សេចក្តីថ្លែងការណ៍

សេច​ក្តី​ថ្លែង​ការណ៍​រួម​៖ អង្គការ​សង្គម​ស៊ីវិល​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​ជុំ​វិញ​ឃាត​កម្ម​លើ​លោក​ កែម​ ឡី​ ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រមផ្តន្ទា​ទោស​

ចេញផ្សាយ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិល
F T M

បី​សប្តាហ៍​បន្ទាប់​ពី​សវ​នា​ការ​ជំនុំ​ជម្រះ​រយៈ​ពេល​ ៤​ ម៉ោង​ នៅ​ថ្ងៃ​នេះ​ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ឈ្មោះ​ អឿត​ អាង​ ដែល​ហៅ​ក្រៅ​ថា​ ‘ជួប​ សម្លាប់’​ ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​លើ​លោក​ កែម​ ឡី​ ដែល​ជា​អ្នក​វិភាគ​នយោ​បាយ​ និង​ពី​ប​​​​ទ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ តាម​មាត្រា​ ២០០​ និង​មាត្រា​ ៤៩០​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក​ចៅ​ក្រម​ លាង​ សំណាត់ ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ អឿត​ អាង​ ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​។

ថ្វី​បើ​មាន​ភស្តុ​តាង​គួរ​ឲ្យ​ជឿ​ជាក់​ថា​ អឿត​ អាង​ គឺ​ជា​ខ្មាន់​កាំ​ភ្លើង​ ដែល​បាន​បាញ់​ និង​សម្លាប់​លោក​ កែម​ ឡី​ យ៉ាង​ណា​ក្តី​ កង្វះ​តម្លា​ភាព​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​របស់​លោក​ កែម​ ឡី​ នី​តិ​វិ​ធី​ជំនុំ​ជម្រះ​ខ្លី​ពេក​ និង​ការ​ខក​ខាន​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេ​ញ​ជុំ​វិញ​មូល​ហេតុ ​អ្នក​សម​គំនិត​ និង​ស្ថាន​ភាព​នៃ​ការ​ចាប់​ខ្លួន​ អឿត​ អាង​ ដែល​បញ្ហា​ទាំង​អស់​នេះ​បង្ក​ជា​ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​ភាព​ពេញ​លេញ​នៃ​ដំណើរ​ការ​ព្រហ្ម​ទណ្ឌ​លើ​ករណី​មួយ​នេះ​។ ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​មិន​គ្រប់​គ្រាន់​ជុំ​វិញ​ឃាត​កម្ម​លោក​ កែម​ ឡី ​ក៏​ដូច​ជា​នី​តិ​វិ​ធី​សវនាការ​ជំនុំ​ជម្រះ​ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូម​អំពាវ​នាវ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ ក្នុងការ​ស៊ើប​អង្កេត​ពីស្ថានភាព​ទាំង​មូល​នៃ​ឃាត​កម្ម​នេះ ​ដើម្បី​ឲ្យ​ស្រប​តាម​ការ​អនុវត្ត​ល្អ​បំផុត​ជា​អន្តរ​ជាតិ។​

លោក​​ កែម​ ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​លេច​ធ្លោ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ នៅ​ក្នុង​ហាង​កាហ្វេ​នៃ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។ ភ្លាមៗ​ក្រោយ​ការ​បាញ់​សម្លាប់​ ជន​សង្ស័យ​ អឿត​ អាង​ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ចម្ងាយ​ប្រហែល​ជា​ពីរ​គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ ​និង​ក្រោយ​មក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​នៅ​ថ្ងៃ​ទី​១២​ ខែ​កក្កដា​។ ក្រោយ​ពី​ការ​ចាប់​ខ្លួន​ដំបូង​ អឿត ​អាង ​បាន​ប្រាប់​ថា​ខ្លួន​ឈ្មោះ​ ‘ជួប​ សម្លាប់​’ និង​បាន​សារ​ភាព​ចំពោះ​ឃាតកម្ម​នេះ។​ អឿត ​អាង ​បាន​អះអាង​ថាការ​សម្លាប់​នេះកើត​ឡើងដោយ​សារ​តែ​ជនរងគ្រោះ​ជំពាក់​បំណុល​មិ​​ន​សង​ចំនួន​ ៣.០០០ ដុល្លារ​ ដែល​ការ​លើក​ឡើងនេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់លោក​ កែម​ ឡី​ និង​ភរិយា​របស់​ អឿង​ អាង​ បដិសេធ​ចោល។ នៅ​ក្នុង​ខែធ្នូ​ អ្នកនាំ​ពាក្យក្រសួង​មហាផ្ទៃ​មួយរូប​បាន​លើក​ឡើង​ថា ​ក្រសួង​ផ្ទាល់ក៏​មិនជឿ​ថាការ​លើក​ឡើង​របស់​ អឿត​​ អាង ​នេះជា​ការពិតដែរ​។ ទោះជា​យ៉ាង​ណាក្តី ការ​ស៊ើប​អង្កេត​លើឃាតកម្​លោក​ កែម ឡី ​ត្រូវបាន​បិទ​បញ្ចប់​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៦ ដោយ​មានជន​សង្ស័យ​តែ​ម្នាក់​គត់​គឺ​ អឿត​ អាង​។

លោក​​​ស្រី​​​ ចក់​ សុភាព​ នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ប្រសាសន៍​ថា​៖ ‹‹កង្វះ​ឯករាជ្យ​នៃ​ការ​ស៊ើប​អង្កេត​បង្កើត​បាន​ជា​វប្បធម៌​និទណ្ឌភាព​ដែល​ចេះតែ​កើត​មាន​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។​ ដូច​ជា​មិន​មែន​ជា​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល​ទេដែល​ករណី​បែបនេះ​នឹងធ្វើឲ្យ​មានការ​បាត់​បង់ទំនុក​ចិត្តជា​បន្តទៀត​លើ​ស្ថាប័ន​នា​នា​​នោះ។››

នៅ​​ក្នុង​សវនាការ​ជំនុំ​ជម្រះ​លើ ​អឿត អាង​ រយៈពេល ​៤ ម៉ោង​កាល​ពីថ្ងៃ​ទី១​ ខែ​មីនា​ អឿត​ អាង​ នៅតែ​ថាខ្លួន​មាន​ឈ្មោះ​ ជួប​ សម្លាប់​ ដដែល​។ នៅ​អំឡុង​សក្ខីកម្ម​ អឿត​ អាង ​ក៏​នៅ​តែអះ​អាង​ថាខ្លួន​បាន​បាញ់​សម្លាប់​លោក ​កែម​ ឡី ​ដោយ​សារជំពាក់​បំណុល​មិន​សង។ ចៅ​ក្រមជំនុំជម្រះ​មិន​បាន​ដេញ​ដោល​ការអះអាង​នេះ​ទេ ហើយ​ចៅក្រម​ហាក់​ដូចជា​បាន​ទទួល​ស្គាល់​ថា ​អឿត​ អាង គឺជាជន​ដៃ​ដល់​តែម្នាក់​គត់ ថ្វី​បើការ​លើក​ឡើង​របស់​ជននេះ​ខ្វះភាព​គួរ​ឲ្យ​ជឿ​ជាក់ ​និងថ្វី​បើមាន​សេច​ក្តី​ថ្លែង​ការណ៍​ផ្សេងៗ​ពី​គ្រួសារ​ និង​មិត្តភ័ក្តិ​របស់​ អឿត​ អាង​ នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែមុន​ដល់​សវនាការ​ជំនុំជម្រះ​ដែល​បាន​បង្កឲ្យមាន​មន្ទិល​សង្ស័យ​ជាច្រើន​ជុំវិញ​ការ​ការ​ពន្យល់​ និង​ការ​លើក​ឡើង​របស់​ជន​សង្ស័យ។

ស​វនាការ​ជំនុំជម្រះ​បាន​បង្ហាញ​ពីខ្សែ​វីដេអូ​ដក​ស្រង់​ចេញ​ពីវីដេអូកា​មេរ៉ា​សុវត្ថិភាព​ ដែល​យក​មក​ពីស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច ដែល​បង្ហាញ​ត្រឹមតែ​ព្រឹត្តិការណ៍​ខ្លី​ក្នុងអំឡុងពេល និង​ក្រោយ​ការ​បាញ់​សម្លាប់​ ប៉ុន្តែ​មិន​បាន​បង្ហាញ​អំឡុង​ពេលភ្លាមៗ​មុន​ពេល​បាញ់​ប្រហា​រ​នោះ​ទេ។ នៅ​ក្នុង​សវនាការ​ក៏មាន​បង្ហាញ​វីដេអូកា​មេរ៉ា​សុវត្ថិភាព​បន្ថែម​ទៀត​ ដែល​បាន​បង្ហាញ​ពីការរត់​របស់​ជន​សង្ស័យ​ អឿត ​អាង ​តាម​ចិញ្ចើម​មហាវិថីម៉ៅសេទុង ក្រោយពីការបាញ់ប្រហារ ដោយ​មាន​ម៉ូតូ​មួយ​គ្រឿង​ដឹកបុរស​ម្នាក់​ដែល​មាន​កាន់​កាំភ្លើង​វែ​ង​មួយ​ដើម​យ៉ាង​ចំហ​តាម​ពី​ក្រោយ​ជន​សង្ស័យ​ពេល​កំពុង​រត់។ ដល់​កន្លែង​មួយ​នៅ​ក្នុង​វីដេ​អូកា​មេរ៉ា​សុវត្ថិភា​ព ក៏​ឃើញ​មាន​ម៉ូតូ​ធំ​មួយ​ទៀ​ត​ ដែល​មាន​ស្លាក​សញ្ញា​នគរបាលជាតិ បាន​ជិះ​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ខ្លួន​ដើម្បី​បក​មក​តាម​ អឿត​ អាង ​ផងដែរ។ អឿត​​ អាង ក៏​លោត​ឡើង​ជិះ​ម៉ូតូ​ធំ​នេះ​មួយ​ភ្លែត​មុន​​ចុះ​​ម​ក​​វិញ​​ និង​​បន្ត​​រត់​​តាម​​ផ្លូវ​​ទៀត​​។ ឥរិយា​បថ​ដ៏​​ចម្លែក​​បែប​​នេះ​​នៅ​​មិន​​ទាន់​​មាន​​ការ​​ពន្យល់​​ណា​​មួយ​​សោះ។​

អឿត​​​ អាង​​​ បាន​​ផ្តល់​​សក្ខី​​កម្ម​​ថា​​ ខ្លួន​​បាន​​ជួប​​លោក​​ កែម​​ ឡី​ ​តែ​​ម្តង​​គត់​​នៅ​​ភោជ​​នីយ​ដ្ឋាន​​មួយ​​ក្នុង​រាជ​ធានី​​ភ្នំពេញ​​ ដែល​​បាន​​រៀប​ចំ​​ដោយ​​អ្នក​ស្គាល់​​ម្នាក់​​មក​ពី​​ប្រទេស​ថៃ​​ ហើយ​​ដែល​​ អឿត ​អាង​​ ប្រាប់​​ថា​​ជន​នោះ​​ឈ្មោះ​​ ‘ពូ​ លីស’​​​ ដែល​​នៅ​​គ្រា​​នោះ​​ហើយ​​ ខ្លួន​​បាន​​ឲ្យ​លុយ​​ចំនួន​ ៣.០០០​​ ដុល្លារ​​ទៅ​​លោក​​ កែម​ ឡី​​។ អឿត​​ អាង​​ ក៏​បាន​​អះ​​អាង​​ដែរ​​ថា​​ ខ្លួន​បាន​​ទិញ​កាំ​​ភ្លើង​​ដែល​​ប្រើ​​សម្រាប់​បាញ់​​សម្លាប់​​លោក​ កែម​​ ឡី​ ពី​ជន​​ជាតិ​​ថៃ​​ម្នាក់​​ឈ្មោះ​​ ‘ចាក់’​​ នៅ​​ប្រទេស​​ថៃ​​។ បុរស​​ទាំង​​ពីរ​​នេះ​​មិន​​ត្រូវ​បាន​​កោះ​​ហៅ​​ឲ្យ​មក​​ធ្វើ​​ជា​​សាក្សី​​ទេ​​ ទោះ​​បី​មាន​​សេចក្តី​រាយការណ៍​ថាអ្នកទាំង​ពីរនេះក៏​ស្ថិតនៅ​ក្រោមកា​​រ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​ដែរ។

សា​​​ក្សីជា​ច្រើ​ន ភាគ​ច្រើន​នគរបាល ​បានអាន​សេចក្តី​ថ្លែងការណ៍​របស់​សាក្សី​យ៉ាង​សង្ខេប។ នៅក្នុង​សវនាការ​ ពុំ​មាន​ការ​សួរ​ដេញ​ដោល​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ។

លោក​​ មឿន​ តុលា​ នាយក​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស​ មាន​ប្រសាសន៍​ថា៖ ​‹‹តុលាការ​គួរ​តែ​ជជីក​សួរ​ឲ្យ​បានដិត​ដល់​ក្នុងការ​លាត​ត្រដាង​ការពិត​។ ប៉ុន្តែ​ភស្តុតាង​ដែល​បាន​បង្ហាញ​ និងវីដេអូកា​មេរ៉ា​សុវត្ថិភាព​ដែល​អយ្យការ​មិន​បាន​លើក​យក​មក​បង្ហាញ​ បង្កើតបាន​ជាសំណួរ​ច្រើន​សម្រាប់​សាធារណ​ជ​ន ជា​ជាង​ចម្លើយ​ដែល​តុលាការ​មិនបា​ន​ជជីក​សួរឲ្យ​អស់​លើ​បញ្ហា​នោះ។››

លោកស្រី​ ណាលី​ ពីឡូក ​នាយិការង​អង្គការ​លីកាដូ​ មានប្រសាសន៍ថា៖​ ‹‹ការស៊ើប​អង្កេត​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ ហើយ​សវនាការ​ជំនុំ​ជម្រះ​នេះ​គឺគ្រាន់​តែជាការ​បង្គ្រប់​កិច្ច។ យើងខ្​ញុំទាម​ទារឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ដោយមាន​ជំនួយ​ពីអន្តរជាតិ​ក្នុងការ​ស៊ើប​អង្កេត​លើ​ឃាត​កម្ម​លោក​ កែម ​ឡី ដែល​នឹង​ជា​មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​ស្វែង​រក​ឲ្យ​បាន​នូវយុត្តិ​ធម៌​ដល់គ្រួសារ និង​មិត្តភ័ក្តិ​របស់​ជនរង​គ្រោះ។››

កាតព្វ​កិច្ចក្នុង​ការ​ស៊ើប​អង្កេត​ប្រកប​ដោយប្រសិទ្ធភាព​ ក៏ដូចជា​ដើម្បី​ធានា​ ចារី​ទាំងអស់​នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​ គឺជា​ធាតុផ្សំ​ដ៏​សំខាន់នៃកាតព្វ​កិច្ច​របស់រដ្ឋក្នុង​ការ​គោរព​សិទ្ធិរស់រាន​មាន​ជីវិត ​ដែល​មាន​ចែង​ក្នុងមាត្រា​ ៣២ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ មាត្រា​ ៣ នៃសេច​ក្តីប្រកាស​ជា​សកល​ស្តីពីសិទ្ធិ​មនុស្ស​ និង​និងមាត្រា​ ៦ នៃកតិ​កាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ព​លរដ្ឋ និង​សិទ្ធិ​នយោ​បាយ​​ ដែល​កម្ពុជា​ជារដ្ឋភាគី​។ ដោយសារតែ ​ កង្វះ​ចន្លោះ​ជាច្រើន​ទាក់ទិន​នឹងការទទួល​ខុសត្រូវ​របស់​តុលាការ​​ក្នុង​ការ​ពិនិត្យ​ភស្តុតាង​ទាំង​ឡាយ​ឲ្យបាន​ហ្មត់​ចត់​នៅ​ចំពោះមុខ និង​ដើម្បី​ធានា​ពីភា​ព​ស្រប​គ្នាជា​មួយ​នឹង​ការ​អនុវត្ត​ល្អ​បំផុត​ជា​អន្តរ​ជាតិ ​យើង​ខ្ញុំជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយនាម​ខាង​ក្រោម សូម​អំពាវ​នាវ​ឲ្យ​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ ដើម្បីស៊ើបអង្កេត​លើ​ឃាតកម្ម​លោកបណ្ឌិត កែម​ ឡី។​ គណៈ​កម្មការ​ស៊ើប​អង្កេត​នេះគួរ​មាន​សមាស​ភាពមក​ពីអ្នក​ជំនាញ​អន្តរជាតិ​ក្រៅពី​ប្រទេស​កម្ពុជា​ ហើយ​មាន​សិទ្ធិ​ពិនិត្យ​មើល​លើ​ភស្តុតាង​ទាំង​អស់​ដែល​មាន ​រួមទាំង​វីដេ​អូ​កា​មេរ៉ា​សុវត្ថិ​ភាព​ដែល​ថត​ពី​សកម្មភាព​នៃ​អំពើ​ឃាតកម្ម​នេះ​ទាំង​អស់​។ ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​ដំបូង​ និង​សវនាការ​ដំណើរ​ការ​ទៅ​មិន​ទាន់​គ្រប់​គ្រាន់​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​ ឥឡូវនេះ គណៈ​កម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​គឺ​ផ្តល់​ជា​មធ្យោបាយ​តែ​មួយ​គត់​ ដែល​អាច​ការពារ​ឯករាជ្យភាព​ និង​តម្លាភាព​នៃ​ការ​ស៊ើប​អង្កេត​ ដោយ​ស្រប​តាម​កាតព្វ​កិច្ច​របស់​កម្ពុជា​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យបាន​ពេញ​លេញ​ពាក់​ព័ន្ធ​នឹង​ការ​រំលោ​ភ​បំពាន​សិទ្ធិ​រស់​រា​ន​មាន​ជីវិត​ និង​ចុង​ក្រោយ​ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ពិត​ប្រាក​ដ​ជូន​ដល់​ក្រុម​គ្រួសារ​របស់​លោក​បណ្ឌិត កែម​ ឡី។

សេច​ក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
1. សហគមន៍កៅពីរ
2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3. សហគមន៍អារ៉ែង
4. សហគមន៍បន្ទាយស្រី
5. សហគមន៍បឹងប្រាំ
6. សហគមន៍បឹងកក់
7. សហគមន៍បឹងត្របែក
8. សហគមន៍បុរីកីឡា
9. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
10. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
11. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
12. អនាគតយុវជនកម្ពុជាអាស៊ាន
13. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា
14. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
15. បណ្តាញកម្មករការងារតាមផ្ទះកម្ពុជា (CDWN)
16. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
17. សមាគមអាដហុក (ADHOC)
18. សមាគមមន្រ្តីរាជការកម្ពុជា (CICA)
19. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
20. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
21. សហភាពការងារកម្ពុជា (CLC)
22. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF)
23. បណ្តាញយុវជនកម្ពុជា (CYN)
24. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
25. សហគមន៍ឆេកូ
26. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
27. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
28. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
29. សមធម៌កម្ពុជា (EC)
30. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
31. សហគមន៍បណ្តាញអតីតស្ត្រីបឹងកក់
32. សមាគមខ្មែរលើ
33. ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF)
34. IFEX
35. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
36. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
37. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
38. សមាគឥន្ទ្រទេវី (IDA)
39. សមាគមយុវជនខ្មែរ (KYA)
40. សហគមន៍កោះស្រឡៅ
41. សហគមន៍ដីធ្លី ភូមិ១ ក្រុងព្រះសីហនុ
42. លីកាដូ កាណាដា
43. សហគមន៍ឡពាង
44. អង្គការមាតាធម្មជាតិ (MN)
45. អង្គការស្ពានសន្តិភាព (PBO)
46. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
47. សហគមន៍ភ្នំបាត
48. សហគមន៍ភូមិ២១
49. សហគមន៍ភូមិ២២
50. សហគមន៍ភូមិ២៣
51. អង្គការពន្លកខ្មែរ
52. សហគមន៍ព្រែកតាគង់
53. សហគមន៍ព្រែកតានូ
54. សហគមន៍ព្រៃឡង់
55. បណ្តាញសហគមន៍ជនជាតិដើមភាគតិចខេត្តព្រះវិហារ
56. សហគមន៍ផ្លូវរថភ្លើង
57. សហគមន៍សាមគ្គី៤
58. សមាគមធាងត្នោត (STT)
59. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
60. សហគមន៍ថ្មគោល
61. សហគមន៍ទួលសង្កែB
62. សហគមន៍ទួលរ៉ាដា
63. សហគមន៍ត្រពាំងអញ្ចាញថ្មី
64. សហគមន៍ទំនប់ពីរ
65. បណ្តាញព្រះសង្យយុវជនវត្តថាន់
66. គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 92 Community
២. Alliance for Conflict Transformation (ACT)
៣. Areng Valley Community
៤. Banteay Srey Community
៥. Beung Pram Land Community
៦. Boeung Kak Community
៧. Boeung Trabek Community
៨. Borei Keila Community
៩. Buddhism for Peace Organization (BPO)
១០. Building and Woodworker Trades Union Federation of Cambodia (BWTUC)
១១. Building Community Voice (BCV)
១២. CamASEAN Youth
១៣. Cambodian Development People Life Association
១៤. Cambodian Center for Human Rights (CCHR)
១៥. Cambodian Domestic Workers Network (CDWN)
១៦. Cambodian Food and Service Workers' Federation (CFSWF)
១៧. Cambodian Human Rights and Development Association (ADHOC)
១៨. Cambodian Independent Civil-Servants Association (CICA)
១៩. Cambodian Independent Teachers Association (CITA)
២០. Cambodian League for the Promotion & Defense of Human Rights (LICADHO)
២១. Cambodian Labour Confederation (CLC)
២២. Cambodian Tourism and Service Workers Federation (CTSWF)
២៣. Cambodian Youth Network (CYN)
២៤. Center for Alliance of Labor and Human Rights (CENTRAL)
២៥. Cheko Community
២៦. Coalition of Cambodian Apparel Workers Domestic Union (C.CAWDU)
២៧. Coalition for Integrity and Social Accountability
២៨. Coalition of Cambodian Farmer Community (CCFC)
២៩. Equitable Cambodia (EC)
៣០. Farmer Association for Peace and Development (FAPD)
៣១. Former Boeung Kak Women Network Community
៣២. Highlander Association
៣៣. Housing Rights Task Force (HRTF)
៣៤. IFEX
៣៥. Independent Democracy of Informal Economy Association (IDEA)
៣៦. Independent Monk Network for Social Justice
៣៧. Indigenous Youth at Brome Commune, Preah Vihear Province
៣៨. Indradevi Association
៣៩. Khmer Youth Association (KYA)
៤០. Koh Sralao Community
៤១. Land Community, I Village Preah Sihanouk Province
៤២. LICADHO Canada
៤៣. Lor Peang Community
៤៤. Mother Nature
៤៥. Peace Bridges Organization (PBO)
៤៦. People’s Centre for Development and Peace
៤៧. Phnom Bat Community
៤៨. Phum 21 Community
៤៩. Phum 22 Community
៥០. Phum 23 Community
៥១. Ponlok Khmer
៥២. Prek Takung Community
៥៣. Prek Tanou
៥៤. Prey Lang Community
៥៥. Preah Vihear Indigenous Community Network
៥៦. Railway Community
៥៧. Samaky 4 Community
៥៨. Sahmakum Teang Tnaut (STT)
៥៩. SOS International Airport Community
៦០. Thmor Kol Community (TK)
៦១. Toul Sangke B Community
៦២. Toul Rada Community
៦៣. Trapaing Anhchanh Thmey Community
៦៤. Tumnop II Community
៦៥. Wat Than Youth and Monk Network
៦៦. The Committee for Free and Fair Elections in Cambodia (COMFREL)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា