សេចក្តីថ្លែងការណ៍

ការ​អភិវឌ្ឍ​លើ​ទាសភាព​ “ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា”​

ចេញផ្សាយ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៦
F T M

នា​ថ្ងៃ​ទិវា​អន្តរជាតិ​លុប​បំបាត់​​អំពើ​ទាសភាព​ អង្គការ​សម្ព័ន្ធខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្តីពី​ “ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖​ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​” ដែល​មាន​បង្ហាញ​នូវ​ភ័ស្តុតាង​អំពី​ការ​រីករាល​ដាល​នៃ​ការ​ប្រើប្រាស់​ទម្រង់​ទាសភាព​សម័យ​បច្ចុប្បន្ន​ក្នុង​ឧស្សាហកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា​។​ របាយការណ៍​នេះ​បាន​រកឃើញ​ថា​ ទោះ​បី​ជា​មាន​បទ​បញ្ញាត្តិ​ច្បាប់​ដ៏​ទូលំ​ទូលាយ​ដែល​បាន​អនុម័ត​ឡើង​ជា​យូរ​ឆ្នាំ​ ដើម្បី​ដាក់ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​ប្រើប្រាស់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ អាជ្ញាធ​រមាន​សមត្ថកិច្ច​មិន​បាន​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​បទ​ល្មើស​ទាំង​នេះ​ទេ ​ហើយ​ជាក់​ស្តែង​បទ​ល្មើស​ទាំង​នេះ​កំពុង​តែ​បន្ត​កើត​មាន​ឡើង​។

អ្នក​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក​ អំ​ សំអាត​ បាន​មាន​ប្រសាសន៍​ថា៖​ “កា​រ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ពលកម្ម​កុមារ​គឺមាន​ច្រើន​នៅក្នុង​សិប្បកម្ម​ ផលិត​ឥដ្ឋ​នៅ​កម្ពុជា​ ដែល​ទីតាំង​សិប្បកម្ម​​ជាច្រើ​ន​ត្រូវ​បាន​មើល​ឃើញ​ថាមា​ន​ចម្ងាយ​ត្រឹម​តែប៉ុន្មាន​គីឡូ​ម៉ែត្រ​ពីរាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ​។ ប៉ុស្ដិ៍​នគរបាល​និង​សាលាឃុំ​/សង្កាត់​មាន​ទីតាំង​ស្ថិត​នៅក្បែរ​នោះ​ ដែល​ជារឿយៗ​អាជ្ញាធរ​តែងតែ​មើល​ឃើញ​សិប្បកម្ម​ ហើយ​អាជ្ញាធរ​ដឹង​យ៉ាង​ច្បាស់​ថា​មាន​អ្វី​ដែល​កំពុង​កើតមា​ន​ឡើង​នៅ​ខាង​ក្នុង​សិប្បកម្ម​ទាំ​ងនោះ​”។​ លោក​បាន​បន្ត​ទៀត​ថា​៖ “​វាជា​រឿង​មិ​ន​ត្រឹមត្រូវ​ដែល​បញ្ហា​នេះ​បន្ត​កើត​មាន​ឡើង​ ហើយ​រដ្ឋា​ភិបាល​ត្រូវ​តែ​ធ្វើ​អន្តរាគម​ជាបន្ទាន់​ដើម្បី​បញ្ឈប់​សកម្មភាព​ទាំងអស់​នេះ”។​

របាយការណ៍​នេះ​ត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​ផ្អែក​​លើការ​សិក្សា​ស្រាវជ្រាវ​លើ​តំបន់​ផលិតឥដ្ឋ​សំខាន់ៗ​នៅកម្ពុជា​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ (សូម​មើល​ផែនទី​)។ នេះ​ជា​តំ​បន់​ដែល​មាន​រថយន្ត​ដឹក​ទំនិញ​ធំៗ​រាប់​រយ​គ្រឿង​ធ្វើដំណើរ​ឆ្លងកាត់​រៀង​រាល់​ថ្ងៃ ​​ដើម្បី​ផ្គត់ផ្គង់​ដល់​វិស័យ​សំណង់​ដែល​កំពុង​រីក​ចម្រើន​នៅ​ក្នុង​រាជធានី​។​ ​ទីតាំង​ចំនួន​១១​កន្លែង​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​សិប្បកម្ម​ផលិតឥដ្ឋ​ជាង​១០០​ និង​មាន​កម្មករ​រាប់​ពាន់​នាក់​។​ ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​មាន​រួម​បញ្ចូល​បទ​សម្ភាស​ជាមួយ​កម្មករ​ប្រហែល​ជា​៥០នាក់​ ដែល​ជា​មនុស្ស​ពេញ​វ័យ​និ​ង​កុមារ។​

របាយការណ៍​នេះ​មាន​ពិពណ៌នា​លម្អិត​ពី​មធ្យោបាយ ​ដែល​ម្ចាស់​សិប្បកម្ម​ជ្រើសរើស​កម្មករ​​ដោយ​ការ​ផ្តល់​ប្រាក់​កម្ចី​ និង​ការ​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​គ្រួសារ​ទី​ទាល់​ក្រ​។​ ម្ចាស់សិប្បកម្ម​ទាំង​នោះ​ធានា​ការ​ផ្ដល់​ប្រាក់​កម្ចី​ដោយ​ការ​សន្យា​របស់​កម្មករ​ថា​ អ្នក​ទាំ​ងនោះ​ត្រូវ​ធ្វើ​ការ​ក្នុង​សិប្ប​កម្ម​រហូត​ដល់​ប្រាក់​កម្ចី​នោះ​ត្រូវ​បាន​ទូទាត់​សង​គ្រប់​ចំនួន​វិញ​។​ ទោះបី​ជា​យ៉ាងណា​ ប្រាក់​ឈ្នួល​ពលកម្ម​នៅ​ក្នុង​សិប្បកម្ម​គឺមាន​ចំនួន​ទាប​ណាស់​ ដែល​កម្មករ​អាច​ត្រឹម​តែ​រក​ប្រាក់​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​រស់នៅ​តែ​ប៉ុណ្ណោះ​ និង​មិន​អាច​សង​បំណុល​ម្ចាស់​សិប្បកម្ម​វិញ​បាន​ទេ​ ហើយ​កម្មករ​ជាច្រើន​បាន​ខ្ចី​ប្រាក់​បន្ថែម​ជា​ច្រើន​ទៀត​ពី​ម្ចាស់​សិប្បកម្ម​។​ មូលហេតុ​ដំបូង​ដែល​តម្រូវ​ឲ្យ​គ្រួសារ​កម្មករ​ខ្ចីប្រាក់​ ជា​ទូទៅ​គឺ​បណ្តាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដូចជា​ ការ​ឈឺស្កាត់​នៅ​ក្នុង​គ្រួសារ​ ឬ​ទិន្ន​ផល​ដំណាំ​មិន​ល្អ​ ហើយ​ប្រាក់​កម្ចី​ដំបូង​មាន​ចំនួន​តិច​ទេ​គឺ​ត្រឹមតែ​២០០​ទៅ​៣០០​ដុល្លារ​តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​រយៈពេល​កាន់តែ​យូរៗ​ទៅ ​ប្រាក់បំណុល​កាន់​តែ​កើន​ឡើង​ ហើយ​កម្មករ​ដែល​បាន​ផ្ដល់ការ​សម្ភាស​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ​មាន​ជាប់​ជំពាក់​បំណុល​ជា​សរុប​ចាប់​ពី​១០០០​ដុល្លារ​ ទៅ​៦០០០​ដុល្លារ​ ជា​ចំនួន​ទឹក​ប្រាក់​មួយ​ដែល​អ្នក​ទាំងនោះ​មិនអាច​មាន​លទ្ធភាព​សង​អស់​ឡើយ​។​ នៅពេល​ប្រាក់​បំណុល​ឈាន​ដល់​កម្រិត​នេះ​ ​វា​អា​ច​នឹង​ត្រូវ​បន្ត​សង​ដោយ​​គ្រួសារ​មួយ​ជំនាន់​ទៅ​គ្រួសារ​មួយ​ជំនាន់​ទៀត​ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ គ្រួសារ​មួយចំនួន​ត្រូវ​ធ្វើការ​ដើម្បី​សង​បំណុល​អស់៣​ជំនាន់​មក​ហើយ ​ដែល​ប្រាក់​បំណុល​ដំបូង​ត្រូវ​បាន​ខ្ចីដោយ​សមាជិក​គ្រួសារ​ជំនាន់​មុន។​

កុមារ​ជាច្រើន​កំពុង​ធ្វើការ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​ ហើយ​នៅក្នុង​តំបន់​ដែល​បាន​សិក្សា​ស្រាវជ្រាវ​ មាន​ម្តាយ​ឪពុក​ស្ទើរ​តែ​ទាំងអស់​បាន​និយាយថា​ ទោះបី​ជាយ៉ាង​ណា​កូន​របស់​ពួកគាត់​មួយ​ចំនូន​បាន​ជួយ​ធ្វើការ។​ នេះ​ជា​កត្តា​ដែល​ធ្វើឲ្យ​មាន​ការ​ទាក់​ទាញ​ដោយសារ​ កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​ចំនួន​ផលិតផល​ ជា​ជាង​ប្រាក់​ឈ្នួល​ប្រចាំខែ​។ នេះ​មាន​ន័​យ​ថា​ ប្រសិន​បើ​សមាជិក​គ្រួសារ​ច្រើន​ចូល​រួម​ជួយ​ធ្វើការ​ នោះ​ចំនួន​ផលិតផល​ឥដ្ឋ​នឹង​កើន​ឡើង​ ហើយ​ប្រាក់​ចំណូល​របស់​គ្រួសារ​ក៏នឹង​កើន​ឡើង​ផង​ដែរ។​

ណាលី​ ពីឡូក​ នាយិកា​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍​ថា​៖ ​“ម្តាយ​ឪពុក​មិន​ចង់​ឲ្យ​កូនៗ​របស់​ខ្លួន​ទៅ​ធ្វើការ​នោះទេ​។ ​​អ្នក​ទាំង​នោះ​ដឹង​ថា ​វា​ពិត​ជា​មាន​គ្រោះថ្នាក់​ ហើយ​ចង់​ឲ្យ​កូនៗ​របស់​ខ្លួន​ទៅ​សាលារៀន​និង​មាន​អនាគត​ល្អ”។​​ អ្នក​នាង​បាន​បន្ត​ទៀត​ថា៖​ “ប៉ុន្តែ​ដោយសារ​ប្រាក់​ឈ្នួល​មាន​តម្លៃ​ទាប​ពេក​ ដែល​អ្នក​ទាំង​នោះ​មិ​ន​អាច​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​បាន​និង​ដោយសារ​គ្មាន​ជម្រើស។​ ជា​លទ្ធផល​ កុមារ​ទាំងនោះ​ត្រូវ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ជំពាក់​បំណុល​ដូចម្តាយ​ឪពុក​របស់​ពួកគេ​ដែរ”។​

របាយការណ៍​នេះ​ក៏មាន​បង្ហាញ​ពី​លក្ខខណ្ឌ​ការងារ​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​នៅក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​ និង​កង្វះខាត​អនាម័យ​នៃ​ការ​រស់នៅ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​។ ​ នៅ​ក្នុង​របាយការណ៍​មាន​បង្ហាញ​ឧទាហរណ៍​មួយ​ចំនួន​ស្ដីពី​ការ​រងរបួស​របស់​កម្មករ​ ជាពិសេស​កុមារ​ដែល​បាន​ក្លាយ​ជាកុមារ​ពិការ​ដៃ​ដោយ​សារ​ម៉ាស៊ីន​ផលិតឥដ្ឋ​។ ​របាយការណ៍​ក៏បាន​រកឃើញ​ថា ដោយសារ​តែ​ភាពភ័យ​ខ្លាច​និង​ផលវិ​បាក​នៃការ​ពឹងផ្អែក​ទាំងស្រុង​លើ​ម្ចាស់​សិប្បកម្ម​ កម្មករ​ជាច្រើន​គ្មាន​បំណង​តវ៉ា​ប្រឆាំង​ទៅនឹង​លក្ខខណ្ឌ​ដ៏លំបាក​របស់​ពួកគាត់​នោះ​ទេ ​ហើយ​បើទោះ​បីជា​ម្ចាស់​សិប្បកម្ម​រំលោភ​លើច្បាប់​ព្រហ្មទណ្ឌ​និង​ច្បាប់​រដ្ឋប្បវេណី​ ក៏​អាជ្ញាធរ​ដែល​មាន​តួនាទី​ក្នុង​ការ​អនុវត្ត​ច្បាប់​មិន​បាន​ចាត់​វិធានការ​លើ​បញ្ហា​ទាំង​នេះ​ដែ​រ។​

ការ​អនុវត្ត​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល​និង​ពលកម្ម​កុមារ​ធ្វើ​ឲ្យ​គ្រួសារ​កម្មករ​ជាច្រើន​ជំនាន់​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​និង​ការ​ជិះជាន់​ឥត​ឈប់​ឈរ។

របាយការណ៍​​សន្និដ្ឋាន​ជា​រួមថា​ ការ​អនុវត្ត​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល​និង​ពលកម្ម​កុមារ​ធ្វើ​ឲ្យ​គ្រួសារ​កម្មករ​ជាច្រើន​ជំនាន់​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​និង​ការ​ជិះជាន់​ឥត​ឈប់​ឈរ។​ អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពីការ​អនុវត្ត​បែប​នេះ​គឺ ​ម្ចាស់​សិប្បកម្ម​ដែល​ចំណេញ​លើ​ថ្លៃ​ពលកម្ម​ទាប​និង​ងាយ​ស្រួល​ក្នុង​ការ​កេង​ប្រវ័ញ្ច​ អ្នក​ទិញ​ឥដ្ឋ​ចាប់​ពី​ទ្រង់​ទ្រាយ​ឯកជន​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍ធំៗ​ ​ដែល​អាច​ទិញ​ឥដ្ឋ​ក្នុង​តម្លៃ​ទាប​មិន​សម​នឹង​កម្លាំង​ពលកម្ម​របស់​កម្មករ​ទាំងអស់​នោះ​ក្នុងការ​ផលិត​ឡើយ។​

របាយការណ៍​នេះ​សំណូមពរ​ដោយ​ទទូច​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ជា​បន្ទាន់ ​ដើម្បី​ដោះលែង​កម្មករ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ទាំងអស់​ ដោយ​ការ​ចេញ​បទ​បញ្ជា​ជា​បន្ទាន់​ក្នុងការ​លុប​ចោល​បំណុល​ដែល​មាន​រវាង​ម្ចាស់​សិប្បកម្ម​ផលិតឥដ្ឋ​និង​កម្មករ​បញ្ចាំ​ខ្លួន​ដោះ​បំ​ណុល​។ ​របាយការណ៍​នេះ​ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​ដើម្បី​ធានា​ថា​វិនិយោគ​គិន​បរទេស​បាន​ដឹងពី​ មធ្យោបាយ​ក្នុង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល​និង​ពលកម្ម​កុមារ​ក្នុង​ឧស្សាហកម្ម​សំណង់​កម្ពុជា​ និង​ដើម្បី​គាំ​ទ្រ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​លុប​បំបាត់​នូវ​បញ្ហា​ទាំងអស់​នេះ។​

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 កញ្ញា ណាប់ សុម៉ាលី មន្ត្រីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទិ្ធស្ត្រី និងកុមារនៃអង្គការ លីកាដូ, mon4@licadho-cambodia.org, +855 (0)12 251 118 (ភាសាខ្មែរ)
 អ្នកនាង ណាលី ពីឡូក នាយិការងផ្នែកតស៊ូមតិនៃអង្គការ លីកាដូ, advocacy@licadho-cambodia.org, +855 (0)12 803 650 (English)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា