អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលអនុវត្តជាបន្ទាន់តាមសេចក្តីសម្រេចរបស់ក្រុម ការងារអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត
ចេញផ្សាយ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិលនៅឱកាសគម្រប់ពីរខែនៃការអនុម័តលើសេចក្តីសម្រេចរបស់ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្តរបស់ (“ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត”) ដែលសម្រេចថា ការបន្តឃុំខ្លួនលើបុគ្គលិកសមាគមអាដហុក រួមមាន អ្នកស្រី លឹម មុនី លោក នី សុខា លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត ហើយនិងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) (អ្នកទាំង៥) គឺធ្វើឡើងតាមអំពើចិត្ត។ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម (អង្គការសង្គមស៊ីវិល) អំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរកម្ពុជាសូមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត និងដោះលែងអ្នកទាំង៥ជាបន្ទាន់។ រយៈពេលជិតប្រាំបួនខែបន្ទាប់ពីអ្នកទាំង៥ត្រូវបានឃុំខ្លួនតាំងពីដំបូង កម្ពុជាពុំទាន់បានចាត់វិធានការដើម្បីបញ្ឈប់ ឬប៉ះប៉ូវចំពោះការអនុវត្តពុំត្រឹមត្រូវទៅលើអ្នកទាំង៥នៅឡើយទេ ហើយកម្ពុជានៅតែបន្តមិនគោរពតាមកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (“ក.អ.ស.ព.ន”)។ អង្គការយើងខ្ញុំ សូមសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះការខកខានរបស់អាជ្ញាធរកម្ពុជា ក្នុងការអនុវត្តតាមអនុសាសន៍របស់ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត បានប្រកាសថាការបន្តឃុំខ្លួនលើមន្ត្រី គ.ជ.ប និងបុគ្គលិកសមាគមអាដហុកចំនួន៤នាក់ គឺជាការឃុំខ្លួនតាមអំពើចិត្ត និងជាការរំលោភបំពានលើសិទ្ធិសេរីភាពខាងសមាគម និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ពួកគាត់ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិ។ បន្ថែមលើនេះទៀត ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្តយល់ឃើញថា អ្នកទាំង៥ទទួលរងការរើសអើងដោយសារឋានៈរបស់ពួកគាត់ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស។ ការប្រព្រឹត្តពុំគប្បីទៅលើអ្នកជាប់ឃុំទាំង៥ក្នុងករណីនេះ គឺជាការបង្ហាញពីការប្រើប្រាស់ប្រព័ន្ធតុលាការពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល) ដើម្បីយាយី ធ្វើទុក្ខបុកម្នេញ និងបំបិទសំឡេងជំទាស់នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ។
ការប្រព្រឹត្តពុំគប្បីទៅលើអ្នកជាប់ឃុំទាំង៥ក្នុងករណីនេះ គឺជាការបង្ហាញពីការប្រើប្រាស់ប្រព័ន្ធតុលាការពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយាយី ធ្វើទុក្ខបុកម្នេញ និងបំបិទសំឡេងជំទាស់នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ និងការបោះឆ្នោតជាតិនាពេលខាងមុខ
ការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងសេចក្តីសម្រេចរបស់ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត តាំងពីដំបូងរហូតមកដល់ឥឡូវ រួមមានដូចជាការមិនចូលរួមក្នុងដំណើរការរបស់ក្រុមការងារ រហូតដល់ការបដិសេធសេចក្ដីសម្រេចនេះចោលទាំងស្រុង។ ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត បានទាក់ទងរដ្ឋាភិបាលជាលើកដំបូងជុំវិញរបកគំហើញរបស់ពួកគេក្នុងខែមិថុនា ឆ្នាំ២០១៦ តែពុំទទួលបានការឆ្លើយតបទេ។ ចាប់តាំងពីពេលនោះមក លោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថាសេចក្តីសម្រេចរបស់ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្តគឺ “មិនអាចទទួលយកបានទេនៅក្នុងប្រទេសមួយដែលប្រកាន់នីតិរដ្ឋ”។ លោកបានបន្តថា៖ “អង្គហេតុនោះគឺថាតុលាការបានស៊ើបអង្កេតហើយ [...] និងបានរកឃើញថា អ្នកទាំង៥ មានចេតនាទុច្ចរិតក្នុងការប្រព្រឹត្តបទល្មើស”។ ការមិនគោរពសេចក្តីសម្រេចរបស់ស្ថាប័នអន្តរជាតិ និងការមិនគោរពសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស បង្ហាញពីភាពចាំបាច់ដែលសហគមន៍អន្តរជាតិត្រូវបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យមានវិធានការសមស្របចំពោះការរំលោភបំពាននានាទៅលើច្បាប់សិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា និងច្រានចោលការអះអាងមិនសមហេតុផលរបស់រដ្ឋាភិបាលអំពីការគោរព “នីតិរដ្ឋ” ដើម្បីការពារទង្វើយាយី និងការដាក់ពន្ធនាគារទៅលើអ្នកនយោបាយបក្សជំទាស់ និងសង្គមស៊ីវិល។
ស្របពេលដែលមានសេចក្តីរាយការណ៍ជាច្រើនក្នុងខែធ្នូ ឆ្នាំ២០១៦ ថា អ្នកការពារសិទ្ធិមនុស្សទាំង៥អាចនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗ តែជាក់ស្តែងពួកគាត់ពុំទាន់ត្រូវបានដោះលែងនៅឡើយ។ នៅគ្រាដដែលនេះ អ្នកទាំង៥ ត្រូវបានអ្នកនយោបាយយកទៅប្រើប្រាស់ជាកូនអុកក្នុងការចរចាបែបនយោបាយនៅក្នុងសំណុំរឿងដែលមានចរិតលក្ខណៈនយោបាយ។
អ្នកសង្កេតការណ៍ជាច្រើន ក្នុងនោះមានទាំងក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្តផងដែរ មានមន្ទិលលើយុត្តាធិការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (“អ.ប.ព”) ដែលបានសាកសួរលើអ្នកទាំង៥ ជាលើកដំបូង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។ ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្តបានរកឃើញថា នីតិវិធីឃុំខ្លួនបណ្តោះអាសន្នអនុវត្តទៅដោយមានការរំលោភបំពានលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌មួយចំនួន និងបានរិះគន់ទៅលើការបន្តឃុំខ្លួនអ្នកទាំង៥ ដោយពុំមានការផ្តល់សម្អាងហេតុតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ។ អ្នកការពារសិទ្ធិមនុស្សទាំង៥នាក់នេះ តែងតែបរាជ័យក្នុងការស្នើសុំនៅក្រៅឃុំជាច្រើនលើកច្រើនសារ ថ្វីបើតុលាការពុំបានផ្ដល់ភស្តុតាងគាំទ្រជាសម្អាងហេតុសមស្របក្នុងការបន្តឃុំខ្លួនអ្នកទាំង៥តាមច្បាប់ជាតិយ៉ាងណាក្តី។
ដោយផ្អែកទៅលើការខ្វះចន្លោះផ្នែកស៊ើបអង្កេត និងនីតិវិធី ដូចមានលើកឡើងក្នុងសេចក្តីសម្រេចរបស់ខ្លួន ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត បានផ្តល់អនុសាសន៍ឱ្យដោះលែងអ្នកទាំង៥ ជាបន្ទាន់ ផ្តល់សំណងជំងឺចិត្តចំពោះការរំលោភបំពានសិទ្ធិដែលពួកគាត់បានទទួលរង បង្កើតឱ្យមានការផ្តួចផ្តើមស៊ើបអង្កេតក្នុងការរំលោភបំពាននានាទៅលើសិទ្ធិរបស់ពួកគាត់ និងធ្វើវិសោធនកម្មច្បាប់ដើម្បីធ្វើឱ្យច្បាប់ និងការអនុវត្តជាក់ស្ដែងរបស់កម្ពុជាស្របតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។
យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះការខកខានរបស់អាជ្ញាធរកម្ពុជា ក្នុងការប្រតិបត្តិតាមអនុសាសន៍របស់ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត រហូតមកទល់ពេលនេះ។ យើងខ្ញុំសូមស្នើជាថ្មីម្តងទៀតដល់រដ្ឋាភិបាលកម្ពុជាឱ្យគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ តាមរយៈការអនុវត្តជាបន្ទាន់នូវអនុសាសន៍របស់ក្រុមការងារទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត រួមទាំងធានាថានឹងមានការដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង៥ ជា
បន្ទាន់។ ម្យ៉ាងទៀត យើងខ្ញុំសូមស្នើដល់សហគមន៍អន្តរជាតិមេត្តាប្រើប្រាស់ឱកាសទាំងអស់នេះដើម្បីតស៊ូមតិឱ្យមានការអនុវត្តតាមសេចក្តីសម្រេចនេះ តាមរយៈការប្រាស្រ័យទាក់ទងរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជា។
អង្គការសង្គមស៊ីវិល ដែលគំាទ្រសេចក្តីថ្លែងការណ៍រួមនេះ មាន ៖
ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
សហគមន៍បឹងកក់
សហគមន៍បឹងត្របែក
សហគមន៍បុរីកីឡា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
បណ្ដាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
សមាគមកសិករដើម្បីសន្តិភព និង អភិវឌ្ឍន័ (FAPD)
អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ក្នុងក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស
សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរ ខេត្តព្រះវិហារ
សហគមន៍ដីធ្លី ភូមិ១ សង្កាត់៣ ខេត្តព្រះសីហនុ
សហគមន៍ទំនាស់ដីធ្លីភូមិគ្រួស ខេត្តបាត់ដំបង
សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
អង្គការពន្លកខ្មែរ (PKH)
សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
អង្គការស្ត្រីខ្មែរ (SKO)
អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT) ក្នុងក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Alliance for Conflict Transformation (ACT)
២. Boeung Kak Community
៣. Boeung Trabek Community
៤. Borei Keila Community
៥. Cambodian Centre for Human Rights (CCHR)
៦. Cambodian Human Rights and Development Association (ADHOC)
៧. Cambodian Independent Teacher Association (CITA)
៨. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៩. Cambodian Youth Network (CYN)
១០. Coalition for Integrity and Social Accountability (CISA)
១១. Committee for Free and Fair Elections in Cambodian (COMFREL)
១២. Community Legal Education Center (CLEC)
១៣. Farmer Association for Peace and Development (FAPD)
១៤. Gender and Development for Cambodia (GADC)
១៥. Housing Rights Task Force (HRTF)
១៦. Independent Democratic Association of Informal Economic (IDEA)
១៧. International Federation for Human Rights (FIDH), in the framework of the Observatory for the Protection of Human Rights Defenders
១៨. Kuy Ethnic Community at Prame Commune, Preah Vihear Province
១៩. Land Community, Village I, Sangkat III, Preah Sihanouk Province
២០. Land Conflict Community, Krous Village, Battambang province
២១. Lor Peang Community, Kampong Chhnang Province
២២. Ponlok Khmer (PKH)
២៣. SOS International Airport Community
២៤. Strey Khmer Organization (SKO)
២៥. The World Organisation Against Torture (OMCT), in the framework of the Observatory for the Protection of Human Rights Defenders
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ តុលាការ និង នីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម