សេចក្តីថ្លែងការណ៍

សង្គម​ស៊ីវិល ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​កង​កម្លាំងរដ្ឋ និង​ការ​ស្លាប់ នៅ​អំឡុង​ពេល​បាតុកម្ម​ក្រោយ​ការ​បោះ​ឆ្នោត

ចេញផ្សាយ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំជាអង្គការសង្គមស៊ីវិល ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម មានការ​សោក​ស្តាយ​យ៉ាងខ្លាំង ចំពោះ​​សកម្មភាព​​របស់​​ក្រុម​​​នគរ​បាល​​ទៅ​​លើ​ក្រុម​យុវជន កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​​បណ្តាល​​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ នៅ​ពេល​ដែល​កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ បាន​ទទួល​បាន​ការ​អនុញ្ញាត ឲ្យ​ធ្វើ​ការ​បាញ់​ដោយ​ប្រើ​អាវុធ​ពិត ទៅ​លើ​ក្រុម​អ្នក​បាតុករ អ្នក​​ធ្វើ​​ដំណើរ​​​ពី​​កន្លែង​​មួយ​​​ទៅ​កន្លែង​មួយ​ជា​ទៀង​ទាត់ និង​ប្រជា​ពលរដ្ឋ​​ដែល​មាន​លំនៅ​ឋាន​ក្បែរ​នោះ។

បន្ទាប់ពីការធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទីមួយ ដែលត្រូវបានគ្រោង​​នឹង​រៀប​ចំ​​ឡើង​រយៈ​​ពេល​បីថ្ងៃ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ភាពតានតឹងបាន​កើន​ឡើង​យ៉ាង​ខ្លាំង នៅ​វេលា​យប់​ថ្ងៃ​អាទិត្យ។ រនាំងបន្លាលួស ត្រូវបានដាក់​ពង្រាយ​ដោយ​កាត់​ផ្តាច់​ចរាចរណ៍​សំខាន់​ៗ​មួយ​ចំនួន​ពេញមួយថ្ងៃ ដែល​បណ្តាល​ឲ្យ​ចរាចរណ៍​នៅ​ក្នុង​តំបន់​សំខាន់​ៗ​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ភាពច្របូក​ច្របល់។

នៅក្បែរស្ពានអាកាសព្រះមុនីវង្ស ក្រុមនគរបាល បានតបតដោយហិង្សា និងបានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក លើ​ក្រុម​ប្រជាពលរដ្ឋដែលកំពុងជាប់កកស្ទះក្នុងចរាចរណ៍ រួម​មាន​អ្នក​ធ្វើ​ដំណើរពី​កន្លែង​មួយទៅកន្លែង​មួយ​ជា​ទៀង​ទាត់ ប្រជា​ពលរដ្ឋ​ដែល​មាន​លំនៅឋានក្បែរនោះ និងក្រុមបាតុករ។ យោងតាមសាក្សីដែលបាន​ឃើញ​ហេតុ​ការណ៍​នោះ បានបញ្ជាក់ថា ភាពតានតឹង កាន់តែធ្ងន់ធ្ងរឡើងៗ នៅពេលដែលក្រុម​កង​រាជ​អាវុធ​ហត្ថ​បាន​​ត្រៀមបាញ់​​កាំ​ភ្លើង​ពិត។

លោក ម៉ៅ សុខចាន់ អាយុ ២៩ឆ្នាំ ត្រូវគ្រាប់ត្រង់ចំកណ្តាលថ្ងាស ហើយស្លាប់នៅនឹងកន្លែងភ្លាមៗ។ បុរស​ចំនួន ៩ នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ បុរស ៨ នាក់ ក្នុងចំនោម ៩នាក់ បាន​រង​របួស​ដោយ​គ្រាប់កាំភ្លើង។ បុរសជាច្រើនផ្សេងទៀត រួមមានទាំងយុវជន ត្រូវបានកង​កម្លាំង វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ។

បុរសម្នាក់ បានត្រូវរបួសបាក់ជើងខាងស្តាំ និងម្នាក់ទៀតរងរបួសកំភួនដៃខាងឆ្វេង ដោយសារគ្រាប់កាំភ្លើង។ បុរស​ទាំង​ពីរ​នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខែ្មរសូវៀត។ ចំណែកបុរស ម្នាក់ទៀត បានរង​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ បណ្តាលមកពីការវាយយ៉ាងដំណំ។ បុរស ៦នាក់ ផ្សេងទៀត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យ​កាល់​ម៉ែត្រ ហើយ​បុរស​ទាំង​នោះ សុទ្ធតែរងរបួសដោយគ្រាប់កាំភ្លើង។

ការឆ្លើយតបដំបូងពីក្រុមកងរាជអាវុធហត្ថ បានបង្ហាញឲ្យឃើញថា អាជ្ញាធរមានសមត្ថកិច្ច មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​ច្រើនហួសកម្រិតនោះទេ។ លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ​លើ​ផ្ទៃ​​ប្រទេស​​បាន​និយាយ​ទៅ​កាន់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ថា “បើពួកគេជាបាតុករល្អ ពួកគេមិនចេញមក​តវ៉ា​នៅ [ពេលយប់] នោះទេ … ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​មាន​សិទ្ធិ​ធ្វើការបង្ក្រាប”។

លោក ស មូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម បានមានប្រសាសន៍ថា៖ “វា​ហាក់​បី​ដូច​ជា​កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវបានទទួលបញ្ជាឲ្យប្រើប្រាស់អាវុធពិត បាញ់ទៅលើក្រុមប្រជាពលរដ្ឋ​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ ដោយមិនយកចិត្តទុកដាក់។” លោកបានបន្តទៀតថា៖ “នេះបានបង្ហាញឲ្យច្បាស់ថា ការប្រើ​កម្លាំង​នេះមិនមាន​ការ​​ចាំ​​បាច់ និង​មិន​​មានភាពស្មើគ្នា និងបង្ហាញនូវការមិនគោរពរបស់អាជ្ញាធរមកលើប្រជាពលរដ្ឋកម្ពុជា។”

នៅព្រឹកថ្ងៃនោះ ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរនោះ និងក្រុមបាតុករ បានព្យាយាម​បំផ្លាញ​រនាំង​​ដែល​ដាក់​ពង្រាយ​តាម​ផ្លូវធំៗ ក្នុងរាជធានីភ្នំពេញ ដូចជាផ្លូវទៅកាន់ព្រះបរមរាជវាំង និងសួនច្បារមាត់ទន្លេ ដែល​ប្រជា​​​ពលរដ្ឋ​តែង​ទៅ​បន់​ស្រន់។ មានរថយន្តសង្គ្រោះបន្ទាន់ក៏បានជាប់គាំងដែលមិនអាច ឆ្លងកាត់​ដើម្បីធ្វើ​ដំណើរ ទៅ​​កាន់​​មន្ទី​​ពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ។ នគរបាលបានព្យាយាមបំបែកក្រុមមនុស្ស ដោយប្រើរថយន្ត​បាញ់​ទឹក និងគ្រាប់បែកផ្សែង​បង្ហូរ​ទឹក​ភ្នែក ប៉ុន្តែ​បាតុកម្ម​ត្រូវ​បាន​បញ្ឈប់ ខណៈដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បាន​ប្រាប់​​ទៅ​ក្រុម​បាតុករ​ឲ្យ​ត្រលប់ទៅកាន់សួនប្រជាធិបតេយ្យវិញ។

ក្រុមបាតុករដែលគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជា៣០០០នាក់ បានបន្តស្នាក់នៅក្នុងសួន​ប្រជា​ធិបតេយ្យ​​នៅ​ពេល​​យប់ ដើម្បីបន្តការធ្វើបាតុកម្មអហិង្សារយៈពេលបីថ្ងៃ បើទោះបីជា រាជរដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​សួន​ប្រជា​ធិបតេយ្យ​នៅ​ម៉ោង៦ល្ងាចក៏ដោយ។

នៅថ្ងៃទីមួយនៃថ្ងៃធ្វើបាតុកម្ម មេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី និងលោក កឹម សុខា បាន​ដឹក​នាំ​ក្រុម​បាតុករ​ផ្សេង​ៗពីគ្នា ដោយដើរពីខណ្ឌទួលគោក និងខណ្ឌមានជ័យ។ ការហែក្បួន បានធ្វើឲ្យមានកំនើន​​មនុស្ស​កើន​ឡើង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ទៅកាន់សួនប្រជាធិបតេយ្យ ដែលមានអ្នកគាំទ្រប្រមាណជាង ៣០០០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា ដើម្បីចាំស្តាប់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ស្វែងរកដំណោះស្រាយ ចំពោះភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរ​នៃការបោះឆ្នោត។ មហាបាតុកម្មនេះ នឹងបន្ត ក្នុងរយៈពេលពីរថ្ងៃទៀត។ នៅព្រឹកថ្ងៃច័ន្ទ អ្នកដឹកនាំ និង​អ្នក​តំណាង​​មក​ពី​គណបក្សប្រជាជន និងសង្គ្រោះជាតិ បានជួបគ្នានៅរដ្ឋសភាដើម្បីស្វែងរកដំណោះស្រាយនយោបាយ។

អ្នក​នាង ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “អ្នក​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ត្រូវតែប្តេជ្ញាយកគោលការណ៍សិទ្ធិមនុស្ស និងការការពារ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​អាទិ​ភាព នៅ​ក្នុង​កិច្ច​ពិភាក្សា​នយោបាយ​នៅ​ថ្ងៃ​ខាងមុខ។” អ្នកនាងបានបន្តទៀតថា៖ “សោកនាដកម្មដែល​បាន​កើត​ឡើង​នេះ បាន​បង្ហាញ​ថា ប្រសិនបើគ្មានការប្តេជ្ញាចិត្តទាំងនេះទេ វានឹងមិនអាចធានាឲ្យមានសន្តិភាព និង​សន្តិ​សុខ​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ទេ។”

ពេញមួយថ្ងៃនោះ អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ បានអំពាវដោយការលើកទឹកចិត្តចំពោះអ្នកគាំទ្រ ឲ្យ​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវីធី និង​អត់​ធ្មត់​ពី​អំពើហិង្សា។ ក្រុមអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ បានចុះធ្វើអន្តរាគមន៍​ជា​ច្រើន​ដង ក្នុង​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង នៅឯផ្លូវមួយចំនួនដែលត្រូវបានគេបិទ។

លោកទីម ម៉ាឡៃ ជាប្រធានបណ្តាញយុវជនកម្មកម្ពុជាបានមានប្រសាសន៍ថា៖ “សោកនាដ​កម្ម​នេះ​មិន​អាច​ជៀស​ផុត​ទាំង​ស្រុង​បាន​ទេ។” លោកបានបន្តទៀតថា៖ “ពួកយើងត្រូវការដឹងថា តើអ្នកណាជាអ្នកបញ្ជា​កងកម្លាំង​​ឲ្យ​បាញ់​កាំភ្លើង​ពិត។ ការឆ្លើយតបរបស់ក្រុមប៉ូលីសទាំងនោះមិនមានភាពស្មើគ្នាទៅនឹងការគម្រាមកំហែង ដែល​បង្ក​ដោយ​ក្រុម​បាតុករ​យុវជន​នោះទេ។”

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមអំពាវនាវដល់អាជ្ញាធរទាំងអស់ សូម​លោក​មេត្តា​អនុវត្ត​ឲ្យ​បានម៉ត់ចត់ត្រឹមត្រូវ ហើយឲ្យមានការស៊ើបអង្កេតដោយឯករាជ្យពេញលេញទៅលើ ឧប្បត្តិវ​ហេតុ​នៃ​ការ​ប្រើ​ប្រាស់​កម្លាំង​លើស​កម្រិត​កាល​ពីម្សិលមិញនេះ រួមទាំងអ្នកបញ្ជាក្រុមកងកម្លាំងឲ្យធ្វើការបាញ់កាំភ្លើង ហើយ​នឹង​កាលៈ​ទេសៈ​ដែល​ត្រូវ​បាន​អនុញាតិឲ្យធ្វើនោះ។ បុគ្គលណាមួយដែលត្រូវបានរកឃើញពីការទទួល​ខុស​ត្រូវ​លើការ​រំលោភ​សិទ្ធិ​មនុស្ស ត្រូវ​តែ​នាំ​មក​ផ្តន្ទា​ទោស​ភ្លាមៗ ហើយនឹងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងគ្រួសារ​របស់​អ្នក​ទាំង​នោះ។

សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
បន្ទាយស្រី
សហគមន៍បឹងកក់ (BKL)
សហគមន៍បុរីកីឡា (BK)
អង្គការអនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
សហភាពសហជីពកម្ពុជា (CCU)
សហព័ន្ធសហជីព កម្មករចំនីអាហារ និងសេវាកម្ម (CFSWF)
សមាគមន្ត្រីរាជការកម្ពុជា (CICA)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
ពង្រឹងអំណាចយុវជននៅកម្ពុជា (EYC)
សមធម៌កម្ពុជា (EC)
សមាគមអភិវឌ្ឍន៍កសិករកម្ពុជា (FDA)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
ក្រុមនាំសារ (MB)
គណៈកម្មាធិកាអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (NICFEC)
ចលនាប្រជាពលរដ្ឋសម្រាប់ការផ្លាស់ប្តូរ (PAC)
សមាគមធាងត្នោត (STT)
ចលនាសង្គមដើម្បីការផ្លាស់ប្តូរ (SAC)
ស្ត្រីខ្មែរ
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
សហគមន៍ថ្មគោល

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Action for Environment and Community (AEC)
២. Banteay Srei
៣. Boeung Kak Lake Community (BKL)
៤. Borei Keila Community (BK)
៥. CamASEAN
៦. Cambodian Center for Independent Media (CCIM)
៧. Cambodian Confederation Unions (CCU)
៨. Cambodian Food and Service Worker Federation (CFSWF)
៩. Cambodia's Independent Civil-Servants Association (CICA)
១០. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១១. Cambodian Worker Center for Development (CWCD)
១២. Cambodian Youth Network (CYN)
១៣. Coalition of Cambodian Farmer Community (CCFC)
១៤. Community Legal Education Centre (CLEC)
១៥. Community Peace-Building Network (CPN)
១៦. Empowering Youth in Cambodia (EYC)
១៧. Equitable Cambodia (EC)
១៨. Farmer Development Association (FDA)
១៩. Independent Democracy of Informal Economy Association (IDEA)
២០. Messenger Band (MB)
២១. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
២២. People’s Action for Change (PAC)
២៣. Sahmakum Teang Tnaut (STT)
២៤. Social Action for Change (SAC)
២៥. Strey Khmer
២៦. The Cambodian NGO Committee on CEDAW (NGO-CEDAW)
២៧. Thmor Kol Community

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទិ្ធមនុស្ស លីកាដូ ទូរស័ព្ទ​លេខ៖ ០១២ ៣២៧ ៧៧០
 លោក ស ម៉ូរា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម ទូរស័ព្ទ​លេខ៖ ០១៦ ៥២៥ ៧៨១
 លោក ទីម ម៉ាឡៃ ជាប្រធាន​បណ្តាញ​យុវជន​កម្ម​កម្ពុជា ទូរស័ព្ទលេខ៖ ០១៧ ៩៩០ ៦៨៩

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា