សេចក្តីថ្លែងការណ៍

តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​ជំទាស់​​ចំនួន ៧​នាក់ ត្រូវបាន​ឃុំខ្លួន​ ខណៈពេល​ដែល​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​ជួបជុំ​បន្ត​កើត​មាន​ឡើង

ចេញផ្សាយ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

ថ្ងៃនេះអង្គការសហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ (FIDH) និង​អង្គការ​ជា​សមាជិក​របស់​ខ្លួន​រួម​មាន សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស (LICADHO) បាន​លើក​ឡើង​ថា៖ រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដោះលែង​តំណាង​រាស្ត្រ​ជាប់ឆ្នោត​ទាំង ៧នាក់ និង​សកម្ម​ជន​ម្នាក់​របស់​គណបក្ស​សង្រ្គោះ​ជាតិ (CNRP) និង​ដក​ហូត​បម្រាម​លើការ​ជួបជុំ​ជា​សាធារណៈ​ដែល​មាន​មនុស្ស​លើស​ពី ១០នាក់​ជា​បន្ទាន់។

ប្រធាន​អង្គការ FIDH លោក​ Karim Lahidji បាន​មាន​​ប្រសាសន៍​ថា៖​ “ដោយ​មាន​កា​រឃុំ​ឃាំង​ខុស​ច្បាប់​លើ​តំ​ណាង​រាស្រ្ត​ជាប់​ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង​ មាន​ន័យ​ថា​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កំ​ពុង​តែ​ប្រែ​ក្លាយ​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ក្នុង​របប​ផ្តាច់​ការ​និយម។​ បញ្ហា​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ការ​បន្ត​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិ​ធម៌​ដើម្បី​គាប​សង្កត់​លើ​មតិ​រិះ​គន់​របស់​គណ​បក្ស​ប្រឆាំង។ ដោយ​មាន​ការ​ចោទ​ប្រកាន់​លើ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណ​បក្ស​ប្រឆាំង ប្រព័ន្ធ​យុត្តិ​ធម៌​របស់​ប្រទេស​កម្ពុជា​បាន​ឈាន​ទៅ​ដល់​ចំណុច​គួរ​ឲ្យ​អស់​សំណើច​ថែម​មួយ​កម្រិត​ទៀត។ វា​ដល់​ពេល​ដែល​សហគមន៍​អន្តរ​ជាតិ​ដាក់​សម្ពាធ​ដល់​រាជ​រដ្ឋា​ភិបាល​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ផ្នែក​ច្បាប់​ជាក់​លាក់​មួយ​ ដើម្បី​ធានា​ថា​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​នេះ​មាន​ការ​ឯក​រាជ្យ​ពី​អំណាច​ប្រត្តិបត្តិ”។.

ថ្ងៃទី១៦ ខែកក្កដា៖ សាលាដំបូង​រាជធានីភ្នំពេញបាន​ចោទប្រកាន់តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្រ្គោះជាតិទាំង ៦នាក់ពីបទដឹកនាំចលនាកុបកម្ម (មាត្រា ៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ) បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ (មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ) និងបទផ្តើមគំនិតបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (មាត្រា ២៨ និងមាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ) ទាក់​ទង​នឹង​ការ​ចូល​រួម​របស់​អ្នក​ទាំង​នោះ​ក្នុង​បាតុកម្ម​ដែលរៀប​ចំឡើង​ដោយ​គណ​បក្សសង្រ្គោះជាតិ កាល​ពីថ្ងៃ​ទី១៥ ខែកក្កដា នៅ​ទីលាន​​ប្រជា​ធិបតេយ្យ​រាជ​ធានី​ភ្នំពេញ។ ប្រ​សិន​បើ​​បទ​លើ្មស​​ទាំង​អស់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៦​នាក់​នឹង​ប្រឈម​ជាមួយនឹងការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​រហូតដល់ ៣០ឆ្នាំ។ បាតុករទាមទា​ឲ្យបើកទីលានប្រជាធិបតេយ្យសាជាថ្មី នៅ​​ពេល​ដែល​​រាជ​រដ្ឋាភិ​បាល​បាន​បិទ​តំបន់​នោះ​កាល​ពី​ខែ​មេសា បន្ទាប់​​ពី​មាន​​ការ​​ហាម​ឃាត់​លើការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ។

ទាក់ទងទៅនឹងការធ្វើ​បាតុកម្មនេះ តំណាងរាស្ត្រជាប់ឆ្នោត​គណបក្សសង្រ្គោះជាតិជាច្រើននាក់ និង​​អ្នក​គាំ​ទ្រ​គណ​បក្ស​​​​នេះ​​ជាង ៣០០នាក់ បានឈានដល់ការ​ប្រើប្រាស់អំពើហិង្សា​​នៅ​​ពេលដែល​​​សន្តិសុខ​​​សាលា​ខណ្ឌ​​បាន​​ដកបដា​​​ដែល​​​អ្នក​តវ៉ា​​បានដាក់​នៅលើ​បន្លា​លួស។ បន្ទាប់​មក​សន្តិ​សុខ​បានប្រើប្រាស់ដំបង​វាយ​ទៅ​លើ​ក្រុម​អ្នកតវ៉ា។ យ៉ាង​តិច​ណាស់​ប្រជាពល​រដ្ឋ ៤០នាក់​ត្រូវ​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​នោះ ហើយ​​​អ្នក​​​រង​​របួស​​ភាគ​​ច្រើន​ជា​កង​សន្តិសុខ​សាលាខណ្ឌ។

តំណាងរាស្ត្រជាប់ឆ្នោត​គណបក្សសង្គ្រោះជាតិ អ្នកស្រីមូរ សុខហួរ លោកម៉ែន ថាវរីន និងលោកកែវ ភីរម្យ ត្រូវ​បាន​គេ​ចាប់​ខ្លួន​ខណៈ​ពេល​​ដែលមានការប្រឈមមុខ​ដាក់គ្នាយ៉ាងហិង្សា។ ក្រោយ​មកទៀតនៅថ្ងៃ​ដដែលនេះ តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​គណ​បក្ស​​សង្គ្រោះ​​ជាតិ លោកហូរ វ៉ាន់ ត្រូវបានគេចាប់ខ្លួន​បន្ទាប់ពី​លោក​បាន​​ព្យាយាម​ចូល​ទៅ​សួរ​​សុខ​ទុក្ខ​សមា​ជិក​របស់​លោក​នៅ​ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ។ នគរ​បាល​បាន​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត លោក រៀល ខេមរិន្ទ បន្ទាប់​ពី​គាត់​​បាន​ធ្វើ​ដំណើរទៅខេត្តបាត់ដំបង។ នៅ​​ថ្ងៃ​​ទី​១៦ ខែ​​កក្កដា៖ មន្រ្តី​ដែល​​បម្រើ​​ការ​ងារ​​​នៅ​​នាយក​ដ្ឋានកិច្ចការ​សាធារណៈ​គណបក្សសង្គ្រោះ​ជាតិ លោក អឿ ណារិទ្ធ ត្រូវ​បាន​គេ​ទាញ​ចេញ​ពី​រថ​យន្ត​​របស់​អង្គការ លីកាដូ និងត្រូវបាន​គេចាប់ខ្លួន​នៅក្បែរផ្សាបឹងត្របែក។ នៅ​ថ្ងៃ​ទី១៧ ខែកក្កដា៖ នគរ​បាល​រាជ​ធានី​ភ្នំពេញ បានចាប់ខ្លួនតំណាង​រាស្ត្រជាប់ឆ្នោត​គណបក្សសង្គ្រោះ​​ជាតិ ពីរ​នាក់​បន្ថែម​ទៀត​គឺ​​លោក ឡុង រី និង​លោក នុត រំដួល។ នៅថ្ងៃដដែលនេះដែរ សាលា​ដំបូងរាជធានី​ភ្នំពេញ បាន​ចេញ​ដីការ​កោះ​​ហៅ​អនុប្រធាន​គណបក្ស​​សង្រ្គោះ​ជាតិ លោក កឹម សុខា ដើម្បីធ្វើការ​សាកសួរនៅថ្ងៃទី ២៥ ខែកក្កដា។

អង្គការ FIDH សមាគមអាដ​ហុក (ADHOC) និងអង្គការ លីកាដូ (LICADHO) អំពាវ​នាវ​ស្នើ​សុំ​ឲ្យ​រាជ​រដ្ឋា​ភិបាល​ដក​ហូត​បម្រាម​លើការជួបជុំជាសាធារណៈដែលមានមនុស្សលើសពី ១០​នាក់​ជា​បន្ទាន់ ដែល​រាជ​រដ្ឋា​ភិបាល​បាន​ដាក់​កាលពីថ្ងៃទី៤ ខែមករា។ មាត្រា២១ នៃ​អនុសញ្ញា​អន្តរ​ជាតិ​ស្តី​អំពី​សិទ្ធិ​ប្រជា​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ក្នុង​នាម​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ភាគី​ត្រូវ​តែ​ធានា​សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​ដោយអហិង្សា។ រាល់​ការ​រឹត​ត្បិត​ចំពោះ​សិទ្ធិនេះ​​ត្រូវ​តែ​មាន​ការ​បញ្ញាត្តិ​ត្រឹម​ត្រូវ​តាម​ច្បាប់ ហើយត្រូវតែចូលក្នុងលក្ខខណ្ឌចាំបាច់ និងសមាមាត្រ។ [១]

នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ អ្នក​នាង ណាលី ពីឡូក បានមានប្រសាសន៍ថា៖ “ការ​បន្ត​ការ​ហាម​ឃាត់​លើ​ការ​ជួប​ជុំ​ជា​សារធារណៈគឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​កាតព្វ​កិច្ចរបស់ប្រទេសកម្ពុជាទៅ​តាម​ច្បាប់​អន្តរជាតិ។ ការ​​ហាម​​ឃាត់​​នេះ​​ត្រូវ​​បាន​​ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់​ពីសំ​ណាក់​ក្រសួង​មហា​ផ្ទៃ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​​ក្រោយ​​មក​​ក៏​​មិន​​ដែល​បាន​ធ្វើ​ការ​បញ្ជាក់​ជា​លាយ​លក្ខណ​អក្ស​នោះដែរ។ ការ​ដាក់​បម្រាម​លើ​ការ​ជួប​ជុំ​ជា​សា​ធារណៈ​នេះ​បញ្ជាក់​ថា រាជ​រដ្ឋា​ភិបាល​មិន​អើ​ពើ​ចំពោះ​គោល​ការណ៍​នៃ​​ភាព​​ចាំបាច់ និង​​សមា​​មាត្រ​​ដូច​​ដែល​​មាន​ចែង​​ក្នុង​​ច្បាប់​​អន្តរជាតិ​នោះទេ”។

អង្គការ FIDH សមាគមអាដ​ហុក (ADHOC) និង អង្គការ លីកាដូ (LICADHO) ក៏សូមសំណូមពរដល់រាជរដ្ឋាភិបាល សូមលោកមេត្តាធ្វើការស៊ើបអង្កេតឲ្យបានឆាប់រហ័ស តម្លាភាព និងយុត្តិធម៌ លើ​ករណី​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី១៥ កក្កដា និង​ចាប់​អ្នក​ដែលទទួលខុសត្រូវទាំងអស់ក្នុងអំ​ពើ​ហិង្សា​នោះ មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ដោយ​មិន​គិត​ពី​និន្នា​ការ​នយោបាយ​របស់​អ្នក​ទាំង​នោះឡើយ។ អង្គការ ទាំងបី ក៏​សូម​អំពាវ​នាវ​ជាថ្មី​ម្តង​ទៀត​ សូម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដូច​គ្នា​ទៅលើគ្រប់ករណីពីមុនទាំងអស់ ដែល​បាន​ប្រើ​ប្រាស់​កង​កម្លាំង​ហួស​ប្រមាណ​ដោយ​អាជ្ញាធរ​រដ្ឋ​ដែល​ជាអ្នកអនុវត្តច្បាប់ រួម​ទាំង​ព្រឹត្តិ​ការណ៍​នៃ​ការ​បង្ក្រាប​ថ្ងៃ​ទី៣ ខែមករា ទៅ​លើ​បាតុករ​ដែល​ជា​កម្មករ​រោង​ចក្រ ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់ ៤នាក់ ត្រូវ​បាន​សម្លាប់ ​ហើយ​ ២៥​នាក់​ផ្សេង​ទៀត​រងរបួស។

លោក ធន សារាយ ប្រធាន​សមាគម អាដហុក បានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជាត្រូវ​តែ​ពង្រឹង​ភ្នាក់​ងារ​អនុវត្ត​ច្បាប់ និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​កង​សន្តិ​សុខក្រៅផ្លូវការ និង​ការ​ជួល​ក្រុម​មនុស្ស​មិន​ស្គាល់​មុខ​ដើម្បី​បង្រ្កាប​លើ​ការ​តវ៉ា​អហិង្សា។ លោកបានជំរុញទៀតថា៖ “ច្រើនឆ្នាំកន្លងមក ការ​ត្រួត​ពិនិត្យ​រាល់​ការ​ជួប​ជុំ​ដោយ​អហិង្សា​បាន​បង្ហាញ​គំរូយ៉ាងច្បាស់ថា អាជ្ញាធរ​បាន​ប្រើ​ប្រាស់​កង​កម្លាំង​ហួស​ប្រមាណ និង​ខុស​ច្បាប់។ រាជ​រដ្ឋាភិបាល​មាន​កា​តព្វ​កិច្ច​បញ្ចប់​និទណ្ឌភាព​លើ​ការ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​ទាំងអស់​នោះ ហើយ​សហគមន៍​អន្តរ​ជាតិ​ត្រូវ​តែ​ដាក់​សម្ពាធ​ដល់​រាជ​រដ្ឋា​ភិបាល ហ៊ុន សែន ដើម្បី​ទាម​ទារ​ឲ្យ​ជន​ល្មើស​ទទួល​ខុស​ត្រូវ​រាល់​សកម្មភាពទាំងអស់នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អង្គការ FIDH: លោក Andrea Giorgetta (ភាសាអង់គ្លេស), ទូរស័ព្ទលេខ៖ +៦៦ ៨៨៦១១៧៧២២ (ទីក្រុងបាងកក)
 អង្គការ FIDH: លោក Arthur Manet (ភាសាបារាំង អង់គ្លេស និង អេស្ប៉ាញ) ទូរស័ព្ទលេខ៖ +៣៣ ៦ ៧២ ២៨ ៤២ ៩៤ (ក្រុងបារីស)


MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា