សេចក្តីថ្លែងការណ៍

សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំពោះ​ការ​ផ្ដន្ទាទោស​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ លោក​ នី​ ចរិយា

ចេញផ្សាយ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

នា​ថ្ងៃ​​នេះ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​ថ្កោល​ទោស​ចំពោះ​ការ​ផ្តន្ទាទោស​ដែល​មិន​សម​ហេតុ​ផល​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​លើ​ លោក​ នី ​ចរិយា​ អតីត​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​និង​ឃ្លាំមើល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ​(អាដហុក)​ និង​ជា​អគ្គ​លេខា​ធិការ​រង​នៃ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (“គ.ជ.ប”)។ ​ បន្ទាប់​ពី​សវនាការ​រយៈពេល​ប្រមាណ ​៤ ​ម៉ោង​កន្លះ ​លោក ​ឃី ​ឆៃ​ ចៅក្រម​ជំនុំ​ជម្រះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ពិភាក្សា​ប្រហែល​ ១៥ ​នាទី​ មុន​នឹង​សម្រេច​ផ្តន្ទា​ទោស​ លោក​ នី​ ចរិយា​ ពី​បទ​បរិហារ​​កេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា​ ៣០៥​ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍​តាម​មាត្រា​ ៣១១​ និង​បទ​ផ្សព្វផ្សាយ​នូវ​ការ​អត្ថា​ធិប្បាយ​ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តា​ធិការ​តាម​មាត្រា​ ៥២២​ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​លោក​ នី ​ចរិយា ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ប្រាំ​មួយ​ខែ​ និង​ពិន័យ​ជា​ប្រា​ក់​ចំនួន​ប្រាំ​មួយ​លាន​រៀល ​(ប្រមាណ​ ១.៥០០​ដុល្លារ​អាមេរិក​)។

ការ​ផ្ដន្តា​ទោស​នៅ​ថ្ងៃ​នេះ​ធ្វើ​ឡើង​ក្នុង​បរិបទ​ដែល​មាន​ការ​បង្ក្រាប​ខ្លាំង​ឡើង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​(“រដ្ឋាភិបាល”) ​ទៅ​លើ​សំឡេង​ឯករាជ្យ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ និង​ជា​ការ​បង្ហាញ​នូវ​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ចំពោះ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ និង​តុលាការ​ជា​ឧបករណ៍​ពី​សំណាក់​រដ្ឋា​ភិបាល​ ដើម្បី​រឹតត្បិត​ទៅ​លើ​លំហ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​មុន​ការ​បោះ​ឆ្នោត​ដែល​នឹង​មក​ដល់​ខាង​មុខ​។ ​នេះ​ក៏​បង្ហាញ​ពី​ការ​រំខាន​ចំពោះ​សកម្មភាព​ស្រប​ច្បាប់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ​ដាក់​ទោស​ទណ្ឌ​ផង​ដែរ។​ នៅ​រយៈ​ពេល​ជិត​មួយ​ខែ​ទៀត​នឹង​ដល់​ខួប​លើក​ទី២៥​ នៃ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ ដែល​ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​ និង​ប្រព័ន្ធ​លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស។​ ប៉ុន្តែ​ដំណើរ​ការ​របស់​តុលាការ​ដែល​មិ​ន​យុត្តិ​ធម៌​បែប​នេះ​ ធ្វើ​ឱ្យ​មាន​មន្ទិល​សង្ស័យ​ជា​ខ្លាំង​​ថាតើ​ការ​បោះឆ្នោត​ដែល​នឹង​មក​ដល់​នា​ពេល​​ខាង​មុខ​នេះ ​អាច​ចាត់​ទុក​ថា​​ជា​ការ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​យុត្តិធម៌​ ឬ​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ដែរ​ឬ​យ៉ាង​ណា។ ​

ការ​ប្រើ​ប្រាស់​បទ​បរិហាកេរ្តិ៍ ​និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​នៃ​ក្រម​ព្រហ្មទណ្ឌ​កាន់​តែ​ច្រើន​ឡើង​របស់​រដ្ឋាភិបាល​ដើម្បី​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​លើ​អ្នក​និយាយ​រិះ​គ​ន់​ទៅ​លើ​អាជ្ញាធរ​ មិន​ស្រប​ទៅ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទេ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​នៃ​ការ​បញ្ចេញ​មតិ​។

ពាក្យ​បណ្តឹង​ដំបូង​ប្រឆាំង​នឹង​ លោក នី ចរិយា ត្រូវ​បាន​ប្ដឹង​ដោយ​ចៅក្រម​ស៊ើប​សួរ​ លោក​ គី ​ឫទ្ធី ​និង​ព្រះរាជ​អាជ្ញារង​ លោក​ សុក ​កែវ​បណ្ឌិត​ ដែល​អ្នក​ទាំង​ពីរ​បម្រើ​ការ​នៅ​សាលា​ដំបូង​ខេត្ត​សៀមរាប។​ អ្នក​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​ លោក​ នី​ ចរិយា​ ទាក់​ទង​ទៅ​នឹង​ការ​រិះគន់​របស់​លោក​ កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៥​ អំឡុង​ពេល​សន្និសីទ​សារ​ព័ត៌មាន​ចំនួន​ពីរ ​ដែល​រៀបចំ​ដោយ​សមាគម​អាដហុក​ ដើម្បី​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​អ្នក​ទាំងពីរ​ និង​ទាម​ទារ​ឱ្យ​មាន​ការ​ដោះលែង​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​ចំនួន​ពីរនាក់​ ដែល​សមាគម​អាដហុក​បាន​ផ្តល់​មេធាវី​ការពារ​ផ​ងដែរ​។ ការ​អ​ធិប្បាយ​របស់​ លោក​​ នី ​ចរិយា​ ពិត​ជា​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដែល​ទាមទារ​ឱ្យ​មាន​ការ​អធ្យាស្រ័យ​ខ្ពស់​ចំពោះ​សុន្ទរកថា​បែប​នយោបាយ ​បើ​ទោះ​ជា​ការ​លើក​ឡើង​បែបនេះ​ប៉ះពាល់​ដល់​មន្ត្រី ​ឬស្ថាប័ន​សាធារណៈ​ក្តី។​ ការ​ប្រើ​ប្រាស់​បទ​បរិហាកេរ្តិ៍ ​និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​នៃ​ក្រម​ព្រហ្មទណ្ឌ​កាន់​តែ​ច្រើន​ឡើង​របស់​រដ្ឋាភិបាល​ដើម្បី​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​លើ​អ្នក​និយាយ​រិះ​គ​ន់​ទៅ​លើ​អាជ្ញាធរ​ មិន​ស្រប​ទៅ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទេ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​នៃ​ការ​បញ្ចេញ​មតិ​។ ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មិន​មាន​វត្ត​មាន​ក្នុង​ពេល​ជំនុំ​ជម្រះ​ទេ​ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​ លោក ​នី ​ចរិយា​ គ្មាន​ឱកាស​តទល់គ្នា​ផ្ទាល់​ជា​មួយ​នឹង​អ្នក​ចោទ​ប្រកាន់​រូប​លោក។​ នៅ​មុន​ពេល​ជំនុំ​ជម្រះ​នៅ​ថ្ងៃនេះ​ តុលាការ​ក៏បាន​បដិសេធ​សំណើ​សុំ​ប្តូរ​ចៅក្រម​ជំនុំ​ជម្រះ​ ដោយ​ផ្អែក​លើ​អាកប្បកិរិយា​មិន​សមរម្យ​របស់​ចៅក្រម​ចំពោះ​ លោក​ នី ​ចរិយា​ ក្នុង​ពេល​សវនាការ​លើក​ដំបូង​នៅ​ថ្ងៃ​ទី១​៨ ខែកក្កដា​ ឆ្នាំ​២០១៦។ ​

សិទ្ធិ​ក្នុង​ការ​ត្រៀម​រៀបចំ​ និង​ការ​ការពា​រ​ក្តី​របស់​ លោក​ នី ចរិយា​ ក៏​ត្រូវ​បាន​បំពាន​ផង​ដែរ​ដោយ​ហេតុ​ថា​ ចាប់​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​នេះ​មក​ គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​សូក​ប៉ាន់​សាក្សី​ (តាម​មាត្រា​២៩ ​និង​៥៤​៨ ​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា)​ នៅ​ក្នុង​សំណុំ​រឿង​មួយ​ផ្សេង​ទៀត​ ដែល​គេ​ជឿ​ជាក់​ថា​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ​ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​បុគ្គល​ណា​ដែល​បំពេញ​ការងារ​ការពារ​សិទ្ធិ​មនុស្ស​ស្រប​ច្បា​ប់​។ មន្រ្តី​ជាន់​ខ្ពស់​របស់​សមាគម​អាដហុក​ចំនួន​បួន​រូ​ប​រួម​មាន​ លោក​ នី ​សុខា​ លោក ណៃ ​វ៉ង់ដា​ លោក ​យី ​សុខសាន្ត​ និង​ អ្នកស្រី​ លឹម ​មុនី ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី​ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ជំនួយ​ផ្លូវ​ច្បា​ប់ ​និង​សម្ភារៈ​ដល់​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​គេ​ចោទ​ប្រកាន់​ថា​មាន​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​ជាមួយ​នឹង​អនុ​ប្រធានគ​ណបក្ស​ជំទាស់ លោក ​កឹម​ សុខា។​ គិត​ត្រឹម​ថ្ងៃនេះ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បួន​នាក់​ និង​លោក​ នី ​ចរិយា ​ត្រូវ​បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​ ១៤៧ ​ថ្ងៃ​ហើយ​។ យុទ្ធ​នាការ​រួមគ្នា​របស់​សង្គម​ស៊ីវិល​ #ដោះលែង​អ្នក​ទាំង​ប្រាំ​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពីថ្ងៃទី៨​ ខែ​សីហា​ ឆ្នាំ​២០១៦​ ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ជុំវិញ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​ប្រាំ​ និង​អំពាវនាវ​ឱ្យ​មាន​ការ​ដោះ​លែង​។

ជា​ថ្មី​ម្ដង​ទៀត​ សង្គម​ស៊ីវិល​សូម​ថ្កោល​ទោស​ការ​ផ្តន្ទា​ទោស​លើ​ លោក​ នី ​ចរិយា​ និង​ជំរុញ​ឱ្យ​សាលា​ឧទ្ធរណ៍​កែប្រែ​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​សេចក្តី​សម្រេច​រ​បស់​សាលា​ដំបូង​ដែល​មាន​កំហុស​ឆ្គង​ និង​អយុត្តិធម៌​។ ដោយ​អនុលោម​តាម​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​របស់​តុលាការ​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ ​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យើង​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​តុលាការ​កម្ពុជា​ឲ្យ​បំពេញ​តួនាទី​ប្រកប​ដោយ​ឯករាជ្យ​ភាព​ពិត​ប្រាកដ​ និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ជាបន្ទាន់​នូវការ​ប្រើ​ប្រាស់​​ស្ថាប័ន​រដ្ឋនានា​ដើម្បី​វាយប្រហារ​លើ​សង្គម​ស៊ីវិល​ និង​សំឡេង​ឯករាជ្យ​ផ្សេងៗ​ទៀត​។

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយសង្គមស៊ីវិលដូចខាងក្រោម៖

1. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
2. សហគមន៍បឹងកក់
3. សម្ព័ន្ធសហជីពកម្ពុជា (CATU)
4. អនាគតយុវជនកម្ពុជាអាស៊ាន
5. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
6. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
7. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
8. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
9. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
10. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
11. បណ្ដាញយុវជនកម្ពុជា (CYN)
12. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTAL)
13. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
14. គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
15. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
16. អង្គការប្រជាធិបតេយ្យនិងសិទ្ឋិមនុស្សក្នុងប្រតិបត្តិការ (DHRAC)
17. អង្គការសមធម៌កម្ពុជា (EC)
18. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
19. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
20. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
21. យុវជនជនជាតិដើមភាគតិច ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
22. សមាគមឥន្ទ្រទេវី (IDA)
23. សមាគមន៍យុវជនខ្មែរ (KYA)
24. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរ ខេត្តព្រះវិហារ
25. សហគមន៍ដីធ្លី ភូមិ១ សង្កាត់៣ ខេត្តព្រះសីហនុ
26. សហគមន៍ទំនាស់ដីធ្លីភូមិគ្រួស ខេត្តបាត់ដំបង
27. ជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC)
28. អង្គការលីកាដូ កាណាដា
29. សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
30. អង្គការមាតាធម្មជាតិ (MN)
31. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
32. អង្គការពន្លកខ្មែរ (PK)
33. សហគមន៍ផ្លូវភ្លើង ទួលសង្កែ A
34. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
35. អង្គការស្ត្រីខ្មែរ (SKO)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា