សេចក្តីថ្លែងការណ៍

សង្គម​​ស៊ីវិលសូម​សម្តែង​ការ​មិន​ពេញ​ចិត្ត​​ចំពោះ​ការ​តម្កល់សេចក្តី​សម្រេច​ផ្តន្ទាទោស​​​លើ​លោក​ នី ចរិយា ដែល​ជា​​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​

ចេញផ្សាយ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

យើង​ខ្ញុំ​ ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូមសម្តែងការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​សាលាឧទ្ធរណ៍ ដែល​​បាន​ប្រកាស​​សាលដីកា​របស់​ខ្លួននៅ​ថ្ងៃនេះ​ ដោយ​តម្កល់សេចក្តី​សម្រេច​ផ្តន្ទាទោស​​​ពុំ​សម​ហេតុ​ផល​ទៅលើលោក​ នី ចរិយា ​អតីត​ប្រធាន​ផ្នែកសិទ្ធិ​មនុស្ស​និង​​ស៊ើប​អង្កេត​នៃសមាគមការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (“អាដហុក​”) និងបច្ចុប្បន្ន​​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀ​បចំ​ការ​បោះ​ឆ្នោត​ (“គ.ជ.ប”)។

ករណីនេះមិន​ត្រឹម​តែ​​បង្ហាញ​ពី​ភាព​អយុត្តិធម៌ ដែលប្រព្រឹត្ត​ទៅលើ​បុគ្គល​ម្នាក់ប៉ុណ្ណោះ​ទេ​​​ ប៉ុន្តែ​ក៏​​ជា​ឧទាហរណ៍​នៃ​និន្នាការ​ជារួមដ៏​គួរ​ឱ្យ​ព្រួយបារម្ភខ្លាំងដោយ​សារ​​កន្លង​មក​​ រាជរដ្ឋាភិបាល​កម្ពុជា (“រដ្ឋាភិបាល”​) ​បានប្រើប្រាស់​​​ប្រព័ន្ធ​តុលាការ​ ​ស្របពេល​ដែល​​​បទប្បញ្ញត្តិ​មួយ​ចំនួននៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​​​​មាន​អត្ថន័យ​មិន​ច្បាស់​លាស់ ដែល​អាច​ជា​ការ​ប៉ុន​ប៉ង​ដោយ​ចេតនា​ដើម្បី​បង្រ្កា​ប​ទៅលើ​សំឡេង​ជំទាស់​ទាំង​អស់នៅ​មុន​ការ​បោះ​ឆ្នោត​ខាង​មុខ​។ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ ចលនាក្នុងវិស័យ​​ការងារ និង​សកម្ម​ជន​សង្គម​ស៊ីវិលទាំងឡាយ​​​​ប្រឈម​នឹង​បរិយាកាស​​ដ៏អាប់​អួខ្លាំង​ឡើងៗ​ ដោយ​ហេតុ​ថា ​មាន​ការ​​ចោទ​ប្រកាន់ និងផ្តន្ទាទោស​ទៅលើ​អ្នក​ធ្វើ​ការ​ងារ​ផ្នែក​​ការ​ពារ​សិទ្ធិ​មនុស្ស​ និងការ​បញ្ចេញ​មតិដោយ​សេរី​តាម​ផ្លូវ​ច្បាប់​ ហើយ​មាន​ការ​ដាក់ពន្ធនាគារ​លើអ្នក​​តវ៉ា​ដោយ​សន្តិវិធី ព្រមទាំង​មាន​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​ឡើង​លើ​លំហ​ប្រជា​ធិបតេយ្យ។ ​

ទោះ​បីជាមាន​ការ​លើក​លែង​ទោស​ដល់​ ឯកឧត្តម ​កឹម​ សុខា​ និង​លោក​ ស៊ាង ចែត​​ នា​ពេល​ថ្មីៗនេះ​​​ក្តី​ ​ក៏​សមាជិក​មួយ​ចំនួន​ដែល​មាន​និន្នាការ​​ជំទាស់ផ្នែក​នយោបាយ​​នៅ​តែ​បន្ត​ប្រឈម​​នឹង​ការ​ចាប់​ខ្លួន​ និងការ​ជាប់​​ពន្ធនាគារពាក់ព័ន្ធ​​នឹង​​​បទចោទ​ធ្ងន់​ធ្ងរមួយ​ចំនួន។ ទោះបី​ជា​ការ​កាត់ទោស​នេះ​ពាក់ព័ន្ធ​នឹង​ការ​ងារ​ពីមុនក្នុងនាម​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ក្តី ក៏​លោក​ នី ចរិយា ​ដែល​បច្ចុប្បន្នមាន​តួនាទី​ជា​អគ្គលេខាធិការ​រងនៃ​ គ.ជ.ប ដែល​ពុំ​មែន​មក​ពី​កូតា​នៃ​គណបក្ស​ណាមួយ​​ បានបង្ហាញ​យ៉ាង​ច្បាស់​​ថា​ ការ​កាត់ទោស​​លើ​រូបលោក​ អាច​ជា​ការ​ប៉ុនប៉ង​ដើម្បី​​ធ្វើ​ឱ្យ​ឯក​រាជ្យ​ភាព​របស់​ គ.ជ.ប ចុះ​ខ្សោយ។ ប្រសិន​ជា​សេចក្តី​សម្រេច​ផ្តន្ទាទោស​​លើលោក​ នី​ ចរិយា​ ត្រូវចូល​ជា​ស្ថាពរ​​ (ដូចជា​ការ​មិន​ប្តឹង​ជំទាស់ទៀត) នោះ​តួនាទី​របស់​លោកនៅ​ គ.ជ.ប ​នឹង​ត្រូវបញ្ចប់ ដែល​ជាការ​​វិវត្តដ៏​​​​គួរ​ឱ្យ​ព្រួយ​បារម្ភខ្លាំងមួយ​ ដែលអាច​នាំ​ឱ្យ​មាន​មន្ទិល​​ជា​ខ្លាំង​​​​ថាតើ​ការ​បោះ​ឆ្នោត​ខាង​មុខ​អាច​ចាត់ទុក​ថា​ ​​សេរី យុត្តិធម៌ និង​ស្រប​ច្បាប់​ដែរឬយ៉ាង​ណា។​

កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ លោក​ នី ចរិយា​ ត្រូវបាន​សាលាដំបូង​រាជធានីភ្នំពេញ​កាត់ទោស​ទាក់​ទង​នឹងបទ​បរិហារកេរ្តិ៍ជា​សាធារណៈតាម​​មាត្រា ៣០៥ បទប្តឹង​បរិហារ​បង្កាច់កេរ្តិ៍ តាម​មាត្រា ៣១១ និងបទ​ផ្ស​ព្វ​ផ្សាយ​នូវការ​អត្ថាធិប្បាយ​ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការតាម​មាត្រា ៥២២ នៃក្រម​ព្រហ្ម​ទណ្ឌកម្ពុជា។ លោក​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រាំ​មួយ​លាន​រៀល​ (ប្រមាណ​១.៥០០ ដុល្លារសហរដ្ឋ​អាមេរិក​)។​ ពាក្យ​បណ្តឹងប្រឆាំង​​នឹង​លោក​ នី​ ចរិយា​ ដំបូងឡើយត្រូវបានប្តឹងដោយ​ចៅ​ក្រម​ស៊ើប​សួរ​ និង​ព្រះ​រាជ​អាជ្ញា​រង​នៅ​សាលា​ដំបូង​ខេត្ត​សៀម​រាប​ ទាក់​ទង​នឹង​ការ​រិះ​គន់របស់លោក​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៥ ដែល​ក្នុង​អំឡុងពេល​សន្និសីទ​សារ​ព័ត៌មាន​ចំនួន​ពីរ​រៀប​ចំ​ដោយ​សមាគម​អាដហុក​ ដើម្បី​​ស្នើ​ឱ្យ​​មាន​ការ​ស៊ើប​អង្កេត​​លើ​ភាព​មិន​ប្រក្រតី​ ផ្នែក​នីតិ​វិធី​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​របស់​ពួកគេ​​ និង​ស្នើ​ឱ្យ​​ដោះ​លែង​ជន​រង​គ្រោះក្នុង​ករណី​​រំលោភ​សិទ្ធិ​ដីធ្លី​​​ចំនួន​ពីរ​នាក់​​ក្នុង​ជម្លោះ​នោះ​។ ​​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោកបាន​ធ្វើឡើង​នៅ​​​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៦។

បទ​ចោទទាំង​បីករណី​ទៅលើ​លោក​ នី ចរិយា ជា​ការដាក់​​ទណ្ឌកម្ម​ផ្នែក​ព្រហ្ម​ទណ្ឌ​ដោយ​ពុំ​ត្រឹម​ត្រូវ​​ និង​ពុំសមាមាត្រ​ ព្រម​ទាំង​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញ​មតិ

យើង​ខ្ញុំ​ពិត​ជា​ខក​ចិត្ត​យ៉ាង​​ខ្លាំង ​ដែលសាលា​ឧទ្ធរណ៍​ពុំបាន​យក​ឱកាស​នេះ​ដើម្បី​អនុវត្ត​​ឯក​រាជ្យ​ភាពនៃ​ស្ថាប័ន​តុលាការ និងធ្វើ​ការ​កែតម្រូវ​​នូវ​ចំណុច​ខ្វះ​ខាត​ធ្ងន់​ធ្ងរ​ផ្នែក​នីតិ​វិធី​ និងការ​ ផ្តល់​សម្អាង​ហេតុ​របស់​​សាលាដំបូងរាជ​ធានី​ភ្នំពេញ​​។ ចៅ​ក្រម​សាលា​ដំបូងរាជ​ធានី​ភ្នំ​ពេញ​បាន​ពិភាក្សា​រយៈពេល​ប្រហែល​ ១៥ នាទី​ប៉ុណ្ណោះ​នៅមុន​ពេល​ធ្វើ​សេចក្តីសម្រេច​ចោទ​ប្រកាន់​លើ​លោក​ នី​ ចរិយា​ នូវ​បទចោទ​ទាំងបី​​ ដែលនេះធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់សិទ្ធិ​ទទួលបាន​ពេល​វេលា​សម​រម្យ​ និង​ការ​ត្រៀ​ម​ការ​ពារខ្លួន​​​របស់​លោក​ នី ចរិយា ​ ដោយ​ហេតុ​ថា​ អស់រយៈពេល​ ២៣០ ​ថ្ងៃកន្លង​ទៅ​ហើយ​ដែល លោក​ រួមជាមួយ​នឹង​អតីត​សហកា​រី​បួន​រូបទៀត​​នៅ​សមាគម​អាដហុក​​បាន​ស្ថិត​នៅ​ក្នុងការ​ឃុំខ្លួន​តាម​អំពើ​ចិត្ត​​ ដោយពុំ​ត្រឹម​ត្រូវ​​ក្នុង​ករណី​ដាច់​ដោយ​ឡែក​ពី​គ្នា​ ហើយ​​​ការ​ចោទ​ប្រកាន់ទាំង​អស់នោះ​ជាការ​យាយីទៅលើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ក្រោម​ហេតុ​ផល​នយោបាយ។ បទ​ចោទទាំង​បីករណី​ទៅលើ​លោក​ នី ចរិយា ជា​ការដាក់​​ទណ្ឌកម្ម​ផ្នែក​ព្រហ្ម​ទណ្ឌ​ដោយ​ពុំ​ត្រឹម​ត្រូវ​​ និង​ពុំសមាមាត្រ​ ព្រម​ទាំង​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញ​មតិ​ ហើយហេតុដូច្នេះ​​ជា​ការ​រំលោភ​ទៅលើ​កាតព្វកិច្ចផ្នែក​ច្បាប់​របស់​កម្ពុជា​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​ជាតិនិងអន្តរជាតិ។ ការ​ពិភាក្សា និង​ការ​ថ្លែង​បែប​នយោបាយ​ជុំ​វិញ​បញ្ហា​សិទ្ធិ​មនុស្ស​ ដូច​ជា​ មតិ​យោបល់ដែល​​លោក​ នី ចរិយា​ បានលើក​ឡើង​​នោះ ​ត្រូវបាន​ការពារ​យ៉ាង​មុត​មាំពី​ច្បាប់​សិទ្ធិ​មនុស្ស​អន្ត​រជាតិ។​

ជា​ថ្មី​ម្តង​ទៀត​ យើង​ខ្ញុំ​ជា​​អង្គការ​សង្គម​ស៊ីវិលដែល​មាន​រាយនាម​ខាង​ក្រោម​ សូម​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្តន្ទាទោស​ដោយ​ពុំ​ត្រឹម​ត្រូវ​និង​អយុត្តិធម៌​ និង​ការ​បន្ត​ឃុំ​ខ្លួនទៅលើ​លោក​ នី ចរិយា។ យើង​ខ្ញុំ​សូមរម្លឹក​ជាថ្មី​​ពី​កាតព្វកិច្ច​​​របស់​កម្ពុជា​​ក្រោម​រដ្ឋ​ធម្ម​នុញ្ញ​ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​ និងសូម​​អំពាវនា​វ​ឱ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា​អនុវត្ត​តាម​កាតព្វកិច្ច​ទាំ​ងនេះ​ដោយ​បំពេញ​ការ​ងារ​ដោយ​ឯក​រាជ្យ​ពិត​ប្រាកដ​ ព្រមទាំង​​អំពាវនាវ​​ដល់​រដ្ឋាភិបាលមេត្តា​បញ្ឈប់ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​យុត្តិធម៌ព្រហ្ម​ទណ្ឌ​​ជា​ឧបករណ៍​ដើម្បីបំបិទ​សំឡេងអ្នក​​រិះគន់ និងផ្តន្ទាទោស​លើសកម្មភាព​​​​​ដែល​ស្រប​តាម​ច្បាប់ និង​ដោយ​សន្តិវិធី​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

សេចក្តីថ្លែងការណ៍​រួម​នេះ គាំទ្រ​ដោយ​ ៖

1. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
2. សហគមន៍​បឹងកក់​
3. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)
4. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ
(LICADHO)
5. អង្គការ​សម្ព័ន្ធភាព​ការ​ពារ​សិទ្ធិមនុស្ស​កម្ពុជា​ (CHRAC)
6. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
7. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
8. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTAL)
9. សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC)
10. គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
11. បណ្តាញកសាង​សន្តិភាព​សហគមន៍ (CPN)
12. អង្គការប្រជាធិបតេយ្យនិងសិទ្ឋិមនុស្សក្នុងប្រតិបត្តិការ (DHRAC)
13. អង្គការសមធម៌កម្ពុជា
14. អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GADC)
15. ក្រុម​ការងារ​ពិសេស​សិទ្ធិលំនៅឋាន (HRTF)
16. សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)
17. យុវជនជនជាតិដើមភាគតិច ឃុំប្រមេរ​ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
18. សមាគមន៍យុវជនខ្មែរ (KYA)
19. សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​ឃុំ​ប្រមេរ ខេត្ត​ព្រះវិហារ​
20. សហគមន៍​ដី​ធ្លី ភូមិ​១ សង្កាត់​៣ ខេត្ត​ព្រះសីហនុ
21. សហគមន៍​ទំនាស់​ដីធ្លី​ភូមិ​គ្រួស ខេត្ត​បាត់​ដំបង
22. សហគមន៍ដីធ្លីឡពាង ខេត្ត​កំពង់ឆ្នាំង
23. អង្គការមាតា​ធម្មជាតិ
24. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
25. អង្គការពន្លក​ខ្មែរ​ (PK)
26. សហគមន៍​ផ្លូវ​ភ្លើង​ ទួលសង្កែ A
27. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
28. អង្គការ​ស្ត្រី​ខ្មែរ​ (SKO)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Alliance for Conflict Transformation (ACT)
២. Boeung Kak Community
៣. Cambodian Center for Human Rights (CCHR)
៤. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៥. Cambodian Human Rights Action Coalition (CHRAC)
៦. Cambodian Human Rights and Development Association (ADHOC)
៧. Cambodian Independent Teacher Association (CITA)
៨. Center for Alliance of Labor and Human Rights (CENTRAL)
៩. Coalition of Cambodian farmer Community (CCFC)
១០. Committee for Free and Fair Election in Cambodia (COMFREL)
១១. Community Peace-Building Network (CPN)
១២. Democracy and Human Rights Organization in Action (DHRAC)
១៣. Equitable Cambodia
១៤. Gender and Development for Cambodia (GADC)
១៥. Housing Rights Task Force (HRTF)
១៦. Independent Democratic Association of Informal Economic (IDEA)
១៧. Indigenous Youth at Brame Commune, Preah Vihear Province
១៨. Khmer Youth Association (KYA)
១៩. Kuy Ethnic Community at Prame Commune, Preah Vihear Province
២០. Land Community, Village I, Sangkat III, Preah Sihanouk Province
២១. Land Conflict Community, Krous Village, Battambong province
២២. Lor Peang Community, Kampong Chhnang Province
២៣. Mother Nature
២៤. People Center for Development and Peace (PDP-Center)
២៥. Ponlok Khmer
២៦. Railway Station, Toul Sangke A Community
២៧. SOS International Airport Community
២៨. Strey Khmer Organization (SKO)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា