សេចក្តីថ្លែងការណ៍

អង្គការ លីកាដូ អំពាវនាវ​ឲ្យមានការ​​បិទមណ្ឌល​ព្រៃស្ពឺជា​បន្ទាន់​បន្ទាប់ពី​មនុស្ស​ពីរនាក់​បាន​ទទួល​មរណភាព

ចេញផ្សាយ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០១៥
F T M

អង្គការ លីកាដូ សូមអំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ សូម​មេត្តា​ស៊ើបអង្កេត​ការ​ស្លាប់​របស់​មនុស្ស​ពីរនាក់ និងសូម​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត សូម​មេត្តា​បិទ​មណ្ឌល​ព្រៃស្ពឺ និង​មណ្ឌល​ដទៃទៀត ដែល​ត្រូវបាន​ប្រើប្រាស់​ក្រៅប្រព័ន្ធ​ច្បាប់​ព្រហ្មទណ្ឌ បន្ទាប់ពី​មាន​មនុស្ស​ពីរនាក់​នោះ​បាន​ទទួល​មរណភាព នៅពេល​ដែល​ត្រូវបាន​គេឃុំខ្លួន​ដោយ​ខុសច្បាប់​នៅក្នុង​មណ្ឌល​ព្រៃស្ពឺ “មណ្ឌល​សង្គមកិច្ច” ក្រោយ​ពេល​អ្នក​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​ដោយ​មិនប្រក្រតី​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ។ នេះ ជាការ​ស្លាប់លើក​ទីពីរ និង​ទីបីហើយ ដែល​បានកើត​ឡើងតែ​ក្នុងរយៈ​ពេល​តិចជាង​មួយឆ្នាំ​ប៉ុណ្ណោះ។

យោងតាមសាក្សីជាច្រើនដែល​ដឹងអំពីការ​ស្លាប់មុនគេ បុរសម្នាក់ អាយុចន្លោះពី ៤០ ទៅ ៥០ឆ្នាំ ដែលត្រូវបាន​គេរាយការណ៍ថាគាត់​កំពុងមានជំងឺ បានលង់ទឹកស្លាប់ក្នុង​អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ (ថ្ងៃទី១១ ដល់ ១៣ ខែតុលា) នៅក្នុងស្រះ​តូចមួយក្នុងបរិវេណ​មណ្ឌលព្រៃស្ពឺនោះ។ ជាច្រើនថ្ងៃបន្ទាប់មក ស្ត្រីម្នាក់មានអាយុជាង ៣០ ឆ្នាំ (ដែលត្រូវបានឃុំខ្លួន​ជាមួយស្វាមីរបស់​នាងនៅក្នុងមណ្ឌល​នោះដែរ) បានទទួលមរណភាព​នៅល្ងាចថ្ងៃទី ១៦ ខែតុលា។ ការស៊ើបអង្កេត​របស់អង្គការ លីកាដូ បានបង្ហាញថា​មូលហេតុនៃការស្លាប់​របស់នាង គឺមិនទាន់​ត្រូវបានរកឃើញ​នៅមុនពេលបូជាសព​របស់នាងនៅឡើយ​នោះទេ។

ការរំលោភបំពានជាលក្ខណៈ​ប្រព័ន្ធដែលត្រូវបាន​កត់ត្រាទុកយ៉ាងល្អ និងការមិនយកចិត្តទុកដាក់ដែលជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវបានកើតឡើង​នៅក្នុងមណ្ឌលព្រៃស្ពី គឺជាមូលហេតុដោយ​ផ្ទាល់លើការស្លាប់របស់​មនុស្សបីនាក់នៅក្នុង​អំឡុងពេល ១១ ខែចុងក្រោយនេះ

លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “ការរំលោភបំពានជាលក្ខណៈ​ប្រព័ន្ធដែលត្រូវបាន​កត់ត្រាទុកយ៉ាងល្អ និងការមិនយកចិត្តទុកដាក់ដែលជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវបានកើតឡើង​នៅក្នុងមណ្ឌលព្រៃស្ពី គឺជាមូលហេតុដោយ​ផ្ទាល់លើការស្លាប់របស់​មនុស្សបីនាក់នៅក្នុង​អំឡុងពេល ១១ ខែចុងក្រោយនេះ ប៉ុន្តែមណ្ឌល​នេះនៅតែមានកា​របន្តបើកនៅឡើយ”។ លោក សំអាត បានបន្តទៀតថា៖ “ការមិនបាន​បិទមណ្ឌលនេះជាស្ថាពរ នឹងអាចបណ្តាលឲ្យ​មនុស្សដែលងាយរងគ្រោះ​បំផុតនៅក្នុងរាជធានីភ្នំពេញ​ទទួលមរណភាពជា​ច្រើននាក់បន្ត​ទៀត”។

អង្គការ លីកាដូ មិន​អាចទទួលបានព័ត៌មាន​ច្បាស់លាស់ថាតើមាន​មនុស្សប៉ុន្មាននាក់ ដែលត្រូវបានឃុំខ្លួនក្នុងមណ្ឌលព្រៃស្ពឺនោះទេ។ កាលពីដើមឆ្នាំនេះ នគរបាលបានប្រមូលមនុស្សគ្មានផ្ទះ​សម្បែងរាប់រយនាក់​នៅក្នុងរាជធានីភ្នំពេញ និងឃុំខ្លួនអ្នកទាំងនោះនៅក្នុងមណ្ឌលព្រៃស្ពឺ នៅក្នុងយុទ្ធនាការ “បោសសំអាតផ្លូវ”។ អ្នកដែលត្រូវបាននគរបាលប្រមូល រួមមានអ្នកដែលគ្មានផ្ទះសម្បែង អ្នកសុំទាន អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកបំរើសេវាកំសាន្ត ដែលអ្នកទាំងនោះត្រូវបានបញ្ជូនទៅទីនោះដើម្បី “បណ្តុះបណ្តាល និងអប់រំ”។

ការប្រមូលមនុស្ស​ទាំងនេះ ជាទូទៅត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលចម្រុះ កងកម្លាំងសន្តិសុខ “រក្សាសណ្តាប់ធ្នាប់សាធារណៈ” និងកងរាជអាវុធហត្ថ ក្រោមបញ្ជាពីសាលារាជធានីភ្នំពេញ និងលោកអភិបាលក្រុង​ដែលមានអំណាចលើ​មណ្ឌលព្រៃស្ពឺ។ តាមការរាយការណ៍ ការប្រមូលមនុស្សទាំងនេះ អាចត្រូវបានធ្វើ​ឡើងដោយមាន​ការវាយដំ ការរំលោភបំពានផ្លូវភេទ និងការជំរិតយក​ប្រាក់ពីនគរបាល។

លោក អំ សំអាត បានមាន​ប្រសាសន៍​បន្តថា៖ “ការឃុំខ្លួននៅក្រៅ​ប្រព័ន្ធតុលាការក្នុង​មណ្ឌលព្រៃស្ពឺនេះ ត្រូវបានផ្អាកជាច្រើនដង ក្រោយពេល​មានរបាយការណ៍​ជាច្រើនអំពីការរំលោភបំពាន​កាលពីពេលមុន”។ លោក បានបន្តទៀតថា៖ “ដោយមិនយកចិត្តទុកដាក់ អាជ្ញាធរនៅ​តែបន្តប្រើប្រាស់​មណ្ឌលនេះ ហើយការធ្វើឲ្យ​មានហេតុការណ៍​នៃការស្លាប់មនុស្ស​ដល់ទៅបីនាក់នេះ បង្ហាញថានេះជា ‘សកម្មភាពដូចសព្វដង’ ”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេកទេស​ស៊ើបអង្កេត​នៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា