ធ​ប្រជា​ធិបតេយ្យតំណាង”។ លោកបានមានប្រសាសន៍បន្តទៀតថា៖ “តើមូលហេតុអ្វី ដែលត្រូវធ្វើការអនុម័ត​ច្បាប់​យ៉ាង​ប្រញាប់​បែបនេះនាពេលឥឡូវ? ហេតុអ្វីបានជាបញ្ហានៃសេរីភាពបញ្ចេញមតិ មិនត្រូវបានគេយកមកពិចារណា?”

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “លទិ្ធ​ប្រជា​ធិបតេយ្យ ត្រូវការឲ្យមានការពិភាក្សា និងមានគំនិតជំទាស់”។ អ្នកនាង បានបន្តទៀតថា៖ “ដោយ​អវត្ត​មាន​នូវ​សំឡេង​របស់គណបក្សប្រឆាំងទាំងអស់ ពីអង្គរដ្ឋសភាដ៏សំខាន់របស់ប្រទេសកម្ពុជា នោះស្ថាប័ននេះរំលោភ​ដល់​ការ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ ច្បាប់ដែលមានភាពចម្រូងចម្រាស ហើយដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន គឺមិន​មាន​ភាពត្រឹមត្រូវ”។

ប្រជាពលរដ្ឋកម្ពុជាជិតពីរលាននាក់ បានបោះឆ្នោតឲ្យគណបក្សប្រឆាំងដែលនាំមុខទាំងបីនៅក្នុងការបោះ​ឆ្នោត​សភា​អណត្តិ​មុន។ សំឡេងរបស់ប្រជាពលរដ្ឋទាំងនោះ មិនត្រូវបានអើពើនៅក្នុងស្ថាប័ននេះកាលពីសប្តាហ៍មុន។ ប្រសិន​បើ​គណបក្ស​​កាន់​អំណាច បន្តធ្វើការប្រជុំសភាដោយអធម្មនុញ្ញភាពបែបនេះ នោះគ្រប់ច្បាប់ទាំងអស់​ដែល​ត្រូវ​បាន​អនុម័ត ​នឹង​​ទុក​ជា​​គ្មាន​ន័យ និងមោឃៈ។ នៅពេលដែលព្រះមហាក្សត្រ ទ្រង់មិនទាន់បានឡាយព្រហស្ថ​លេខា​លើ​​ច្បាប់​​នេះ ​នោះ​​យើង​​ខ្ញុំ ​ដែល​ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមព្រះរាជទាន ទ្រង់​ព្រះ​មេត្តា​ប្រោស​បដិសេធ​​ក្នុង​​ការ​​ឡាយ​​ព្រហស្ថ​លេខា​លើច្បាប់នេះ រហូតដល់មាន ដំណើរការមួយដែលស្របនឹងរដ្ឋធម្មនុញ្ញ។

យើងខ្ញុំ ក៏កត់សម្គាល់ដោយក្តីបារម្ភជាខ្លាំងថា សកម្មភាពបែបនយោបាយដែលកើតនៅពេលនេះ អត្ថបទ​ច្បាប់​ដែល​មិន​ស្របនឹងរដ្ឋធម្មនុញ្ញ បានបន្តកាត់បន្ថយនូវឱកាសនៃអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនាពេល​ខាង​មុខ និង​ការ​បោះ​ឆ្នោត​ដោយសេរី និងយុត្តិធម៌។

លោកយ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា៖ “រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា បានបញ្ញត្តយ៉ាងច្បាស់ថាប្រទេសកម្ពុជាប្រកាន់យកនូវលទិ្ធប្រជាធិបតេយ្យសេរីពហុបក្ស”។ លោក បានមានប្រសាសន៍បន្តទៀតថា៖ “រដ្ឋធម្មនុញ្ញក៏បានបញ្ញត្តិយ៉ាងច្បាស់ថា ‘អំណាចទាំងអស់ជារបស់​ប្រជា​ពលរដ្ឋ’។ នៅពេលដែលមានតែគណបក្សមួយតំណាងនៅក្នុងស្ថាប័នរដ្ឋសភា នោះមានន័យថាមិនបាន​គោរព​គោល​ការណ៍​ប្រជា​ធិបតេយ្យ និងពហុបក្ស ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ”។

សេចក្តីថ្លែងការណ៍រួមនេះ គាំទ្រដោយអង្គការសង្គមស៊ីវិលកម្ពុជាខាងក្រោម៖

មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
មណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
សមធម៌កម្ពុជា (EC)
សមាគមអភិវឌ្ឍន៍កសិករ (FDA)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
សកម្មភាពប្រជាជនដើម្បីការផ្លាស់ប្តូរ (PAC)
សមាគមធាងត្នោត (STT)
គណៈកម្មធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់​នៃ​ការ​រើស​អើង​លើ​ស្រ្តី​ភេទ (NGO-CEDAW)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Center for Independent Media (CCIM)
២. Cambodian Food and Service Worker Federation (CFSWF)
៣. Cambodia's Independent Civil-Servants Association (CICA)
៤. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៥. Cambodian Worker Center for Development (CWCD)
៦. Cambodian Youth Network (CYN)
៧. Coalition of Cambodian Farmer Community (CCFC)
៨. Community Legal Education Centre (CLEC)
៩. Equitable Cambodia (EC)
១០. Farmer Development Association (FDA)
១១. Independent Democracy of Informal Economy Association (IDEA)
១២. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
១៣. People’s Action for Change (PAC)
១៤. Sahmakum Teang Tnaut (STT)
១៥. The Cambodian NGO Committee on CEDAW (NGO-CEDAW)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក​ យ៉េង វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ទូរស័ព្ទ​លេខ៖ ០១២ ៨០១ ២៣៥
 លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ឯករាជ្យ ទូរស័ព្ទ​លេខ៖ ០១២ ៥៩៨ ០៦៦
 អ្នក​នាង ណាលី ពីឡូក នាយិកា​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ ទូរស័ព្ទ​លេខ៖ ០១២ ៨០៣ ៦៥០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា