សមាគម អាដហុក អង្គការ លីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សូមអំពាវនាវឲ្យមានការដោះលែងសកម្មជន និងអ្នកឃ្លាំមើលទាំង ១៧នាក់ ជាបន្ទាន់
ចេញផ្សាយ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥; ក្រុមសង្គមស៊ីវិលសហគមន៍ មានការសោកស្តាយយ៉ាងខ្លាំង និងសូមអំពាវនាវ សូមឲ្យមានការដោះលែង អ្នកតវ៉ា អ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្ស និងអ្នកសារព័ត៌មាន ចំនួន ១៧ នាក់ ជាបន្ទាន់។ អ្នកទាំងនោះ ត្រូវបានឃាត់ខ្លួនអស់ជាច្រើនម៉ោង នៅឯស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងអំឡុងពេលមានការប្រមូលផ្តុំគ្នាអំពាវនាវសុំឲ្យមានដំណោះស្រាយមួយទៅលើជម្លោះដីធ្លីរបស់សហគមន៍ជីខក្រោម។ ក្រុមប្រជាពលរដ្ឋដែលប្រមូលផ្តុំ មានសមាជិកជាយុវជន និងសកម្មជនដីធ្លីចំនួន ៥០នាក់ ដែលអ្នកទាំងនោះក៏បានចូលរួមនៅក្នុងការតវ៉ាអហិង្សាជារៀងរាល់ថ្ងៃផងដែរ ក្នុងការជំទាស់នឹងការចាប់ខ្លួន និងឃុំខ្លួនសកម្មជនចំនួនបីនាក់ ដែលមកពីអង្គការមាតាធម្មជាតិ ចាប់តាំងពីថ្ងៃទី១៩ ខែសីហាមក។
កាលពីព្រឹកមិញ ក្រុមយុវជន និងសកម្មជនដីធ្លី បានប្រមូលផ្តុំគ្នានៅមុខតុលាការខេត្តកោះកុង ដើម្បីគាំទ្រអ្នកតំណាងសហគមន៍ជីខក្រោមចំនួន ៩នាក់ ដែលត្រូវបានកោះហៅឲ្យចូលបំភ្លឺក្នុងនាមជាសាក្សី និងដើមបណ្តឹង នៅក្នុងតុលាការនាថ្ងៃនេះ ពាក់ព័ន្ធនឹងជម្លោះដីធ្លីដែលមានរយៈពេល ៦ឆ្នាំមកហើយ ជាមួយនឹងក្រុមហ៊ុនមួយដែលមានម្ចាស់ជាឧកញ៉ាឈ្មោះ ហេង ហ៊ុយ។ សហគមន៍ មានបំណងដាក់ញត្តិនៅពេលដែលកំពុងអំពាវនាវសុំឲ្យមានដំណោះស្រាយសម្រាប់ជម្លោះដីធ្លីរបស់អ្នកទាំងនោះ។
នៅម៉ោងប្រមាណ ១០ និង៣០នាទី ព្រឹក នគរបាល បាននាំអ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្ស (រួមទាំងបុគ្គលពេទ្យពីអង្គការមិនមែនរដ្ឋាភិបាល ១រូបផងដែរ) និងអ្នកសារព័ត៌មានចំនួន ២នាក់ ចេញពីការតវ៉ាដែលនៅក្បែរតុលាការខេត្តកោះកុង ហើយបញ្ជូនអ្នកទាំងនោះទៅស្នងការដ្ឋាននគរបាលខេត្ត។ បន្ទាប់មក អាជ្ញាធរជាច្រើន បានចាប់អ្នកតវ៉ា និងសកម្មជនចំនួន ៧នាក់ ហើយនិងបំបែកប្រជាពលរដ្ឋដទៃទៀតពីការប្រមូលផ្តុំ។ កាលពីព្រឹកមិញនេះ ក្រុមប្រជាពលរដ្ឋទាំងនោះ ត្រូវបាននគរបាលនិងក្រុមប្រជាពលរដ្ឋមួយក្រុមទៀត ដែលបង្កើតឡើងដោយអាជ្ញាធរក្នុងតំបន់ដើម្បីមកតវ៉ាប្រឆាំងតប រារាំងពីការប្រមូលផ្តុំគ្នានៅក្រៅតុលាការ។
ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “សកម្មភាពនេះ គឺច្បាស់ណាស់ជាការតបតមកវិញចំពោះសកម្មភាពតវ៉ាអហិង្សារយៈពេលបីសប្តាហ៍កន្លងមកនេះ ដែលត្រូវបានធ្វើឡើងដោយសកម្មជនមាតាធម្មជាតិ អ្នកគាំទ្រសកម្មជន និងសហគមន៍ក្នុងតំបន់។” អ្នកនាងបានបន្តទៀតថា៖ “ការឃាត់ខ្លួនអ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្ស អ្នកសារព័ត៌មាន និងបុគ្គលិកពេទ្យ ក៏ដូចជាអ្នកតវ៉ា គឺជាវិធីសាស្ត្រគួរឲ្យព្រួយបារម្ភមួយផ្សេងទៀត ដែលត្រូវបានប្រើប្រាស់ដោយអាជ្ញាធររដ្ឋ ក្នុងការបំភិតបំភ័យ និងគាបសង្កត់លើក្រុមប្រជាពលរដ្ឋមូលដ្ឋាន ដែលសម្តែងការមិនពេញចិត្តដោយអហិង្សារបស់អ្នកទាំងនោះ។”
អ្នកតវ៉ាចំនួន ១០នាក់ រួមទាំងបុគ្គលិកអង្គការមាតាធម្មជាតិម្នាក់ សកម្មជនតំបន់អារ៉ែងពីរនាក់ អ្នកសម្របសម្រួលសមាគម អាដហុក ខេត្តកោះកុងម្នាក់ អ្នកសារព័ត៌មានវិទ្យុខ្មែរបុស្តិ៍ម្នាក់ អ្នកសារព័ត៌មានធ្វើការងារជាមួយមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ម្នាក់ បុគ្គលិកអង្គការ លីកាដូ បួននាក់ (ក្នុងនោះមានវេជ្ជបណ្ឌិតមកពីអង្គការ លីកាដូ ម្នាក់) ត្រូវបានឃាត់ខ្លួន។
បច្ចុប្បន្នភាព៖ សកម្មជន និងអ្នកឃ្លាំមើលទាំង ១៧ នាក់ ត្រូវបានដោះលែងចេញពីស្នងការដ្ឋាននគរបាលខេត្តហើយ កាលពីម៉ោង ៦ និង ១៥ នាទីល្ងាចនេះ គឺរយៈពេលស្ទើរតែ ៨ម៉ោងនៃការឃាត់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
▪ លោក មឿន តុលា ប្រធានកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍,ទូរស័ព្ទលេខ៖ ០១២ ៩២១ ៩៦១
▪ លោក ធន់ សារាយ ប្រធានសមាគម អាដហុក, អ៊ីមែល៖ saraythun@gmail.com
▪ លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ,ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិដីធ្លី មាតាធម្មជាតិ