សេចក្តីថ្លែងការណ៍

អង្គការ លីកាដូ អំពាវនាវ​ឲ្យមានការ​បើកទូលាយឡើង​វិញ​នូវព័ត៌មាន​អំពីការចុះបញ្ជី​ក្រុមហ៊ុន

ចេញផ្សាយ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៥
F T M

អង្គការសម្ព័ន្ធខ្មែរជំរឿន និង​ការពារ​​សិទិ្ធ​មនុស្ស លីកាដូ មាន​ការ​​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​​របស់​ក្រសួង​​ពាណិជ្ជកម្ម ដែល​ទំនង​ជាធ្វើ​ឡើង ដើម្បី​កាត់​បន្ថយ​ទំហំ​នៃ​ព័ត៌មាន​អំពី​​ក្រុមហ៊ុន​ដែល​ក្រសួង​​បាន​ដាក់​បង្ហាញ​​នៅលើ​គេហទំព័រ​របស់​ខ្លួន។ បន្ទាប់​ពី​ការធ្វើ​បច្ចុប្បន្ន​ភាព​​លើ​គេហ​ទំព័រ​របស់​​ក្រសួង​ព័ត៌មាន អំពី​ក្រុមហ៊ុន​​ដែល​មាន​នៅ​លើ​គេហ​ទំព័រ​ទាំង​នោះ គឺមាន​​ត្រឹម​តែ​ឈ្មោះ​ក្រុមហ៊ុន ឈ្មោះ​ប្រធាន​​ក្រុមហ៊ុន និង​លេខ​ទូរស័ព្ទ​​ទំនាក់​ទំនង។ ភ្លាមៗ​បន្ទាប់​ពី​ការ​​ស្នើ​សុំ​របស់​អង្គការ លីកាដូ ឲ្យ​មាន​នូវ​តម្លា​ភាព​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់ដី​សម្បទាន​​សេដ្ឋកិច្ច ការវិវឌ្ឍ​បែប​នេះគឺ​ពិត​ជាគួរ​ឲ្យ​សោក​ស្តា​យ​យ៉ាង​ខ្លាំង។

ណាលី ពីឡូក នាយិកាអង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “បច្ចុប្បន្ន​នេះ និង​ក្នុង​សម័យ​នេះ មិន​មាន​ហេតុផល​ណាមួយ​សម្រាប់​អាជ្ញាធរ​រដ្ឋ​ក្នុង​ការ​មិន​ឲ្យ​ទទួល​បាន និង​ស្វែង​រក​នូវ​ព័ត៌មាន​ពេញ​លេញ​អំពី​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​នោះ​ទេ”។ អ្នកនាង​បាន​បន្ត​ទៀត​ថា៖ “នៅ​ខណៈ​ដែល​អ្នក​តស៊ូ​មតិ​នានា​ជុំវិញ​ពិភពលោក កំពុង​អំពាវ​នាវ​ឲ្យ​មាន​នូវ​តម្លា​ភាព​ពី​រដ្ឋ​និង​រាជ​រដ្ឋាភិបាល ប្រទេស​កម្ពុជា​បែរ​ជា​ជ្រើស​រើស​យកការ​ចាត់​វិធាន​ការ ក្នុង​ការ​កាត់​បន្ថយ​ទំហំ​ព័ត៌មាន​ដែល​សាធារណៈ​ជន​គួរតែ​ទទួល​បាន​ទៅ​វិញ”។

អស់រយៈពេលជាច្រើនឆ្នាំ ក្រសួង​ពាណិជ្ជ​កម្ម​បាន​ដាក់​ឲ្យ​អាច​ស្វែងរក​បាន​នៅលើ​គេហទំព័រ​របស់​ខ្លួន នូវ​ទិន្នន័យ​អំពី​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី។ ការណ៍នេះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់ ទទួល​បាន​នូវ​ព័ត៌មាន​មូល​ដ្ឋាន​អំពី​ក្រុមហ៊ុន ដូចជា​សញ្ជាតិ​របស់​ប្រធាន​ក្រុមហ៊ុន អាសយដ្ឋាន​នៃ​ការ​ចុះ​បញ្ជី និង​ការ​ធ្វើ​វិសោធន​កម្ម​នានា​នៅ​ពេល​ក្រោយ​មក​ដំណោះ​ស្រាយ​ស្តីពី​ម្ចាស់​ភាគហ៊ុន និង​អ្វី​ផ្សេងៗ​ទៀត។ ព័ត៌មាន​ទាំង​នេះ មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ក្រុម​នានា រួម​មាន​អ្នក​សារ​ព័ត៌មាន និង​អង្គការ​នានា​ដែល​ធ្វើ​សេចក្តី​រាយការណ៍​ស្តីពី​កម្ពុជា។ ឧទារហណ៍៖ អង្គការ លីកាដូ បាន​ប្រើប្រាស់​ព័ត៌មាន​ទាំងនេះ​សម្រាប់​ធ្វើការ​វិភាគ​អំពី​ការ​ផ្តល់​ដី​សម្បទាន ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពីខែ​មុន ក៏​ដូចជា​អង្គការ Global Witness ក៏បាន​ប្រើ​ប្រាស់​ព័ត៌មាន​ទាំង​នេះ​នៅ​ពេល​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ចេញ​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​ស្តីពី “អ្នក​ជំនួញ​កៅស៊ូ” ឬ “Rubber Barons” ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៣។

ក៏ប៉ុន្តែ កាលពីខែមេសា ឆ្នាំ២០១៥ ក្រសួង​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​គេហ​ទំព័រ​របស់​ខ្លួន ដោយ​បែរ​ជា​កាត់​បន្ថយ​នូវ​តម្លាភាព​នៃ​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​របស់​ខ្លួន​ទៅ​វិញ។ គេហទំព័រ​នេះ បាន​រឹតត្បិត​ទិន្នន័យ​នៃ​ការ​ចុះបញ្ជី ដោយ​បង្កើត​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​អ្នក​ចូល​ប្រើ​ប្រាស់ និង​មាន​ដំណើរ​ការ​ចុះឈ្មោះ​ដែល​មិន​មាន​ការ​គិត​កម្រៃ ហើយ​កាត់​បន្ថយ​ទំហំ​ព័ត៌មាន​ដែល​មាន​បាន​មក​ពីការ​ស្វែងរក​ក្នុង​គេហទំព័រ​នេះ នៅ​ត្រឹមតែ​បីចំនុច​ប៉ុណ្ណោះ​គឺ៖ ឈ្មោះ​ក្រុមហ៊ុន ឈ្មោះ​ប្រធាន​ក្រុមហ៊ុន និង​លេខ​ទូរស័ព្ទ។ កា​រ​ធ្វើ​បែបនេះ អាជ្ញាធរ​រដ្ឋ​រឹតតែ​ធ្វើឲ្យ​បាត់បង់​នូវ​តម្លាភាព ដែល​មាន​តិចតួច​ស្រាប់​ក្នុង​កិច្ចការងារ​របស់​ខ្លួន​ថែម​ទៀត។

ការចុះបញ្ជីក្រុមហ៊ុន គួរតែបង្ហាញ​ជា​សាធារណៈ និង​ងាយ​ស្រួល​ស្វែង​រក។ ក្រុមហ៊ុន​គឺជា​ស្ថាប័ន​ស្រប​ច្បាប់ ដែល​មាន​ទំនាក់​ទំនង​និង​មាន​ឥទ្ធិល​ដល់​សង្គម អញ្ចឹង​ហើយ​បុគ្គល​គ្រប់គ្នា​គួរតែ​អាច​ស្វែងរក​បាន​ថា​តើ​គួរ​ទាក់ទង​ក្រុមហ៊ុន​ទាំងនោះ​នៅ​ឯណា និង​តើអ្នក​ណា​ជា​ម្ចាស់​ក្រុមហ៊ុន​ពិត​ប្រាកដ។ ដូចគ្នាដែរ ក្រុម​អ្នក​ដែល​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ប្រយោជន៍​សាធារណៈ តែងតែ​ត្រូវការ​ព័ត៌មាន​​លំអិត​ជាមូលដ្ឋាន​អំពី​ក្រុមហ៊ុន ដើម្បី​កំណត់​អំពី​ភាព​ស្រប​ច្បាប់ និង​សកម្មភាព​នានា​របស់​ក្រុមហ៊ុន​ទាំង​នោះ។ លើស​ពីនេះ ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ក្នុងការ​កាត់បន្ថយ​កម្រិត​នៃ​តម្លាភាព​របស់​ខ្លួន នឹង​មិន​ត្រឹម​តែ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​ដែល​ធ្វើការងារ​មិន​យក​ប្រាក់​កម្រៃ​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ធ្វើឲ្យ​អ្នក​វិនិយោគិន​ឯកជន​ចាកចេញ​នៅពេល​មានការ​ស៊ើបអង្កេត​ម៉ត់ចត់​ទៀត​ផង។

អង្គការ លីកាដូ បានសរសេរលិខិត​មក​កាន់​ក្រសួង​ពាណិជ្ជកម្ម កាល​ពីថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥ ដើម្បី​សាកសួរ​អំពី​មូល​ហេតុ​នៃការ​ដកចេញ​នូវ​ព័ត៌មាន។ មក​ទល់​ពេល​នេះ អង្គការ លីកាដូ មិនទាន់​បាន​ទទួល​លិខិត​ឆ្លើយតប​ណាមួយ​នៅឡើយ​ទេ។

លោក អំ សំអាត អ្នកសម្រប​សម្រួល​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “សេ​ចក្តី​សម្រេច​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុងការ​កាត់​បន្ថយ​ព័ត៌មាន​ដែល​អាច​ស្វែង​រក​បាន​ជា​សាធារណៈ​អំពី​ការ​ចុះបញ្ជី​ក្រុមហ៊ុន​នៅក្នុង​គេហទំព័រ​ក្រសួង គឺជា​ស្ថានភាព ចាញ់-ចាញ់ ដែល​ធ្វើឲ្យ​ប៉ះពាល់​ទាំង​វិស័យ​មិនរក​ប្រាក់​ចំណេញ និង​វិស័យ​ឯកជន”។ លោក​បាន​បន្ត​ទៀត​ថា៖ “ការមិន​សូវ​មាន​ការ​ត្រួត​ពិនិត្យ កង្វះ​តម្លាភាព និង គណនេយ្យ​ភាព​របស់​ក្រុមហ៊ុន រួម​ចំណែក​ធ្វើឲ្យ​មានការ​រំលោភ​បំពាន​នៅក្នុង​វិស័យ​ដីធ្លី ការងារ និង​វិស័យ​ផ្សេង​ទៀត ហើយ​នឹង​ធ្វើឲ្យ​ថយ​ចុះ​នូវ​ចំនួន​នៃ​ក្រុមហ៊ុន​វិនិយោគ​ដែល​គេមាន​ការ​គ្រប់គ្រង​បាន​ល្អ​សម​ស្រប”។

អង្គការ លីកាដូ សូមសំណូមពរ​ដល់​ក្រសួង សូម​លោក​មេត្តា​ពិចារណា​ឡើង​វិញ ហើយ​យ៉ាង​ហោច​ណាស់ គួរតែ​ត្រឡប់​ទៅរក​កម្រិត​នៃ​តម្លាភាព និងការ​ដាក់​បង្ហាញ​នូវ​ព័ត៌មាន​ដែល​ក្រសួង​មានលើ​គេហទំព័រ​ពីមុន​មក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 ណាលី ពីឡូក នាយិកាអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០
 លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា