សេចក្តីថ្លែងការណ៍

នៅក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​ពលកម្ម​កុមារ អង្គការ លីកាដូ សូម​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ប្ញសគល់​នៃ​ការប្រើ​ពលកម្ម​កុមារ

ចេញផ្សាយ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០១៤
F T M

អង្គការ លីកាដូ នឹងប្រារព្ធ​ទិវាអន្តរ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ ឆ្នាំ ២០១៤ ដោយរៀបចំ​កម្មវិធី​សហគមន៍​ចំនួន​ពីរ កន្លែងគឺ៖ ទីមួយ​គឺនៅ​សង្កាត់​ដង​ទង់ ខេត្ត​កោះកុង និង​ទីពីរ​នៅ​ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ។ គោលបំណង​នៃការ​រៀបចំ​ព្រឹត្តិការណ៍​នេះគឺ​ដើម្បី​លើក​កម្ពស់ការ​យល់ដឹង​ពីពលកម្ម​លើកុមារ​នៅក្នុង​វិស័យជា​ច្រើន និងជំរុញ​ឲ្យ​សហគមន៍​លើក​ឡើងនូវ​សំណួរ​សំខាន់ៗ ហើយនិង​ផ្តល់យោបល់​ជូនអាជ្ញាធរ​មូលដ្ឋាន អំពីមធ្យោបាយ​បញ្ឈប់​ការប្រើ​ប្រាស់​កម្លាំង​ពលកម្ម​លើកុមារ។ ទិវាអន្តរ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ​នឹងត្រូវ​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី​១២ ខែ​មិថុនា ។

ក្នុងសង្កាត់ដងទង់ ខេត្តកោះកុង អង្គការ លីកាដូ នឹងសហការ​ជាមួយ​ក្រុមការពារ​កុមារ​ថ្នាក់​មូលដ្ឋាន (CPGs) ដើម្បី​រៀបចំ​ដង្ហែរក្បូន​នៅថ្ងៃទី​១២ ខែ​មិថុនា ដោយ​មាន​ប្រជាពលរដ្ឋ​យ៉ាងតិច​ណាស់ ២០០​នាក់​ចូលរួម​ក្នុងការ​លើកកម្ពស់​ការយល់ដឹង​នៃការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​លើកុមារ​ក្នុងឧស្សាហកម្ម​កាត់ដេរ និង​នេសាទ។ នៅក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមការពារ​កុមារ​មានគម្រោង​បង្កើត​វេទិការ​សាធារណៈ​មួយ និងធ្វើការ​សម្តែង​ល្ខោន​ជាមួយ​អ្នកទស្សនា​ដែល​មក​ចូលរួម​ក្នុងចំណោម​អ្នកចូលរួម​យ៉ាង​តិច​ណាស់ ៥០០នាក់។

ក្នុងស្រុកស្ទឹង​ហាវ ខេត្តព្រះសីហនុ អង្គការ លីកាដូ នឹងរៀបចំ​កម្មវិធី​សហគមន៍​នៅថ្ងៃទី​១៥ ខែ​មិថុនា ដោយមាន​កិច្ច​សហ​ប្រត្តិបតិ្ត​ការណ៍​ជាមួយ​នឹង​មន្ទីរការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត។ ប្រជាពលរដ្ឋ​ប្រហែល​ជា ៥០០​នាក់​ដែល​មកពី​បណ្តា​ឃុំ​ចំនួន​បីត្រូវ​បាន​គេ​រំពឹង​ទុកថា​នឹង​មក​ចូលរួម​ក្នុង​ព្រឹតិ្តការណ៍​នេះ។ អ្នក​ចូលរួម​នឹង​ដើរ​ដង្ហែរក្បួន​ចម្ងាយ​ពីមួយ​ទៅពីរ​គីឡូម៉ែត្រ អមដោយ​របាំ​ប្រពៃណី​ជាតិ (របាំឆៃយ៉ាំ) បន្ទាប់​មកអ្នក​ទាំង​នោះនឹង​ចូលរួម​ក្នុងវេទិការ​សាធារណៈ និង​ការ​សម្តែង​ល្ខោន។ វេទិកានេះ នឹងផ្តោត​សំខាន់​ទៅលើ​ការប្រើ​ប្រាស់​កម្លាំង​ពលកម្ម​លើ​កុមារ​ក្នុង​រោងចក្រ​កាត់ដេរ និង​នេសាទ។

ប្រវត្តិពលកម្មលើកុមារ

ក្នុងឆ្នាំ២០១២ អង្គការ​ពល​កម្ម​អន្តរជាតិ (ILO) បាន​រក​ឃើញថា​មាន​កុមារ​ចំនួន ៧៥៥.២៤៥នាក់ កំពុង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុងនេះ​មាន​ចំនួន ៤២៩.៣៨០នាក់ (៥៦.៩%) ត្រូវបាន​ចាត់​ទុកថា​ជាកម្មករ​កុមារ *ហើយមានចំនួន ២៣៦.៤៩៨នាក់ (៣១.៣%) បានធ្វើការ​ក្នុង​លក្ខខ័ណ្ឌ​គ្រោះថ្នាក់​ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​រងផល​ប៉ះពាល់​ពី​សារធាតុ ឬ​សម្ភារៈ​គីមី។

ពលកម្មលើកុមារមានការគម្រាមកំហែងទៅដល់សិទ្ធជាមូលដ្ឋានរបស់កុមារក្នុងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ការលូតលាស់ផ្នែកបញ្ញា និងរូបរាងកាយ ការទទួលបានការការពារពីការរំលោភបំពាន និងការចូលរួមក្នុងសហគមន៍របស់អ្នកទាំងនោះ។ កម្មករជាកុមារធ្វើការទៅតាមវិស័យមួយចំនួនដូចជា៖ ការងារតាមផ្ទះ ក្នុងរោងចក្រកាត់ដេរ ការប្រមូលសម្រាម នេសាទ កសិកម្ម កម្មករឡឥដ្ឋ និងសំណង់។

ខណៈដែល​ទម្រង់នៃ​ពលកម្ម​កុមារមួយចំនួន មានលក្ខខ័ណ្ឌគ្រោះថ្នាក់ខ្លាំង ទម្រង់ទាំងនោះតម្រូវឲ្យកុមារធ្វើការច្រើនម៉ោងដែលកុមារទាំងនោះមិនអាចចំណាយពេលទៅសាលារៀន និងទទួលបានការចិញ្ចឹមបីបាច់ និងមានទំនាក់ទំនងជាមួយមិត្តភក្កិ គ្រូបង្រៀន និងក្រុមគ្រួសារបានឡើយ។ ឧទាហរណ៍ កុមារដែលធ្វើការតាមផ្ទះមួយចំនួន ចាប់ផ្តើមធ្វើការពីពេលព្រលឹមហើយចប់ការងារនៅពេលយប់។ ដោយសារកុមារទាំងនោះធ្វើការក្នុងផ្ទះបិទជិត នេះពិតជាធ្វើឲ្យមានការលំបាកសម្រាប់អាជ្ញាធរ និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីសង្កេត និងការពារសុខុមាលភាពរបស់អ្នកទាំងនោះ។

ក្នុងករណីដែលកុមារទាំងនោះធ្វើការក្នុងលក្ខខ័ណ្ឌគ្រោះថ្នាក់ អ្នកទាំងនោះមានការប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុតក្នុងការរងរបួសដែលបណ្តាលមកពីម៉ាស៊ីនដែលមានគ្រោះថ្នាក់ ឬសារធាតុគីមី។

ចំនួនដ៏ច្រើននៃកម្មករជាកុមារ ជាពិសេសអ្នកដែលធ្វើការក្នុងលក្ខខ័ណ្ឌគ្រោះថ្នាក់ គឺបានបង្ហាញយ៉ាងច្បាស់ថានេះជាការរំលោភបំពានទៅលើច្បាប់ការងាររបស់ប្រទេសកម្ពុជា ដែលបានហាមឃាត់អ្នកដែលមានអាយុតិចជាង ១៨ឆ្នាំ ក្នុងធ្វើការក្នុងលក្ខខ័ណ្ឌដែលគ្រោះថ្នាក់ (កថាខ័ណ្ឌទី២ មាត្រា ១៧៧)។ ដោយមិនមានការពង្រឹង និងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ អាជ្ញាធរអនុញ្ញាតឲ្យក្រុមហ៊ុន និងនិយោជកកេងប្រវ័ញ្ចលើកុមារដោយមិនមានការប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់នោះឡើយ។

ទោះបីជាស្ថិតក្នុងលក្ខខ័ណ្ឌការងារគ្រោះថ្នាក់តិចជាងក៏ដោយ កម្មករជាកុមារគឺជាជន​ងាយរងគ្រោះផ្នែករូបរាងកាយ ផ្លូវភេទ ពាក្យសម្តី និងផ្លូវចិត្តពីសំណាក់និយោជក និងអ្នកដែលធ្វើការជាមួយ។ ប៉ុន្តែជាញឹកញាប់កម្មករកុមារ​មិនយល់ដឹងអំពី​សិទ្ធិរបស់ខ្លួន​ទេ ហើយជួនកាលមានការភ័យ​ខ្លាចថាតុលាការនឹងផ្តន្ទាទោស​អ្នកទាំងនោះសម្រាប់ការធ្វើការងារខុសច្បាប់ ជាងដោះស្រាយរឿងព្រហ្មទណ្ឌ។ កុមារទាំងនោះប្រហែលជាមិនអាច ឬត្រូវគេបានសម្លុតនៅ​ពេលដែលបំពេញពាក្យ​បណ្តឹងប្រឆាំងនឹងអ្នកដែលធ្វើការរំលោភបំពាន ទាំងនេះហើយដែលជាមូល​ហេតុតម្រូវឲ្យមានអ្នក​អាណាព្យាបាលស្របច្បាប់ដើម្បីការពារអ្នកទាំង​នោះក្នុង​តុលាការ។

ណាលី ពីឡូក នាយិកាសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “ពលកម្មកុមារមិនមែនត្រឹមតែជាការ​កេងប្រវ័ញ្ចលើកុមារ​ប៉ុណ្ណោះទេ ប៉ុន្តែវាជារោគសញ្ញាមួយនៃបញ្ហាសង្គមដ៏ធំធេង”។ អ្នកនាងបាន​បន្តទៀតថា៖ “ជាពិសេស អាជ្ញាធរគឺមានសភាព​យឺតយ៉ាវក្នុងការ​ពង្រឹង និងអនុវត្តច្បាប់ និងបទបញ្ញាតិ្តដែលពាក់ព័ន្ធនឹងការងារ។ សកម្មភាព​ទាំងអស់នេះត្រូវតែ​មានការផ្លាស់ប្តូរ”។

ម្តាយឪពុកក៏មានការទទួលខុសត្រូវចំពោះការប្រើប្រាស់ពលកម្មលើកុមារផងដែរ។ នៅតាមផ្ទះមួយចំនួន ម្តាយឪពុកប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ ដែលតម្រូវឲ្យកុមារ​ជួយទ្រទ្រង់ជីវភាព​ក្រុមគ្រួសារ។ ម្តាយឪពុកមិនបានពិចារណាថាតើវាខុសឬទេ ក្នុងការដែលឲ្យកុមារឈប់រៀន​ហើយទៅរកការងារធ្វើ។ ក្នុងករណីខ្លះទៀត ចំពោះម្តាយឪពុកមួយចំនួន​ច្រើន​ទៀត ដោយសារតែភាពក្រីក្រ គ្មានការងារធ្វើ បំណុល បញ្ហាសុខភាព និងបញ្ហាដែលមិនអាចដឹងមុនមួយចំនួនទៀត អ្នកទាំងនោះពិតជាមិនមានជម្រើសផ្សេងក្រៅពីឲ្យកូនឈប់រៀននោះទេ ហើយទៅរកការងារធ្វើដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

អត្រាខ្ពស់នៃការបណ្តេញប្រជាពលរដ្ឋចេញដោយបង្ខំក្នុងប្រទេសកម្ពុជា ក៏រួម​ចំនែក​ក្នុងការបង្កើត​ឲ្យមាន​ពលកម្មលើកុមារ​ផងដែរ។ ចាប់តាំងពីឆ្នាំ ២០០០មក អង្គការ លីកាដូ បានធ្វើការប៉ាន់ប្រមាណថា យ៉ាងតិចមាន​ប្រជាពលរដ្ឋ​ចំនួន ៥០០.០០០នាក់ ដែលស្ទើរតែស្មើនឹង​ពាក់កណ្តាលប្រទេស​ត្រូវបានរងការប៉ះពាល់​ពីបញ្ហាដីធ្លីដែល​ពាក់ព័ន្ធជាមួយ​អាជា្ញធរដ្ឋ។ កុមារមកពីក្រុមគ្រួសារដែល​រងការ​បណ្តេញ​ចេញ​បានបោះបង់​ការសិក្សា​ដោយសារ​តែមិនមាន​មធ្យោបាយគ្រប់គ្រាន់​នៅតំបន់​តាំងទីលំនៅថ្មីនោះ។ កុមារផ្សេងទៀត​ចាប់ផ្តើមធ្វើការដើម្បី​ជួយម្តាយឪពុក​ក្នុងការស្វែងរក​ថវិកា បន្ទាប់ពីអ្នកទាំងនោះបានបាត់បង់​នូវជីវភាពរបស់ខ្លួន​កាលពី​ពេល​មុន។

អង្គការ លីកាដូ សូមដោយទទូចដល់អាជ្ញាធរ សូមលោកមេត្តា​មិនមែន​ត្រឹមតែផ្តោត​ទៅលើការលុបបំបាត់​ប្រភេទនៃពលកម្មលើកុមារ​ប៉ុណ្ណោះទេ ប៉ុន្តែក៏សូម​ដោះស្រាយ​ដើមហេតុដែលបង្កឲ្យមានបញ្ហា​ទាំងអស់​នេះផងដែរ។ អង្គការ លីកាដូ អំពាវនាវ​ស្នើសុំឲ្យ​អាជ្ញាធរ៖

- បង្កើនការត្រួតពិនិត្យដើម្បីធា​នាថាមិនមានកុមារដែលមានអាយុ​ក្រោម ១៨ឆ្នាំ កំពុងធ្វើការក្នុង​ល​ក្ខខ័ណ្ឌគ្រោះថ្នាក់ ឬក៏ធ្វើការច្រើនម៉ោង​មិនសមស្របទៅនឹងអាយុ ដូចដែលបានគូសបង្ហាញដោយអង្គការពលកម្មអន្តរជាតិ (ILO)។ អាជ្ញាធរគួរតែ​ដាក់ទោស​លើ​និយោជក​ដែលកេង​ប្រវ័ញ្ច​លើ​កម្លាំងពល​កម្ម​កុមារ។
- ត្រួតពិនិត្យចំពោះ​ច្បាប់ និងបទបញ្ញាតិ្តមួយ​ចំនួនដែល​ពាក់ព័ន្ធ​នឹង​ការងារ ដើម្បីធានាថាកម្មករកុមារទទួលបានការការពារទៅតាមច្បាប់។ អង្គការ លីកាដូ បានសង្កេតឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈមិនទាន់បានចេញ​សេចក្តីប្រកាសដើម្បីធានា​​ពីសុវត្ថិភាពរ​បស់កុមារដែលធ្វើការតាមផ្ទះនៅឡើយទេ។
- បញ្ឈប់ការបណ្តេញចេញខុសច្បាប់ដែលធ្វើឲ្យ​មានការប៉ះពាល់ដល់ជីវភាព​របស់ប្រជា​ពលរដ្ឋ ហើយបណ្តាលឲ្យកុមារឈប់រៀនដើម្បីទៅរកការងារធ្វើ។
- ធានាថាក្រុមគ្រួសារដែលទទួលរងការបណ្តេញចេញទទួលបាន​សំណង​ត្រឹម​ត្រូវ​​តាមច្បាប់ និងកន្លែងដែលតាំងទីលំនៅថ្មី​ដែលអាចផ្តល់លទ្ធភាពក្នុងការ​អាចទៅ​សាលា​រៀន និងមជ្ឈមណ្ឌលសុខភាព​សម្រាប់​កុមារ​ដែល​រងគ្រោះ។
- ផ្តល់អទិភាពលើយុទ្ធនាការលើកកម្ពស់ការយល់​ដឹងស្តីពី​ពលកម្ម​លើកុមារនៅ​ថ្នាក់មូល​ដ្ឋាន។ ខណៈពេលដែលការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ វាគឺជាតម្រូវការបន្ទាន់មួយដែលអាជ្ញាធរត្រូវអប់រំម្តាយឪពុក និងសហគមន៍នូវវីធីដែលពលកម្មលើកុមារមានការគម្រាមកំហែងលើសិទ្ធិរបស់កុមារ ហើយវាមិនមែនជាដំណោះស្រាយរយៈពេលយូរទេ សម្រាប់បញ្ហាភាពក្រីក្រ។

លោក គង់ សុជាតិ អ្នកសម្របសម្រួលផ្នែកសិទ្ធិកុមារ មានប្រសាសន៍ថា៖ “ការលុបបំបាត់ពលកម្មលើកុមារ និងដើមហេតុដែលបណ្តាលឲ្យមានបញ្ហាទាំងនេះ គឺមិនមែនគ្រាន់តែជាបញ្ហាចំពោះសិទ្ធិកុមារប៉ុណ្ណោះទេ”។ លោកបានបន្តទៀតថា “ប្រសិនបើកុមារបន្តឈប់រៀន ហើយរកការងារធ្វើ នោះការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរយៈពេលវែងនៅកម្ពុជា នឹងជួបគ្រោះយ៉ាងខ្លាំង។ ការរំលោភបំពានពលកម្មលើកុមារ អាចនឹងបន្តរីករាលដាលឡើង ប្រសិនបើអាជ្ញាធរ និយោជក ម្តាយឪពុក និងសហគមន៍បន្តជឿថានេះមិនមែនជាបញ្ហាបន្ទាន់ ទោះបីវាជាមូលហេតុមួយក្នុងការរកប្រាក់ចំណូល ភាពក្រីក្រ និងជាទំនៀមទម្លាប់ប្រពៃណីក៏ដោយ”។

*អង្គការពលកម្មអន្តរជាតិ (ILO) ឲ្យនិយមន័យពលកម្មលើកុមារគឺជា៖
a) កុមារដែលមានអាយុពី ៥ឆ្នាំ ទៅ ១១ឆ្នាំ ធ្វើការងារលើសកម្មភាពសេដ្ឋកិច្ចរយៈពេលមួយម៉ោង ឬច្រើនជាងមួយសប្តាហ៍។
b) កុមារដែលមានអាយុពី ១២ឆ្នាំ ទៅ ១៤ឆ្នាំ ធ្វើការងារលើសកម្មភាពសេដ្ឋកិច្ចដែលត្រូវបានអនុញ្ញាត (មិនសូវគ្រោះថ្នាក់) រយៈពេលច្រើនជាង ១២ម៉ោងក្នុងមួយសប្តាហ៍។
c) កុមារដែលមានអាយុពី ១២ឆ្នាំ ទៅ ១៤ឆ្នាំ ធ្វើការងារដែលមានរយៈពេលតិចជាង ១២ម៉ោងក្នុងមួយសប្តាហ៍ ប៉ុន្តែធ្វើការនៅក្នុងឧស្សាហកម្ម និងកន្លែងធ្វើការដែលគ្រោះថ្នាក់។
d) កុមារដែលមានអាយុពី ១៥ឆ្នាំ ទៅ ១៧ឆ្នាំ ធ្វើការងារលើសកម្មភាពសេដ្ឋកិច្ចរយៈពេល ច្រើនជាង ៤៨ម៉ោងក្នុងមួយសប្តាហ៍។
e) កុមារដែលមានអាយុពី ១៥ឆ្នាំ ទៅ ១៧ឆ្នាំ ធ្វើការងារលើសកម្មភាពសេដ្ឋកិច្ចរយៈពេល តិចជាងឬស្មើ ៤៨ម៉ោងក្នុងមួយសប្តាហ៍ ប៉ុន្តែជាប់ពាក់ព័ន្ធទៅនឹងការងារនៅក្នុងឧស្សាហកម្ម និងកន្លែងធ្វើការដែលគ្រោះថ្នាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ, លេខទូរស័ព្ទ៖ ០១២ ៨០៣ ៦៥០ (ភាសាអង់គ្លេស និងបារាំង)
 លោក គង់ សុជាតិ អ្នកសម្របសម្រួលផ្នែកសិទ្ធិកុមារនៃអង្គការ លីកាដូ, លេខទូរស័ព្ទ៖ ០១២ ៥៣៦ ៣០០ (ភាសាខ្មែរ)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា