សេចក្តីថ្លែងការណ៍

អង្គការ​សង្គម​ស៊ីវិលសូម​​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​​គោរព​សេរីភាព​ខាងការបញ្ចេញ​មតិ​

ចេញផ្សាយ ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ២០១៥; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំជាក្រុមអង្គការ​សង្គមស៊ីវិលដែលមានរាយនាម​ខាងក្រោម​ មាន​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​​​ចំពោះ​​​ការលើក​ឡើង​​​វិធានការ​ថ្មី​ដែល​​ហាមឃាត់​​បុគ្គលិក​អង្គការ​សង្គមស៊ីវិល​​​ក្នុង​ការ​ផ្ដល់​បទ​សម្ភាសន៍​ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ​​​ ឬ​​​​ថ្លែងការណ៍ផ្សេងៗ​​​​ដែលអាច “​ជេរប្រមាថ” ដល់គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។ ការ​រឹតបន្តឹង​បែប​នេះ​ស្មើ​នឹង​ការ​រំលោភបំពាន​​សេរីភាពខាង​ការ​​បញ្ចេញ​មតិ​។​

ក្នុង​អំឡុង​ពេល​ការ​ចរចា​អំពី​កំណែទម្រង់​ប្រព័ន្ធបោះឆ្នោត​​​នាពេលថ្មីៗ​នេះ​ ឧបនាយករដ្ឋ​មន្រ្តី ប៊ិន ឈិន មក​ពី​​គណបក្ស​ប្រជាជន​កម្ពុជា (ប្រ.ជ) និង​លោក គួយ ប៊ុន​រឿន ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​កម្ពុជា (គ.ស.ជ) ត្រូវបាន​លើក​ឡើង​​ថា វិធានការ​​បែប​នេះ​​នឹង​ត្រូវ​​យក​មក​​​ពិចារណា​ដើម្បីធានា​នូវ​​​ឯករាជ្យភាព​របស់​អង្គការ​មិនមែនរដ្ឋាភិបាល។ ​

ក្នុងនាម​ជា​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​ និងការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​គោរព​សិទ្ធិ​មនុស្ស​ យើង​​ខ្ញុំសូម​បញ្ជាក់​ថា​ រដ្ឋធម្មនុញ្ញ​​​កម្ពុជា និង​​កតិកា​សញ្ញា​អន្តរជាតិនានា​ ដែល​កម្ពុជា​ជា​ភាគី​ហត្ថលេខី​ ដូចជា កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ និងសិទ្ធិ​នយោបាយ (​“ក.អ.ស.ព.ន”) ធានា​​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ រាប់បញ្ចូល​ទាំង “​សេរីភាព​ស្រាវជ្រាវ​ព័ត៌មាន​ ទទួល​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​​ និង​គំនិតសព្វ​បែប​យ៉ាង​​ដោយមិន​គិត​ពី​ព្រំដែន​ ដោយ​ផ្ទាល់មាត់ សរសរ ឬ​បោះពុម្ព តាម​ទម្រង់​សិល្បៈក្តី ឬក៏ដោយ​មធ្យោបាយ​ដទៃទៀតក្តី តាម​ការ​ជ្រើសរើស​របស់​ខ្លួន​”។

ការ​​​ហាម​ឃាត់​​​ក្នុងការ​ផ្ដល់​បទ​សម្ភាសន៍​​ជាមួយប្រព័ន្ធផ្សព្វផ្សាយ​បែប​នេះ​ហាក់ដូចជា​មាន​បំណង​​ការពារ​រដ្ឋាភិបាល និង​សមាជិក​គណបក្ស​នយោ​បាយ​​ពី​ការ​រិះគន់នានា

ទោះបី​ជាសិទ្ធិ​សេរីភាពខាង​ការ​​បញ្ចេញមតិ​មិនមែនជា​សិទ្ធិ​ដាច់​ខាត​ តែ​ការ​រឹតបន្តឹង​នឹង​អាច​ធ្វើ​ទៅ​បាន​​ក្នុង​លក្ខខណ្ឌណា​ដែលចាំបាច់​បំផុត​ ដើម្បី​បម្រើ​​ផល​ប្រយោជន៍​ផ្នែកច្បាប់។ ផ្ទុយទៅវិញ ​ការ​​​ហាម​ឃាត់​​​ក្នុងការ​ផ្ដល់​បទ​សម្ភាសន៍​​ជាមួយប្រព័ន្ធផ្សព្វផ្សាយ​បែប​នេះ​ហាក់ដូចជា​មាន​បំណង​​ការពារ​រដ្ឋាភិបាល និង​សមាជិក​គណបក្ស​នយោ​បាយ​​ពី​ការ​រិះគន់នានា​​ ជាជាង​សម្រាប់ការពារ​ផលប្រយោជន៍​សង្គម។​​

បទបញ្ញត្តិ​ដែលមានពាក្យ​មិនច្បាស់លាស់ ដាក់ទោសទណ្ឌ​​ចំពោះ​​ការ​ “ជេរ​ប្រមាថ”​​ ទៅ​លើ​គណបក្ស​នយោបាយ ឬ​បេក្ខជន​គណបក្ស​នយោបាយ អាចទុក​ចន្លោះ​ជា​ច្រើនសម្រាប់ឲ្យ​អាជ្ញាធរ​​​អាច​បកស្រាយ​​យ៉ាង​​ទូលាយ​​ ដើម្បី​​បង្រ្កាបដោយ​ស្រប​ច្បាប់​ទៅលើ​​សំឡេង​ប្រឆាំង។ មិន​តែ​ប៉ុណ្ណោះ​ គណ:កម្មាធិការ​សិទ្ធិ​មនុស្ស (គណ:កម្មាធិការ) ជាអង្គភាពជំនាញ​ឯករាជ្យ​ ដែល​តាមដាន​ការ​អនុវត្ត​ ក.អ.ស.ព.ន បាន​លើក​ឡើង​ថា នៅ​​ក្នុង​បរិបទ​នៃ​ការ​​វែកញែក​ផ្នែក​នយោបាយ ក.អ.ស.ព.ន ​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​​លើ​ការ​បញ្ចេ​ញ​មតិ​ដោយ​គ្មាន​ការហាមឃាត់ និង​អះអាង​ថា បើ​គ្រាន់តែ​ “​អង្គហេតុ​តិច​តួច​នៃ​​ការ​បញ្ចេញមតិ ត្រូវបាន​ចាត់ទុក​ជា​ការ​ជេរ​ប្រមាថ​ដល់​​បុគ្គល​សាធារណ:​ ​នោះ​មិនទាន់គ្រប់​គ្រាន់​ក្នុង​ការ​កំណត់​ការ​ដាក់ទោសទណ្ឌ​នោះទេ...”​។ គណ:កម្មាធិការ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា “បុគ្គល​សាធារណ:ទាំង​អស់ រួម​ទាំង​អ្នកដែល​​មាន​អំណាច​​នយោបាយ​ខ្ពស់​បំផុត​ ដូចជា​ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាលគឺជា​​កម្មវត្ថុ​​សម្រាប់​​​ការ​រិះគន់ និង​​ប្រឆាំង​ផ្នែកនយោបាយ​ដោយ​ស្រប​ច្បាប់​”។ គណៈកម្មាធិការនេះ​នឹងធ្វើការ​​ត្រួតពិនិត្យ​ពីការបំពេញ​កាតព្វកិច្ច​របស់​កម្ពុជា​ចំពោះ​ក.អ.ស.ព.ន នៅ​ក្នុង​សម័យ​ប្រជុំលើកទី​១១៣ ក្នុងខែ​មីនា​ ឆ្នាំ២០១៥ ​ខាង​មុខ​នេះ។

ការលើក​ឡើង​ពីវិធានការបែប​នេះ​នឹង​អាចប្រើសម្រាប់តែ​​រារាំង​ការ​ជជែក​ពិភាក្សា​ជា​សាធារណ: ​កាត់បន្ថយសិទ្ធិ​​​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​របស់​ជាតិ ដែល​មាន​ចែង​ក្នុងរដ្ឋធម្មនុញ្ញ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​តួនាទីស្របច្បាប់​​​របស់​សង្គមស៊ីវិល​ក្នុង​ការ​ទាមទារ​ឲ្យ​​អាជ្ញាធរ​សាធារណ:​ទទួល​ខុសត្រូវប៉ុណ្ណោះ​។​

ការ​លើក​ឡើងពីវិធានការ​នេះធ្វើ​ឡើងស្រប​ពេល​ដែល​​និទណ្ឌភាពកំពុង​​កើត​មាន​ឡើង​ជា​បន្តបន្ទាប់ចំពោះ​​​ការ​សម្លាប់​ក្រុម​បាតុករ​ពីសំណាក់កង​កម្លាំង​​សន្តិសុខ​ក្នុងខែមករា ឆ្នាំ២០១៤ និង​ការ​ចាប់ខ្លួន​​​មានលក្ខណ:​​នយោបាយ សវនាការ​ដោយ​អយុត្តិធម៌ និងការ​ផ្ដន្ទា​ទោស​​យ៉ាង​ធ្ងន់ធ្ងរ​មក​​លើ​សកម្មជន និង​សមាជិក​នៃគណបក្ស​ប្រឆាំង។ ជំនួស​ឲ្យ​ការ​​​បង្កើន​ការ​រឹតបន្តឹង​​បន្ថែមទៀត​ទៅ​​​លើ​សេរីភាព​ខាង​ការ​បញ្ចេញមតិ យើង​ខ្ញុំ​សូម​ទទូច​ឲ្យ​រដ្ឋាភិបាល​​និងថ្នាក់ដឹកនាំ​នៃ​គណបក្ស​នយោបាយ​ទាំង​អស់​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បញ្ចប់​និទណ្ឌភាព​ ពង្រឹង​ឯករាជ្យ​​ភាព​នៃ​​​ប្រព័ន្ធតុលាការ និង​ធ្វើ​វិសោធនកម្ម​​​​លើ​ច្បាប់​ផ្សេងៗ​ដែលគំរាម​​ និង​រឹតបន្តឹង​ទៅ​​លើ​​សកម្មជន​​អង្គការ​សង្គម​ស៊ីវិល ដូចជាច្បាប់ស្ដីពី​អង្គការ​មិនមែនរដ្ឋាភិបាល ដើម្បី​ធ្វើឲ្យច្បាប់​នេះ​ស្រប​ទៅ​តាម​ស្ដង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អាង ជាតិ​លោម នាយកប្រតិបត្តិ នៃ​អង្គការពន្ល​កខ្មែរ​ ​លេខទូរសព្ទ ០១២ ៥១៧ ៩៤៣
 លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លេខទូរសព្ទ ០១១ ៩៤៣ ​២១៣
 លោក អៀង វុទ្ធី នាយកប្រត្តិបត្តិ នៃអង្គការ​សមធម៌​កម្ពុជា ​លេខទូរសព្ទ ០១២ ៧៩១ ៧០០
 លោកស្រី ណារី ពីលូក នាយិកាប្រតិបត្តិ​ នៃសម្ព័ន្ធខ្មែរ​ជំរឿន​ និងការពារ​សិទ្ធិ​មនុស្ស លីកាដូ
 លេខទូរសព្ទ ០១២ ៨០៣ ៦៥០
 លោក នី ចរិយា ប្រធានផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ផ្នែកច្បាប់ នៃ​សមាគមអាដហុក ការពារសិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍នៅ​កម្ពុជា​ លេខទូរសព្ទ ០១១ ២៧៤ ៩៥៩
 លោក ប៉ា ងួន​ទៀង នាយក​ប្រតិបត្តិ ​នៃមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ លេខទូរសព្ទ ០១២ ៥៩៨ ០៦៦
 លោក សៅ វណ្ណសី នាយកប្រតិបត្តិ នៃអង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ លេខទូរសព្ទ ០១២ ៨១៣ ៧៤៤
 លោកស្រី សុខ បញ្ញា នាយិកាប្រតិបត្តិ នៃ​អង្គការ​បន្ទាយស្រី​ លេខទូរសព្ទ ០១២ ៧១៣ ៥៨០
 លោក សួន​ ប៊ុនស័ក្ក លេខាធិការ​ប្រត្តិបត្តិ នៃគណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃអង្គការ​~សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ លេខទូរសព្ទ ០៩២ ៣៤៤ ៣៥៧

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា