សេចក្តីថ្លែងការណ៍

អង្គការ លីកាដូ បង្ហាញ​ទិន្នន័យ​ដីសម្បទាន​របស់ខ្លួន និង​ស្នើសុំ​យ៉ាងទទូច​នូវទិន្នន័យ​ដែលមាន​តម្លាភាព​ពីរាជារដ្ឋាភិបាល

ចេញផ្សាយ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០១៥
F T M

នាថ្ងៃនេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស “លីកាដូ” នឹង​ធ្វើការ​ចេញ​ផ្សាយ​​ជា​សាធារណៈ​នូវទិន្នន័យ​អំពី​ដី​សម្បទាន​របស់​ខ្លួន ហើយ​សូម​​អំពាវនាវ​​ដល់​​រាជ​រដ្ឋាភិបាល សូម​លោក​​មេត្តា​​អនុវត្ត​តាមពាក្យសុំ​​ក្នុងការ​បង្ហាញ​​ជាសាធារណៈ​នូវព័ត៌មាន​​លំអិត​នៃដី​សម្បទាន​ទាំងអស់​ដែល​ត្រូវ​បាន​ផ្តល់​នៅក្នុង​​ប្រទេស​កម្ពុជា។ ព័ត៌មាន​​ដែល​ចេញ​ផ្សាយ​នេះ គឺត្រូវ​បាន​​ចងក្រង​ក្នុង​​រយៈពេល ៥ឆ្នាំ​​នៃការ​ស៊ើបអង្កេត​​ទៅ​លើ​វិស័យ​នេះ។ ​

នៅខែឧសភា ២០១២ សម្តេចនាយករដ្ឋមន្ត្រី លោក​បានចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ​ដោយ​​ផ្អាកការ​​ផ្តល់​ដី​​សម្បទាន​​​សេដ្ឋកិច្ច​ថ្មីៗ​បន្តទៀត។ បទបញ្ជានេះ ក៏បាន​ប្រកាស​ឲ្យ​មានការ​ពិនិត្យ​​ឡើង​វិញ​​នូវដី​សម្បទាន​សេដ្ឋកិច្ច​ពីមុនៗ។ ការពិនិត្យ​ឡើង​វិញ​នេះ អាចនឹង​ត្រូវបាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ តែក្នុង​ករណី​ដែល​​រាជ​រដ្ឋាភិបាល​បង្ហាញ​ជា​សាធារណៈ​នូវចំនួនដី​សម្បទាន​ទាំងអស់​ដែលត្រូវ​បាន​ផ្តល់។ ប៉ុន្តែ រហូតមក​ដល់​ពេល​​នេះ រាជ​រដ្ឋាភិបាល មិនទាន់​បាន​បង្ហាញ​ឲ្យបាន​អស់​នៃដី​សម្បទាន​​ដែល​​ត្រូវបាន​ផ្តល់ទៅ​ឲ្យ​ឯកជន​​នោះ​ទេ។ ក្រសួង​​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​ផ្សាយ​នូវ​បញ្ជី​​ឈ្មោះ​ក្រុមហ៊ុន​​មួយដែល​មាន​​លក្ខណៈ​​មិនពេញ​លេញ។ រីឯក្រសួង​​បរិស្ថាន រឹតតែ​​អនុវត្ត​​តិចជាង​​ក្រសួង​​កសិកម្ម​​ទៅទៀត ដោយ​គ្រាន់តែ​​បង្ហាញ​ចំនួន​​ក្រុមហ៊ុន​​សរុប​​ដែល​​ពាក់ព័ន្ធ និង​ចំនួន​​សរុបដី​​សម្បទាន​​ដែល​ត្រូវបាន​​ផ្តល់​ប៉ុណ្ណោះ។ ហើយ​​ក្រសួង​​ទាំងពីរ​​ក៏មិនទាន់​បាន​​បង្ហាញនូវ​​ទីតាំង​​ជាក់លាក់​នៃដី​ចំនួន ២,១ លាន​​ហិកតា ដែលជា​​ដី​សម្បទាន​​សេដ្ឋកិច្ច​​ផងដែរ។

ប្រជាពលរដ្ឋ​កម្ពុជា មានសិទិ្ធ និង​ត្រូវការទទួល​ព័ត៌មាន​អំពីអ្នកដែល​គ្រប់គ្រង​តំបន់ទាំងនោះ​ដែលនៅ​ជិតនឹង​ផ្ទះរបស់​អ្នក​ទាំងនោះ។

ណាលី ពីឡូក នាយិកា​អង្គការ​សម្ព័ន្ធ​ខ្មែរជំរឿន និង​ការពារ​សិទិ្ធមនុស្ស លីកាដូ បាន​មាន​ប្រសាសន៍ថា៖ “ដីសម្បទាន​ទំហំធំៗ ធ្លាប់មាន​ប្រវត្តិប៉ះពាល់​ដល់​ជីវភាពរស់នៅ​របស់ប្រជា​ពលរដ្ឋ និង​ធនធាន​ធម្មជាតិ ក៏ដូច​ជាមាន​ផលប៉ះពាល់​ជាអវិជ្ជមាន​ដល់​ការអនុវត្ត​គម្រោង​នានាផងដែរ។ ប្រសិន​បើ​រាជ​រដ្ឋាភិបាល តាំងចិត្តក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើងនូវ​គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ទៅលើវិស័យដីធ្លី នោះត្រូវតែ​ប្តេជ្ញាចិត្តក្នុងការអនុវត្តការងារ​ប្រកបដោយ​តម្លាភាព​ទៅលើការផ្តល់ដី​សម្បទាន​របស់រដ្ឋ។” អ្នកនាង បានមាន​ប្រសាសន៍បន្តទៀតថា៖ “ប្រជាពលរដ្ឋ​កម្ពុជា មានសិទិ្ធ និង​ត្រូវការទទួល​ព័ត៌មាន​អំពីអ្នកដែល​គ្រប់គ្រង​តំបន់ទាំងនោះ​ដែលនៅ​ជិតនឹង​ផ្ទះរបស់​អ្នក​ទាំងនោះ។”

អង្គការ លីកាដូ សូមសំណូមពរដ៏ទទូចដល់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា សូមលោក​មេត្តា​ធ្វើការអនុវត្ត​ការវាយតម្លៃជាសាធារណៈមួយទៅលើការទទួលបានដីសម្បទានធំៗទាំងនោះ។ ការវាយតម្លៃនេះ នឹងត្រូវ​ការឲ្យមានការប្រកាសឲ្យបានពេញលេញពីគ្រប់ក្រសួងពាក់ព័ន្ធ​ទាំងអស់នូវ​ប្រាក់ចំណូលចូលរដ្ឋ​ទាំងអស់​ដែលបានមកពីដីសម្បទានសេដ្ឋកិច្ចទាំងនោះ។

ដោយសារការខ្វះនូវតម្លាភាពរបស់រាជរដ្ឋាភិបាល ព័ត៌មានដែលអង្គការ លីកាដូ បានចងក្រង​ក្នុង​រយៈពេល ៥ឆ្នាំ នៅតែមិនទាន់ពេញលេញ និងមានចំនុចមួយចំនួនមិនទាន់ច្បាស់លាស់។ ដូចនេះហើយ មិនមានអ្វី​ដែលជំនួសឲ្យការបង្ហាញជាសាធារណៈនូវទិន្នន័យរបស់រាជរដ្ឋាភិបាល​ដោយ​ផ្ទាល់នោះទេ។

លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ បានមាន​ប្រសាសន៍ថា៖ “អង្គការ លីកាដូ សង្ឃឹមថា ព័ត៌មានបន្ថែមទៅលើការផ្តល់ដី​សម្បទាន​ទំហំធំៗ​ទាំង​នោះ អាចជួយឲ្យមានការវិវឌ្ឍន៍​ទៅមុខ​នៅក្នុងការពិភាក្សាទៅលើប្រធានបទប្រភេទនេះ។ អង្គការ លីកាដូ ក៏នៅតែចង់បានព័ត៌មាន​បន្ថែមពីរាជ​រដ្ឋាភិបាល។” លោក បានមានប្រសាសន៍បន្ថែមទៀតថា៖ “អាចជា​ការ​យឺតយ៉ាវបន្តិច​សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើការវាយតម្លៃអំពីគុណប្រយោជន៍ និងគុណវិបត្តិ​នៃប្រធានបទ​បែបនេះ។”

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត, អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ,
 ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០ (ភាសាខ្មែរ)
 អ្នកនាង ណាលី ពីឡូក, នាយិកាអង្គការ លីកាដូ​, ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០ (ភាសាអង់គ្លេស)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា