សេចក្តីថ្លែងការណ៍

កម្ពុជាគួរតែ​ចុះបញ្ជី និង​មិនត្រូវ​បញ្ជូនអ្នក​ស្នើរសុំ​សិទ្ធិជ្រកកោន​ជនជាតិ​វៀតណាម​ត្រលប់​ទៅវិញទេ

ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៥; ក្រុមសង្គមស៊ីវិល
F T M

ថ្ងៃនេះអង្គការ លីកាដូ និងអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​លើក​ឡើងថា ការបដិសេធ​របស់​កម្ពុជា​ក្នុងការ​អនុញ្ញាត​ឲ្យអ្នកស្នើរ​សុំសិទ្ធិ​ជ្រកកោន​មកពី​ប្រទេស​វៀតណាម​ចុះបញ្ជី​ឈ្មោះ និងស្វែង​​រកឋានៈ​ជាជនភៀស​ខ្លួន បាន​បង្ហាញ​ពីការ​មិនបាន​បំពេញ​កាតព្វកិច្ច​គោរពនូវ​ច្បាប់ស្តីពី​ជនភៀស​ខ្លួន​អន្តរជាតិ។ រយៈពេល​បួនខែ​ចុងក្រោយ​នេះ កម្ពុជា​បាន​និរទេស​អ្នកស្នើរ​សុំសិទ្ធិ​ជ្រកកោន​ជាជនជាតិ​វៀតណាម​ចំនួន ៥៤​នាក់​ដោយបង្ខំ ហើយ​គ្រោង​នឹង​និរទេស​ចំនួន ៤០នាក់​បន្ថែម​ទៀត។

អ្នកនាង ណាលី ពីឡូក នាយិកា​អង្គការ​សិទិ្ធមនុស្ស លីកាដូ បានមាន​ប្រសាសន៍​ថា៖ “កម្ពុជាគួរតែ​ចុះបញ្ជី​ឈ្មោះភ្លាមៗ​សម្រាប់​អ្នកស្នើរ​សុំ​សិទ្ធិ​ជ្រកកោន​ជា​ជនជាតិ​វៀតណាម​ចំនួន ៤០នាក់ ដែលបាន​ធ្វើដំណើរ​មកដល់​រាជធានី​ភ្នំពេញ”។ អ្នកនាង បានបន្ត​ទៀតថា “រាជ​រដ្ឋាភិបាល​គួរតែ​ធានាថា កម្ពុជា​បើកចំហរ​សម្រាប់​អ្នកស្នើរ​សុំ​សិទ្ធិ​ជ្រក​​កោន​​មកពី​​ប្រទេស​​វៀតណាម ហើយ​​អ្នក​ទាំងនោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យចុះ​បញ្ជី​ឈ្មោះ ដូច្នេះ​ហើយ​អ្នក​ទាំងនោះ​អាចទទួល​បាននូវ​ការ​សម្រេច​ចិត្ត​ដោយ​យុត្តិធម៌ និង​ឯករាជ្យ ទៅលើ​ការ​អះអាង​ពីការ​ធ្វើ​ទុក្ខបុក​ម្នេញ​របស់​អ្នក​ទាំងនោះ។”

ក្នុងខែមិនា ឆ្នាំ២០១៥ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្គាល់​ថាជា​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន នូវអ្នក​កាន់​សាសនា និង​ជនជាតិ​ដើម​ភាគតិច​ចំនួន ១៣នាក់ ដែល​ភៀស​ខ្លួន​មក​ពី​ប្រទេស​វៀតណាម នៅពេល​ដែល​អ្នក​ទាំងនោះ​ត្រូវបាន​បញ្ជូនមក​ដល់​រាជធានី​ភ្នំពេញ​កាលពី​ចុងឆ្នាំ​២០១៤ ដោយមាន​ជំនួយពី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ ផ្ទុយទៅវិញ ចាប់តាំង​ពី​ខែមករា ឆ្នាំ២០១៥ រាជ​រដ្ឋាភិបាល​បាន​បដិសេធ​ក្នុងការ​ចុះបញ្ជី​ឈ្មោះ​អ្នក​ទាំងនោះ​ជាអ្នក​ស្នើរសុំ​សិទ្ធិ​ជ្រកកោន និង​បដិសេធ​ការវាយ​តម្លៃ ក្នុងការ​ស្នើរសុំ​ឋានៈ​ជា​ជនភៀស​ខ្លួន​របស់​មនុស្ស​ប្រមាណ ១០០នាក់​ផ្សេងទៀត​ដែល​ជាជនជាតិ​ដើម​ភាគតិច ចារាយ (Jarai) និង អីឌឺ (E De (Rhade)) (សំដៅ​ទៅលើ​ជនជាតិ​ម៉ុង​តាញ៉ា)។ អ្នក​ទាំងអស់​នោះ​បាន​ចាកចេញ​ពីខេត្ត យ៉ា ឡាយ (Gia Lai) និង​ខេត្ត ដា ឡាក់ (Dak Lak) ដែល​ស្ថិតនៅ​ខ្ពង់រាប​ខាងលិច (Tay Nguyen) នៃវៀត​ណាម​កណ្តាល ដែល​អ្នកទាំង​នោះ​អះអាង​ថា ខ្លួនត្រូវ​បានគេ​ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ និង​សាសនា ជាប្រចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ក្នុងកិច្ច​សម្ភាសន៍​ជាមួយ​អង្គការ លីកាដូ និង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch អង្គការ​ទាំងពីរ​នេះ​បាន​រៀបរាប់​ជាពិសេស​ពីការ​ធ្វើទុក្ខបុកម្នេញរបស់អ្នកទាំងនោះ ក្នុងការ​ជាប់​ទាក់ទង​ជាមួយ​នឹង​គ្រិស្ត​សាសនា​ប្រូតេស្តង់ ឌឺកា (De Ga Protestant Christianity) ដែល​អាជ្ញាធរ​វៀតណាម ចាត់ទុកជា “សាសនា​ហាមឃាត់” និង​ដោយសារ​មានការ​សង្ស័យថា អ្នកទាំងអស់​នោះ​កំពុង​ធ្វើការ​តស៊ូមតិ​ឲ្យមាន​លក្ខណៈ​ល្អប្រសើរ​ថែមទៀត​នូវស្វ័យភាព​ផ្នែក​នយោបាយ​សម្រាប់​​ជនជាតិ​ដើម​ភាគ​​តិច​​ដែល​ស្ថិតនៅ​ខ្ពង់រាប​ខាងលិច ជាងអ្វី​​ដែល​អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត។

“រាជរដ្ឋាភិបាលគួរតែធានាថា កម្ពុជា​បើក​ចំហរ​សម្រាប់​អ្នកស្នើរ​សុំ​សិទ្ធិ​ជ្រក​កោន​មកពី​វៀតណាម ហើយ​ពេល​ដែល​អ្នកទាំង​នោះ​​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចុះបញ្ជី ដូចនេះ​អ្នក​ទាំងនោះ​អាច​ទទួល​បាន​នូវការ​សម្រេចចិត្ត​ដោយ​យុត្តិធម៌ និង​ឯករាជ្យ លើការ​អះអាង​ពីការ​ធ្វើទុក្ខ​បុកម្នេញ​របស់អ្នក​ទាំងនោះ។”

ក្នុងចំណោមអ្នកស្នើរ​សុំសិទ្ធិ​ជ្រកកោន​ទាំងនេះ មនុស្ស​ចំនួន ៥៤នាក់ ត្រូវបាន​និរទេស​ភ្លាមៗ​ដោយ​នគរបាល និង​អាជ្ញាធរ​កម្ពុជា​ក្នុង​ខេត្ត​រតនគីរី​ទៅកាន់​ប្រទេស​វៀតណាម​វិញ។ ជនជាតិ​ដើម​ភាគ​តិច ចារាយ (Jarai) និង អ៊ីឌឺ (E De) ចំនួន ៤០នាក់​ផ្សេង​ទៀត​បាន​ធើ្វដំណើរ​ដោយ​ខ្លួនឯង តាម​ច្រក​ផ្លូវ​ផ្សេងៗ​មក​កាន់​រាជធានី​ភ្នំពេញ។ មនុស្ស​មួយ​ចំនួន​នៃអ្នក​ទាំងនោះ បាន​ចូល​បង្ហាញ​ខ្លួននៅ​នាយក​ដ្ឋាន​ជន​ភៀស​ខ្លួន​របស់​រាជ​រដ្ឋាភិបាល ប៉ុន្តែ​អ្នក​ទាំង​នោះ​ត្រូវបានគេ​ប្រាប់​ថា មិន​អាច​ត្រូវ​បានគេ​ចុះបញ្ជី​នោះទេ។ ថ្មីៗនេះ អ្នកមួយ​ចំនួន​ផ្សេង​ទៀត​ត្រូវបាន​ប្រាប់ថា អ្នក​ទាំងនោះ​នឹង​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្ហាញ​វត្តមាន​សម្រាប់​ការចុះ​បញ្ជី​ឈ្មោះ​នោះ​ឡើយ។ ៦នាក់​ក្នុង​ចំណោម​អ្នកទាំង​នេះ​គឺ​ជាកុមារ ហើយ​ម្នាក់គឺ​ជា​ទារក​ដែល​មាន​អាយុ ១៥ខែ។

សេចក្តីសម្រេច​លើក​ដំបូង​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ផ្តល់​ឋានៈ​ជា​ជនភៀស​ខ្លួន​ទៅ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច ចារាយ ចំនួន ១៣នាក់ គឺជា​ការ​ទទួល​ស្គាល់ថា​ការធ្វើ​ទុក្ខ​បុក​ម្នេញ​បាន​កំពុងកើត​ឡើង​នៅតំបន់​ខ្ពង់រាប​ភាគ​ខាងលិច ។ ក៏ប៉ុន្តែ រាជ​រដ្ឋាភិបាល​បាន​ចាត់ទុក​ជនជាតិ​ដើម​ភាគតិច ចារាយ និង អ៊ីឌឺ ដែល​ត្រូវបាន​បញ្ជូន​ត្រលប់​ទៅវិញ និង​ដែល​ត្រូវបាន​បដិសេធ​មិនចុះ​បញ្ជី​ឈ្មោះ ថាជា​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​ចូលមក​កាន់​កម្ពុជា​ដើម្បី​តែផល​ប្រយោជន៍​សេដ្ឋកិច្ច ហើយ​អ្នក​​និង​សណ្តាប់​ធ្នាប់​សារធារណៈ​របស់​ប្រទេសកម្ពុជា។ រាជ​រដ្ឋាភិបាល​ថែម​ទាំងបាន​បដិសេធ​ជនជាតិ​ម៉ុង​តាញ៉ា​ទាំងអស់​នេះ ថា​មិនមែន​ជាសមាជិក​ក្រុម​ជនជាតិ​ដើម​ភាគតិច​ទៀត​ផង។ ការ​បដិសេធ​នេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​សេចក្តីថ្លែង​ការណ៍​ដដែលៗ ដែល​ធ្វើឡើង​ដោយ​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ខេត្ត​រតនគីរី ដែល​មិនបាន​ផ្តល់​ភស្តុតាង​សមស្រប​ទៅនឹង​ការ​អះអាង​ទាំងនោះ​ទេ និង​មិនអាច​ផ្អែក​លើ​ការ​ព្យាយាម​​ណាមួយ​ក្នុងការ​វាយ​តម្លៃ​លើការ​ទាមទារ​របស់​អ្នកស្នើរ​សុំសិទ្ធិ​ជ្រក​កោន​នោះ​ទេ។

ប្រទេសកម្ពុជាបានផ្តល់​សច្ចាប័ន​ទំាង​អនុសញ្ញា​ឆ្នាំ១៩៥១ ទាក់ទង​ទៅនឹង​ឋានៈ​នៃជន​ភៀស​ខ្លួន និង​ពិធីសារ​ឆ្នាំ ១៩៦៧ របស់​អនុសញ្ញា​នេះ នៅថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ​១៩៩២។ ជំហ​របស់​រាជរដ្ឋាភិបាល ហាក់​ដូចជា​ពឹងផ្អែក​ទៅលើ​មាត្រា​នានា​នៅក្នុង​អនុក្រឹត​ចុះថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៩ ដែល​ប្រកាស​ឲ្យប្រើ​យ៉ាង​ប្រញាប់​ក្នុងការ​ផ្តល់​មូលដ្ឋាន​មួយ​សម្រាប់ការ​និរទេស​ដោយបង្ខំ ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​រយៈពេល​បីថ្ងៃ​ក្រោយ​មក លើអ្នក​ស្នើរសុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​ដើម​ភាគតិច​ចិន Uighu ត្រលប់​ទៅ​ប្រទេស​ចិនវិញ ដែល​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ពី​ការរំលោភ​បំពាន​លើ​កាតព្វកិច្ច​ក្នុងការ​គោរព​សិទ្ធិ​មនុស្ស​របស់​កម្ពុជា។ អនុក្រឹត្យ​នេះផ្តល់​សិទ្ធិ​ដល់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ដែល​គ្រប់គ្រង​លើ​នាយកដ្ឋាន​ជនភៀស​ខ្លួន មាន​តួនាទី​សំខាន់​ក្នុងការ​សម្រេច​ថាតើ​គួរផ្តល់ ឬ​មិនផ្តល់ ចំពោះ​អ្នក​ដែល​ស្នើរសុំ នូវ​សិទ្ធិ​ជ្រក​កោន និង​ឋានៈ​ជាជនភៀស​ខ្លួន។ ទោះបីជា អនុក្រឹត្យ​នេះ​ចែងថា​អ្នកស្នើរ​សុំសិទ្ធិ​ជ្រកកោន​ណា​ម្នាក់ ស្នើរសុំ​សិទ្ធិ​ជ្រកកោន​នៅមុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច ហើយ​អ្នក​ទាំងនោះ​ត្រូវតែ​ជាអ្នក​ស្នើសុំ​ដែល​មាន​ឋានៈ​ជាជន​បរទេស​មិនមែន​អន្តោ​ប្រវេសន៍ ហើយ​និង​មិន​តម្រូវឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យអ្នក​ទាំងនោះ​ចូលមក ឬ ស្នាក់នៅ​បណ្តោះ​អាសន្ន​ក្នុង​ប្រទេស​កម្ពុជា​នោះទេ។ តែផ្ទុយ​ទៅវិញ អនុក្រឹត្យ​នោះ​បានលើក​ឡើង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​មានសិទ្ធិ​ក្នុងការ​បដិសេធ ឬ បណ្តេញ​អ្នកស្នើរ​សុំ​សិទ្ធិ​ជ្រកកោន​ចេញ ប្រសិន​បើ​អាជ្ញាធរ​ទាំងនោះ​គិតថា វត្តមាន​របស់អ្នក​ទាំងនោះ “មាន​ផល​ប៉ះពាល់​មិនល្អ​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ”។

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ប្រធាន​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ លោក​ឧត្តម​សេនីយ៍ សុខ ផល បាន​បន្ថែម​ការ​គំរាមកំហែង​ដល់​អ្នក​ស្នើរសុំ​សិទ្ធិ​ជ្រកកោន​ជាជន​ជាតិ​ដើម​ភាគ​តិច ចារាយ និង អ៊ីឌឺ ចំនួន​៤០នាក់ ហើយ​ព្រម​ទាំង​បាន​គំរាមកំហែង​ចាត់​វិធាន​ការណ៍​ទៅលើ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន (UNHCR) ផង​ដែរ។ នៅក្នុង​ប្រទេស​កម្ពុជា ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុកជន​ភៀស​ខ្លួន មាន​អាណត្តិ​ដើម្បី​បន្ត​ការការ​ពារ​ជនភៀស​ខ្លួនឲ្យ​បាន​ល្អ​ប្រសើ តាមរយៈ​ការ​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​ប្រព័ន្ធ​សិទ្ធិ​ជ្រក​កោន ដោយ​យោងទៅ​តាម​មាត្រា ៣៥ នៃ​អនុសញ្ញា​ស្តីពី​ជនភៀស​ខ្លួន​ឆ្នាំ ១៩៥១ ដែល​តម្រូវឲ្យ​អាជ្ញាធរ​រដ្ឋ​សហការ​ជាមួយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន ហើយ​ផ្តល់​តួនាទី​ដល់​ឧត្តមស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ក្នុងការ​ត្រួតពិនិត្យ​ពាក់ព័ន្ធ​នឹង​បញ្ហា​​របស់​​ជនភៀស​ខ្លួន។

លោកឧត្តមសេនីយ៍ សុខ ផល បាន​លើក​ឡើងថា អ្នកស្នើរ​សុំ​សិទ្ធិ​ជ្រកកោន​ចំនួន ៤០​នាក់​ក្នុង​រាជធានី​ភ្នំពេញ គឺជា “ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់”។ លោក​បន្តថា៖ “យើង​នឹង​ចាប់ខ្លួន​អ្នក​ទាំងអស់​នោះ ប្រសិន​បើ​យើង​រក​ឃើញ​ថា​អ្នក​ទាំងអស់​នោះ​ឆ្លងដែន​ដោយ​ខុស​ច្បាប់”។ លោក​បាន​ចោទ​ប្រកាន់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន ពីបទ​រួម​សមគំនិត​ជាមួយ​អ្នក​ទាំងអស់​នោះ ហើយ​លោក​បាន​អះអាង​ទៀតថា “ច្បាប់​របស់​ប្រទេស​កម្ពុជា​បាន​ចែងថា បុគ្គល​ណា​ដែល​បាន​រួម​សមគំនិត​ជាមួយ​នឹង​ជន​អន្តោ​ប្រវេសន៍​ត្រូវតែ​ផ្តន្ទា​ទោស”។ ការ​លើក​ឡើង​របស់​លោក​ឧត្តម​សេនីយ៍ សុខ ផល បាន​បង្ហាញ​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​គម្រាម​កំហែង​នឹង​ប្រើប្រាស់​មាត្រា ២៩​នៃ​ច្បាប់​ស្តីពី​អន្តោ​ប្រវេសន៍​របស់​កម្ពុជា​ដែល​ត្រូវបាន​អនុម័ត​នៅខែ​កញ្ញា ឆ្នាំ១៩៩៤ ទៅលើ​បុគ្គលិក​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន។ មាត្រា​នេះ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ចាប់ពី​បី ទៅ ប្រាំ​មួយ​ខែ លើ​លើ​បុគ្គល​ណា​ដែល “ផ្តល់​ជំនួយ ឬ លួច​ផ្តល់​មធ្យោបាយ​ធ្វើ​ដំណើរ” ដល់​ជន​បរទេស​ណា​ដែល​ចូលមក​កាន់​ប្រទេស​កម្ពុជា “ដោយ​គ្មានការ​អនុញ្ញាត” ហើយ​ស្នាក់នៅ​ក្នុង​ប្រទេស​ដោយ “លាក់​បំពួន ឬ បន្លំ ឬ ដោយ​ឧបាយកល​សម្រាប់​រំដោះខ្លួន”។ ការប្រើប្រាស់​ច្បាប់​នេះ​មិនមែន​ត្រឹមតែ​មិនអើពើ​ចំពោះ​អាណត្តិ​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​​បន្ទុក​ជនភៀស​ខ្លួន​ប្រចាំ​នៅ​កម្ពុជា​នោះទេ ហើយ​ថែម​ទាំង​មិនអើពើ​ចំពោះ​អភ័យ​ឯក​សិទ្ធិ​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​​ទទួល​​បន្ទុក​ជនភៀស​ខ្លួន និង​បុគ្គលិក​របស់​អង្គការ​សហ​ប្រជាជាតិ​ផ្សេង​ទៀត ក្រោម​លក្ខន្តិកៈ​នៃ​អនុ​សញ្ញា​ឆ្នាំ​១៩៤៦ ស្តី​អំពី​ឯកសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​កម្ពុជា គឺជា​រដ្ឋ​ភាគី។

នាយកប្រត្តិបត្តិអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​នៅ​អាស៊ី លោក Brad Adams បានមាន​ប្រសាសន៍​ថា៖ “ប្រសិន​បើ​ម្ចាស់​ជំនួយ​របស់​រាជរដ្ឋាភិបាល​មិនចាត់​វិធាន​ការណ៍​ភ្លាមៗ ដើម្បី​ដាក់​សម្ពាធ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ពិចារណា​ឡើងវិញ​នោះ​ទេ យើង​ប្រហែល​ជានឹង​ជួបការ​និរទេស​ធំ​ជាង​ការ​និរទេស​ជនជាតិ​ដើម​ភាគ​តិច​ចិន Uighurs កាលពី​ឆ្នាំ​២០០៩ ទៅ​ទៀត”។ លោក​បាន​បន្តទៀត​ថា៖ “នេះជា​បញ្ហា​ធំធេង ដោយ​មិន​ត្រឹមតែ​ជា​ការ​បញ្ជូន​ជនភៀស​ខ្លួន​ត្រលប់​ទៅវិញ​នោះ​ទេ ប៉ុន្តែ​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា។ រាជ​រដ្ឋាភិ​បាល​កម្ពុជា​គួរតែ​ដឹងថា​ខ្លួន​នឹង​ត្រូវ​ផ្តល់​សំណង​ជាលក្ខណៈ​ការទូត​យ៉ាង​ធំធេង ប្រសិន​បើ​បញ្ហា​នេះ​កើត​ឡើង​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 រាជធានីភ្នំពេញ, អ្នកនាង ណាលី ពីឡូក (ភាសាអង់គ្លេស), +៨៥៥ ១២ ៨០៣ ៦៥០
 រាជធានីភ្នំពេញ, លោក អំ សំអាត (ភាសាខ្មែរ), +៨៥៥ ១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា