សេចក្តីថ្លែងការណ៍

តុលាការ​កំពូល​ប្រទេស​កម្ពុជា បាន​សម្រេច​ឲ្យ​ឃាតករ​សប្ប​និម្មិត​ទាំង​ពីរ​រួច​ផុត​ពី​បទ​ចោទ

ចេញផ្សាយ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

សុក សំ​អឿន (ឆ្វេង) និង​ប៊ន សំ​ណាង (ស្តាំ) នៅ​ឯ​តុលាការ​កំពូល​នា​ព្រឹក​នេះ

យើងខ្ញុំជាអង្គការសង្គមស៊ីវិល មាន​រាយ​នាម​ដូច​ខាង​ក្រោម សូម​អប​អរ​សាទរ​សេចក្តី​សម្រេច​ដ៏​យឺត​មួយ ដែល​ត្រូវ​បាន​ចេញ​ដោយ​តុលាការ​កំពូល​នារ​សៀល​ថ្ងៃ​នេះ ក្នុង​ការ​ដោះ​លែង ប៊ន សំ​ណាង និង​សុក សំ​អឿន និង​ឲ្យ​អ្នក​ទាំង​ពីរ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។

ប៊ន សំណាង និងសុក សំអឿន បានក្លាយជាឃាតករសប្បនិម្មិត នៅឆ្នាំ២០០៤ ពីបទឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា។ ទោះ​ជា​មិន​មាន​ភស្តុតាង​ណា​មួយ​ដែល​គួរ​ឲ្យ​ជឿក៏ដោយ ក៏អ្នកទាំងពីរនៅតែត្រូវបាន​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ចំនួន ២០​ឆ្នាំ ពី​បទ​ឃាត​កម្ម នៅក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ កាល​ពី​ឆ្នាំ ២០០៥។ អ្នកទាំងពីរ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ នៅខែធ្នូ ឆ្នាំ២០០៨ ដោយ​តុលាការ​កំពូល ដែល​បាន​បញ្ជា​ឲ្យ​មាន​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ ទៅលើការសំលាប់នេះ នៅ​ខណៈ​ពេល​ដែល​មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ពី​ភាព​គ្មាន​ទោស​របស់​អ្នក​ទាំង​ពីរ។

អ្នកទាំងពីរ ត្រូវបានចាប់ខ្លួនម្តងទៀតកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីសាលាឧទ្ធរណ៍ បាន​ធ្វើ​សេចក្តី​សម្រេច​យ៉ាង​​តក់​​ស្លុត​​មួយ ដោយតម្កល់សាលដីការដំបូងរបស់ខ្លួន ហើយបញ្ជាឲ្យបញ្ជូនអ្នកទាំងពីរ​ត្រឡប់​ចូល​ពន្ធ​នាគារ​វិញ ដើម្បី​ជាប់​ទោស​ដែល​នៅ​សល់របស់អ្នកទាំងពីរ។ សវនាការសាលាឧទ្ធរណ៍នៅឆ្នាំ ២០១២ មិន​បាន​ផ្តល់​ភស្តុតាង​ថ្មី​ណា​មួយ​ដាក់​បន្ទុក​ទៅ​លើ ប៊ន សំណាង និងសុក សំអឿន នោះទេ ហើយបានបដិសេធជាប្រព័ន្ធ និង​ព្រងើយ​កន្តើយ​នូវ​សាក្ខីកម្ម និ​ងភស្តុតាងនានា ដែលបង្ហាញពីភាពគ្មានទោសរបស់អ្នកទាំងពីរទៀតផង។

ជារួម អ្នកទាំងពីរបានជាប់ពន្ធនាគារអស់រយៈពេលជាង ៥ឆ្នាំ។

ចៅក្រម នាថ្ងៃនេះ បានលើកឡើងនូវភាពខ្វះខាតភស្តុតាងដែលគួរឲ្យជឿបាន ជាមូលហេតុនៃការ​អនុញ្ញាត​ឲ្យ​​អ្នក​ទាំង​ពីរ​​រួចផុតពីការចោទប្រកាន់ និងដោះលែងអ្នកទាំងពីរវិញ។ នៅពេលដែលការសម្រេចនេះ ត្រូវ​បាន​គេ​អប​អរសាទរ​យ៉ាង​ច្រើនលើសលុប ចៅក្រមបែរជាហាមឃាត់ជាឱឡារិកដល់អ្នកទាំងពីរ ក្នុងការមិនអនុញ្ញាត​ឲ្យ​ទាម​ទារ​ការ​ជុស​ជុល​ផ្នែក​ហិរញ្ញ​វត្ថុ​ទៅ​លើ​ទោស​ពន្ធ​នាគារ​ដែលខ្លួនបានជាប់អស់រយៈពេល ៥ឆ្នាំ និងបទល្មើសដែលខ្លួន​ត្រូវ​បាន​ចោទ​​ប្រកាន់​អស់​រយៈ​ពេល ៨ឆ្នាំ ដោយមិនត្រឹមត្រូវ និងមិនដែលបានប្រព្រឹត្ត។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “ប៊ន សំណាង និងសុក សំ​អឿន ត្រូវ​បាន​ដកហូតសិទិ្ធសេរីភាព និងដាក់ឲ្យនៅដាច់ឆ្ងាយពីក្រុមគ្រួសាររបស់អ្នកទាំងពីរអស់ពេលជាច្រើនឆ្នាំ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយមិនត្រឹមត្រូវចាប់តាំងពីឆ្នាំ ២០០៥។ អ្នកទាំងពីរ គួរតែត្រូវបាន​អនុញ្ញាត​ឲ្យ​ទាម​ទារ​សំណង​ការខូចខាតសម្រាប់ភាពអយុត្តិធម៌នេះ”។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ឃាតកម្មលើលោក ជា វិជ្ជា ដែលជាមេដឹកនាំសហជីព​ល្បី​ឈ្មោះ​បំផុត​ម្នាក់​របស់​ប្រទេស​កម្ពុជា នៅកណ្តាលថ្ងៃ ហើយនៅកណ្តាលរាជធានីភ្នំពេញ បានធ្វើឲ្យមានការមិនពេញចិត្តទូទាំងប្រទេស និង​ទាម​ទារ​ឲ្យ​ចាប់​ខ្លួន​ឃាត​ករ​ដែលបានសម្លាប់លោក ជា វិជ្ជា មកកាត់ទោស។ នៅក្នុងរយៈពេលមួយសប្តាហ៍ នគរ​បាល​បាន​ចាប់​ខ្លួន​ប៊ន សំណាង និងសុក សំអឿន បន្ទាប់ពីមានការធ្វើការស៊ើបអង្កេតដែលមានភាពមិន​ត្រឹម​ត្រូវ​ជា​ច្រើន។

លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា៖ “យើង​ខ្ញុំ​មាន​សេចក្តី​សប្បាយ​រីក​រាយ​យ៉ាងខ្លាំងនូវលទ្ធផលនាថ្ងៃនេះ ប៉ុន្តែនេះមិនមែនជាទីបញ្ចប់នោះទេ។ នេះ​គួរ​តែ​ជា​ឱកាស​ក្នុង​ការ​ក្រឡេកមើលឲ្យបានត្រឹមត្រូវនូវការស្លាប់ដ៏សោកសៅបំផុត ក្នុងចំណោមការស្លាប់ដ៏សោកសៅជាច្រើន នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មីៗ​នេះ​របស់​ប្រទេស​កម្ពុជា។ ការស៊ើបអង្កេតដ៏ត្រឹមត្រូវមួយ គួរតែត្រូវបានបើកឡើងវិញ មិន​ត្រឹម​តែ​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់លោក ជា វិជ្ជា ប៉ុណ្ណោះទេ ហើយថែមទាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វប្បធម៌​និទណ្ឌ​ភាព​នៅ​ក្នុងប្រទេសកម្ពុជា”។

បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN)
សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សមាគមធាងត្នោត (STT)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Domestic Worker Network (CDWN)
២. Cambodian Food and Service Worker Federation (CFSWF)
៣. Cambodia's Independent Civil-Servants Association (CICA)
៤. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៥. Cambodian Youth Network (CYN)
៦. Coalition of Cambodian Farmer Community (CCFC)
៧. Community Legal Education Centre (CLEC)
៨. Community Peace-Building Network (CPN)
៩. Independent Democracy of Informal Economy Association (IDEA)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍, ទូរស័ព្ទលេខ៖ ០១២ ៩២១ ៩៦១
 លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា