សេចក្តីថ្លែងការណ៍

ម្តាយនៅក្នុង​ពន្ធនាគារ៖ ផល​ប៉ះពាល់​នៃការ​ឃុំខ្លួនស្ត្រី និងកូន​របស់​អ្នកទាំងនោះ

ចេញផ្សាយ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៥
F T M

នាថ្ងៃនេះ អង្គការ លីកាដូ ចេញ​ផ្សាយ​នូវរបាយ​ការណ៍​មួយ​ស្តីពី “ម្តាយ​នៅក្នុង​ពន្ធនាគារ៖ ផល​ប៉ះពាល់​នៃការ​ឃុំខ្លួន​ស្ត្រី និង​កូនរបស់​អ្នក​ទាំងនោះ” ក្នុង​បំណង​បង្កើន​ការ​យល់ដឹង​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាងខ្លាំង​អាចធ្លាក់​ទៅលើ​កូនៗ ដោយសារ​តែការ​ឃុំខ្លួន​ម្តាយ​ក្នុង​ពន្ធនាគារ។

របាយការណ៍នេះ បានរកឃើញថា​អាជ្ញាធរនានា ជាពិសេស​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​​មួយ​ចំនួន អាចធ្វើ​ឲ្យ​ជីវិត​កុមារ​ជា​ច្រើន​នាក់​ល្អ​ប្រសើរ​ជាង​មុន ដោយ​គ្រាន់​តែ​អនុវត្ត​​តាម​នីតិវិធី​ច្បាប់​ដែល​មាន​​ស្រាប់ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កាត់​បន្ថយ​ចំនួន​ម្តាយ​ដែល​ត្រូវបាន​ឃុំខ្លួន​​នៅក្នុង​ពន្ធនាគារ​ដោយ​​មិនមាន​ភាព​​ចាំបាច់។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​​អង្គការ លីកាដូ បានមាន​ប្រសាសន៍​ថា៖ “ជារៀង​រាល់​ឆ្នាំ កុមារ​រាប់រយ​នាក់​​ត្រូវ​បាន​បំបែក​​ពីម្តាយ​របស់​ខ្លួន ដោយ​មិនមាន​​មូលហេតុ​សមរម្យ​​ទាល់តែ​សោះ ហើយ​ជាលទ្ធផល​​ជីវិត​របស់​ក្មេងៗ​ទាំងនោះ​កាន់តែ​​ធ្លាក់​ដុនដាប។ ប៉ុន្តែ ការទទួល​រងទុក្ខ​​ឈឺ​ចាប់​ជាច្រើន​​បែបនេះ គឺ​ងាយ​ស្រួល អាច​នឹង​ជៀសវាង​បាន”។

របាយការណ៍នេះ ត្រូវបានធ្វើឡើង​នៅក្នុង​ពេល​​ដែល​មាន​ព្រះរាជ​​ទាន​លើក​លែង​ទោស​ត្រូវបាន​​ផ្តល់​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​មាន​​កូនតូចៗ​ជាច្រើន​នាក់​នៅ​ជាមួយ​ម្តាយ​​នៅក្នុង​ពន្ធនាគារ កាលពី​ខែមិនា និង​មេសា ឆ្នាំ​២០១៥។ ការ​ដោះ​លែង​នេះ ត្រូវ​បាន​ធ្វើឡើង​​ដោយ​មាន​ការ​​បញ្ជា​របស់​សម្តេច​​នាយក​រដ្ឋមន្ត្រី បន្ទាប់ពី​អង្គការ លីកាដូ បានចេញ​ផ្សាយ​​នូវ​របាយ​ការណ៍​ស្តីពី៖ “កុមារភាព​​ក្នុង​ពន្ធនាគារ៖ ការចម្រើន​​វ័យ​ក្នុង​ពន្ធនាគារ​​កម្ពុជា៖ រឿងរ៉ាវ​​របស់​ដារ៉ា” ដែល​បាន​​រៀបរាប់​យ៉ាង​លំអិត​អំពី​​រឿងរ៉ាវ​របស់​​កុមារា​ម្នាក់រង​ទុក្ខ​យ៉ាង​ធ្ងន់ធ្ងរ​​ដោយ​ការ​រីក​​ចម្រើន​លូតលាស់​យឺត​ជាង​​ក្មេង​ធម្មតា បន្ទាប់ពី​បាន​​ចំណាយ​រយៈពេល​​អស់ ៣ ឆ្នាំ ដំបូង​នៃជីវិត​របស់​ក្មេង​នោះ​​ដែល​បាន​រស់នៅ​​ក្នុង​ពន្ធនាគារ​​ជាមួយ​ម្តាយ។

របាយការណ៍​ស្តីពី “រឿងរ៉ាវរបស់ដារ៉ា” បានផ្តោត​ទៅលើ​ផល​​ប៉ះពាល់​នៃជីវិត​នៅក្នុង​ពន្ធនាគារ​​ទៅ​លើ​ការ​ចម្រើន​​លូតលាស់​​របស់​​កុមារ​ម្នាក់ ចំណែក​ឯ​​របាយការណ៍​ថ្មី​នេះ​ពិនិត្យ​​ទៅលើ​ផល​​ប៉ះពាល់​​អវិជ្ជមាន​ទៅលើ​​ការ​រស់នៅ​​របស់កូនៗ​​ដែល​នៅ​ក្រៅ​ពន្ធនាគារ នៅពេល​ដែល​​មាន​ការ​ឃុំខ្លួន​​ម្តាយ​ម្នាក់នៅ​​ក្នុង​ពន្ធនាគារ។ ការសិក្សា​ស្រាវជ្រាវ​​របស់​អង្គការ លីកាដូ បាន​បង្ហាញ​ថា សុខុមាល​ភាព​​របស់​កុមារ​គឺមិន​ត្រូវ​បាន​យកចិត្ត​​ទុក​ដាក់ មិន​ត្រឹមតែ​​នៅពេល​ចាប់ខ្លួន​​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ក្នុង​អំឡុង​​ពេល​ពេញ​មួយ​​នីតិវិធី​តុលាការ​​ទៀតផង។

នៅពេលដែលម្តាយ​ម្នាក់ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ ផល​វិបាក​​ផ្នែក​ចិត្ត​សាស្ត្រ និង​ផ្នែក​ការ​​លូតលាស់​របស់​​កូននាង នឹង​មានភាព​​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​​យូរអង្វែង។ ជា​លទ្ធផល ការ​អប់រំ និង​សុខភាព​​របស់​កុមារ ស្ទើរតែ​ទទួល​​រងផល​ប៉ះពាល់​​ជា​ដរាប ហើយ​បងប្អូន​​បង្កើត​តែងតែ​​ត្រូវបាន​បំបែក​​ចេញ​ពីគ្នា។ ថ្លៃចាយ​វាយ​​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជាប់​​ពន្ធនាគារ ក៏អាច​ធ្វើឲ្យ​​អ្នក​ទាំងនោះ​រឹតតែ​​ជួប​បញ្ហា​ផងដែរ ដែល​ធ្វើឲ្យ​គ្រួសារ​ខ្លះ​បាត់បង់​នូវរបរ​ចិញ្ចឹម​ជីវិត​​ទាំង​ស្រុង​ក៏មាន។

ការរកឃើញ​របស់អង្គការ លីកាដូ ធ្វើឲ្យមាន​​ការ​ភ្ញាក់​ផ្អើល ដោយ​ស្ត្រី​ជា​ច្រើន​ត្រូវ​បាន​​ឃុំខ្លួន​ដោយ​គ្មានភាព​ចាំបាច់ ក្នុងខណៈ​​ដែល​ជំហាន​​នានា​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​នា​ពេល​​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ដើម្បី​លើក​កំពស់​ការ​ស្តានីតិ​សម្បទា​​នៅក្នុង​​ពន្ធនាគារ ជម្រើស​ផ្សេង​​ពី​ការ​ឃុំខ្លួន​​បណ្តោះ​អាសន្ន​​រង់ចាំ​សវនាការ និង​ការ​ដាក់​ទោស​នានា​ដែល​មិនចាំ​បាច់​​ជាប់​ពន្ធនាគារ ដែល​ការអនុវត្ត​វិធានការ​​ទាំងនេះ​នៅ​តែ​មាន​សភាព​យឺត​ខ្លាំង។

ប្រព័ន្ធនៃការអនុវត្ត​ក្រមព្រហ្មទណ្ឌ​កម្ពុជា បន្តចាត់​ទុកការ​ឃុំខ្លួន​​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ គឺជា​បទដ្ឋាន (ជាការ​ប្រើប្រាស់​​ទូទៅ) ជាជាងការ​​ប្រើប្រាស់​​ក្នុង​ករណី​លើក​លែង ផ្ទុយ​ពី​ក្រម​​នីតិវិធី​​ព្រហ្មទណ្ឌ​របស់​​កម្ពុជា​ខ្លួនឯង​ផ្ទាល់។ ពលរដ្ឋ​ជាច្រើន​ជាពិសេស​​ស្ត្រីជា​ម្តាយ និង​ស្ត្រី​មាន​​ផ្ទៃពោះ ត្រូវបាន​​ផ្តន្ទាទោស​ពី​បទ​ល្មើស​ស្រាលៗ​មួយ​ចំនួន ត្រូវបាន​បញ្ជូន​ទៅ​កាន់ពន្ធនាគារ​​ដោយ​មិនបាន​​ពិចារណា​អំពី​ជម្រើស​ផ្សេងៗ​ក្រៅពី​​ការដាក់ទោស​​ពន្ធនាគារ​នោះទេ។

អង្គការ លីកាដូ ក៏បានរកឃើញ​ថា ប្រព័ន្ធនៃ​ការ​​អនុញ្ញាត​ឲ្យសួរ​​សុខទុក្ខ​អ្នកជាប់​ពន្ធនាគារ​នៅ​​កម្ពុជា ត្រូវតែ​ធ្វើការ​ផ្លាស់ប្តូរ​​ជាបន្ទាន់ ដើម្បី​អនុញ្ញាត​​ឲ្យកុមារ​ទៅ​សួរ​សុខ​ទុក្ខ​ម្តាយ​​បាន​ទៀងទាត់ និង​មានភាព​ឯកជន​​ឲ្យបាន​ច្រើន​តាម​​ដែល​អាច​ធ្វើបាន ដោយ​មិន​ចាំបាច់​មាន​ការ​រឹតត្បិត​លើភាព​​ជិតស្និត​រវាង​អ្នក​ទាំងពីរ​​នោះទេ (ម្តាយ​មាន​សិទិ្ធ​យក​កូន​មកអោប​​នឹង​ខ្លួន​ប្រាណ)។ ស្ថានភាព​​បច្ចុប្បន្ន កុមារ​ជាច្រើន​មិនអាច​ទៅសួរ​សុខ​​ទុក្ខម្តាយ​របស់​​ខ្លួន​បានទេ ដោយសារ​តែត្រូវ​​ចំណាយ​ច្រើនពេក​ទៅ​លើការ​សួរ​​សុខ​ទុក្ខ​នោះ។

អ្នកស្រី នូ សំអន អ្នកគ្រប់គ្រង​​គម្រោង​​ពន្ធនាគារ​នៃ​អង្គការ លីកាដូ មាន​ប្រសាសន៍​ថា៖ “ទោះបីជា​​មាន​ការលើកលែង​​ទោស​ថ្មីៗនេះ ដោយ​បានធ្វើឲ្យ​កុមារជា​ច្រើន​រួចផុត​ពីការ​រស់នៅ​ក្នុង​ពន្ធនាគារ​ក៏ដោយ ក៏ដំណោះ​​ស្រាយ​រយៈពេល​​វែង​ស្ថិតស្ថេរ មិនអាច​​សម្រេច​បាន​តាម​រយៈការ​ធ្វើការ​​លើកលែង​ទោស​​ជារៀងរាល់​ឆ្នាំ​​នោះទេ។ ដើម្បី​ដោះស្រាយ​​បញ្ហានេះ គឺត្រូវការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​មួយ​​ចំនួន ជាពិសេស​នៅក្នុង​នីតិវិធី​​តុលាការ។”

សម្តេច​នាយករដ្ឋមន្ត្រី ក៏បានទទួល​ស្គាល់​​នូវតម្រូវការ​​នៃ​កំណែ​ទម្រង់​ដែល​ទូលំ​ទូលាយ​​មួយ​ចំនួន ដោយបាន​បញ្ជា​​ដល់​ក្រសួង​​យុត្តិធម៌ ក្រសួង​មហាផ្ទៃ និង​ក្រសួង​កិច្ចការ​នារី ឲ្យធ្វើ​ការ​ពិភាក្សា​​រកដំណោះស្រាយ​​រយៈពេល​វែង ដើម្បី​ការពារ​សុខុមាល​ភាព​​កុមារ​ដែលមាន​ម្តាយ​​ជាប់​ក្នុង​ពន្ធនាគារ។ ប៉ុន្តែ អង្គការ លីកាដូ បាន​កត់​សម្គាល់​ឃើញថា​ក្រសួង​​ទាំង​អស់​នេះ បាន​ធ្វើការងារ​​លើការ​លើកលែង​ទោស​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​មិនទាន់​បាន​​ធ្វើ​ការងារ​លើ​​ដំណោះ​ស្រាយ​​រយៈពេល​វែង​​ណា​មួយ​នៅ​ឡើយ​ទេ។

អង្គការ លីកាដូ សូមសំណូមពរដោយ​​ទទូច​ដល់​អាជ្ញាធរ សូម​លោក​​មេត្តា​ពិចារណា​លើ​ផល​ប៉ះពាល់​​នៃការ​ដាក់​ម្តាយ​​ក្នុង​ពន្ធនាគារ ដែល​មាន​កូនរស់នៅ​​ក្រៅ​ពន្ធនាគារ និង​សូម​លោក​​មេត្តា​យកចិត្ត​ទុកដាក់​ឲ្យបាន​ខ្លាំង​លើ​​ជម្រើស​ផ្សេង​ទៀត​ក្រៅពី​ការ​ដាក់​ទោស​​ពន្ធនាគារ​លើ​ក្រុម​មនុស្ស​អាទិភាព​​មួយ​នេះ។ បើមាន​ការ​​អនុវត្ត​ឲ្យ​បាន​​ត្រឹមត្រូវ​នូវ​នីតិវិធី​តុលាការ​​ដែលមាន​ស្រាប់ អាជ្ញាធរ​ទាំងនោះ​​អាច​អនុញ្ញាត​ឲ្យ​កុមារ​រស់នៅ​ក្រៅ​ពន្ធនាគារ​ជាមួយ​ម្តាយ​​របស់​អ្នក​ទាំងនោះ ដែល​ជា​ការរក្សា​​នូវភាព​ជា​​គ្រួសារ និង​ជា​ការ​​ការពារ​ឱកាស​​របស់​កុមារ​ក្នុងការ​ទទួល​បានការ​អប់រំ​​ល្អមួយ។ បើមិន​មាន​វិធាន​ការ​​ដែល​ជាជម្រើស​ផ្សេងៗ​​ទៀត​ក្រៅពី​ការ​ដាក់​​ពន្ធនាគារ​នេះ ធ្វើឲ្យ​កុមារ​ជាច្រើន​ពាន់​នាក់​នៅ​ទូទាំង​​ប្រទេស​កម្ពុជា នឹង​បន្ត​រងទុក្ខ​ដោយ​សារ​គោល​ការណ៍​ឃុំខ្លួន​នានា​ដែល​មិន​ចាំបាច់ និង​ផ្តល់​​ផល​អវិជ្ជមាន​​ជាច្រើន​ទៅដល់​កុមារ​ទាំងនោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៨០២ ៥០៦ (ភាសាខ្មែរ អង់គ្លេស និងបារាំង)
 អ្នកនាង នូ សំអន អ្នកគ្រប់គ្រងគម្រោងពន្ធនាគារនៃអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៤៩៣ ២៨៧។

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា