សេចក្តីថ្លែងការណ៍

ដំណើរឃ្លាត​ចេញពី​អ៊ីនធឺណិត? ការគម្រាមកំហែង​ចំពោះ​សេរីភាព​លើប្រព័ន្ធ​អ៊ីនធឺណិត​ដែលទើបរកឃើញ​ថ្មីនៅ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៥
F T M

នៅក្នុងទិវាពិភពលោកស្តីពីព័ត៌មានសង្គម អង្គការ លីកាដូ បានចេញ​នូវ​របាយការណ៍​​មួយ​​ដែល​​មាន​ចំណង​ជើងថា៖ “ដំណើរ​ឃ្លាត​ចេញ​ពីអ៊ីន​ធឺណិត? ការ​គម្រាម​កំហែង​ចំពោះ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ដែលរក​ឃើញថ្មី​នៅ​កម្ពុជា” ដោយ​ពិពណ៌នា​អំពី​សារ​សំខាន់​នៃ​អ៊ីនធឺណិត​សម្រាប់​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​នៅក្នុង​ប្រទេស​កម្ពុជា និង​ការ​គម្រាម​កំហែង​ដែល​កំពុង​កើតមាន​ឡើង​លើ​មធ្យោបាយ​ក្នុងការ​បញ្ចេញ​មតិ​ប្រភេទ​នេះ។

ចាប់តាំងពីឡើងដឹកនាំ​រាជ​រដ្ឋាភិបាល គណបក្ស​​កាន់​អំណាច បាន​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​​ចាប់​ពិរុទ្ធ​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ប្រពៃណី។ អាជ្ញា​ប័ណ្ណ​​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​រាជ​រដ្ឋាភិបាល គឺមិន​ត្រូវ​បាន​ចេញ​ទៅឲ្យ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ខណៈ​ពេល​ដែល​អ្នក​សារ​ព័ត៌មាន​ជាច្រើន​ត្រូវ​បាន​គេ​គម្រាម​កំហែង ចោទ​ប្រកាន់ ចាប់​ដាក់​ពន្ធនាគារ ហើយ​នៅ​ក្នុង​ករណី​មួយ​ចំនួន​ត្រូវបាន​គេ​​សម្លាប់ ដោយ​សារ​បាន​ឆ្លងកាត់​ខ្សែ​បន្ទាត់​ដែល​កំណត់ថា​អ្វីដែល​គូរ​ចេញ​ផ្សាយ និងអ្វី​ដែល​មិនគួរ​ចេញ​ផ្សាយ។

ប្រទេសកម្ពុជា កំពុងរីកសាយ​ភាយ​យ៉ាងខ្លាំង​នូវការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺណិត​ ដោយសារ​តែ​មានការ​កើនឡើង​នូវប្រភេទ​ទូរស័ព្ទ​ស្មាតហ្វូន​ដែល​មាន​តម្លៃទាប ងាយ​ស្រួល​ភ្ជាប់អ៊ីន​​ធឺណិត និង​មាន​បណ្តាញ​​ទូរស័ព្ទ​ចល័ត​យ៉ាង​ទូលំទូលាយ បាន​ផ្តល់​នូវ​សមត្ថភាព​ដល់​ប្រជាពល​រដ្ឋនានា​ដូចជា អ្នក​បង្កើត​គេហទំព័រ ព្រះសង្ឃ សកម្មជន​សហគមន៍ និង​អ្នក​នយោបាយ​ជំទាស់ ក្នុងការ​កាត់​បន្ថយការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​ដែល​គ្រប់គ្រង​ដោយ​រាជ​រដ្ឋាភិបាល និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពីការ​រំលោភ​យកដី​ធ្លី ការប្រើ​អំពើ​ហិង្សា​របស់​នគរបាល និទណ្ឌ​ភាព អំពើ​ពុក​​រលួយ និង​ការ​បំផ្លាញ​ព្រៃឈើ ។ល។

ប៉ុន្តែសេរីភាពនៃការបញ្ចេញមតិ​ប្រភេទ​នេះ​កំពុង​ស្ថិត​នៅ​ក្រោមការ​គម្រាម​កំហែង។ រាជ​រដ្ឋាភិបាល បាន​បង្កើត​ក្រុម​អ្នកជំនាញ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត (Cyber War Team) ដើម្បី​ត្រួត​ពិនិត្យ និង​ប្រមូល​ព័ត៌មាន​ពីប្រព័ន្ធ​ទំនាក់ទំនង​សង្គម ហ្វេសប៊ុក និង​គេហ​ទំព័រ​ផ្សេងៗ​ទៀត ដើម្បី “ការពារ​ជំហរ និងកិត្តិនាម​របស់​រាជ​​​រដ្ឋា​ភិបាល”។ អាជ្ញាធរ​រដ្ឋ បាន​ទៅ​ទស្សនកិច្ច​នៅឯ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​ទូរ​គមនាគមន៍​កម្ពុជា និង​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​នានា​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​មើល​ឧបករណ៍​បណ្តាញ​របស់​អ្នក​ទាំងនោះ​ដែលត្រូវ​បានគេ​ដឹងថា នឹង​រៀបចំ​ចាប់ផ្តើម​តំឡើង​ឧបករណ៍​តាម​ដាន​បែប​អេឡិចត្រូនិច។ ជាពិសេស ការ​រាយ​ការណ៍​បែបនេះ គឺជា​ការ​បន្ថែម​បញ្ហាពី​លើ​ការ​ព្រមព្រៀង​យ៉ាង​ស្រពិច​ស្រពិល​ថ្មីៗ​រវាង​ទូរ​គម​នាគមន៍​កម្ពុជា និង​ប្រទេស​ចិន ដែល​ជា​ប្រទេស​មានការ​រឹតត្បិត​យ៉ាងខ្លាំង​បំផុត​លើ​សេរីភាព​ក្នុងការ​ប្រើប្រាស់​អ៊ីនធឺណិត។

លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “សេរីភាព​ក្នុងការ​បញ្ចេញ​មតិ គឺជា​សិទិ្ធ​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​​ច្រើន​មិន​ដែលមាន​ពិត​ប្រាកដ”។ លោក​បាន​បន្ត​ទៀតថា៖ “មិន​មាន​អ្វីគួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះទេ ដែល​ភ្លាម​ៗ​បន្ទាប់​ពីប្រជា​ពលរដ្ឋ​កម្ពុជា​បានរក​ឃើញ​មធ្យោបាយ​មួយ​ថ្មី​ដែល​អាច​ឲ្យអ្នក​ទាំងនោះ​បញ្ចេញ​នូវមតិ​របស់​ខ្លួនឲ្យ​គេបាន​លឺ​នោះ រាជ​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ព្យាយាម​យ៉ាង​ខ្លាំងក្លា​ជាថ្មី​ម្តង​ទៀត​ដើម្បី​បំបិទ​សម្លេង​របស់​អ្នក​ទាំង​នោះ”។

លើសពីនេះ សេចក្តីព្រាង​ច្បាប់​ទាំងពីរ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត នោះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល គ្រប់គ្រង​នូវអ្វីៗ​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​ដាក់​បង្ហោះ​នៅក្នុង​ប្រព័ន្ធ​អ៊ីន​​ធឺណិត បន្ថែម​ពីលើ​ប្រព័ន្ធ​គ្រប់​គ្រង​​ដែល​មាន​ស្រាប់​ដោយ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ខ្លួន​ឯង។

សេចក្តីព្រាងច្បាប់ស្តីពី​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា នឹង​បង្កើត​ឲ្យមាន​នូវ​គណ​កម្មាធិការ​ជាតិ​​ប្រឆាំង​នឹង​បទល្មើស​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា(NACC) ដែល​មាន​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ជា​​ប្រធាន ដោយ​ត្រូវបាន​ផ្តល់​អំណាច​ក្នុងការ​រឹបអូស​នូវ​ឧបករណ៍​កុំព្យូទ័រ។ ច្បាប់នេះ ក៏នឹង​ផ្តល់​អំណាច​ដល់​អាជ្ញាធរ​រដ្ឋ​ក្នុងការ​សម្រេច​ចិត្ត​​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ចាប់អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺណិត​ដែលបាន​បង្កើត​ឬចែក​ចាយ​អត្ថបទ​ដែល​អាជ្ញាធរ​យល់​ឃើញ​ថា ជាការ​លើ្មស​នឹង​ប្បញ្ញត្តិ​នានា​ដែល​ត្រូវបាន​ចែង​យ៉ាង​ស្រពិច​ស្រពិល​នៅក្នុង​ច្បាប់​នោះ។

សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធ​ទូរ​គមនាគមន៍ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត នឹង​បន្ថែម​អំណាច​ដល់​អាជ្ញាធរ​រដ្ឋ មិន​ត្រឹមតែ​គ្រប់គ្រង​អ្វីៗ​ដែល​មាន​លើអ៊ីន​​ធឺណិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើ​អ្នក​ផ្តល់​សេវា​កម្ម​អ៊ីន​ធឺណិត​នានា​ទៀត​ផង។ ច្បាប់នេះ នឹង​ផ្តល់​អំណាច​ដល់​ក្រសួង​ប្រៃណីយ៍​និង​ទូរ​គមនាគមន៍ ក្នុង​ការ​បញ្ជា​ទៅ​ប្រតិបត្តិករ​ទូរ​គមនាគមន៍​ទាំង​អស់​ឲ្យ​ផ្តល់​នូវការ​គ្រប់គ្រង​ប្រព័ន្ធ​របស់​ខ្លួនទៅ​ឲ្យក្រសួង​​ដើម្បី “ថែរក្សា​ប្រយោជន៍​ជាតិ សន្តិសុខ ស្ថេរភាព និង​របៀប​រៀបរយ​សាធារណៈ”។ លើស​ពីនេះ បទ​ប្បញ្ញត្តិ​នានា នឹង​ចាត់ទុក​ថាជា​ការល្មើស​ច្បាប់​ចំពោះ​ការតំឡើង​នូវ​ឧបករណ៍​ទូរ​គមនាគមន៍​នានា​ដែលអាច “ប៉ះពាល់​ដល់​របៀប​រៀប​រយសាធារណៈ ឬ​សុវត្ថិភាព​និង​សន្តិសុខ​ជាតិ”។ កថាខ័ណ្ឌ​ស្រពិច​ស្រពិល​មួយ​ចំនួន អាច​ក្តោប​យក​គ្រប់​ការ​ហៅ​ទូរស័ព្ទ ឬផ្ញើសារ​តាម​​អ៊ីម៉ែល បើត្រូវ​បាន​រាជរដ្ឋាភិបាល​គិតថា​​អាក្រក់។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមាន​ប្រសាសន៍​ថា៖ “សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា និង សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​ទូរគមនាគមន៍​នេះ គឺជាការ​ព្យាយាម​យ៉ាង​ច្បាស់​របស់​​គណបក្ស​​កាន់​អំណាច ក្នុងការ​បង្កើត​ឲ្យមាន​ការគ្រប់គ្រង​ពេញលេញ​ទៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​​ទូរ​គមនាគមន៍​នៅ​ក្នុង​​ប្រទេស​​កម្ពុជា”។ អ្នកនាង​បានបន្ត​ទៀតថា៖ “ការប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំងក្លា​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើឡើង​ដោយ​យោងតាម​ច្បាប់​ទាំងពីរ​នេះ នឹង​អាច ហើយ​ហាក់​ដូចជា នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គាប​សង្កត់​គ្រប់​ទម្រង់​ទាំងអស់​នៃអត្ថបទ​ដែល​រិះគន់​អាជ្ញាធរ​រដ្ឋ”។

អង្គការ លីកាដូ សំណូមពរយ៉ាង​ទទូច​ដល់​រដ្ឋសភា​ជាតិ សូម​លោក​មេត្តា​ធ្វើការ​បដិសេធ​​នូវ​សេចក្តី​ព្រាង​ច្បាប់​ណាមួយ​ ដែល​ព្យាយាម​ធ្វើការ​រឹតត្បិត​ដល់​សិទិ្ធ​សេរីភាព​ជា​មូលដ្ឋាន​​លើការ​បញ្ចេញ​មតិ។

អង្គការ លីកាដូ ក៏សូមអំពាវនាវ​ដល់​ម្ចាស់​ជំនួយ​អន្តរជាតិ និង​សហគមន៍​អន្តរ​ជាតិ​នានា​ សូម​មេត្តា​ទទួល​ស្គាល់​និង​ឆ្លើយតប​ទៅនឹង​សិទិ្ធ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា ដែលកំពុងស្ថិតក្នុង​ការ​គម្រាម​កំហែង​ធ្ងន់ធ្ងរ ហើយ​ដែល​សិទិ្ធ​នេះ​ត្រូវការ​ធ្វើការ​លើក​កម្ពស់​​និង​ការពារ​ឲ្យមាន​ភាព​ប្រសើរ​ឡើង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទិ្ធមនុស្ស លីកាដូ ទូរស័ព្ទលេខ០១២ ៣២៧ ៧៧០។
 អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ ទូរស័ព្ទលេខ ០១២ ៨០៣ ៦៥០៕

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា