សេចក្តីថ្លែងការណ៍

សង្គមស៊ីវិល​សូម​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ក្រុង​ជា​ច្រើន​នាក់​ដែល​បានធ្វើ​បាតុកម្ម

ចេញផ្សាយ ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ ជាក្រុមសង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា​កាលពី​ព្រឹកមិញ​នេះ ដែលត្រូវ​បាន​ប្រព្រឹត្តិឡើង​ដោយ​សមាជិក​​សមាគម​​រួបរួមគ្នា​​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា (CCDA) ទៅលើ​​អ្នកបើកបរ​​រថយន្ត​ក្រុង និង​អ្នកគាំទ្រ​អ្នក​បើកបរ​ទាំងនោះ​ដែល​កំពុងតវ៉ា ហើយ​ក៏មានការ​សោកស្តាយផង​ដែរ​​​ចំពោះ​នគរបាល​​ដែល​​មិនបាន​​ឆ្លើយតប​​ឲ្យបាន​​គ្រប់គ្រាន់ ដើម្បី​​បញ្ជៀស​​អំពើ​ហិង្សា​នេះ។ យើងខ្ញុំ​សូមអំពាវនាវ​ឲ្យមាន​ការដោះ​លែង​​បុរស​ពីរ​នាក់ ដែល​​ត្រូវបាន​​ចាប់​ខ្លួន​ដោយ​​មិន​​ត្រឹមត្រូវ និង​​ទាមទារ​​ឲ្យមាន​​ការស៊ើប​​អង្កេត​លើ​អំពើ​ហិង្សា​នេះ។

អំពើហិង្សាយ៉ាង​ធ្ងន់ធ្ងរនេះ បាន​កើតឡើង​នៅ​ពេល​មាន​ការតវ៉ា​មួយ​របស់​អ្នក​បើកបរ​រថយន្ត​ក្រុង​ជាច្រើន​នាក់​មក​ពីសហព័ន្ធ​សហជីព​កម្មករ​​វិស័យ​ដឹកជញ្ជូន​កម្ពុជា និង​អ្នក​គាំទ្រ​អ្នក​ទាំងនោះ ដែលមក​ពី​សមាគម​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្​ធកម្ពុជា។ ព្រឹត្តិការណ៍​នេះ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៤នាក់ រងរបួស រួមមាន​អ្នកបើកបរ​រថយន្ត​ក្រុង​ដែល​ជាអ្នក​តវ៉ា​និង​​អ្នកគាំទ្រ​អ្នកទាំងនោះ​​ជាច្រើន​នាក់ អ្នក​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស ១នាក់ និង​មន្ត្រី​នគរបាល ១នាក់។ ក្នុងនោះ​មាន​ម្នាក់​បាន​រងរបួស​បាក់ដៃ និង​ជាច្រើន​នាក់​ផ្សេង​ទៀត រងរបួស​មុខ​​និង​ក្បាល។

នៅវេលាម៉ោងប្រមាណ ៩ និង៤០​នាទី ព្រឹក អ្នកតវ៉ា​​មួយ​ចំនួន​ក្នុង​ចំណោម​អ្នកតវ៉ា ៥០នាក់ ដែល​បាន​តវ៉ានៅក្បែរ​ការិយាល័យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល នៅក្នុង​រាជធានី​ភ្នំពេញ តាំងពី​ម៉ោង ៨ព្រឹក បាន​ព្យាយាម​រារាំង​រថយន្ត​ក្រុងមួយ ដោយ​មិនឲ្យ​ចាកចេញ​ពី​ស្ថានីយ។ អ្នកគាំទ្រ​ប្រមាណ ៥០នាក់ មកពី​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា ដែល​ភាគច្រើន​បាន​​ស្លៀក​សំលៀក​បំពាក់​ពណ៌​ខ្មៅ និង​ពាក់​មួក​សុវត្ថិភាព បានដើរ​ទៅ “ការពារ​រថយន្ត​ក្រុង” ហើយ​អំពើ​ហិង្សា​បានចាប់ផ្តើម​ឡើង។ ភ្លាមៗ​បន្ទាប់ពី​នោះ សមាជិក​មួយ​ចំនួននៃ​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បាន​កាន់​ញញួរ និង​ដំបង​ដែក វាយទៅ​លើ​ក្រុម​មនុស្ស ដោយ​បាន​វាយដំ និង​ទាត់ធាក់​យ៉ាងខ្លាំង​​ទៅលើ​អ្នកតវ៉ា​និង​អ្នកគាំទ្រ​ទាំងនោះ។ នគរបាល​បង្ក្រាប​បាតុកម្ម​មួយ​ចំនួន បាន​ចូលរួម​ក្នុងការ​វាយដំ​នេះ​ផងដែរ នៅពេល​ដែល​សមាជិក​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា និង​នគរបាល​មួយចំនួន​ទៀត ព្យាយាម​បញ្ឈប់​អំពើហិង្សា តែមិន​បាន​ជោគជ័យ។


មើល​វីដេអូ​នេះ
អ្នកបើកបររថយន្ត​ក្រុង​ដែល​តវ៉ា ត្រូវបាន​មនុស្ស​ស្លៀក​ពាក់​ស៊ីវិល​វាយដំ

បន្ទាប់មក នគរបាល​បានរុញអ្នកបើកបរ​និង​អ្នកគាំទ្រ​អ្នក​ទាំងនោះ​ថយ​ក្រោយ និង​បាន​ចាប់ខ្លួន​អ្នក​បើកបរ​ម្នាក់ និង​អ្នកបើក​រ៉ឺម៉ក​កង់បី​​ម្នាក់មក​ពីសហភាព​​ការងារ​កម្ពុជា។ មិនមាន​សមាជិក​មកពី​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ណាម្នាក់ ត្រូវបាន​ចាប់ខ្លួន​នោះទេ ទោះជា​សមាជិក​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា វាយដំ​ដោយ​ប្រើញញួរ និង​ដំបង​ដែក​មកលើ​អ្នកបើកបរ​​រថយន្ត​ក្រុង​និង​អ្នកគាំទ្រ​អ្នក​ទាំង​នោះ ក៏ដោយ។

អ្នក​បើក​បរ​រថ​យន្ត​ក្រុង លោក ទេព វុទ្ធី បន្ទាប់ពី​ត្រូវបាន​មនុស្ស​ស្លៀក​ពាក់​ស៊ីវិល​វាយ​ដំ។

បន្ទាប់ពីមានអំពើហិង្សា អ្នកបើកបរ​រថយន្ត​ក្រុង និង​អ្នកគាំទ្រ​សហភាព​ការងារ​កម្ពុជា​ជា​ច្រើន​នាក់ បានដើរ​ក្បួន​ទៅកាន់​ប៉ុស្តិ៍​នគរបាល និង​អធិការដ្ឋាន​នគរបាល ដើម្បី​ដាក់ពាក្យ​បណ្តឹង​អំពីអំពើ​ហិង្សានេះ។ ច្រកចូល​ប៉ុស្តិ៍​នគរបាល និងអធិការ​ដ្ឋាន​នគរបាល​ទាំងពីរ​កន្លែង​ត្រូវបាន​បិទ ហើយ​នគរបាល​ដែលនៅ​ទីនោះ បាន​បដិសេធ​ទទួល​​យក​ពាក្យបណ្តឹង​អ្នក​ទាំងនោះ។ បន្ទាប់មក​ទៀត នគរបាល​បង្ក្រាប​បាតុកម្ម​បានមក​ដល់ ហើយ​បំបែកអ្នក​តវ៉ាទាំង​នោះ។

លោក អំ សំអាត អ្នកសម្របសម្រួល​​បច្ចេកទេស​ស៊ើបអង្កេត​នៃអង្គការ លីកាដូ បានមាន​ប្រសាសន៍​ថា៖ “មនុស្សជា​ច្រើន ត្រូវបាន​ក្រុមអ្នក​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់ប្រដាប់​ដោយ​អាវុធបាន​វាយដំ កាលពី​ព្រឹកនេះ ហើយ​នគរបាល​មិនបាន​ខិតខំ​ប្រឹងប្រែង​គ្រប់​គ្រាន់​​ដើម្បី​បញ្ឈប់​អំពើនេះ​នោះទេ”។ លោក បានបន្ត​ទៀតថា៖ “មិនមាន​នរណាម្នាក់​ដែលទទួល​ខុសត្រូវ​ចំពោះការ​វាយប្រហារ​នាថ្ងៃនេះ ត្រូវបាន​ចាប់ខ្លួន​នោះទេ ទាក់ទង​នឹងអំពើ​ហិង្សាដែល​​បង្កឡើង​ដោយក្រុម​អ្នក​ស្លៀកពាក់​ស៊ីវិល ហើយនិង​នគរបាល​បង្ក្រាប​បាតុកម្ម”។

អ្នកបើកបររថយន្តក្រុង កាពីតូល បានធ្វើការ​តវ៉ា​អស់រយៈពេល​ប្រហែល ២ខែ​មក​ហើយ បន្ទាប់ពី​មានការ​បញ្ឈប់អ្នក​បើកបរ​រថយន្តក្រុង ៤៥នាក់ ដែល​អ្នក​ទាំងនោះ​បាន​អះអាង​ថាខ្លួន​ត្រូវបាន​គេ​បញ្ឈប់ពី​ការងារ​ដោយសារ​អ្នក​ទាំងនោះ​បាន​ព្យាយាម​បង្កើត​សហជីព​មួយ។ ក្រោយពី​មានការ​ស្នើសុំ​ពីសាលា​រាជធានី​ភ្នំពេញ ឲ្យក្រុមហ៊ុន​រថយន្ត​ក្រុងនេះ​ពិចារណា​ទទួលយក​អ្នកបើកបរ​ទាំងនោះ​វិញ ក្រុមអ្នក​តវ៉ាបាន​ផ្អាកការ​តវ៉ាជា​បណ្តោះ​អាសន្ន​កាលពីថ្ងៃទី​២៦ ខែមករា ហើយបាន​ចាប់ផ្តើម​តវ៉ាជាថ្មី​កាលពី​ថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពី​ក្រុមហ៊ុន​រថយន្ត​ក្រុងនេះ មិនអើពើ​នឹងសំណើ​របស់​សាលារាជធានី។

សមាគមរួបរួមគ្នាដើម្បី​អភិវឌ្ឍន៍កម្ពុជា ដែលជា​សមាគម​តូចមួយ​នៃ​អ្នករត់​ម៉ូតូឌុប​និងរ៉ឺម៉ក​កង់បី​បានអះអាង​ថា ការតវ៉ា​របស់​អ្នកបើកបរ​​រថយន្តក្រុង​ទាំងនេះ បានរំខាន​ដល់អាជីវកម្ម​អ្នក​​បើករ៉ឺម៉ក​កង់បី​ដែល​នៅ​ជុំវិញ​ស្ថានីយ៍។ សមាគមនេះ មិន​តំណាង​ឲ្យអ្នក​បើកបរ​រថយន្ត​ក្រុង​នោះទេ ហើយក៏​មិនមាន​ទំនាក់ទំនងផ្លូវការ​ណាមួយ​នៅក្នុង​ជម្លោះ​នេះដែរ។ កាលពី​ខែកញ្ញា ឆ្នាំ២០១៣ អ្នក​ចូលរួម​ពីរនាក់​នៅក្នុង​ការតវ៉ា​នៅពេល​នោះ​របស់​សមាគម​រួបរួមគ្នា​​ដើម្បីអភិវឌ្ឍន៍​កម្ពុជា​បានរាយការណ៍​ដល់​សារព័ត៌មាន​ថា អ្នក​ទាំងនោះ​ត្រូវបាន​​គេ​សន្យា​ផ្តល់ប្រាក់​ដើម្បីចូលរួម​ក្នុង​ការតវ៉ា ហើយ​មិនបាន​ដឹងថា​តើគេ​តវ៉ាអំពី​អ្វី​នោះទេ។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស បាន​មាន​ប្រសាសន៍​ថា៖ “អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ​នាថ្ងៃនេះ បង្ហាញ​ថាពលរដ្ឋ​មិននឹង​អាច​ចូលរួម​ក្នុងការ​តវ៉ាជា​សាធារណៈ​នានា​ដោយមិន​រងនូវ​ការចាប់ខ្លួន​នោះទេ (ឬគម្រាម​កំហែង​ដល់​អាយុជីវិត​អ្នកទាំង​នោះ​នោះ​ទេ)។ នេះក៏​ជា​ភស្តុតាង​បន្ថែម​នៃការ​ប្រើប្រាស់​អំពើ​ហិង្សា​ដែល​មិនមាន​ភាព​ស្មើគ្នា​របស់​អាជ្ញាធរ​ដោយ​មាន​និទណ្ឌភាព​ទាំង​ស្រុង ដើម្បី​បំភិត​បំភ័យ និង​បំបែក​កម្មករ​ដែល​កំពុង​តវ៉ា”។

យើងខ្ញុំ សូមធ្វើការ​ថ្កោលទោសជាថ្មី​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា អំពាវនាវ​ឲ្យមាន​ការដោះលែង​ជនរង​គ្រោះ​ដែលត្រូវ​បានចាប់​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ទាមទារ​ឲ្យមាន​ការស៊ើប​អង្កេត​ឲ្យបាន​ឆាប់រហ័ស មាន​តម្លាភាព និង​ឯករាជ្យ​ភាព ទៅលើ​ព្រឹត្តិការណ៍​នាថ្ងៃ​នេះ។

១. សហគមន៍​បឹងកក់ (BKL)
២. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៣. អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
៤. សហភាពសហជីពកម្ពុជា (CATU)
៥. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៦. គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
៧. បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN)
៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
៩. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១០. សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១១. ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ (CITA)
១២. សហភាពការងារកម្ពុជា (CLC)
១៣. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
១៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
១៥. បណ្តាញយុវជនកម្ពុជា (CYN)
១៦. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
១៧. សហគមន៍ឆេកូ
១៨. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១៩. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
២០. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២១. អង្គការសមធម៌កម្ពុជា (EC)
២២. សមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (FAPD)
២៣. អង្គការយេនឌ័រ និងការអភិវឌ្ឍន៍សម្រាប់កម្ពុជា (GADC)
២៤. សមាគមខ្មែរលើ (HA)
២៥. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៦. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
២៧. សហគមន៍ភ្នំបាត
២៨. សហគមន៍ព្រែកតាគង់
២៩. សហគមន៍ព្រែកតានូ
៣០. សហគមន៍ព្រៃសាលាថ្មី
៣១. សមាគមធាងត្នោត (STT)
៣២. សហគមន៍ ៩២
៣៣. សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)
៣៤. សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIWA)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Boeung Kak Lake Community (BKL)
២. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
៣. CamASEAN Youth’s Future (CamASEAN)
៤. Cambodian Alliance of Trade Unions (CATU)
៥. Cambodian Center for Independent Media (CCIM)
៦. Cambodian Committee for Women (CAMBOW)
៧. Cambodian Domestic Worker Network (CDWN)
៨. Cambodian Food and Service Worker Federation (CFSWF)
៩. Cambodian Human Rights Action Committee (CHRAC)
១០. Cambodian Human Rights and Development Association (ADHOC)
១១. Cambodian Independent Teachers Association (CITA)
១២. Cambodian Labour Confederation (CLC)
១៣. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១៤. Cambodian Tourism and Service Workers Federation (CTSWF)
១៥. Cambodian Transport Workers Federation (CTWF)
១៦. Cambodia Informal Worker Association (CIWA)
១៧. Cambodian Youth Network (CYN)
១៨. Center for Alliance of Labor and Human Rights (CENTRAL)
១៩. Cheko Community
២០. Cambodia Legal Education Centre (CLEC)
២១. Coalition of Cambodian Apparel Workers Domestic Unions (C.CAWDU)
២២. Coalition of Cambodian Farmer Community (CCFC)
២៣. Equitable Cambodia (EC)
២៤. Farmers Association for Peace and Development (FAPD)
២៥. Gender and Development for Cambodia (GADC)
២៦. Highlander Association (HA)
២៧. Independent Democracy of Informal Economy Association (IDEA)
២៨. Independent Monk Network for Social Justice (IMNSJ)
២៩. Phnom Bat Community
៣០. Prek Takung Community
៣១. Prek Tanou Community
៣២. Prey Sala Thmey Community
៣៣. Sahmakum Teang Tnaut (STT)
៣៤. 92 Community

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក មឿន តុលា, នាយកប្រតិបត្តិមជ្ឈ​មណ្ឌលសម្ព័ន្ធ​ភាពការងារ​និងសិទ្ធិមនុស្ស, ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០៥៦
 លោក អំ សំអាត, អ្នកសម្របសម្រួលបច្ចេក​ទេស​ស៊ើបអង្កេត​នៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា