សេចក្តីថ្លែងការណ៍

សង្គមស៊ីវិលអំពាវនាវឱ្យ​អាជ្ញាធរ​បញ្ឈប់ជា​បន្ទាន់​នូវការ​យាយី​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស

ក្រុមសង្គមស៊ីវិល

ពង្រីករូបភាព
នគរបាល​និងកងរាជអាវុធហត្ថឈរ​នៅម្ខាងពី​អ្នកគាំទ្រដែលជួបជុំគ្នា នៅខាងក្រៅ​អង្គភាពប្រឆាំងអំពើពុករលួយ ខណៈដែលបុគ្គលិក​របស់អង្គការ​សង្គមស៊ីវិលមួយចំនួន ត្រូវបាន​សាកសួរនៅខាងក្នុង​អង្គភាពនេះ កាលពី​ថ្ងៃទី២៨ ខែមេសា។

ថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៦ - យើងខ្ញុំ ជាអង្គការ​សង្គមស៊ីវិល​ដែល​មាន​រាយនាម​ខាងក្រោម សូម​ថ្កោលទោស​ចំពោះ​ការ​កោះហៅ និង​សាកសួរ​ទៅលើ​មន្ត្រី​អង្គការ​សង្គមស៊ីវិល​ដែល​បាន​ធ្វើ​សកម្មភាព​សមស្រប និង​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុងការ​ការពារ​សិទ្ធិ​មនុស្ស។ នេះជា​ការអនុវត្ត​ដោយ​បំពាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (“អ.ប.ព”) ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គំរាម​កំហែង​ទៅលើ​សង្គម​ស៊ីវិល។

មន្ត្រីអង្គការសង្គមស៊ីវិលចំនួនប្រាំពីររូបត្រូវបាន អ.ប.ព សាកសួរ​ក្នុង​រយៈពេល​ពីរថ្ងៃ​កន្លង​មក​នេះ​ទាក់ទិន​ទៅនឹង​ពាក្យ​បណ្តឹង​មួយប្តឹង​ដោយ​កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែល​ត្រូវបាន​គេចោទ​ថាជា​នារី​កំណាន់​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ជំទាស់។ អ្នក​ទាំងនោះ​រួមមាន​បុគ្គលិក​របស់​សមាគម​អាដហុក​ប្រាំនាក់​ផងដែរ ដូចជា លោក នី សុខា (ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស) លោក ណៃ វ៉ង់ដា (អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស) លោក យី សុខសាន្ត (មន្ត្រី​ស៊ើប​អង្កេត​និងឃ្លាំមើល​សិទ្ធិ​មនុស្ស) អ្នកស្រី ទ្រី ឈួន (មេធាវី) និង អ្នកស្រី លឹម មុនី (អនុប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី) ព្រមទាំង​លោក​ស្រី ធីតា ឃឹះ នាយិកា​អង្គការ​សីលការ និង​លោក នី ចរិយា អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(និង​ជា​អតីត​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក)។ លោក សឿន សាលី មន្ត្រី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅកម្ពុជា ក៏ត្រូវ​បាន អ.ប.ព កោះ​ហៅ​ពាក់ព័ន្ធ​ទៅនឹង​ករណី​ដូចគ្នា​នេះដែរ ប៉ុន្តែ​ដោយសារ​តែ​លោក​មាន​អភ័យ​ឯកសិទ្ធិ​ជា​សមាជិក​មួយរូប​របស់​អង្គការ​សហប្រជាជាតិ ដូច្នេះ​លោក​មិនបាន​ចូលខ្លួន​បង្ហាញ​នៅ​ចំពោះមុខ អ.ប.ព ឡើយ។

តួនាទីរបស់ អ.ប.ព ក្នុងការកោះហៅ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​សាកសួរ​ដោយសារ​តែធ្វើ​សកម្មភាព​ស្របច្បាប់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រសើប​នយោបាយ​នោះ​គឺមិន​សមហេតុផល​ឡើយ ហើយនេះ​គឺជាការ​គំរាមកំហែង​និង​ការយាយី​ទៅលើ​អ្នកការពារ​សិទ្ធិ​មនុស្ស។ ម្យ៉ាងទៀត ច្បាប់​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​តម្រូវ​ឱ្យ អ.ប.ព អនុវត្ត​តួនាទី​របស់ខ្លួន​ដោយ​ឯករាជ្យ មិន​ពាក់ព័ន្ធ​ក្នុងរឿង​នយោបាយ។ ប៉ុន្តែ​នៅដើម​សប្តាហ៍នេះ អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច បានថ្លែង​ថាជា​រឿង​ធម្មតា​សម្រាប់​រាជរដ្ឋាភិបាល​ក្នុងការ​តែងតាំង​បុគ្គលិក​ដែល​យល់ដឹង​ពី​គណបក្ស​កាន់​អំណាច​ឲ្យចូល​ធ្វើការ​នៅក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ការអនុវត្តក្នុងការស៊ើបអង្កេតនេះបង្ហាញថា អ.ប.ព មិនបាន​ធ្វើ​ការងារ​ជាអាទិភាព​ក្នុងការ​លុប​បំបាត់​អំពើ​ពុករលួយ​ជាទូទៅ​នោះ​ឡើយ ផ្ទុយ​មកវិញ​បែរជា​បំពេញ​ការងា​រំលោភ​ទៅលើ​អំណាច​របស់ខ្លួន​ទៅវិញ តាមរយៈ​ការបង្ក្រាប​ទៅលើ​សង្គមស៊ីវិល​និង​កំណត់​មុខសញ្ញា​ទៅលើ​គណបក្ស​ជំទាស់។ នេះជា​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ​សម្រាប់​ស្ថាប័ន​នេះក្នុង​ការអនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​ទៅលើ​សង្គមស៊ិវិល​និង​អ្នក​រិះគន់​រដ្ឋាភិបាល។ ប្រទេស​កម្ពុជា​ជាប់ឈ្មោះ​ជាប្រទេស​ពុករលួយ​បំផុត​នៅក្នុង​តំបន់​អាស៊ី ក្នុង​បរិបទ​នេះ អ.ប.ព គួរតែ​ត្រូវ​ខិតខំ​លុបបំបាត់​អំពើ​ពុករលួយ​ជំនួស​វិញ ជាជាង​ធ្វើការ យាយី​ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការងារ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស។

ការអូស​ទាញ​បុគ្គលិក​អង្គការ​សង្គមស៊ីវិល​ដែល​មិន​ពាក់ព័ន្ធ​ឱ្យចូល​ទៅក្នុង​ករណី​នេះ​គឺជា​ឧទាហរណ៍​មួយ​ផ្សេង​ទៀត​នៃភាព​ចន្លោះ​ប្រហោង​នៃប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ដែល​មិនមែន​គាបសង្កត់​តែទៅ​លើអ្នក​រិះគន់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អ្នក​ដែល​គាំទ្រ​ពួកគេ​ផងដែរ

អ.ប.ព គឺជាស្ថាប័ន​ចុងក្រោយ​បង្គស់​ក្នុង​ចំណោម​ស្ថាប័ន​ជាច្រើន​ដែល​ធ្វើការ​ស៊ើបអង្កេត​ក្នុងករណី​​នេះ។ ការអនុវត្ត​តួនាទី​មិនត្រឹមត្រូវ​របស់​នគរបាល​ប្រឆាំង​ភេវរកម្ម​ក្នុងការ​សួរចម្លើយ​កញ្ញា ខុម ចាន់តារ៉ាទី នៅតែ​ស្ថិតនៅ​ក្នុង​ភាព​មិនច្បាស់លាស់​នៅ​ឡើយ។ កញ្ញា ត្រូវ​បាន​សួរចម្លើយ​ដោយ​មិន​សម​ហេតុផល​ក្នុង​ពេល​ស៊ើបអង្កេត​លើ​បណ្តឹង​បរិហារ​កេរ្តិ៍ធ្វើឡើង​ដោយ​សកម្មជន​នយោបាយ​កញ្ញា ធី សុវណ្ណថា ទាក់ទិន​ទៅនឹង​ករណីនេះ​ដែល​មិនស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​ភេវរៈកម្ម​ទាល់តែ​សោះ។ ករណី​នេះធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​របស់ក្រុម​យុវជន​ប្រឆាំង​នឹង​លោក កឹម សុខា។

ជាការឆ្លើយតបទៅនឹង​ស្ថានភាព​ដ៏គួរ​ឱ្យព្រួយ​បារម្ភ​នាពេល​បច្ចុប្បន្ន​នេះ លោក ធន សារាយ ប្រធាន​សមាគម​អាដហុក​បាន​ថ្លែងថា «សមាគម​អាដហុក​មិនបាន​ធ្វើសកម្មភាព​ណាមួយ​ប៉ះពាល់​ដល់​សមត្ថកិច្ច​របស់ អ.ប.ព ឡើយ ព្រោះថា​រឿងនេះ​មិនមែន​ជាករណី​ពុករលួយ។ សមាគម​អាដហុក​គ្រាន់តែ​ផ្តល់​ជំនួយ​និង​ការពារ​ជនរងគ្រោះ​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​មករក​ជំនួយ​ដល់​ការិយាល័យ​របស់ខ្លួន​តែ​ប៉ុណ្ណោះ។ នេះគឺជា​សកម្មភាព​ដែល​សមាគម​អាដហុក​បានធ្វើ។ សមាគម​អាដហុក​មិនបាន​ធ្វើអ្វី​ខុសឆ្គង​ឡើយ»។

លោកស្រី ណាលី ពីឡូក នាយិកា​​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា «ការអូស​ទាញ​បុគ្គលិក​អង្គការ​សង្គមស៊ីវិល​ដែល​មិន​ពាក់ព័ន្ធ​ឱ្យចូល​ទៅក្នុង​ករណី​នេះ​គឺជា​ឧទាហរណ៍​មួយ​ផ្សេង​ទៀត​នៃភាព​ចន្លោះ​ប្រហោង​នៃប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ដែល​មិនមែន​គាបសង្កត់​តែទៅ​លើអ្នក​រិះគន់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អ្នក​ដែល​គាំទ្រ​ពួកគេ​ផងដែរ»។

នៅថ្ងៃទី២៥ ខែមេសា អ្នក​វិភាគ​នយោបាយ​​ឯករាជ្យ លោក អ៊ូ វីរៈ ត្រូវបាន​កំណត់​មុខសញ្ញា​ផងដែរ​ដោយសារ​លោកបាន​ថ្លែង​មតិ​ទាក់ទិន​ទៅនឹង​ករណី​របស់​កញ្ញា​ចាន់តារ៉ាទី។ ជាការឆ្លើយតប លោក សុខ ឥសាន អ្នក​នាំពាក្យ ប្រ.ជ បាន​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​លោក អ៊ូ វីរៈ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ។ ពាក្យ​បណ្តឹង​នោះទាមទារ​សំណង​ជម្ងឺចិត្ត​ជាទឹក​ប្រាក់​ចំនួន ៤០០.០០០.០០០ រៀល (ប្រមាណ​១០០.០០០​ដុល្លា​អាមេរិក) ដែលអាច​ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ ក្នុងករណី​មិន​បង់​ប្រាក់​តាម​ការ​បង្គាប់។ ពាក្យ​បណ្តឹង​នោះ​ធ្វើឡើង​ក្រោយពី​មាន​ការលើកឡើង​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា ប្រ.ជ នឹង​ចាត់វិធានការ​ផ្លូវច្បាប់ប្រឆាំង​នឹងអ្នក​វិភាគនយោបាយ​ណា​ដែល​បង្ខូច “កិត្តិយស និង​កិត្តិសព្ទ” របស់​គណបក្ស​កាន់អំណាច។ មតិយោបល់​របស់​លោក អ៊ូ វីរៈ ធ្វើឡើង​នៅក្នុង​វិសាលភាព​នៃការ​បញ្ចេញមតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាត្រា ១៩ នៃកតិកា សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ។

លោកស្រី ចក់ សុភាព នាយិកា​​ប្រតិបត្តិ ម.ស.ម.ក មាន​ប្រសាសន៍​ថា «ការ​កំណត់​មុខសញ្ញា​ទៅលើ​លោក អ៊ូ វីរៈ ស្រប​ពេល​ជាមួយ​នឹងការ​សួរចម្លើយ​បុគ្គលិក​អង្គការ​សង្គមស៊ីវិល​គឺមិនមែន​ជារឿង​ចៃដន្យ​ឡើយ។ សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា កំពុងស្ថិត​នៅ​ក្រោមការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ស្ថានការណ៍​នេះកំពុង​តែ​យ៉ាប់យ៉ឺន​ឡើង​ព្រោះ​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់។ ប៉ុន្តែ​យុទ្ធសាស្ត្រ​នៃការ​បំភិតបំភ័យ​ទាំងនេះ​នឹងមិន​មាន​ប្រសិទ្ធភាព​នោះទេ។ យើងរួម​សាមគ្គីគ្នា​ប្រឈមត​ទល់​ទៅនឹង​ការគំរាម​កំហែង​នេះ»។

សកម្មភាពមិនសមរម្យ​របស់ អ.ប.ព គឺជា​សកម្មភាព​ថ្មីបំផុត​ក្នុង​យុទ្ធនាការ​ដែល​កើតឡើង​ក្នុងការ​បំបិទ​លំហ​សង្គមស៊ីវិល​នៅមុន​ការបោះឆ្នោត​នា​ពេល​ខាងមុខ។ អង្គការ​សង្គម​ស៊ីវិល​និង​បុគ្គលិក​របស់​ខ្លួនប្រឈម​នឹងការ​យាយី និង​អំពើ​ហិង្សាជា​បន្តបន្ទាប់​មកលើ​សេរីភាព​មូលដ្ឋាន​របស់​ពួកគេ ខណៈ​ដែលការ​អនុម័ត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​វាយប្រហារ​ដោយ​ផ្ទាល់​មកលើ​សង្គមស៊ីវិល។
យើងខ្ញុំ សូម​អំពាវនាវ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឱ្យទម្លាក់ការ​ស៊ើប​អង្កេត​របស់​ខ្លួន​មកលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​គ្រាន់​តែ​បំពេញ​ការងារ​របស់ខ្លួន​ដើម្បី​ការពារ​ជនរងគ្រោះ​ពីការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ប៉ុណ្ណោះ។ ជាងនេះ​ទៅទៀត យើងខ្ញុំ​សូមអំពាវនាវ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ច្រាន​ចោល​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក អ៊ូ វីរៈ ស្រប​តាម​កាតព្វកិច្ច​របស់ខ្លួន​ក្រោម​រដ្ឋធម្មនុញ្ញកម្ពុជា​និង​ច្បាប់​អន្តរជាតិ។

អង្គការសង្គមស៊ីវិលដែលគាំទ្រ​សេចក្តី​ថ្លែងការណ៍​នេះ រួមមាន៖
សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា
(ANSA Cambodia)
អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
សង់ត្រាល់ (CENTRAL)
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការ~សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
សហភាពការងារកម្ពុជា (CLC)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម (CISA)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
Diakonia
បណ្ដាញយុវជនកម្ពុជា (CYN)
អង្គការសមធម៌កម្ពុជា (EC)
អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
សមាគម ឥន្ទ្រទេវី (IDA)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
ជំនួយផ្នែកច្បាប់កម្ពុជា (LAC)
អង្គការមាតាធម្មជាតិ (MN)
មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
សមាគមធាងត្នោត (STT)
អង្គការស្ត្រីខ្មែរ (SKO)
សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC)
ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
សហព័ន្ធបុគ្គលិកទេសចរកម្ពុជា (CTSWF)
អង្គការអភិវឌ្ឍន៍ស្តី្រក្រីក្រក្នុងទីក្រុង (UPWD)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3 format: ស្តាប់សម្លេងជាភាសាខ្មែរ