សេចក្តីថ្លែងការណ៍

អង្គការ លីកាដូ ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​ដោយ​ហិង្សា​លើការ​ដើរ ហែ​ក្បួន​អហិង្សា​របស់​អ្នក​ភូមិ ឡ ពាង

ចេញផ្សាយ ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៤
F T M

អង្គការ លីកាដូ មាន​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ចំពោះ​ការ​បំបែក​យ៉ាង​ហិង្សា​ទៅ​លើ​អ្នក​ភូមិ​ជាង ៥០នាក់ មកពី​សហគមន៍ ឡ ពាង ក្នុង​ខេត្ត​កំពង់​ឆ្នាំង ដែល​បាន​ចាប់​ផ្តើម​ដង្ហែ​ក្បួន ដោយ​អហិង្សា ចម្ងាយ ៦០គីឡូម៉ែត្រ មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​អំពាវនាវ​រក​ដំណោះ​ស្រាយ​សម្រាប់​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​អ្នក​ទាំង​នោះ។ អំឡុង​ពេល​បំបែក អ្នក​ភូមិ​ចំនួន ៣នាក់ (រួម​ទាំង​ប្តីរបស់​តំណាង​សហគមន៍ ឡ ពាង អ្នកស្រី អ៊ុំ សុភី) ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត។

ការដង្ហែក្បួនដោយអហិង្សា ត្រូវ​បាន​បំបែក​យ៉ាង​ហិង្សា​ពី​សំណាក់​ក្រុម​នគរបាល និង​កងរាជ​អាវុធ​ហត្ថ​ជាច្រើន​នាក់ ខណៈ​ពេល​អ្នក​សហគមន៍​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំប្រទល់​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​កណ្តាល ត្រង់​ចំណុច​ទីប្រជុំ​ជន​ស្រុក​កំពង់​ត្រឡាច។ អ្នក​ភូមិ​សរុប​ចំនួន​៨នាក់​ត្រូវបាន​រង​របួស។

អ្នកភូមិចំនួន ៣នាក់ ដែលត្រូវ​បាន​ចាប់​ខ្លួន រួម​មាន លោក ស្ងួន ញាណ (ប្តី​របស់​អ្នក​ស្រី អ៊ុំ សុភី ជាអ្នក​សហគមន៍ ឡ ពាង ដែល​សកម្ម​ជាង​គេ) លោក ស្រ៊ុន ថា និង​លោក គុជ ហុក (អាយុ ៦៧ឆ្នាំ ជាអ្នក​ភូមិ​ដែល​មាន​វ័យ​ចាស់​ជាង​គេ)។

ការចាប់ខ្លួនចុងក្រោយនេះ កើត​ឡើង​ដោយសារ​តែ​ទំនាស់​ដីធ្លី ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ ២០០១ នៅ​ពេល​ដែល​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន ១៩គ្រួសារ ត្រូវបាន​រំលោភ​បំពាន ហើយ​ការ​រំលោភ​បំពាន​នេះ ត្រូវបាន​សម្របសម្រួល​ដោយ​លោក ថៃ ហ៊ី ជា​អតីត​មេភូមិ ដែល​ក្រោយ​មក​គាត់​បាន ក្លាយជា​អ្នក​តំណាង​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី ។ ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​អះអាង​ថា​ខ្លួន​ជា​ម្ទាស់ដី​របស់ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​ចេះ ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង។ ក្រុមហ៊ុន ខេ.ឌី.ស៊ី នេះ​គ្រប់​គ្រង ដោយ អ្នក​ស្រី ជា ខេង ជា​ភរិយា​របស់​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល។

ករណីដីធ្លីនេះ បានកើតឡើង​អស់រយៈ​ពេល​ជាង ១៣ ឆ្នាំ​មក​ហើយ ហើយ​បាន​ប៉ះពាល់​ដល់​អ្នក ភូមិឡ ពាង ជាង ១០០ គ្រួសារ។ អំឡុង​ពេល​នោះ អ្នក​តំណាង​របស់​សហគមន៍ និង​មេភូមិ​ម្នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ក្នុងការ​ចេញ​មុខ​តស៊ូ​មតិក្នុង​នាមអ្នក​ភូមិ​ដែល​រងផល​ប៉ះពាល់។ អ្នក​ការពារ​សិទ្ធិ មនុស្ស​មកពី​អង្គការ​ក្នុង​ស្រុក​មួយ​ឈ្មោះ សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) ត្រូវ​បានគេ​ចោទ​ថា​មាន​ជាប់​ពិរុទ្ធភាព​ពីបទ​បរិហា​កេរ្តិ៍ កាល​ពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១១។

ការចាប់ខ្លួនអ្នកភូមិ​ចំនួន ៣​នាក់ នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា រវាង​អ្នក​ភូមិ និង​កម្មករ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី កាលពី​ខែ​កក្កដា មុននេះ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​កំពុង​សាង​សង់​របង​បេតុង​កម្ពស់ ២ម៉ែត្រ​នៅព័ទ្ធ​ជុំវិញ​ដីមាន​ជម្លោះ។ ក្រោយ​ពីការ​ប៉ះទង្គិច នោះអ្នកភូមិ ចំនួន ២នាក់ (លោក សៀង ហេង និងលោក ម៉ាង យ៉ាវ) ត្រូវបានចាប់ខ្លួន ហើយ​បច្ចុប្បន្ន ត្រូវបាន​គេឃុំ ខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ។ មកដល់​ថ្ងៃនេះ មិន​ទាន់​មាន​កម្មករ​របស់ក្រុមហ៊ុន ខេ.ឌី.ស៊ី ណា​មួយ​ត្រូវ​បាន​ចាប់ខ្លួន​នោះទេ។

អំពើហិង្សាថ្មីៗនេះ រវាងអ្នកភូមិឡ ពាង និងក្រុមហ៊ុន ខេ.ឌី.ស៊ី គួរតែ​បាន​បញ្ជូន​ជាសញ្ញា​អាសន្ន​ទៅកាន់​អាជ្ញាធរ ថា​ចាំបាច់​ណាស់​ត្រូវតែ​មាន​ដំណោះ​ស្រាយ​សម្រាប់​ជម្លោះ​ដីធ្លី ដែល​បាន​កើត​ឡើង​អស់​រយៈ​ពេល​ជាង​មួយ​ទស្សវត្ស​នេះ។ ជំនួស​មក​វិញ អាជ្ញាធរ​រដ្ឋ នៅតែ​បន្ត​ព្យាយាម​គាប​សង្កត់​លើ​សម្លេង​របស់​អ្នក​ភូមិ និង​បន្ត​គំរាម​កំហែង​អ្នក​សហគមន៍​ដោយ​ការ​ចាប់​ខ្លួន​មនុស្ស​បន្ថែម​ទៀត។

លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “ច្បាស់​ណាស់​ថា ជម្លោះ​ដីធ្លី​ជាង​មួយ​ទស្សវត្ស​នេះ​នឹង​មិន​បញ្ចប់​ដោយសារ​តែការ​វាយ​ដំ និង​ការ​ចាប់ខ្លួន​អ្នក​ភូមិ​ជាច្រើន​នាក់ យ៉ាង​ហិង្សា​បន្ថែម​ទៀត​បែប​នេះ​នោះ​ទេ”។ លោក​បាន​បន្ថែម​ថា៖ “បញ្ហា​នេះ ត្រូវ​បាន​គេ​និយាយ​ពីមុន​ហើយ​ឥឡូវ​វា​​មិន​មែន​ជា​ពេល​ដែល​រាជរដ្ឋា​ភិបាល ទើប​តែ​ដឹង​ថាជម្លោះ​ដីធ្លី​ដែល​មិន​បាន​ដោះ​ស្រាយ គឺជា​ការ​គម្រាម​កំហែង​ដល់​ស្ថេរភាព​សង្គម​កម្ពុជា​នោះ​ទេ ហើយ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​ស្រាយ ដូច​នេះ​ប្រជា​ពលរដ្ឋ​អាច​នឹង​ត្រូវ​បាន​គេ​ផ្តល់​នូវ​សិទិ្ធ​ដីធ្លី ដែល​អ្នក​ទាំង​នោះ សម​នឹង​ទទួល​បាន”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា