សេចក្តីថ្លែងការណ៍

ហានិភ័យ​នៃ​សំឡេង​រិះគន់​៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ចេញផ្សាយ ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៧
F T M

“យើង​មិន​ខ្លាច​ទេ​គុក​ច្រវាក់។​ យើង​ធ្លាប់​ជាប់​ពីមុន​មក​ហើយ។​ ប៉ុន្តែ​យើង​ត្រូវការ​សេរីភាព​ ដូចនេះ​យើង​នៅ​តែ​បន្ត​តស៊ូ​ដើម្បី​យុត្តិធម៌” (អ្នកស្រី​ ទេព​ វន្នី​ តំណាង​សហគមន៍​បឹងកក់​ និយាយ​ពី​ក្នុង​ពន្ធនាគារ)។

“យើង​ទាំងអស់​គ្នា​នៅតែ​ជាអ្នក​ការពារ​សិទិ្ធមនុស្ស​។ ការងារ​ដំបូង​ដែល​ខ្ញុំនឹង​ធ្វើ​ គឺ​បន្ត​ការងារ​សិទិ្ធ​មនុស្ស​របស់​ខ្ញុំ​”
(លោក​ យី​ សុខសាន្ត​ នៅថ្ងៃ​ដែល​លោក​ត្រូវ​បាន​គេ​ដោះលែង​ពី​ពន្ធនាគារ​ ខែមិថុនា​ ឆ្នាំ២០១៧)។​

នៅ​ខណៈ​ដែល​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​ដើរ​ទៅមុខ​ ការ​និយាយ​រិះគន់​ទៅលើ​​ការរំលោភ​បំពាន​របស់​អាជ្ញាធរ​ គឺកាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង។​ នៅ​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ការពារ​សិទិ្ធ​មនុស្ស​ បុគ្គល​ឯករាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ក្លាយជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃទៀត​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយស្រួយ​នៅកម្ពុជា។​ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៦​ អ្នក​ការពារ​សិទិ្ធមនុស្ស​បាន​ទទួលរង​នូវបទ​ពិសោធន៍​យ៉ាង​ជូរចត់​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​អ្នក​ទាំងនោះ។​ អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ ហើយ​ក្រោយ​មក ទោះ​ជា​ជន​សង្ស័យ​ចំបង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​បួន​ម៉ោង​ក៏ដោយ​ ក៏រហូត​មក​ដល់​សព្វថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរ​ឲ្យ​​ជឿ​ទុកចិត្តណាមួយ​​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះនៅឡើយទេ។​

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុងក្រោយ​បំផុត​នេះ​ អង្គការ​ លីកាដូ​ បាន​លើក​ឡើង​នូវ​ការ​បំភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។ វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​ជាច្រើន​ ដែល​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ (ដូចជា​៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លំអៀង​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​អហិង្សា​នានា)​ ត្រូវ​បាន​បន្ថែម​ទម្ងន់​តាមរយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើណេត។​ ទោះ​បី​ជា​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ តែ​ទិន្នន័យ​ទាំង​នេះ​អាច​ផ្តល់​នូវ​រូបភាព​មួយ​ផ្នែក​ដែល​បង្ហាញ​ពី​អំពើ​រំលោភ​បំពាន​ជាច្រើន​ ដែល​តែងតែ​កើត​មកលើ​អ្នក​ការពារ​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​មក​នេះ​។​ ដោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​សល់​តែមួយឆ្នាំ​ទៀត​ប៉ុណ្ណោះ ​ហាក់​ដូចជា​និន្នាការ​ទាំងនេះ​ អាច​នឹង​បន្ត​ទៅថ្ងៃ​អនាគត​ ហើយ​ការ​រំលោភ​បំពាន​ទៅលើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ជាច្រើន​នឹង​បន្ត​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ ក្នុង​ការ​បន្ត​រឹតត្បិត​សេរីភាព​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​។

ចាប់តាំង​ពីឆ្នាំ​២០១៥​ មក​ អ្នក​តំណាង​សហគមន៍​ជាច្រើន​ មេដឹកនាំ​សហជីព​ និង​សកម្មជន​បរិស្ថាន​ បាន​ទទួលរង​នូវ​ការ​ចោទប្រកាន់​ដែល​មិនមាន​មូលដ្ឋាន​ច្បាប់​ ការ​កោះហៅ​ឲ្យ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​ដែល​ជា​វិធីសាស្ត្រ​បំភិត​បំភ័យ​ដើម្បី​បំបិទ​មាត់​និង​បញ្ឈប់​ភាព​សកម្មនិយម​ និង​ការ​ជាប់​ពន្ធនាគារ​ តាម​រយៈការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ដែល​មាន​លក្ខណៈ​លំអៀង​ ចំពោះ​បុគ្គល​ដែល​អាជ្ញាធរ​យល់​ថាជា​ការ​គំរាម​កំហែង​ដល់ខ្លួន។​

អ្នក​តំណាង​សហគមន៍​ ដែល​បាន​ទទួល​ពាន​រង្វាន់​អន្តរជាតិ​ អ្នកស្រី ​ទេព វន្នី​ បាន​ទទួលរង​នូវ​ការ​ចោទ​ប្រកាន់​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ជាច្រើន​ករណី៖​ គ្រាន់​តែឆ្នាំ​មុន​ អ្នក​ស្រី​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​នៅក្នុង​សំណុំរឿង​ចំនួនបី​ផ្សេងគ្នា​ ដែល​ក្នុងនោះ​ករណី​ចំនួន​ពីរ​បាន​កើតឡើង​រាប់​ឆ្នាំ​មកហើយ។​ អ្នក​ការពារ​សិទិ្ធមនុស្ស​ជាច្រើន​ផ្សេងទៀត​នៅ​ក្នុង​សហគមន៍​របស់​អ្នកស្រី​ ដែល​ភាគច្រើន​ជាស្ត្រី ​ក៏ត្រូវ​បាន​អាជ្ញាធរ​ដាក់គោល​ដៅ​ដូចគ្នា។​

បុគ្គលិក​សមាគម​អាដហុក​ ការពារ​សិទិ្ធ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅកម្ពុជា​ (អាដហុក)​ ចំនួន​បួន​នាក់​ រួម​មាន​អ្នកស្រី​ លីម មុនី​ លោក​ នី សុខា​ លោក​ យី​ សុខសាន្ត​ និង​លោក​ ណៃ​ វ៉ង់ដា​ ក៏ដូចជា​អគ្គ​លេខាធិការ​រង គ.ជ.ប​ លោក​ នី ចរិយា​ បាន​ជាប់​ក្នុង​ពន្ធនាគារ​ចាប់​តាំង​ពីខែ​ឧសភា​ ឆ្នាំ​២០១៦មក​ រហូត​ដល់​ការ​ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​ កាល​ពី​សប្តាហ៍មុន​ពីបទ​សូក​ប៉ាន់​សាក្សី។​ ដោយ​មិនទាន់​មានការ​ប្រកាស​ថ្ងៃ​សវនាការ​នៅឡើយ​ សំណើ​សុំ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​របស់​អ្នក​ទាំងប្រាំ​ នៅតែ​បន្ត​ត្រូវ​បាន​តុលាការ​បដិសេធ។​ សម្រាប់​លោក​ នី ចរិយា​ គ្រាន់​តែ​និយាយ​រិះគន់​លើភាព​មិនប្រក្រតី​នៃ​នីតិវិធី​តុលាការ​កាល​ពីខែ​ឧសភា​ ឆ្នាំ២០១៥​ បាន​ធ្វើឲ្យ​លោកត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ និង​ដាក់​ទោស​ពន្ធនាគារ​ពី​បទល្មើស​មួយផ្សេង​ទៀត។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពីការ​ព្យាយាម​របស់​អាជ្ញាធរ​ ដើម្បី​បំបិទ​សំឡេង​រិះគន់​ស្រប​ច្បាប់​លើភាព​មិន​ប្រក្រតី​នៃ​នីតិវិធី​តុលាការ​។

អ្នក​ការពារ​សិទិ្ធមនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ​ និង​កំពុង​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​គ្រាន់តែ​ក្រោកឈរ​និង​និយាយ​រិះគន់​អំពី​ភាព​អយុត្តិធម៌​ មិន​គួរ​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​ទាល់តែ​សោះ​ ហើយ​បទចោទ​ប្រកាន់​ទាំងអស់​លើ​អ្នក​ទាំងនោះ​គួរ​ត្រូវ​បាន​ទម្លាក់​ចោល

អ្នក​នាង​ ណាលី​ ពីឡូក​ នាយិកា​រង​ផ្នែក​តស៊ូមតិ​នៃ​អង្គការ​ លីកាដូ​ បាន​មាន​ប្រសាសន៍​ថា៖​ “នៅ​ខណៈ​ដែល​មាន​ការ​ដោះលែង​បុគ្គលិក​អង្គការ​ អាដហុក​ និង​សមាជិក​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ នី ចរិយា​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ គឺ​ជា​ជំហាន​វិជ្ជមាន​មួយ​ ប៉ុន្តែ​អ្នក​ទាំងនោះ​នៅតែ​ប្រឈមមុខ​នឹង​បទចោទ​ ហើយ​អ្នក​ការពារ​សិទិ្ធមនុស្ស​ដទៃ​ទៀត​នៅតែ​បន្ត​នៅក្នុង​ពន្ធនាគារ​។ អ្នក​ការពារ​សិទិ្ធមនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ​ និង​កំពុង​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​គ្រាន់តែ​ក្រោកឈរ​និង​និយាយ​រិះគន់​អំពី​ភាព​អយុត្តិធម៌​ មិន​គួរ​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​ទាល់តែ​សោះ​ ហើយ​បទចោទ​ប្រកាន់​ទាំងអស់​លើ​អ្នក​ទាំងនោះ​គួរ​ត្រូវ​បាន​ទម្លាក់​ចោល”។


មើល​វីដេអូ​នេះ
ការវាយប្រហា​រទៅលើ​អ្នកគ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អ៊ំ សំអាត ដែលចាប់បាន​ដោយ​ម៉ាស៊ីនថត​របស់ វីអូឌី

អំពើ​ហិង្សា​ដែល​មាន​ការ​អនុគ្រោះ​ពី​អាជ្ញាធរ​ ជា​ពិសេស​អំពើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​មក​លើ​ការ​ប្រមូល​ផ្តុំ​ដោយ​អហិង្សា​នានា​ បាន​ក្លាយជា​សកម្មភាព​ជា​ទៀង​ទាត់​មួយ​របស់​នគរបាល​ សន្តិសុខ​ ហើយ​ករណី​ខ្លះ​ទាហាន​ត្រូវ​បាន​អាជ្ញាធរ​ដាក់ពង្រាយ​ដើម្បី​រារាំង​ការ​ប្រមូលផ្តុំ​ដោយ​អហិង្សា​នានា​ និង​បំបែក​អ្នក​តវ៉ា​ទាំងនោះ។​ កាល​ពី​ខែតុលា​ ឆ្នាំ​២០១៦​ អ្នក​ធ្វើ​ការងារ​ផ្នែក​សិទិ្ធ​មនុស្ស​ល្បី​ឈ្មោះ​មួយ​រូប​ គឺ​លោក​ អំ សំអាត​ ដែល​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទិ្ធមនុស្ស​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អង្គការ​ លីកាដូ ហើយ​និង​តំណាង​សហគមន៍​បឹងកក់​ លោក​ ច័ន្ទ​ ពុទ្ធិ​ស័ក​ ត្រូវ​បាន​កង​សន្តិសុខ​វាយ​ដំ​យ៉ាង​ដំណំ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ខណៈ​ដែល​អ្នក​ទាំងពីរ​កំពុង​ឃ្លាំ​មើល​ការ​ដើរហែក្បួន​អហិង្សា​ក្នុង​ទិវា​អន្តរជាតិ​សិទិ្ធ​លំនៅដ្ឋាន។

អ្នក​នាង​បាន​បន្ថែម​ថា៖​ “ទោះ​បីជា​មាន​ការ​ព្យាយាម​រឹតត្បិត​ពី​អាជ្ញាធរ​យ៉ាងណាក៏​ដោយ​ ក៏​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​ទាមទារ​ឲ្យ​ជនល្មើស​ទទួល​ខុស​ត្រូវ​ចំពោះមុខ​ច្បាប់ ​និង​ជួយ​ពង្រឹង​អំណាច​សហគមន៍​ សហជីព​និង​ក្រុម​ប្រជាពលរដ្ឋ​ផ្សេងទៀត​ ដែល​ព្យាយាម​ទាមទារ​នូវ​សិទិ្ធ​ស្របច្បាប់​របស់​អ្នក​ទាំងនោះ។​”

ទោះ​បីជា​នេះ​មិនមែន​ជា​វិធី​សាស្ត្រ​ថ្មីក៏​ដោយ​ ក៏​ច្បាប់​ថ្មី​និង​ច្បាប់​ចាស់​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​រឹតត្បិត​ នៅ​តែ​ត្រូវ​បាន​សភា​អនុម័ត​និង​ធ្វើ​វិសោធនកម្ម​ ដើម្បី​ដាក់​គោលដៅ​ទៅលើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​។ យ៉ាង​តិច​ណាស់​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ចំនួន​ប្រាំមួយ​ ត្រូវ​បាន​អនុម័ត​តាំង​ពីឆ្នាំ​ ២០១៤​ ដែល​មាន​គោលដៅ​យ៉ាង​ច្បាស់​ក្នុង​ការ​រឹតត្បិត​សកម្មភាព​របស់​ក្រុម​សង្គម​ស៊ីវិល​ ចោទ​ប្រកាន់​ការងារ​របស់​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ថា​ជា​អំពើ​ខុសច្បាប់​ និង​ដាក់​ទណ្ឌកម្ម​យ៉ាង​ឆាប់រហ័ស​ដល់​ការ​បញ្ចេញ​មតិ​និង​អ្នក​រិះគន់​អាជ្ញាធរ​ (រូមមាន​៖ ច្បាប់​ស្តី​ពី​សហជីព​ ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ច្បាប់​ស្តីពី​ប្រព័ន្ធ​ទូរ​គមនាគមន៍​ ច្បាប់​ស្តីពី​ការ​រៀបចំ​អង្គការ​តុលាការ​ ច្បាប់​ស្តីពី​ការរៀបចំ​និង​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា)​។ សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ចំនួន​បួន​ផ្សេង​ទៀត​ កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​។ ប្រសិន​បើច្បាប់​ទាំងនោះ​មិនត្រូវ​បាន​និរាកណ៍​ទេ​នោះ ​ច្បាប់​ទាំងនេះ​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សំឡេង​រិះគន់​របស់​កម្មករ​ អ្នក​ធ្វើ​យុទ្ធនាការ​ មេធាវី​ អ្នក​សារព័ត៌មាន​ សហជីព​ អ្នក​ដឹកនាំ​សហគមន៍​នៅទីក្រុង​ និង​ជនបទ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។
ម្តង​ហើយ​ម្តង​ទៀត​ ការ​ប្រមូលផ្តុំ​ដោយ​អហិង្សា​និង​ការ​បញ្ចេញ​មតិ​ តែងតែ​ត្រូវ​បាន​អាជ្ញាធរ​ដែល​រាប់​តាំង​ពី​មន្ត្រី​រាជរដ្ឋា​ភិបាល​រហូត​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ ចោទ​ប្រកាន់​ថា​ជា ​“បដិវត្ត​ពណ៌”​ និង​ត្រូវ​បាន​អាជ្ញាធរ​បង្រ្តាប​ (ពេល​ខ្លះ​ដោយ​អំពើ​ហិង្សា)​។ ការ​បង្ក្រាប​ដែល​បន្ត​កើត​មាន​ និង​ក្រោម​រូបភាព​ជាច្រើន​យ៉ាង​ទៅលើ​សេរីភាព​នៃការ​ប្រមូលផ្តុំ​ដោយ​អហិង្សា​និង​ការ​បញ្ចេញមតិ​បែបនេះ ​ជាហានិភ័យ​នៅក្នុង​បរិបទ​មុន​ និង​ក្រោយការ​បោះឆ្នោត។​

អ្នកនាង​ ក៏បាន​បន្ត​ទៀត​ថា៖​ “សង្គម​មួយ​ដែល​ដំណើរការ​បាន​ល្អ​ គឺ​ត្រូវ​ការ​សំឡេង​រិះគន់​សម្រាប់​ឲ្យ​មាន​ការ​អភិវឌ្ឍ​ជា​និរន្តរ៍។​ ដោយ​ផ្អែក​លើការ​គំរាម​កំហែង​នានា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​បន្ទប់​​ស្ថានការណ៍​ ដែល​ជា​ក្រុម​មិន​ផ្លូវការ​បង្កើត​ឡើង​ដើម្បី​ឃ្លាំមើល​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នាពេល​ថ្មីៗ​នេះ​ អាជ្ញាធរ​កំពុង​បង្ហាញថា​សំឡេង​ទាំងនេះ​គួរ​តែមិន​ត្រូវ​ឲ្យ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ”។

ទោះបីជា​អាជ្ញាធរ​អាច​មិន​បន្ត​គោរព​សិទិ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ក៏ដោយ​ ក៏​នៅតែ​មាន​ការ​តស៊ូ​ សាមគ្គីភាព​ និង​ការ​អំពាវនាវ​សារ​ជាថ្មី​ឲ្យ​មាន​ភាព​យុត្តិធម៌​សម្រាប់​អ្នក​ការពារ​សិទិ្ធមនុស្ស​ និង​អ្នក​ដែល​ហ៊ាន​ក្រោក​ឈរ​តវ៉ា​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា។​ អង្គការ​ លីកាដូ​ នៅតែនៅ​ជាមួយ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កម្ពុជា​ និង​អំពាវនាវ​ដោយ​សង្ឃឹម​ថា ​នឹង​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ទាំងអស់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​ឥត​លក្ខខណ្ឌ​និង​ឆាប់​រហ័ស​ មាន​ការ​ស៊ើប​អង្កេត​ភ្លាមៗ​និង​ម៉ត់ចត់​ទៅ​លើ​ការ​រំលោភ​បំពាន​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​នានា ​ព្រម​ទាំង​សង្ឃឹម​ថា​ នឹង​មិន​មាន​ការ​បង្ក្រាប​ដែល​មិន​ចាំបាច់​ទៅលើ​ប្រជាពលរដ្ឋ​ដែល​អនុវត្ត​សិទិ្ធ​សេរីភាព​ ក្នុង​ការ​បញ្ចេញ​មតិ​និង​ការ​ប្រមូល​ផ្តុំ​ដោយ​អហិង្សា។​

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​៖
 អ្នក​នាង​ ណាលី​ ពីឡូក ​នាយិការង​ផ្នែក​តស៊ូមតិ​នៃ​អង្គការ​ លីកាដូ​, លេខ​ទូរស័ព្ទ​៖ ០១២ ​៨០៣ ​៦៥០
 លោក​ អំ ​សំអាត​ អ្នក​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​ការ​រំលោភ​សិទិ្ធ​មនុស្ស​នៃអង្គការ​ លីកាដូ​, លេខ​ទូរស័ព្ទ៖​ ០១២ ​៣២៧ ​៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា