សេចក្តីថ្លែងការណ៍

សង្គមស៊ីវិល សូមថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​ទៅលើ​អ្នកតំណាង​រាស្ត្រ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៥; ក្រុមសង្គមស៊ីវិល
F T M

សមាគមអាដហុក ការពារសិទិ្ធមនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ (CLEC) សមាគម​ធាងត្នោត (STT) និង​សម្ព័ន្ធខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ (LICADHO) សូម​ធ្វើការ​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​នៅមុខ​វិមាន​រដ្ឋសភា​ជាតិ និង​នៅមុខ​របង​គេហដ្ឋាន​របស់​មេដឹកនាំ​គណបក្ស​ជំទាស់ កាលពីរ​សៀល​ម្សិលមិញ​នេះ ដែល​បណ្តាល​ឲ្យអ្នក​តំណាង​រាស្ត្រ​មកពី​គណបក្ស​ជំទាស់​ពីររូប រងរបួស​យ៉ាង​ដំណំ និង​អំពាវនាវ​ឲ្យ​មានការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​មាន​តម្លាភាព​ទៅលើ​ការបង្ក​ហិង្សា​នោះ។ យើងខ្ញុំ ក៏មាន​ការ​ព្រួយ​បារម្ភ​ផងដែរ​ទៅលើ​កង្វះខាត​វិធានការ​របស់​នគរបាល​ក្នុងការ​គ្រប់គ្រង​ការប្រមូល​ផ្តុំនៅ​មុខ​គេហដ្ឋាន​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​មនុស្ស​ជាច្រើន​រយនាក់​កាលពី​រសៀល​ម្សិលមិញ ដោយ​ក្នុង​ចំណោម​នោះមាន​មនុស្ស​មួយ​ចំនួន​បានគប់​ដុំថ្ម​ចូលក្នុង​បរិវេណ​គេហដ្ឋាន​របស់​លោក ហើយ​មាន​មនុស្ស​មួយ​ចំនួន​ទៀត ត្រូវបាន​គេ​ឮថា​បាន​អំពាវនាវ​ឲ្យមាន​អំពើ​ហិង្សា​បន្ត​ទៀត។

អ្នកតវ៉ាដែលត្រូវបានរៀបចំឡើងយ៉ាងល្អ​ប្រមាណជាង ២.៥០០ នាក់ (ភាគច្រើននៃ​អ្នកទាំង​នោះ បានបង់ក្រមា​ក្រហម និងក្រណាត់​ក្រហមបិទ​ភ្ជាប់នឹង​អាវរបស់អ្នក​ទាំងនោះ) បានប្រមូល​ផ្តុំគ្នានៅ​មុខ​វិមាន​រដ្ឋសភា​ជាតិ​កាលពី​ព្រឹក​ម្សិលមិញ ដោយ​អំពាវនាវ​សុំឲ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចុះចេញ​ពីតំណែង​អនុប្រធាន​ទីមួយ​រដ្ឋសភា ជា​តំណែង​ដែល​លោក​បាន​កាន់ចាប់​តាំងពី​ខែសីហា ឆ្នាំ​២០១៤ បន្ទាប់ពី​មានកិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បិទបញ្ចប់​ការជាប់គាំង​នយោបាយ​អស់រយៈពេល​ជិតមួយ​ឆ្នាំមក។

នៅភាគពាយ័ព្យ នៃប្រទេស កម្ពុជា ក្នុង ខេត្តឧត្តរមានជ័យ និងព្រះវិហារ ទាហាន ជាច្រើន នាក់បានធ្វើការ តវ៉ាប្រឆាំង នឹងមេដឹកនាំ គណបក្ស ជំទាស់ ឯកឧត្តម កឹម សុខា ដោយ កាន់បដាជាប់ នឹងកាំភ្លើង យន្តរបស់ អ្នកទាំងនោះ។ ការតវ៉ាទាំងនេះ ត្រូវបានផ្សព្វផ្សាយ ជាបន្តបន្ទាប់តាម បណ្តាញ ទូរទស្សន៍ ក្នុងស្រុកនានា។

អ្នកឃ្លាំមើលចំណាំបានកងសន្តិសុខ​និង​មន្ត្រីនគរបាល​ជាច្រើន​នាក់ បាន​ស្លៀក​សំលៀក​បំពាក់​ស៊ីវិល​នៅក្នុង​ចំណោម​ក្រុម​បាតុករ​ទាំងនោះ ដែល​នៅក្នុង​ក្រុមនោះ​ក៏មាន​សមាជិក​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ។ នាព្រឹក​មិញនេះ នគរបាល​សម្រាប់​គ្រប់គ្រង​ការតវ៉ា​នោះ គឺមាន​ត្រឹមតែ​នគរបាល​ចរាចរណ៍​មួយចំនួន​តូច​ប៉ុណ្ណោះ ដើម្បី​សម្រួល​ចរាចរណ៍ ដែល​នេះ​មាន​ភាព​ផ្ទុយគ្នា​ស្រឡះ​ពីការ​ប្រើប្រាស់​កងកម្លាំង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​របស់​នគរបាល​ក្នុងការ​អនុវត្ត​ចំពោះ​អ្នកតវ៉ា​ឯទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​នាពេល​កន្លងទៅ។

នៅម៉ោងប្រមាណ ១២ និង៣០នាទី ថ្ងៃត្រង់ អ្នកតវ៉ាជា​ច្រើនក្រុម​មាន​ពាក់​ក្រមា​ក្រហម បាន​ទាញ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​ពីររូប (ឯកឧត្តម គង់ សភា និង​ឯកឧត្តម ញ៉យ ចំរើន) ចេញ​ពីរថយន្ត​របស់​អ្នក​ទាំងពីរ នៅពេល​ពួក​លោក​ចាកចេញ​ពី​វិមាន​រដ្ឋសភា ហើយ​វាយដំ​ទៅលើ​អ្នកទាំងពីរ​យ៉ាង​ដំណំ។ វីដេអូខ្លី​អំពីការ​វាយប្រហារ​នេះបាន​បង្ហាញថា អ្នកទាំងពីរ​បាន​ដួលលើ​ដី នៅក្រៅ​វិមាន​រដ្ឋសភា​ជាតិ ដោយ​មានរបួស​យ៉ាងច្បាស់​ដែល​បណ្តាល​មកពីការ​វាយដំ និង​ទាត់ធាក់​ចំមុខ​របស់​អ្នក​ទាំងពីរ។ អ្នកតវ៉ា​មួយ​ចំនួន បានបំបែក​កញ្ចក់ឡាន​មួយផ្ទាំង​របស់​អ្នកតំណាង​រាស្ត្រម្នាក់​ក្នុងចំណោម​អ្នកតំណាង​រាស្ត្រទាំងពីរ។ របួសអ្នក​ទាំងពីរ​តម្រូវ​ឲ្យមាន​ការព្យាបាល។

អ្នកឃ្លាំមើល​ចំណាំបានកង​សន្តិសុខ​និង​មន្ត្រី​នគរបាល​ជា​ច្រើន​នាក់ បាន​ស្លៀក​សំលៀក​បំពាក់​​ស៊ីវិល​​នៅក្នុង​ចំណោម​​ក្រុម​បាតុករ​ទាំងនោះ ដែល​នៅក្នុង​ក្រុមនោះ​ក៏មាន​សមាជិក​ក្រុម​យុវជន​គណបក្ស​ប្រជាជន​​កម្ពុជា​ផងដែរ។

នៅពេលដែលការតវ៉ានៅមុខវិមានរដ្ឋសភាជាតិជិត​បញ្ចប់ អ្នកតវ៉ា​មួយក្រុម​តូច​ដែលមាន​សមាជិក​ប្រមាណ ៣០០នាក់ មាន​ពាក់​ក្រមា​ក្រហម បានធ្វើ​ដំណើរ​ទៅប្រមូល​ផ្តុំគ្នា​នៅមុខ​គេហដ្ឋាន​របស់​ឯកឧត្តម កឹម សុខា នៅ​ទួលគោក។ ក្រុម​មនុស្ស​មាន​ភាព​ក្រេវក្រោធ​មួយ​ក្រុម ដែលក្នុង​នោះមាន​មនុស្ស​មួយចំនួន​កាន់ជំពាម​កៅស៊ូ​និងដុំថ្ម​ជាច្រើន បានបន្ត​អំពាវនាវ​ឲ្យឯកឧត្តម កឹម សុខា ចុះចេញ​ពីតំណែង និងបាន​គប់ដប​ទឹកសុទ្ធ និងដុំថ្ម​ជាច្រើន​ចូលទៅ​ក្នុងបរិវេណ​គេហដ្ឋាន​របស់​លោក។ ចំពោះ​លើកនេះ​ដែរ មិនមាន​កង​សន្តិសុខ​ឯកសណ្ឋាន​មានវត្តមាន​នោះទេ គឺមាន​តែ​នគរបាល​ចរាចរណ៍​ពីរនាក់​ដើម្បី​គ្រប់គ្រង​ក្រុម​បាតុករ​ប៉ុណ្ណោះ ដែលធ្វើឲ្យ​សកម្មភាព​របស់​ក្រុម​មនុស្ស​ទាំងនោះត្រូវ​បានធ្វើ​ឡើង​ដោយ​មិនមាន​ការ​រំខាន អស់ជា​ច្រើនម៉ោង។

លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេស​ស៊ើប​អង្កេត​នៃអង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “នៅក្នុង​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ យើងបាន​ឃើញថា​មានការ​តវ៉ាជាច្រើន​រាប់​មិនអស់ ដែល​ត្រូវបាន​បំបែក​យ៉ាងហិង្សា​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​កម្លាំង​កង​សន្តិសុខ​យ៉ាងច្រើន​ហួសហេតុ (ប៉ុន្តែ​ក្នុង​ព្រឹត្តិការណ៍​ដែល​តំណាងរាស្ត្រ​ទាំងពីរ​រងរបួស​ម្សិលមិញ​នេះ មិនមាន​វត្តមាន​កង​សន្តិសុខ​មក​បំបែក​បាតុករ​ដូចសព្វ​ដង​នោះទេ)”។ លោកបាន​បន្តទៀត​ថា៖ “យើង​សង្ឃឹមថា​អ្នក​ដែល​ទទួលខុស​ត្រូវ​លើអំពើ​ហិង្សា​នាម្សិល​មិញ​នេះ នឹងត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​ទទួល​ទោស​តាមច្បាប់​ជាធរមាន។”

នៅពេលដែលមន្ត្រីរាជរដ្ឋាភិបាល​មួយ​ចំនួនបាន​អះអាងថា គណបក្ស​ប្រជាជន​មិនបាន​នៅពី​ក្រោយ​ការតវ៉ា​កាលពី​ព្រឹក​ម្សិល​មិញនោះ សារ​ព័ត៌មាន​ដែលគាំទ្រ​គណបក្ស​ប្រជាជន បាន​ផ្សព្វផ្សាយ​ញត្តិទាមទារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សាខា​ខេត្ត ឧត្តរ​មានជ័យ កាល​ពីរសៀល​ម្សិលមិញ ដោយ​ទាមទារ​ដូចគ្នា​នឹង​អ្នកតវ៉ា​ផងដែរ។ ញត្តិ​មួយផ្សេង​ទៀត ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ ដែល​ចុះហត្ថលេខា​ដោយ​មេបញ្ជាការ​រងនៃ​កងយុទ្ធពល​ខេមរភូមិន្ទ លោក គន់ គីម ក៏​ដូចជា​មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់ ស្រី ឌឹក ដែល​អ្នកទាំង​ពីរ​ជាសមាជិក​នៅក្នុង​គណកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​អំពាវនាវ​ឲ្យ​ឯកឧត្តម កឹម សុខា ចុះចេញ​ពីតំណែង​ផងដែរ។

អំពើហិង្សាកាលពីម្សិលមិញ បានកើត​ឡើង​បន្ទាប់ពី​មាន​សុន្ទរកថា​ជាច្រើន​ដែលត្រូវ​បាន​ធ្វើឡើង​ដោយ​មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ជំទាស់។ បន្ទាប់ពី​មេដឹកនាំ​គណបក្ស​ជំទាស់ ឯកឧត្តម សម រង្ស៊ី បាននិយាយថា​ជាសិទិ្ធ​របស់​ពលរដ្ឋ​កម្ពុជា​ក្នុងការ​តវ៉ានៅក្នុង​ទីក្រុងប៉ារីស នៅ​អំឡុងពេល​ដែល​សម្តេច​នាយករដ្ឋមន្ត្រី ធ្វើទស្សនកិច្ច​ផ្លូវការ​ក្នុង​ប្រទេស​បារាំង រីឯ​សម្តេច​នាយក​រដ្ឋមន្ត្រី ក៏បាន​ឆ្លើយតប​ថាក៏នឹង​មានការ​តវ៉ាមួយ​ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​ហើយ​និង​ឯកឧត្តម កឹម សុខា អាចនឹង​ត្រូវ​បាត់បង់​តំណែង​ជាអនុប្រធាន​សភា​ផងដែរ។ កាលពីពីរ​ថ្ងៃមុន ឯកឧត្តម កឹម សុខា បាន​ថ្លែង​សុន្ទរកថា​នៅខេត្ត​ព្រះសីហនុថា គណបក្ស​សង្គ្រោះ​ជាតិ អាចនឹង​ឈ្នះក្នុង​ការបោះឆ្នោត​អណត្តិ​ក្រោយ​ឆ្នាំ ២០១៨ ប្រសិន​បើ​គ្រប់គ្នា​ដែល​មាន​សិទិ្ធ​បោះឆ្នោត មាន​ចុះឈ្មោះ​ក្នុងបញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក នី ចរិយា, ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយ​ផ្នែក​ច្បាប់ នៃ​សមាគម​អាដហុក, លេខទូរស័ព្ទ ០១១ ២៧៤ ៩៥៩, អ៊ីមែល៖ adhoc.chakrya@gmail.com
 អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លេខទូរស័ព្ទ ០១១ ៩៤៣ ២១៣, អ៊ីមែល៖ chaksopheap@cchrcambodia.org
 លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេកទេស​ស៊ើបអង្កេត​នៃអង្គការ លីកាដូ, លេខទូរស័ព្ទ ០១២ ៣២៧ ៧៧០, អ៊ីមែល៖ mon1@licadho-cambodia.org

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា