សេចក្តីថ្លែងការណ៍

កម្ពុជា៖ ការរំខាន ការ​ឃាត់​ខ្លួន និង​ការ​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅតែ​បន្ត​កើត​មាន​ឡើង

ចេញផ្សាយ ថ្ងៃទី​២២ ខែមករា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

រាជធានី​ភ្នំពេញ រដ្ឋ​ធានី​ប៉ារីស និងរដ្ឋធានី​សឺណែវ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤៖ សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស (FIDH) និងអង្គការ​ពិភពលោក​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម (OMCT) នៅក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការិយាល័យ​ស៊ើបអង្កេត​សម្រាប់​ការ​ការពារ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដែល​អាជ្ញាធរ​កម្ពុជា​បាន​បន្ត​ធ្វើ​ការ​រំខាន ការ​ឃាត់​ខ្លួន​ដោយ​ខុស​ច្បាប់ និង​ការ​ឃុំខ្លួន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

លោក Karim Lahidji ប្រធាន​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស (FIDH) បាន​មាន​ប្រសាសន៏​ថា៖ “រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​តាម​ច្បាប់​អន្តរជាតិ ហើយ​ធានា​ឲ្យ​បាន​ថា​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាច​អនុវត្ត​សកម្មភាព​អហិង្សា​របស់​ពួក​គេ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពីការ​រំខាន ឬការ​ឃាត់​ខ្លួន​ដោយ​ខុស​ច្បាប់​ណា​មួយ​ឡើយ”។ លោក​បាន​បន្ត​ទៀត​ថា៖ “ទាំង​អស់​នេះ​ក៏រួម​បញ្ចូល​ទាំង​ការ​ដាក់​បម្រាម​ហាម​ឃាត់​ក្នុង​ការ​ធ្វើ​បាតុកម្ម​ជា​សាធារណៈ ដែល​ផ្ទុយ​ទៅ​នឹង​មាត្រា ២១ នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តី​អំពី​សិទ្ធ​របស់​ប្រជាពលរដ្ឋ និង​សិទ្ធិ​នយោបាយ ក្នុង​នាម​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ភាគី”។

កាលពីព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៤ កងសន្តិសុខ​បាន​ឃាត់ខ្លួន និង​បញ្ជូន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ១១​នាក់ ទៅ​ឃុំឃាំង​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​១១​នាក់​នោះ បាន​ព្យាយាម​ដាក់​ញាតិ្ត​ទៅ​កាន់ស្ថាន​ទូត​បរទេស​មួយ​ចំនួន រួម​មាន​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក និង​ស្ថាន​ទូត​បារាំង ដើម្បី​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ដោះលែង​បាតុករ​ចំនួន ២៣​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ការ​ឃាត់​ខ្លួន​ក្នុង​ខណៈ​ពេល​ដែល​មាន​ការ​បង្រ្កាប​ទៅ​លើ​ក្រុម​កម្មករ​រោងចក្រ​កាល​ពី​ថ្ងៃទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ កន្លង​មក។ ខណៈ​ពេល​ដែល​ពុំ​មាន​មូល​ហេតុ​ច្បាស់​លាស់​ណា​មួយ​ក្នុងការ​ឃាត់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ១១​នាក់​នោះ ការ​ឃាត់​ខ្លួន​នេះ​ត្រូវ​បាន​គេ​ជឿ​ជាក់​យ៉ាង​ច្បាស់​ថា អ្នក​ទាំង​នោះ នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​សារ​តែ​ពួក​គេ​បាន​ល្មើស​នឹង​បម្រាម​ផ្ទាល់​មាត់​របស់​ក្រសួង​មហាផ្ទៃ​នៃ​ព្រះ​រាជា​ណាចក្រ​ម្ពុជា ដែល​បាន​ចេញ​កាល​ពីថ្ងៃទី​៤ ខែ​មករា ថា៖ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំជា​សាធារណៈ​ណា​មួយ​លើសពី​ចំនួន​ ១០​នាក់​ឡើយ។

បាតុករ​ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន កាល​ពីថ្ងៃ​ទី២១ ខែ​មករា កន្លង​មក​នេះ រួម​មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មកពី​សហគមន៍​បឹងកក់ អ្នក​ស្រី ទេព វណ្ណី, អ្នក​ស្រី យ៉ោម បុប្ផា ,កញ្ញា សុង ស្រី​លាភ, អ្នក​ស្រី ផាន់ ឈុន រ៉េត, អ្នក​ស្រី អ៊ឹម ស្រី​ទូច, កញ្ញា បូវ សោភា និង អ្នក​ស្រី ងួន គឹម​ឡាង, ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា លោក រ៉ុង ឈុន, សមាជិក​សម្ព័ន្ធ​សហជីព​កម្ពុជា កញ្ញា ឈៀង ធីតា, បុគ្គលិក​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន, កញ្ញា ឡុង គឹម​ហៀង និង​សកម្មជន​សិទ្ធិ​មនុស្ស កញ្ញា ជួង សុភាព។ ក្រោយ​មក​ទៀត​នៅថ្ងៃ​ដដែល​នេះ ប្រជា​ពលរដ្ឋ​ទាំង​១១​នាក់​នោះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​បន្ទាប់ពី​ពួកគេ​ត្រូវបាន​អាជ្ញាធរ​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ដែល​ហាម​ពួកគេ​កុំ​ឲ្យ​ចូលរួម ដឹកនាំ ញុះញង់​សកម្មភាព​ខុស​ច្បាប់ ឬ ក៏​ធ្វើការ​តវ៉ា​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។
លោក Gerald Staberock អគ្គ​រដ្ឋ​លេខាធិការ​អង្គការ​ប្រឆាំង​នឹង​ទារុណកម្ម​អន្តរជាតិ មាន​ប្រសាសន៏​ថា៖ “សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូលផ្តុំ​អាច​នឹង​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​ការ​មិន​សប្បាយ​ចិត្ត ក៏ប៉ុន្តែ​វា​មិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់​នោះ​ទេ។ វា​នៅ​តែ​ជា​សិទ្ធិ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​អាច​ត្រូវ​បានគេ​បង្ខំឱ្យ​បោះបង់​ចោល​នោះ​ទេ​នៅ​ខណៈ​ពេល​ដែល​ខ្លួន​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​របស់​នគរបាល”។ លោក​បាន​បន្ត​ទៀត​ថា៖ “យើង​មិន​អាច​និយាយ​បាន​ថា៖ ការ​មិន​ដោះ​ស្រាយ​បញ្ហា​ដែល​តែង​តែ​កើតឡើង​ដដែលៗ ដែល​មាន​ការ​ប្រើប្រាស់​ការ​បង្រ្កាប​យ៉ាង​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​មាន​គំនិត​ផ្ទុយ នោះ​វា​រឹតតែ​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​តាន​តឹង​ឡើងៗ​ទៅ​វិញ”។

កាល​ពីថ្ងៃ​ទី៦ ខែមករា អ្នកការពារ​សិទ្ធិ​មនុស្ស​មកពី​សហគមន៍​បឹង​កក់ អ្នក​ស្រី ទេព វណ្ណី, អ្នក​ស្រី យ៉ោម បុប្ផា, អ្នក​ស្រី បូរ ឆវី, កញ្ញា សុង ស្រី​លាភ និង​អ្នក​ស្រី ផាន ឈុន​រ៉េត ត្រូវ​បាន​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ធ្វើការ​ឃាត់​ខ្លួន​ម្តង​ហើយ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅក្នុង​កន្លែង​ឃុំឃាំង​អស់​រយៈពេល​ជាច្រើន​ម៉ោង នៅ​ខណៈ​ពេល​ដែល​ពួកគេ​បាន​ព្យាយាម​ដាក់​ញាត្តិ​ទៅ​កាន់​ស្ថានទូត​បារាំង​ដើម្បី​អំពាវនាវ​សុំឲ្យ​មាន​ការ​ដោះលែង​បាតុករ​ទាំង​២៣​នាក់។ លើសពីនេះ​ទៅ​ទៀត ទាក់​ទង​ទៅ​នឹង​ការ​ឃុំខ្លួន​ខុស​ច្បាប់​នេះ នៅថ្ងៃទី​១៩ ខែ​មករា កង​កម្លាំង​សន្តិសុខ និង​ក្រុម​មនុស្ស​មិន​ស្គាល់​មុខ​ស្លៀក​ពាក់​ស៊ីវិល ដែល​បាន​ពាក់​មួក​សុវត្ថិភាព និង​កាន់​ដំបង បាន​ប្រើ​ប្រាស់​កង​កម្លាំង​ជាច្រើន​ហួស​ហេតុ ដើម្បី​ធ្វើការ​បំបែក​ទៅលើ​ក្រុម​សកម្មជន និង​មេដឹកនាំ​អង្គការ​មិនមែន​រដ្ឋាភិបាល។ ក្រុម​ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើការ​បួង​សួង​ដោយ​សន្តិវិធី​មួយ ក្បែរ​ព្រះ​បរម​រាជ​វាំង​ដែល​មាន​ទីតាំង​ស្ថិត​នៅចំ​កណ្តាល​រាជធានី​ភ្នំពេញ ដើម្បី​សុំឲ្យ​មាន​ការ​ដោះ​លែង​ប្រជា​ពលរដ្ឋ​ដែល​បាន​ឃុំខ្លួន​ទាំង​២៣នាក់ និង​បង្ហាញ​ពីការ​គាំទ្រ​ក្នុង​ការ​ទាមទារ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ។ នគរបាល ក៏បានឃាត់​ខ្លួន​អនុប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក សុខ ឈុន​អឿង នៅ​ស្នងការ​ដ្ឋាន​រាជ​ធានី​ភ្នំពេញ​អស់​រយៈ​មួយ​យប់​ផង​ដែរ។ ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃទី​៦ និង​ថ្ងៃទី​១៩ ខែ​មករា ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឲ្យមាន​សេរីភាព​ឡើងវិញ​បន្ទាប់ពី​ពួកគេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមពៀង​ដូចគ្នា​មួយ ស្តីពី​ការ​ឈប់​ធ្វើ​បាតុកម្ម​តទៅ​ទៀត។

ការិយាល័យស៊ើបអង្កេត សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) សូម​អំពាវ​នាវ​ដល់​អាជ្ញាធរ​ឲ្យ​លុប​ចោល​នូវ​បម្រាម​ផ្ទាល់​មាត់ ដែល​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ប្រមូល​ជា​សាធារណៈ​ណា​លើស​ពី​ចំនួន​១០នាក់ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​នេះ ធ្វើឲ្យ​មាន​ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន។

អ្នកស្រី ចក់ សុភាព នាយក​កម្មវិធី​របស់​មជ្ឈម​ណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា (CCHR) បាន​លើក​ឡើង​ថា៖ “ការ​ហាម​ឃាត់​ក្នុង​ការ​ប្រមូល​ផ្តុំ​នា​ពេល​ថ្មីៗ​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ មិន​សមាមាត្រ​ត្រឹម​ត្រូវ​ច្បាស់​លាស់ ហើយ​ព្រម​ទាំង​មាន​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​កាតព្វកិច្ច​ជាតិ និង​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​ទៀត​ផង។ ការ​ហាម​ឃាត់​ក្នុង​ការ​ប្រមូល​ផ្តុំ និង​ការ​ឃាត់​ខ្លួនប្រជា​ពលរដ្ឋ​ជា​បន្ត​បន្ទាប់​នេះ គឺជា​ហេតុផល​នយោបាយ​មួយ ហើយ​មាន​គោល​បំណង​តែ​មួយ​គត់ គឺ​ការ​ពារ​រាជ​រដ្ឋា​ភិបាល​បច្ចុប្បន្ន​ពី​ការ​រិះគន់”។

ការិយាល័យស៊ើបអង្កេត សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) សូម​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​បាតុករ​ទាំង​២៣នាក់​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាកា​ភ្លាមៗ និង​ដោយ​គ្មាន​លក្ខខណ្ឌ ខណៈ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី៣ (ពន្ធ​នាគារ ម៣) និង​ពន្ធនាគារ​ខេត្ត​កំពង់​ចាម ដែល​មន្ទីរ​ឃុំឃាំង​ទាំងពីរ​នេះ​សិ្ថត​នៅ​ខេត្ត​កំពង់ចាម​តែ​មួយ។

អង្គការ​របស់​យើង ក៏បាន​ធ្វើការ​អំពាវនាវ​បន្ថែម​ទៀត​ទៅ​កាន់​អាជ្ញាធរ សូមឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​នូវ កង​កម្លាំង​ហួស​ហេតុ ក្នុង​ការ​បង្រ្កាប​ទៅ​លើ​សកម្មភាព​អហិង្សា និង​សកម្មភាព​ស្រប​ច្បាប់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ ពួកគេ​ក៏​បាន​ធ្វើការ​ថ្កោល​ទោស​ការ​ប្រើ​ប្រាស់​កង​សន្តិ​សុខ​ក្រៅ​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើការ​ឃាត់​ខ្លួន និង​ឃុំខ្លួន​សកម្មជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងនោះ។

អ្នកនាង ណាលី ភីឡូក នាយិការបស់​អង្គការ លីកាដូ មាន​ប្រសាសន៏ថា៖ “ការបង្រ្កាប​យ៉ាង​ខ្លាំងក្លា​របស់​កង​សន្តិសុខ ទៅ​ក្រុម​អ្នក​តវ៉ា​ដែល​គ្មាន​អាវុធ​នៅក្នុង​ដៃ​នេះ បាន​ក្លាយ​ប្រពៃណី​ហិង្សា​មួយ​ក្នុង​ប្រទេស​កម្ពុជា។ អ្នកនាង​បាន​បន្ត​ទៀត​ថា៖ សហគមន៍​អន្តរជាតិ​គួរ​តែ​ធ្វើការ​កត់​សម្គាល់​ទុក​នូវ​និន្នាការ​ដ៏គួរឲ្យ​ព្រួយ​បារម្ភ​មួយ​នេះ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​នូវ​ការ​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​អហិង្សា​របស់​ក្រុម​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ទាំង​នេះ”។

ការិយាល័យ​ស៊ើបអង្កេត សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ក៏សុំ​អំពាវ​នាវ​ម្តង​ទៀត ដើម្បី​សុំឲ្យ​មាន​ការ​ស៊ីប​អង្កេត​ឲ្យ​បាន​ឆាប់​រហ័ស ហ្មត់​ចត់ និង​ឯករាជ្យ​មួយ ពាក់ព័ន្ធ​ទៅនឹង​ការ​បង្រ្កាប​លើ​បាតុករ ដែល​បាន​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់ កាល​ពីថ្ងៃទី​៣ ខែ​មករា កន្លង​មក។
លោក ធន សារាយ ប្រធាន​សមាគម​អាដហុក បាន​មាន​ប្រសាសន៏​ថា៖ “ការពន្យា​ពេល​របស់​រាជ​រដ្ឋាភិបាល​ក្នុងការស៊ើប​អង្កេត​លើ​ករណី​ស្លាប់ ក្នុង​អំឡុង​ពេល​ការ​បង្រ្កាប​កាលពី​ថ្ងៃទី​៣ ខែ​មករា កន្លង​មក​នេះ​បាន​ធ្វើ​ឲ្យ កង​សន្តិ​សុខ​កាន់​តែ​បង្ក​ការ​រំលោភ​បំពាន​ទៅ​លើ​ក្រុម​បាតុករ​ស្លូត​ត្រង់​បន្ថែម​ទៀត។ ចាប់អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​បង្រ្កាប​កាលពីថ្ងៃទី​៣ ខែ​មករា កន្លង​មក​នេះ មក​ផ្តន្ទា​ទោស នឹង​អាច​ធ្វើឲ្យ​យើង​យល់​ច្បាស់ថា សកម្មភាព​បង្រ្កាប​យ៉ាង​ខ្លាំង​ក្លា​នេះ គឺមិន​ត្រូវ​បាន​លើកលែង​ឡើយ”។

កាលពីថ្ងៃទី២ និងទី៣ ខែមករា កង​សន្តិសុខ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ២៣នាក់ រួម​មាន​ទាំង​កម្មករ​រោងចក្រ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅក្នុង​អំឡុង​ពេល​បង្រ្កាប​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ក្រុម​បាតុករ​រោង​ចក្រ ដែល​មាន​ទីតាំង​ពីរ​ផ្សេង​គ្នា​ក្នុង​រាជ​ធានី​ភ្នំពេញ។ ក្នុង​ចំនោម​អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃុំខ្លួន​នោះ​មាន​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​លោក ច័ន្ទ ពុទ្ធិសក័ អ្នក​ការពារ​សិទ្ធិ​មនុស្ស​មកពី​សហគមន៍​បឹងកក់។ យ៉ាងតិច​ណាស់​មាន​មនុស្ស​ចំនួន ៤នាក់ ត្រូវ​បាន​សម្លាប់ ហើយ​មាន​ចំនួន​មនុស្ស​ជាង ២០នាក់ បាន​រងរបួស​ដោយសារ​គ្រាប់​កាំភ្លើង ក្នុង​ការបង្រ្កាប​កាល​ពីថ្ងៃ​ទី​៣ ខែ​មករា កន្លង​មក​នេះ។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៤ លោក ស៊ូរីយ៉ា ស៊ូបេឌី អ្នក​រាយការណ៏​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្កោលទោស​ចំពោះ​ការឃុំ​ខ្លួន​ប្រជា​ពលរដ្ឋ​ទាំង ២៣​នាក់ ដែល​បាន​ឃាត់​ខ្លួន​កាលពីថ្ងៃ​ទី២ ទី​៣ ខែមករា នៅ​កន្លែង​ឃុំឃាំង​មួយ​ដែល​ស្ថិត​នៅ​ឆ្ងាយពី​រាជធានី​ភ្នំពេញ និង​ជំរុញ​ឲ្យ​អាជ្ញាធរ ធ្វើការ​ដោះ​លែង​ពួក​គេ​ឲ្យ​នៅ​ក្រៅ​ឃុំជា​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ភ្លាមៗ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 FIDH: Arthur Manet / Audrey Couprie: +33143552518
 OMCT: Delphine Reculeau: +41228094939
 LICADHO: Dr. Kek Chhiv Pung: +85512802506
 CCHR: Sopheap Chak: +85511943213
 ADHOC: Mr. Thun Saray: +855 16880509

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា