សេចក្តីថ្លែងការណ៍

ការរំលោភ​បំពាន​ប្រព័ន្ធ​​តុលាការ​​ដើម្បី​​ស្រប​​តាម​របៀប​វារៈ​នយោបាយ គួរតែបញ្ចប់ ហើយ​បទ​ចោទ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​ត្រូវ​លើក​ចោល

ចេញផ្សាយ ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៤; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ ជាក្រុម​សង្គម​ស៊ីវិល​មាន​រាយនាម​ដូច​ខាង​ក្រោម សូមថ្កោល​ទោស​ចំពោះ​ការរំលោភ​បំពាន​យ៉ាង​ជាក់​ស្តែង​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា និង​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទាញ​យក​លទ្ធផល​នៃ​ការ​ចរចារ​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​ថ្មីៗ​ទៅ​លើ​សមាជិក​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សូម​សំណូមពរ​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំងអស់។

នៅវេលាម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០១៤ លោក ឃិន ជំរឿន ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​សាខា​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភោជនីយ​ដ្ឋាន​មួយ​ក្នុង​ទីក្រុង​តាខ្មៅ ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ។ លោក ជំរឿន ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​មុន​ពេល​ឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ ម១ (ព្រៃស) នៅ​ម៉ោង ១២ និង ១០​នាទី ថ្ងៃ​ត្រង់។ ភ្លាមៗ​បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោក ជំរឿន​កាលពី​ថ្ងៃសៅរ៍ នគរបាល​ក៏បាន​ចាប់​ខ្លួន​លោក សាន គីមហេង ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​សាខា​ខណ្ឌ​ទួល​គោក និង​លោក នាង សុឃុន សមាជិក​យុវជន​គណបក្ស​សង្គ្រោះជាតិ​សាខា​ខណ្ឌ​ច្បារ​អំពៅ ។

ឈ្មោះរបស់លោក ជំរឿន ត្រូវបានដាក់​បញ្ចូល​ទៅក្នុង​ឯកសារ​តុលាការ ដោយ​ព្រះ​រាជ​អាជ្ញា លោក កែវ សុជាតិ កាល​ពីថ្ងៃទី​១៦ ខែ​កក្កដា ដោយ​លោក​ត្រូវបាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​ញុះញង់ ឲ្យ​មាន​អំពើ​ហិង្សា និង​ដឹកនាំ​ចលនា​កុបកម្ម។ លោក គីម​ហេង និង សុឃុន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា និង​រារាំង​មន្ត្រី​សាធារណៈ ហើយ​និង​ចូលរួម​នៅ​ក្នុង​ចលនា​កុបកម្ម។

បទចោទប្រកាន់ជាផ្លូវការលើលោក ជំរឿន ក៏ត្រូវ​បាន​ចោទ​ទៅ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៨នាក់​ផ្សេង​ទៀត​ផង​ដែរ (៧នាក់ គឺជា​អ្នក​តំណាង​រាស្ត្រ) ដែល​ធ្លាប់​ត្រូវ​បាន​ឃុំខ្លួន​អស់​មួយ​សប្តាហ៍​នៅ​ពន្ធនាគារ ម១ និង ម២ (ព្រៃស) បន្ទាប់​ពី​មាន​អំពើ​ហិង្សា​បាន​កើត​ឡើង​នៅទី​លាន​ប្រជាធិបតេយ្យ កាល​ពីថ្ងៃទី​១៥ ខែ​កក្កដា។ អ្នក​ទាំង​ប្រាំបី​នាក់ ត្រូវ​បាន​ដោះ​លែង​នៅថ្ងៃ​ទី​២២ ខែ​កក្កដា នៅថ្ងៃ​ដែល​គណបក្ស​ទាំងពីរ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នយោបាយ​មួយ ដែល​ឈាន​ដល់ការ​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ​របស់​គណបក្ស​ទាំង​ពីរ។

ការចាប់ខ្លួនចុងក្រោយបានកើតឡើង នៅពេល​ដែល​គណបក្ស​ទាំងពីរ​កំពុង​ពិភាក្សា​គ្នា​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ខណៈ​ពេល​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបតែ​ត្រូវ​បាន​ដោះ​លែង​បណ្តោះ​អាសន្ន និង​អនុ​ប្រធាន​គណបក្ស ឯក​ឧត្តម កឹម សុខា ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចាប់ពី​ថ្ងៃទី​៨ ដល់ ១៣ ខែ​សីហា ដោយ​ចៅក្រម​ស៊ើប​សួរ​លោក កែវ មុនី។ នៅ​ថ្ងៃ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​សម្រេច​មិន​ដោះលែង​យុវជន​ទាំង​បី​នាក់​នោះ​ទេ បន្ទាប់ពី​សមាជិក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​ស្បថ​ក្នុង​ព្រះ​បរម​រាជ​វាំង​កាលពី​ពីរ​ថ្ងៃ​មុន។

លោក អ៊ី សារ៉ុម នាយក​ប្រតិបត្តិ​ស្តីទី​នៃ​សមាគម​ធាង​ត្នោត​បាន​មាន​ប្រសាសន៍​ថា៖ “ចាប់​តាំងពី​ការ​ចាប់​ផ្តើម គឺ​មាន​ភាព​ច្បាស់​លាស់​ណាស់​ថា ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​សមាជិក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​យុវជន គឺ​ជា​រឿង​នយោបាយ​ទាំង​ស្រុង”។

លោក យ៉េង វីរៈ នាយកប្រតិបត្តិ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​មាន​ប្រសាសន៍​ថា៖ “តុលាការ​គួរតែ​អនុវត្ត​ទៅ​តាម​ច្បាប់ ជា​ជាង​តាម​របៀប​វារៈ​នយោបាយ ហើយ​ដោះ​លែង​មេដឹក​នាំ​យុវជន​ទាំង​បី​នាក់ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅលើ​សមាជិក​ទាំង​អស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ”។

ពេលវេលានៃការចាប់ខ្លួន​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងបី​នាក់ រួម​ទាំង​ការ​ចេញ​ដីកា​កោះ​ហៅ​សាក​សួរ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ប្រាំបី​នាក់ និង​ឯកឧត្តម កឹម សុខា ហើយ​និង​ការ​ប្រញាប់​ប្រញាល់​បន្ត​នីតិ​វិធី ដែល​បន្ត​ធ្វើ​ការ​ឃុំខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ប្រាំបី​នាក់​ដោយ​មិន​ត្រឹម​ត្រូវ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​អានុភាព​នៅ​ក្នុង​ការ​ចរចា​នយោបាយ និង​បញ្ជៀស​នូវ​កំណែ​ទម្រង់​ការបោះ​ឆ្នោត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​លទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ការ​ព្រម​ព្រៀង​នយោបាយ។

ណាលី ពីឡូក នាយិកា អង្គការសិទិ្ធមនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “នេះជា​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​ឱកាស​ក្នុង​ការ​កែទម្រង់​ការ​បោះឆ្នោត និង​លទិ្ធ​ប្រជា​ធិបតេយ្យ ដែល​បាន​លើក​ឡើង​ក្នុង​ការ​ចរចា​នេះ​ត្រូវ​បាន​បាត់​បង់ ដែល​ជា​លទ្ធផល​នៃ​ការ​រំលោភ​បំពាន​លើ​ប្រព័ន្ធ​យុត្តិធម៌​នា​ពេល​ចុង​ក្រោយ​នេះ”។

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសាសន៍​ថា៖ “អត្ថន័យ​នៃ​កិច្ច​ព្រម​ព្រៀង​ទាំងបី​របស់​គណបក្ស​ទាំង​ពីរ​អំពី​បច្ចេកទេស​លើ​កំណែ​ទម្រង់ មិន​ទាន់​មាន​លក្ខណៈ​សមស្រប​ពេញលេញ និង​មិន​ទាន់​ធានា​បាន​នូវការ​ផ្លាស់​ប្តូរ​ដ៏​មាន​ន័យ​និង​ពិត​ប្រាកដ ទៅនឹង​ការ​ព្រម​ព្រៀង​កាល​ពីថ្ងៃ​ទី ២២ ខែ​កក្កដា ដែល​កំពុង​ត្រូវការ​ជា​បន្ទាន់​នោះ​ទេ។ នេះ​ជា​ការ​ចាំបាច់​ដែល​គណបក្ស​ទាំង​ពីរ ត្រូវតែ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ជាក់​លាក់​នានា ដើម្បី​ធ្វើការ​កែ​ទម្រង់​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​មាន​ក្នុងការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣ ដូចជា​កំហុស​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាដើម”។

ការបំភិតបំភ័យ និងការគាបសង្កត់​សិទិ្ធ​មនុស្ស​ជា​មូល​ដ្ឋាន ដូចជា​សិទិ្ធ​សេរី​ភាព​ក្នុង​ការ​ជួបជុំ ដោយ​ការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ​ថា​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់។ យើងខ្ញុំ ជាក្រុម​សង្គម​ស៊ីវិល​មាន​រាយនាម​ដូច​ខាង​ក្រោម សំណូម​ពរ​ដោយ​ទទួច សូម​ឲ្យ​ធ្វើការ​ដោះលែង​នូវ​មេដឹកនាំ​យុវជន​ទាំង​បី​នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​លើក​ចោល​នូវ​រាល់​ការ​ចោទ​ប្រកាន់​ទាំងអស់​ដែល​មិនមាន​មូលដ្ឋាន​ច្បាប់​មក​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។ យើងខ្ញុំ សូម​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល សូម​មេត្តា​បញ្ឈប់​នូវការ​រំលោភ​បំពាន​លើ​នីតិ​វិធី​តុលាការ ដើម្បី​សម្រេច​នូវ​របៀប​វារៈ​នយោបាយ​របស់​ខ្លួន។

បន្ទាយស្រី
សហគមន៍បឹងកក់ (BKL)
សហគមន៍បុរីកីឡា (BK)
សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
សហព័ន្ធសហជីព កម្មករចំនីអាហារ និងសេវាកម្ម (CFSWF)
សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
បណ្តាញយុវជនកម្ពុជា (CYN)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
បណ្តាញកសាងសន្តិភាព (CPN)
អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
សមធម៌កម្ពុជា (EC)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
លីកាដូ កាណាដា
គណៈកម្មាធិការអព្យាក្រឹត្យ និងមិនលំអៀងសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា (NICFEC)
សមាគមធាងត្នោត (STT)
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
សហគមន៍ថ្មគោល

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Banteay Srey
២. Boeung Kak Lake Community (BKL)
៣. Borei Keila Community (BK)
៤. Building and Wood Workers Trade Union Federation (BWTUC)
៥. Cambodian Committee for Women (CAMBOW)
៦. Cambodian Food and Service Worker Federation (CFSWF)
៧. Cambodian Human Rights for Development Association (ADHOC)
៨. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៩. Cambodian Tourism and Service Workers Federation (CTSWF)
១០. Cambodian Youth Network (CYN)
១១. Cambodia’s Independent Civil Servants Association (CICA)
១២. Coalition of Cambodian Farmer Community (CCFC)
១៣. Community Legal Education Centre (CLEC)
១៤. Community Peace-Building Network (CPN)
១៥. CamASEAN
១៦. Equitable Cambodia (EC)
១៧. Housing Rights Task Force (HRTF)
១៨. Independent Democracy of Informal Economy Association (IDEA)
១៩. LICADHO Canada
២០. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
២១. Sahmakum Teang Tnaut (STT)
២២. The Cambodian NGO Committee on CEDAW (NGO-CEDAW)
២៣. Thmor Kol Community

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេត នៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
 លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក, ទូរស័ព្ទលេខ៖ ០១២ ៩២០ ៧៣០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា