សេចក្តីថ្លែងការណ៍

រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​ម្ចាស់​ជំនួយ​ត្រូវ​តែ​ចាត់​វិធាន​ការណ៍​ការពារ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា

ចេញផ្សាយ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

ការព្រួយបារម្ភយ៉ាងខ្លាំង អំពី​ការ​ប្រើ​កម្លាំង​ដ៍​ហួស​ប្រមាណ​ជា​ថ្មី​ម្តង​ទៀត​ពី​អាជ្ញាធរ​កម្ពុជា ដើម្បី​រារាំង និង​កម្រិត​ការ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​ដោយ​អហិង្សា និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម សូម​អំពាវ​នាវ ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​បរទេស សូម​ឲ្យ​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​ការពារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ពី​ភាព​ដុន​ដាប​បន្ត​ទៅ​ទៀត។

កាលពីថ្ងៃម្សិលមិញ ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានកោះប្រជុំ អង្គសភាជាតិដំបូងនៃនីតិកាលទី៥ នៅក្នុងរាជធានីភ្នំពេញ ទោះ​បី​ជា​មាន​ការ​ធ្វើ​ពហិកា​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ដ៍​ធំ​មួយ និង​ញត្តិ​ជា​ច្រើន​ពី​ប្រជាពលរដ្ឋ ហើយ​និង​ការ​តវ៉ា​អំពាវ​នាវ​ទូល​សុំ​ព្រះ​មហា​ក្សត្រ ទ្រង់​ពន្យា​ពេល​នៃ​ការ​បើក​ប្រជុំ​អង្គ​សភា​ក៏​ដោយ។ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដោយ​ឯក​រាជ្យ និង អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​បង្ហាញ​អំពី​ភាព​អយុត្តិ​ធម៌​ដែល​​កើត​មាន​ជា​លក្ខណៈ​ប្រព័ន្ធ និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ជុំវិញ​ការ​បោះ​ឆ្នោត​ជាតិ នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ដែល​ជំរុញ​ឲ្យ​មាន​លទ្ធផល​ជា​ផ្លូវ​ការ ក្នុង​ផ្តល់​ជ័យ​ជំនៈ​តិចតួច​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ដ៏​យូរ ហើយ​លទ្ធផល​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

ចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខែកញ្ញា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​មហា​បាតុកម្ម​ដោយ​អហិង្សា​ដ៍​ធំ​មួយ​នៅ​ក្នុង​ទី​ក្រុង​​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​លទ្ធផល​បោះឆ្នោត។ ក៏ប៉ុន្តែ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​នូវ​របាំង​ខ្សែ​លួស​យ៉ាង​មុត​ស្រួច​ជា​ច្រើន​បិទ​ផ្លូវ និង​កង​កម្លាំង​សន្តិ​សុខ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដែល​បាន​កម្រិត​នូវ​លទ្ធភាព​របស់​ប្រជា​ពលរដ្ឋ​សាមញ្ញ​ក្នុង​ការ​ដើរ​ហើរ​ជុំវិញ​ទីក្រុង និង​ជំរុញ​ឲ្យ​កើត​ឡើង​នូវ​អំពើ​ហិង្សា ដែល​បាន​ប៉ះ​ទង្គិច​គ្នា នៅ​ពេល​ល្ងាច​ថ្ងៃទី​១៥ ខែ​ក​ញ្ញា ឆ្នាំ​២០១៣។ នៅ​យប់​នោះ កង​កម្លាំង​សន្តិ​សុខ​បាន​បាញ់​រះ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​មនុស្ស​មួយ​ចំនួន​ទៀត​ទទួល​​រង​​របួស។

ការ​បិទផ្លូវ និងកងកម្លាំងសន្តិសុខ ត្រូវបានពង្រាយមុនពេលបើកអង្គប្រជុំសភាកាលពីថ្ងៃម្សិលមិញ និង កង​កម្លាំង​ដែល​សេស​សល់ បាន​ដាក់​នៅ​ទីតាំងផ្សេងៗទៀតជាច្រើន នេះជាការការពារប្រជាពលរដ្ឋមិនឲ្យទៅជិតរដ្ឋសភា និង ធ្វើ​ឲ្យ​កំហឹង​​ចេះ​​តែ​​កើន​​ឡើងដែលជាការប្រឈមមុខដោយអហិង្សារវាងកងកម្លាំងសន្តិសុខ និង​ប្រជា​ពល​រដ្ឋ​បានត្អូញ​ត្អែរ​អំពី​ការ​បិទ​ផ្លូវ។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍ចំនួនពីរ ដែលកើតឡើងនៅប៉ុន្មានថ្ងៃមុនេះ គឺអាជ្ញាធរបានបញ្ជាឲ្យបំបែក ការ​ជួប​ជុំ​ដើម្បី​សន្តិភាព នៅ​វត្ត​ភ្នំ​នៅ​កណ្តាលរាជធានីភ្នំពេញ ដើម្បីទាមទារនូវអ្វីដែលអ្នកចូលរួមបានបរិយាយ គឺ​ភាព​យុត្តិធម៌​នៃ​ការ​បោះ​ឆ្នោត។ សកម្មភាពទាំងនេះ បានបង្ហាញនូវការមិនយកចិត្តទុកដាក់ជាញឹកញយ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ជុំ​ដោយ​អហិង្សា និង ធ្វើឲ្យមហាជនកាន់តែមិនពេញចិត្ត។

នៅព្រឹត្តិការណ៍ទីមួយ គឺនៅយប់ថ្ងៃទី២០ ខែ កញ្ញា កងកម្លាំងសន្តិសុខជាច្រើនរយនាក់ ដែល​ជាអាទិភាព​នៃ​ផ្នែក​មួយ​នៃ​កង​កម្លាំង​នគរ​បាល បានបំបែកការជួបជុំដោយអហិង្សាដែលដឹកនាំដោយព្រះអង្គម្ចាស់ស៊ីសុវត្តិ ធម្មិកោ មន្ត្រី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលបានធ្វើកូដកម្មអត់ព្រះស្ងោយ នៅវត្តភ្នំ ជាកន្លែងដែលព្រះអង្គត្រូវបាន​រួម​ព្រះ​ដំណើរ​ដោយ​ព្រះ​សង្ឃ​ជា​ច្រើនអង្គ និងអ្នកគាំទ្រជាច្រើននាក់ទៀត។

នៅព្រឹត្តិការណ៍ទីពីរ និងជាព្រឹត្តិការណ៍ដែលកើតមានអំពើហិង្សា នៅយប់ថ្ងៃទី២២ ខែកញ្ញា “កងកម្លាំងចំរុះ” ដែល​រួម​មាន​នគរ​បាល និងកងរាជអាវុធហត្ថដែលមានអាវុធ ហើយនិងអាជ្ញាធរស្លៀកពាក់ស៊ីវិលដែលប្រដាប់ដោយដំបងឆក់ និង​ជំ​ពាម​កៅ​ស៊ូ បានធ្វើការបំបែកយ៉ាងហិង្សានូវការប្រមូលផ្តុំដោយអហិង្សានៅវត្តភ្នំ ដែល​ការ​ប្រមូល​ផ្តុំ​បាន​ធ្វើ​ឡើង​ដោយ​ប្រជា​ពលរដ្ឋ​ដែល​ទទួលរងផលប៉ះពាល់ពីការបណ្តេញចេញពីគេហដ្ឋាន​របស់​អ្នក​ទាំងនោះ​ពី​តំបន់​បឹង​កក់ ២ ក្នុង​រាជ​ធានី​ភ្នំពេញ។ អ្នកចូលរួមកំពុងទាមទារជាថ្មីម្តងទៀតឲ្យមានភាពយុត្តិធម៌សម្រាប់ការបោះឆ្នោត និងអំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជនការពារសិទិ្ធដីធ្លីដែលត្រូវបានជាប់ពន្ធនាគារ ដូចជាអ្នកស្រី យ៉ោម បុប្ផា។ អ្នក​ចូល​រួម​ប្រមូល​ផ្តុំ​រួម​មាន​ស្ត្រី និង​កុមារ ហើយការប្រមូលផ្តុំរបស់អ្នកទាំងនោះ ក៏ត្រូវបានឃ្លាំមើល​ដោយ​អ្នក​សង្កេត​ការណ៍​សិទិ្ធ​មនុស្ស​ជា​ច្រើន​នាក់​ផង​ដែរ។

ចាប់ពីម៉ោងប្រហែល ១០:៣០ នាទី យប់ កងកម្លាំងសន្តិសុខជាច្រើននាក់ ជាមួយនឹងអាជ្ញាធរស្លៀកពាក់ស៊ីវិល បាន​ចុះ​ប្រតិ​បត្តិ​ការ​ទៅ​លើ​ក្រុម​បាតុករ​មួយក្រុម ប្រហែល ២០នាក់ និងក្រុមគ្រួសាររបស់អ្នកទាំងនោះ ដោយ​ប្រើ​ប្រាស់​នូវ​ដំបង​ឆក់ ជំពាមកៅស៊ូ និងដំបងដើម្បីបង្ក្រាប។ អ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្សជាតិ និងអន្តរជាតិ ហើយ​និង​អ្នក​កាសែត នៅកន្លែងកើតហេតុ ក៏ក្លាយជាមុខសញ្ញាក្នុងការបង្ក្រាបផងដែរ លើសពីនេះក្នុងចំនោមអ្នកទាំងនោះ មាន​ម្នាក់​ត្រូវ​បាន​គម្រាម​ជាមុន ដោយមន្ត្រីកងកម្លាំង នៅមុនពេលអំពើហិង្សាត្រូវបានចាប់ផ្តើមឡើងថា លុះត្រាតែអ្នក​ចាក​ចេញ​ពី​ទី​នោះ​ឲ្យ​បានឆាប់ បើមិនដូច្នោះទេអ្នកនឹងអាចត្រូវបានសម្លាប់នៅពេលសកម្មភាពហិង្សាកើតឡើង។ យោង​តាម​សាក្សី​មួយ​ចំនួន ដំបូងកងកម្លាំងសន្តិសុខកំពុងឈរ លុះដល់ពេលដែលអំពើហិង្សាកើតមានកាន់តែខ្លាំងឡើង កង​កម្លាំង​សន្តិសុខ​នោះ​ក៏​បាន​ចូលរួមក្នុងការវាយតប់ដោយហិង្សា។ អ្នកតំណាងសហគមន៍យ៉ាងតិចណាស់ចំនួន ១០ នាក់​បាន​រង​របួស រួមមានស្ត្រីអាយុ ៧២ ឆ្នាំម្នាក់ និងស្ត្រីចំនួន ៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទិ្ធមនុស្សម្នាក់បានរងរបួសលើទ្រូង។ អ្នកកាសែតជាច្រើននាក់ ត្រូវបានឆក់ ហើយ​ម៉ាស៊ីន​ថត​រូប​របស់​អ្នក​កាសែត​ម្នាក់ ត្រូវ​បាន​បំផ្លាញ។

អង្គការដែលមានរាយនាមដូចខាងក្រោម មិនអាចទទួលយកបានឡើយចំពោះការប្រើប្រាស់កម្លាំងហួសកម្រិត និង​មិន​មាន​លក្ខណៈ​ចាំ​បាច់​ពី​សំណាក់អាជ្ញាធរ ទោះបីជាមានការប្តេជ្ញាចិត្តរួមរវាង​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស​សង្គ្រោះ​ជាតិ និងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ក្នុងការបញ្ឈប់នូវអំពើហិង្សា ឬ​ការ​ប្រើ​ប្រាស់​អាវុធ​គ្រប់​ប្រភេទ​ដែលអាចបណ្តាលឲ្យបាត់បង់ជីវិត ឬរងរបួសក៏ដោយ។ ព្រឹត្តិការណ៍ថ្មីៗនេះ បានធ្វើឲ្យ​កើត​មាន​នូវ​សំណួរ​ជា​ច្រើន​អំពី​ឆន្ទៈ ឬក៏សមត្ថភាពរបស់អាជ្ញាធររបស់រាជរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ ក្នុងការគោរព និង​ការពារ​នូវ​សិទិ្ធ​ជា​មូល​ដ្ឋាន​ក្នុង​ការ​បញ្ចេញ​នូវមតិរបស់ប្រជាពលរដ្ឋដោយអហិង្សា។

ជាថ្មីម្តងទៀត យើងខ្ញុំ សូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមមេត្តាប្តេជ្ញាជាសាធារណៈថា នឹងគោរពនូវសិទិ្ធ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា​ដោយ​អហិង្សា និងសិទិ្ធដែលពាក់ព័ន្ធដទៃទៀត ដោយបញ្ជាក់ថាកងកម្លាំងសន្តិសុខទាំងអស់ និង​មន្ត្រី​រាជ​រ​ដ្ឋា​ភិបាល​ទាំងអស់ ត្រូវតែជួយសម្របសម្រួលឲ្យប្រជាពលរដ្ឋអាចអនុវត្តនូវសិទិ្ធទាំងនោះបាន។ រាជ​រដ្ឋា​ភិបាល​គួរ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គោរព​សិទិ្ធទាំងឡាយនិងដាក់វិធានការណ៍នានាក្នុងការធានានិង​ដាក់​វិ​ធាន​ការណ៍​នានាក្នុង​ការ​ធានា​នូវ​​ការ​ការ​ពារ នៃអ្នកការពារសិទិ្ធមនុស្ស និងអ្នកធ្វើការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលអ្នកទាំងពីរមាន​តួនាទី​ស្រប​ច្បាប់​នៅ​ក្នុង​សង្គម ។ យើងខ្ញុំក៏សូមអំពាវនាវឲ្យមានការស៊ើបអង្កេតដ៏ម៉ត់ចត់ អព្យាក្រិត តម្លាភាព និងទាន់ពេលវេលា ទៅ​លើ​ការ​ប្រើ​ប្រាស់​កម្លាំងដោយខុសច្បាប់។ អ្នកដែលត្រូវបានកំណត់ថាជាអ្នកទទួលខុសត្រូវ ទោះបីជា​មាន​ឋានៈ​បុណ្យ​សក្តិ​កម្រិតណាក៏ដោយ គួរតែត្រូវបានយកមកផ្តន្ទាទោសនៅក្នុងតុលាការដែលយុត្តិធម៌។

រដ្ឋាភិបាលបរទេស និងអង្គការសហប្រជាជាតិ គួរតែនិយាយ និងសំដែងនូវភាពមិនពេញចិត្តទៅលើការរំលោភ​សិទិ្ធ​ក្នុង​ការ​ជួប​ជុំ​គ្នា​ដោយ​អហិង្សា និងសិទិ្ធដែលពាក់ព័ន្ធដទៃទៀត។ ដូចដែលយើងខ្ញុំបានអំពាវនាវពីដំបូង ជា​កិច្ចការ​បន្ទាន់ រដ្ឋា​ភិបាល​បរទេស គួរតែធ្វើសេចក្តីថ្លែងការណ៍មួយដែលរឹងប៉ឹងក្នុងការអំពាវនាវដល់រាជរដ្ឋាភិបាល និង​កង​កម្លាំង ឲ្យ​គោរព ការពារ និងលើកកំពស់សិទិ្ធរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការជួបជុំគ្នាដោយអហិង្សា និង​សិទិ្ធ​ដទៃ​ទៀត ទោះ​បី​ជា​មាន​ទស្សនៈនយោបាយខុសគ្នាក៏ដោយ។ អ្នកទាំងនោះ គួរតែធានាថា អ្នកការពារសិទិ្ធមនុស្ស និង​អ្នក​​កាសែត​មួយ​ចំនួន អាចអនុវត្តការងារដ៏សំខាន់របស់ពួកគេ ដោយសុវត្ថិភាព ជៀសពីអំពើហិង្សា ការគម្រាមកំហែង និង​ការ​បំភិត​បំភ័យ។

ចុះហត្ថលេខាដោយ៖

អង្គការលើកលែងទោសអន្តរជាតិ
មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា
មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ
អង្គការឃ្លាំមើលការរំលោភសិទិ្ធមនុស្ស

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Amnesty International
២. Cambodian Center for Human Rights
៣. Cambodian Center for Independent Media
៤. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៥. Human Rights Watch

PDF៖ ទាញយកសេចក្តីថ្លែងការណ៍
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា