សេចក្តីថ្លែងការណ៍

អង្គការ​សង្គម​ស៊ីវិល​ សំណូមពរ​ដោយ​ទទូច​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ការផ្ដន្ទា​ទោស​ដ៏​អយុត្តិធម៌លើ​ អ្នកស្រី ​ទេព វន្នី ដើម្បី​បញ្ចប់​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​ផ្លូវ​ច្បាប់​មក​លើ​អ្នកស្រី និង​ដោះលែង​អ្នកស្រី​ឲ្យមាន​សេរីភាព​វិញ ​ #ដោះលែង​ទេពវន្នី

ចេញផ្សាយ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៧; ក្រុមសង្គមស៊ីវិល
F T M

អ្នកគាំទ្រ​អ្នក​ស្រី​ ទេព វន្នី​ ​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧។

យើងខ្ញុំ ជា​អង្គការ​សង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​សំណូមពរ​ដោយទទូច​​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ចោល​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ ​ ដែលបាន​សម្រេច​​ផ្តន្ទា​ទោស​ដ៏​អយុត្តិធម៌​មក​លើ​អ្នកស្រី ​ទេព វន្នី​ ពីបទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោស​ និងត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​កន្លះ ដោយសារ​សកម្មភាព​តវ៉ា​អហិង្សា​របស់​អ្នកស្រី​ កាលពីឆ្នាំ​២០១៣។ ​សាលា​ឧទ្ធរណ៍​នឹង​បើក​​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​ ​អ្នកស្រី ទេព​ វន្នី ប្រឆាំង​នឹង​ការ​ផ្តន្ទា​ទោសនេះ​ ​នៅ​ថ្ងៃ​ស្អែក​ ទី២៧ ​ខែកក្កដា​ ឆ្នាំ២០១៧​។ នៅ​ថ្ងៃ​ទី១៥ ខែសីហា​ ឆ្នាំ២០១៧​ ខាងមុខ​នេះ​ គឺ​ជា​ខួបមួយ​ឆ្នាំ​ ដែល​អ្នកស្រី​ ទេព​ វន្នី​ ត្រូវ​បាន​​ជាប់​ក្នុង​ពន្ធនាគារ​ ​ ហើយ​ការ​ជាប់​ពន្ធនាគារ​របស់​អ្នក​ស្រី​​ ទំនងជា​ការ​ប៉ុនប៉ង​ ក្នុង​ការ​បំបិទ​សំឡេង​​អ្នកការពារ​សិទ្ធិ​មនុស្ស​ដែល​ហ៊ាន​និយាយ​រិះគន់​មិន​សំចៃមាត់​នៅ​កម្ពុជា ​​មុនពេល​​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខែកក្កដា​ ឆ្នាំ២០១៨​ ចូល​មក​ដល់​។

សវនាការ​ថ្ងៃស្អែក​នេះ ពាក់​ព័ន្ធ​នឹង​ករណី​មួយ​ក្នុង​ចំណោម​ករណីបី​ផ្សេងទៀត ដែល​អសកម្ម​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​សើរើ​ឡើង​វិញ ប្រឆាំង​នឹង ​អ្នកស្រី​ ទេព វន្នី នា​​ពេលថ្មីៗ​នេះ។ កាលពី​​ខែសីហា​ ឆ្នាំ២០១៦​ ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សើរើ​សំណុំ​រឿងចាស់​របស់​អ្នកស្រី ទេព វន្នី​ ពីបទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ ​មាន​ស្ថាន​ទម្ងន់ទោស​ ខណៈដែល​អ្នកស្រី​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​បណ្ដោះ​អាសន្នរង់ចាំ​សវនាការ​។ ការ​សើរើ​នេះ​ធ្វើឡើង​​ មុន​ពេល​អ្នកស្រី​​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​​មិនសម​ហេតុផល​លើ​សំណុំ​រឿង​មួយ​ទៀត​ ពាក់​ព័ន្ធ​​នឹងការ​ចូលរួម​របស់​អ្នកស្រី​ក្នុង​យុទ្ធនាការ​អហិង្សា​ “​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ”​ ដែលជា​យុទ្ធនាការ​​​ទាមទារ​ឲ្យ​មាន​ការ “#ដោះលែង​​អ្នកទាំង៥” ដែល​កំពុង​​ត្រូវបាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ នាពេល​នោះ។ រឿងក្ដី​ ដែល​​សាលា​ឧទ្ធរណ៍​​​នឹង​ត្រូវ​បើក​​សវនាការ​ថ្ងៃ​ស្អែកនេះ​ គឺជា​សំណុំរឿង​ចាស់​មួយ​ ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​របស់​អ្នកស្រីក្នុង​ការ​តវ៉ា​អហិង្សា​របស់​សហគមន៍​បឹងកក់ ​ នៅ​មុខ​គេហដ្ឋាន​សម្ដេច​​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដើម្បី​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​សមាជិក​សហគមន៍​​របស់ខ្លួន​។ ការតវ៉ា​នេះ​បានបញ្ចប់​ដោយ​អំពើ​ហិង្សា​មក​លើ​អ្នកតវ៉ា​​ពីសំណាក់​កង​កម្លាំង​សន្តិសុខ ដែល​អ្នកស្រី ទេព វន្នី ក៏ត្រូវ​បានរង​របួស​ផងដែរ។ នៅ​ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ អ្នកស្រី​ ទេព វន្នី​ ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទចោទ​ទាំងនេះ​ ដោយ​តម្រូវ​ឲ្យ​​ជាប់​ពន្ធនាគារ​រយៈពេល​ ៣០ ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥​ លានរៀល​ (ប្រហែលជា​ ១.២៥០​ ដុល្លារ​អាមេរិក​) និង​ថែម​ទាំង​តម្រូវ​​ឲ្យ​បង់ប្រាក់​សំណង​សរុប​ចំនួន ៩​ លាន​រៀល​ (ប្រហែលជា​ ២.២៥០​ ដុល្លារ​អាមេរិក​) ទៅ​ដើម​បណ្ដឹង​ទាំងពីរ​នាក់​ដែល​ជា​សន្តិសុខ​ខណ្ឌ​ដូនពេញ​ទៀតផង​។

សវនាការ​របស់​អ្នកស្រី ​ទេព វន្នី​ មិន​បាន​អនុលោម​តា​ម​បទដ្ឋាន​អន្តរជាតិ​ ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួលបាន​ការជំនុំ​ជម្រះ​ដោយ​ស្មើភាព​​​នោះទេ ដោយ​សារ​ពុំមាន​ភស្តុតាង​ជាក់លាក់​ណាមួយ​ សម្រាប់​បញ្ជាក់​ពី​បទចោទ​មកលើ​អ្នកស្រី​ ហើយ​ក៏​ពុំឃើញ​មាន​ដើម​បណ្ដឹង​ ឬ​សាក្សី​ដាក់​បន្ទុក​ណាម្នាក់​បាន​ផ្ដល់​សក្ខីកម្ម​ផ្ទាល់​មាត់​នៅ​ក្នុង​សវនាការ​ទាំង​ពីរលើក និង​មាន​តែ​សក្ខី​កម្ម​ជា​សេចក្ដី​ថ្លែងការណ៍​តែប៉ុណ្ណោះ​ ដែល​នេះជា​ការ​​រារាំងក្នុង​ការ​ជជីក​សួរ​ដេញដោល។​ ចំណែក​ សមាជិក​សហគមន៍​ដែលមក​គាំទ្រអ្នកស្រី​​នៅ​ខាងក្រៅ​តុលាការ​ ត្រូវបាន​ទទួលរង​​អំពើ​ហិង្សា​ពី​សំណាក់​កងកម្លាំង​សន្តិសុខ​ ហើយ​​បន្ទាប់ពីការ​​ប្រកាស​សាលក្រមរួចមក​ មន្រ្តី​នគរបាល​បង្រ្កាប​កុប្បកម្ម​បាន​ចូល​ទៅក្នុង​តុលាការ​ និង​បាន​រារាំង​​សាក្សី​ដោះបន្ទុក​មួយចំនួន។

ការ​សើរើ​​បទចោទ​ទាំង​នេះ​​ ទំនង​ដូចជាមាន​ហេតុផល​នយោបាយ ក្នុង​ការ​ប៉ុនប៉ង​រឹតត្បិតនិង​ដាក់ទោស​លើ​អ្នកស្រី​ ដោយសារ​អ្នកស្រី​ជា​សកម្មជន​ដីធ្លី​និង​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ដែល​នេះ​ជាផ្នែក​មួយ​នៃ​ការ​បង្រ្កាប​របស់​អាជ្ញាធរ​ជា​បន្តបន្ទាប់​មកលើ​សំឡេង​ជំទាស់។ ការតវ៉ា​ដោយ​សន្តិវិធី​ និង​សេរីភាព​បញ្ចេញ​មតិ ​មិនមែន​ជា​បទល្មើស​នោះទេ​ ហើយ​អ្នក​ការពារ​សិទ្ធិ​មនុស្សក៏​មិនគួរ​ត្រូវ​បាន​ដាក់​ទោស​ ដោយសារ​តែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ដោយ​សន្តិវិធី​នោះដែរ។ យើងខ្ញុំ​ សង្ឃឹមថា​សាលា​ឧទ្ធរណ៍​​ នឹង​ប្រើប្រាស់​ឯករាជ្យភាព​របស់​ខ្លួន និង​ស្វែងរក​យុត្តិធម៌​ជូន​អ្នកស្រី​ ទេព វន្នី​ វិញ​ តាមរយៈ​ការ​បដិសេធ​ចោល​ការ​ផ្តន្ទាទោស​​​មក​លើ​អ្នកស្រី​ ពី​សំណាក់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ យើងខ្ញុំ​ក៏សង្ឃឹម​ដែរថា​​ អាជ្ញា​ធរ​កម្ពុជា​បញ្ឈប់​ការ​ធ្វើទុក្ខបុក​ម្នេញ​​តាម​ផ្លូវ​​ច្បាប់ ​​មកលើ​ អ្នកស្រី​ ទេព វន្នី​ និង​សង្ឃឹម​​ថា​អ្នកស្រី​នឹង​ត្រូវ​បាន​ដោះលែង​ពីពន្ធនាគារ​វិញ។

សេចក្ដី​ថ្លែង​ការណ៍​រួម​នេះ​គាំទ្រ​ដោយ ៖

១. អង្គការ​លើកលែង​ទោស​អន្តរជាតិ
២. សហគមន៍​បឹង​កក់
៣. សហគមន៍​បឹង​ត្របែក
៤. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​
៥. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
៦. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
៧. សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគតិច​កម្ពុជា
៨. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៩. បណ្ដាញយុវជនកម្ពុជា
១០​. សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម
១១. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
១២. អង្គការសមធម៌កម្ពុជា
១៣. សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) ក្នុង​ក្របខ័ណ្ឌអង្កេត​ដើម្បីកិច្ចការពារ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​
​១៤. វេទិកា​អាស៊ី​សម្រាប់ការអភិវឌ្ឍន៍សិទ្ធិ​មនុស្ស​
១៥. អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​
១៦. សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​ឃុំ​ប្រមេរ ខេត្ត​ព្រះវិហារ​
១៧. សមាគមឥន្ទ្រទេវី
១៨. សហគមន៍​ដី​ធ្លី ភូមិ​១ ខេត្ត​ព្រះសីហនុ
១៩. សហគមន៍​ដីធ្លី ភូមព្រែកជីក ខេត្ត​កោះកុង​
២០. សហគមន៍ដីធ្លី ភូមិស្គន់ ខេត្តសៀមរាប
២១. សហគមន៍ដីធ្លីឡពាង ខេត្ត​កំពង់ឆ្នាំង
២២. អង្គការពន្លកខ្មែរ
២៣. Progressive Voice (Myanmar)
២៤. សហគមន៍​ផ្លូវ​ភ្លើង​ ទួលសង្កែ A
២៥. សហគមន៍ SOS ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​
២៦. ក្រុមការងារដើម្បីដោះស្រាយទំនាស់
២៧. អង្គការ​ពិភពលោក​ប្រឆាំង​នឹង​ទារុណកម្ម (OMCT) ក្នុង​ក្របខ័ណ្ឌអង្កេត​ដើម្បីកិច្ចការពារ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Amnesty International
២. Boeung Kak Community
៣. Boeung Trabek Community
៤. Cambodian Center for Human Rights (CCHR)
៥. Cambodian Human Rights and Development Association (ADHOC)
៦. Cambodian Independent Teacher Association (CITA)
៧. Cambodian Indigenous Youth Association (CIYA)
៨. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៩. Cambodian Youth Network
១០. Coalition for Integrity & Social Accountability
១១. Community Legal Education Center
១២. Equitable Cambodia (EC)
១៣. FIDH, in the framework of the Observatory for the Protection of Human Rights Defenders
១៤. Forum Asia
១៥. Human Rights Watch (HRW)
១៦. Indigenous Youth at Prome Community, Preah Vihear Province
១៧. Indradevi Association (IDA)
១៨. Land Community, I Village Preah Sihanouk province
១៩. Land Community, Prek Chik Village, Koh Kong
២០. Land Conflict Community, Skun Village, Siem Reap province
២១. Lor Peang Community, Kampong Chhnang Province
២២. Ponlok Khmer
២៣. Progressive Voice (Myanmar)
២៤. Railway Station, Tuol Sangkae A Community
២៥. SOS International Airport Community
២៦. The Alliance for Conflict Transformation
២៧. World Organisation Against Torture (OMCT), in the framework of the Observatory for the Protection of Human Rights Defenders

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា