សេចក្តីថ្លែងការណ៍

នៅក្នុងទិវា​សិទិ្ធកុមារ​អន្តរជាតិ អង្គការ លីកាដូ សូម​អំពាវនាវ​ដល់រាជរដ្ឋាភិបាល មេត្តាជួយគាំទ្រ​សិទិ្ធរបស់កុមារ និងមេត្តា​ការពារយុវជន​នៅក្នុងពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៥
F T M

ការិយាល័យសិទិ្ធកុមាររបស់អង្គការ លីកាដូ ដោយ​មាន​សហការ​ជាមួយ​បណ្តាញ​ក្រុមការពារកុមារ (CPG) នឹងប្រារព្ធ​ទិវា​​កុមារអន្តរជាតិឆ្នាំ ២០១៥ នៅទី​កន្លែង​មួយចំនួន។ នៅថ្ងៃទី​២៨ ខែឧសភា ការប្រារព្ធពិធីនេះ បានធ្វើឡើងនៅក្នុងអនុវិទ្យាល័យដង្កោ រាជ​ធានី​ភ្នំពេញ។ នៅថ្ងៃទី​១ ខែមិថុនា ដែលជាថ្ងៃនៃទិវាកុមារអន្តរជាតិ ការប្រារព្ធទិវានេះនឹងធ្វើឡើង​នៅ​ពេលព្រឹក (ម៉ោង ៨ និង ៣០នាទី ដល់ម៉ោង ១១ ព្រឹក) នៅសង្កាត់នគរធំនៃ​ខេត្តសៀមរាប សាល​មហោស្រព​​នៃខេត្តកោះកុង និងនៅអគារនៃសាកលវិទ្យាល័យ​បៀលប្រាយ ក្នុង​ខេត្តព្រះសីហនុ។ នៅតាម​ទីកន្លែង​ទាំង​នេះ ការិយាល័យសិទិ្ធកុមាររបស់អង្គការ លីកាដូ និងក្រុម​ការពារ​កុមារ នឹងធ្វើការ​រៀបចំ​វេទិការសាធារណៈ និងការសំដែង​ល្ខោនអប់រំបែបចូលរួមស្តីពីសិទិ្ធកុមារ។ ហើយក្នុងឱកាស​នោះ​ដែរ យើងក៏នឹងចែកចាយជំនួយ​ជាតម្រូវការចាំបាច់មួយចំនួន​ទៅ​ដល់គ្រួសារ​របស់កុមារ​ និង​យុវជនដែល​ងាយ​រង​គ្រោះ។ មនុស្សប្រមាណ ២.៣៥០ នាក់ នឹងគ្រោងមកចូលរួម​ក្នុងកម្មវិធីនេះ។

នៅថ្ងៃទី១ ខែមិថុនា ការិយាល័យសិទិ្ធកុមារ (CRO) ក៏នឹងចូលរួមជាមួយការិយាល័យគម្រោង​ពន្ធនាគារ​​របស់​អង្គការ លីកាដូ រៀបចំការលេងល្បែង និងចែកចាយសម្ភារៈនានាដល់យុវជន ស្ត្រីមាន​ផ្ទៃ​ពោះ​ដែលជាប់ពន្ធនាគារ និងកូនរបស់ឆ្មាំពន្ធនាគារ នៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) នៅព្រៃស រាជធានីភ្នំពេញ និងពន្ធនាគារ​ក្រុងតាខ្មៅ ខេត្តកណ្តាល។


មើល​វីដេអូ​នេះ
បក្សី១ មិថុនា

លើសពីនេះ ការិយាល័យសិទិ្ធកុមារ (CRO) នឹងចេញផ្សាយនូវវីដេអូចម្រៀងដែលត្រូវបាន និពន្ធឡើង​ដោយ​ក្រុមយុវជនការពារកុមារនៅរាជធានីភ្នំពេញ (CPG) ដោយធ្វើការសង្ខេបនូវសិទិ្ធចំបង​ទាំង​បួនរបស់កុមារ គឺ៖ សិទិ្ធក្នុងការរស់រានមានជីវិត សិទិ្ធទទួលបានការការពារ សិទិ្ធក្នុង​ការ​អភិវឌ្ឍ និងសិទិ្ធក្នុងការចូលរួម។ វីដេអូនេះ នឹងត្រូវបានចេញផ្សាយ ដើម្បីបង្កើនការ​យល់ដឹង និង​អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងក្នុងការ​លើកកំពស់ និងការពារសុខុមាលភាព សុភមង្គល និងការរីកចម្រើនលូតលាស់ជាទូទៅរបស់កុមារ។

លោក គង់ សុជាតិ អ្នកសម្របសម្រួលការិយាល័យសិទិ្ធកុមារនៃអង្គការ លីកាដូ បានមាន​ប្រសាសន៍ថា៖ “ភាពក្រីក្រ ផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សុខភាព ការអប់រំ និងសុភមង្គលរបស់កុមារ​ជាច្រើននៅកម្ពុជា”។ លោកបានបន្តទៀតថា៖ “ដើម្បីការពារសុខុមាលភាព និងសិទិ្ធរបស់កុមារ អាជ្ញាធររដ្ឋមិនត្រឹមតែគួរតែបង្កើនការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែគួរតែថែមទាំងជួយគ្រួសាររបស់កុមារ​ដែល​ងាយរងគ្រោះដើម្បីឲ្យសម្រេចបាននូវនិន្តរភាពផ្នែកសង្គមសេដ្ឋកិច្ចរបស់អ្នកទាំងនោះផងដែរ។ មួយ​ផ្នែកនៃចំនុចនេះ គឺមានន័យថាបញ្ឈប់នូវការបណ្តេញចេញដោយបង្ខំ ដែលធ្វើឲ្យគ្រួសារទាំងនោះ​រឹតតែជួប​នឹង​​ភាពក្រីក្រកាន់តែខ្លាំងឡើង។”

លើសពីសកម្មភាពនានានៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) នៅពន្ធនាគារព្រៃស និង​ពន្ធនាគារ​ក្រុង​​តាខ្មៅ ការិយាល័យគម្រោងពន្ធនាគារនៃអង្គការ លីកាដូ នឹងផ្តល់នូវសម្ភារៈ​នានា​ដល់យុវជន ស្ត្រីមាន​ផ្ទៃពោះ និងកុមារដែលបានជាប់ពន្ធនាគារជាមួយម្តាយអ្នកទាំងនោះ ហើយនិង​កូនរបស់ឆ្នាំពន្ធនាគារ​​ជាច្រើននៅក្នុងពន្ធនាគារចំនួន ១២កន្លែងផ្សេងទៀត នៅទូទាំងប្រទេស។1 អង្គការ លីកាដូ ក៏នឹង​ធ្វើការរៀបចំនូវការលេងល្បែង និងទម្រង់នៃការកំសាន្តផ្សេងៗទៀត​នៅក្នុង​ពន្ធនាគារមួយចំនួន ក្នុង​ចំណោមពន្ធនាគារទាំងនេះផងដែរ។ ​

នៅចុងខែមេសា ឆ្នាំ២០១៥ អនីតិជនចំនួន ៣៤២នាក់ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារជាច្រើន ដែលត្រូវបានតាមដានដោយអង្គការ លីកាដូ ដែលរួមមាន ក្មេងប្រុស ៣២២នាក់ និង ក្មេងស្រី ២០នាក់។ ព្រះរាជទានលើកលែងទោស​ ត្រូវបានចេញអំឡុងពេលទិវាសិទិ្ធនារីអន្តរជាតិ និង​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីដើមឆ្នាំនេះ ដែលធ្វើឲ្យមានការដោះលែងស្ទើរតែទាំងអស់នូវស្ត្រី​មានផ្ទៃពោះ និងកុមារដែលរស់នៅជាមួយម្តាយរបស់អ្នកទាំងនោះនៅក្នុងពន្ធនាគារកម្ពុជា។ បច្ចុប្បន្ន​នេះ នៅក្នុងពន្ធនាគារ ដែលអង្គការ លីកាដូ បានតាមដានមើល មានស្ត្រីមានផ្ទៃពោះចំនួន ១៨នាក់ និងកុមារ ២នាក់ ដែលរស់នៅជាមួយម្តាយរបស់អ្នកទាំងនោះក្នុងពន្ធនាគារទាំងនេះ។

អនីតិជនជាច្រើនដែលជាប់ពន្ធនាគារ មានតម្រូវការពិសេសជាច្រើនពាក់ព័ន្ធនឹងការ​រីក​ចម្រើន​លូតលាស់ផ្នែក​ផ្លូវកាយ ផ្លូវចិត្ត និងសង្គម ប៉ុន្តែតម្រូវការទាំងនេះ គឺកម្រត្រូវបានគេយកមក​ពិចារណា​ណាស់។ ជាលទ្ធផលអនីតិជនជាច្រើនដែលជាប់ឃុំ ត្រូវបានរងគ្រោះដោយការ​រំលោភបំពាន ការ​ប្រមាថ និងការបន្ទាបបន្ថោក​ ដូចអ្នកពេញវ័យដែរ។ ដូចជាអ្នកពេញវ័យដែរ អនីតិជន ហាក់ដូចជា​ត្រូវបានគេប្រព្រឹត្តិចំពោះអ្នកទាំងនោះទៅតាមស្ថានភាពហិរញ្ញវត្ថុ ជាជាងអាយុរបស់​អ្នក​ទាំងនោះ ដែល​ជាការបង្កើននូវគ្រោះថ្នាក់នៃការកេងប្រវ័ញ្ច និងការស្ថិតនៅក្រោម​បញ្ជារបស់អ្នកជាប់​ពន្ធនាគារ​ដែលមានអាយុច្រើនជាង។ កុមារីនៅក្នុងពន្ធនាគារកម្ពុជា គឺជាក្រុមភាគតិច ហើយជាពិសេស​​ជា​ក្រុម​ងាយរងគ្រោះ ដែលអ្នកទាំងនោះត្រូវបានដាក់ឲ្យនៅក្នុងកន្លែង​ដែលត្រូវបានធ្វើឡើងពីមុន​សម្រាប់ដាក់​អ្នកជាប់ពន្ធនាគារ​ជាមនុស្សប្រុសពេញ​វ័យ។

ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “យើងអាច​និយាយ​បានថា នេះជា​ការសោកស្តាយណាស់ដែល​កុមារីនៅក្នុងពន្ធនាគារកម្ពុជា ហាក់ដូចជាមិនបានទទួលនូវការ​ថែរក្សា​ជាពិសេសនោះទេ”។ អ្នកនាង បានបន្តទៀតថា៖ “ចំនួនកុមារីដែលជាប់ពន្ធនាគារ មានចំនួនតិច​តូច ដូចនេះមិនមានហេតុផលទាល់តែសោះក្នុងការមិនយកចិត្តទុកដាក់ទៅលើអ្នកទាំងនោះ ជា​ពិសេស​លើ​តម្រូវការសុខភាព និងអនាម័យរបស់កុមារីទាំងនោះ ឬលក្ខខណ្ឌទូទៅនៃការឃុំខ្លួនរបស់​អ្នកទាំង​នោះ”។

អនីតិជនជាច្រើន ត្រូវបានរាយការណ៍ថា ត្រូវបានគេវាយដំ ទះ និងទាត់ដោយអ្នកជាប់​ពន្ធនាគារ​​ផ្សេងទៀត (ពេលខ្លះនៅក្រោមការបញ្ជាពីឆ្មាំពន្ធនាគារ) ប៉ុន្តែអ្នកទាំងនោះមិនមាន​ការ​ការពារ ឬយន្តការដែលមានប្រសិទិ្ធភាព ដើម្បីអនុញ្ញាតឲ្យមានការប្តឹងពីការធ្វើទារុណកម្ម និងការធ្វើ​បាបនោះទេ។ លើសពីនេះ ពួកគេនៅតែបន្តត្រូវបានគេដាក់ឲ្យជាប់ឃុំខ្លួនបណ្តោះអាសន្នរង់ចាំ​សវនាការ និង​ជាប់​ទោសដាក់​ពន្ធនាគារពីបទល្មើសតូចតាចជាច្រើន ដោយមិនបានគិតដល់ផល​ប៉ះពាល់អវិជ្ជមានសំខាន់ៗរយៈពេល​វែង ដែលមានមកលើអនាគតរបស់កុមារទាំងអស់នោះ។

អង្គការ លីកាដូ សូមសំណូមពរដ៏ទទូច ដល់រាជរដ្ឋាភិបាលកម្ពុជា សូមលោកមេត្តា បង្កើតនូវ​ប្រព័ន្ធយុត្តិធម៌សម្រាប់អនីតិជនដាច់ដោយឡែកមួយ ដោយបញ្ចប់នូវសេចក្តីព្រាងច្បាប់ស្តីពី “កុមារ​ទំនាស់នឹងច្បាប់” និងអនុវត្តច្បាប់នោះដោយមិនមានការ​ពន្យាពេល​។ ច្បាប់នេះ ត្រូវតែស្របទៅ​តាមស្តង់ដារអន្តរជាតិ ឬក៏ប្រសើរជាងស្តង់ដាររបស់អន្តរជាតិ ហើយជាពិសេសគួរតែធានាថាអ្នក​ជាប់ពន្ធនាគារជាស្ត្រី​វ័យ​ក្មេង​ ត្រូវបានផ្តល់នូវការថែរក្សាជាពិសេសទៅតាមតម្រូវការរបស់កុមារទាំងអស់​នោះ។

អង្គការ លីកាដូ សូមសំណូមពរដ៏ទទូច ដល់ចៅក្រម សូមលោកមេត្តា ពិចារណាអំពីផល​ប៉ះពាល់អវិជ្ជមានរយៈពេល​វែង ទៅដល់អនាគតរបស់អនីតិជនម្នាក់ ដែលត្រូវបានដាក់ឲ្យជាប់​ពន្ធនាគារ និងធានាថាការឃុំខ្លួនបណ្តោះ​អាសន្នរង់ចាំសវនាការ​ គឺត្រូវបានប្រើប្រាស់តែនៅពេល​ចាំបាច់​បំផុត​ប៉ុណ្ណោះទេ ហើយជម្រើសទោស​ផ្សេងទៀតដោយមិនបាច់ដាក់ឲ្យជាប់ក្នុងពន្ធនាគារ គឺត្រូវ​បាន​ប្រើប្រាស់លើអ្នកដែលមានពិរុទ្ធពីបទល្មើសតូចតាច​នានា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អ្នកនាង ណាលី ពីឡូក នាយិកាអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០ (ភាសាបារាំង និងអង់គ្លេស)
 លោក គង់ សុជាតិ អ្នកសម្របសម្រួលការិយាល័យសិទិ្ធកុមារនៃអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៥៣៦ ៣០០ (ភាសាខ្មែរ)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា