សេចក្តីថ្លែងការណ៍

លីកាដូ​ សំណូមពរឱ្យចាត់​វិធានការ​ឱ្យបានឆាប់ សម្រាប់ម្ដាយ ​និង​ស្រ្តីមាន​ផ្ទៃពោះ​ជាប់ពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​៨ ខែមេសា ឆ្នាំ២០១៩
F T M

នៅថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ សម្ដេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ និង​ក្រសួងកិច្ចការ​នារី​ ធ្វើការ​ពិនិត្យ​មើល​ស្ថានភាព​អ្នកជាប់​ពន្ធនាគារ​ជាស្រ្តី​ក្នុងដំណាក់កាល​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ។​ តាមរយៈ​ប្រសាសន៍​ និង​ការបង្ហោះ​នៅលើ​គណនេយ្យ​ហ្វេសប៊ុក​ផ្លូវការ​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា ​អ្នកជាប់ឃុំ​ជាស្រ្តី​ប្រឈម​នឹងបញ្ហា​ជាច្រើន​ដូចជា​ មានកូន​រស់នៅ​ក្រៅ​ពន្ធនាគារ​ដោយគ្មាន​អ្នកជួយ​ផ្គត់ផ្គង់​ និង​ត្រូវបាន​ឱពុក​របស់​ពួកគេ​បោះបង់​ចោល។​

សម្ព័ន្ធខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស ​លីកាដូ សូម​សម្ដែងការ​គាំទ្រ​ចំពោះ​សេចក្ដី​អំពាវនាវ​របស់​សម្ដេច​ ក្នុងការ​ចាត់វិធានការ​ជាបន្ទាន់​ ដើម្បី​ដោះស្រាយ​តម្រូវការ​របស់​ស្ដ្រី​ក្នុង​ពន្ធនាគារ​ ជាពិសេស​ស្ថានភាព​អ្នកជាប់ឃុំ​ដែល​ងាយ​រងគ្រោះដូចជា ​ម្ដាយមាន​កូនតូច​នៅជាមួយ​ និង​ស្រ្តីមាន​ផ្ទៃពោះ ​ក្នុង​ពន្ធនាគារ។​ បញ្ហានេះ​ គួរ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការប្រើប្រាស់​វិធានការ​ផ្លូវច្បាប់​ដែលមាន​ស្រាប់​ដូចជា​ ការផ្ដល់​អាទិភាព​សវនាការ​ចំពោះ​ស្រ្តីក្នុង​ដំណាក់កាល​ឃុំខ្លួន​បណ្ដោះអាសន្ន​ និង​ការ​ពន្លឿន​ដំណើរការ​នៃពាក្យ​បណ្ដឹង​សុំនៅ​ក្រៅឃុំ។​

លីកាដូ​ ក៏បាន​សរសេរ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ​ក្រសួងយុត្តិធម៌​ និង​ក្រសួង​កិច្ចការ​នារី ​ដោយធ្វើការ​សំណូមពរ​ឱ្យក្រសួង​ពាក់ព័ន្ធ​ទាំងនេះ​ ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​សម្ដេច​ ក្នុងការ​ចាត់វិធានការ​ និងស្វែងរក​ដំណោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​ ​ចំពោះ​ស្ថានភាព​ស្រ្តីជាប់​ពន្ធនាគារ​ក្នុង​ដំណាក់កាល​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ ដោយ​ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់​ដែល​មានស្រាប់។​

វិធានការ​ទាំងនេះ ​ត្រូវបាន​រៀបរាប់​លម្អិត​នៅក្នុង​របាយការណ៍​ដែល​លីកាដូ​បាន​ចេញផ្សាយ​កាលពី​ខែតុលា​ ឆ្នាំ២០១៨​​ ដោយមាន​ចំណងជើងថា​ “ពេលដែល​ត្រូវ​ដោះលែង​ឱ្យនៅ​ក្រៅឃុំ៖​ បញ្ឈប់ការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​មិនចាំបាច់”​ ដែល​បាន​បង្ហាញ​ពីស្ថានភាព​កុមារ​ ម្ដាយ​របស់​ពួកគេ​ និង​ស្ដ្រីមាន​ផ្ទៃពោះ​ដែល​ត្រូវបាន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​កម្ពុជា។

លីកាដូ​បាន​ចាប់ផ្ដើម​ឃ្លាំមើល​ស្ថានភាព​ពន្ធនាគារ​នៅកម្ពុជា​តាំងពីឆ្នាំ​១៩៩៣​ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ឃ្លាំមើល​ពន្ធនាគារ​ចំនួន១៨​ក្នុង​ចំណោម​ពន្ធនាគារ​សរុប​ចំនួន២៨​ នៅ​កម្ពុជា។​ យោងតាមច្បាប់​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​ កុមារ​អាយុ​ក្រោម៣​ឆ្នាំ ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​ជាមួយ​ម្ដាយ​របស់​ពួកគេ​ក្នុងពន្ធនាគារ។​ បច្ចុប្បន្ននេះ ​មានកុមារ​ចំនួន​១១៣នាក់​ និង​ស្ដ្រី​មានផ្ទៃពោះ​ចំនួន៣៨នាក់​ កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ចំនួន១៨​ដែលលីកាដូ​ បាន​ធ្វើការ​ឃ្លាំមើល។​ វិបត្តិនេះ​កំពុង​តែ​ធ្វើឱ្យ​មាន​ស្ថានភាព​កាន់តែ​អាក្រក់ឡើង​ ខណៈ​ចំនួនកុមារ​ដែល​នៅជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​ បាន​កើន​ឡើង​​​ស្ទើរតែ​ទ្វេដង​​ចាប់តាំង​ពីថ្ងៃទី០១​​ ខែមករា​ ឆ្នាំ២០១៧​មក។​

កុមារ​ និង​ម្ដាយ​របស់ពួកគេ​ ប្រឈម​នឹងបញ្ហា​ជាច្រើន​ដូចជា​ ខ្វះខាត​របបអាហារ​ ទឹក​ប្រើប្រាស់​និង​បរិភោគ​ សម្លៀក​បំពាក់​ និង​គ្រឿង​សម្អាត​អនាម័យ​ផ្សេងៗ។​ បញ្ហា​ទាំងនេះ​គឺមាន​ស្ថានភាព​អាក្រក់ខ្លាំង​ ដោយសារ​ការប្រើប្រាស់​នីតិវិធី​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ច្រើន​ហួសហេតុ​ពេក​ និង​កង្វះខាត​នៃការ​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​ដែលមាន​ស្រាប់​ដូចជា​​ ពាក្យបណ្ដឹង​សុំនៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន​ជាដើម។​

របាយការណ៍​របស់​លីកាដូ​បាន​លើកឡើង​ពីអនុសាសន៍​មួយចំនួន​ខាងក្រោម​ ដែល​អាច​ជួយ​កាត់​បន្ថយបញ្ហា ​ដែល​សម្ដេច​បានមាន​ប្រសាសន៍។​

• អ្នកជាប់ឃុំ​ទាំងអស់​ដែលមាន​សិទ្ធិ ​គួរត្រូវបាន​សាកសួរ​ថាតើ​អ្នកទាំងនោះ​ចង់ស្នើសុំ​នៅក្រៅឃុំ​ឬទេ ​​ជាពិសេស​ករណី​អ្នកជាប់ឃុំ​ដែល​ងាយរងគ្រោះ​ដូចជា​ អ្នកជាប់ឃុំ​ជាស្រ្តីមាន​កូនតូច​នៅជាមួយ​ និង​អនីតិជន​ជាដើម។​ វិធានការ​នេះនឹង​ជួយធានាថា​ ក្មេងមិនចាំបាច់​ត្រូវរស់នៅ​ក្នុងបន្ទប់​ឃុំឃាំង​តូចចង្អៀត​ ដែល​អាច​ប៉ះពាល់​ដល់ការ​លូតលាស់​ផ្នែករាង្គកាយ ​និងស្មារតី​របស់ពួកគេទេ។​

• គួរផ្ដល់​អាទិភាព​ចំពោះ​ សវនាការ​សុំនៅ​ក្រៅឃុំ​នៃករណី​មួយចំនួន​របស់​អ្នកជាប់ឃុំ​ដែលងាយ​រងគ្រោះ​​ដូចជា​ ស្រ្តីមាន​ផ្ទៃពោះ ​និងម្ដាយ​ដែលមាន​កូនតូច​នៅជាមួយ​ ដូចនេះ​ពួកគេ​មិនចាំ​បាច់​ត្រូវ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ ក្នុងរយៈពេល​វែង​ និង​មិនមាន​ពេលវេលា​កំណត់​ជាក់លាក់។​ ការ​ធ្វើបែបនេះ​​នឹងជួយ​​ក្នុងករណី​កុមារអាយុ​លើសពី​៣ឆ្នាំ ​ដែល​ពួកគេ​មិនចាំបាច់​ត្រូវបាន​បន្ត​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​​ ដូចនេះ​ពួកគេ​មិនត្រូវ​បាន​បង្ខំ​ឱ្យ​ទៅរស់នៅ​ក្នុង​មណ្ឌល​ថែទាំ​កុមារ។​ ដូចគ្នា​ផងដែរ​ មាន​ឯកសារ​ដែល​បញ្ជាក់ថា​​ ស្រ្តីមាន​ផ្ទៃពោះ​មិន​បានទទួល​ការថែទាំ​ ទាំងមុន​និង​ក្រោយ​ពេល​សម្រាលកូននោះទេ។

• ធានាថា​ ការឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​​ គួរត្រូវបាន​ប្រើប្រាស់​ដោយ​សមស្រប​ និង​ជាជម្រើស​ចុងក្រោយ​ ដោយ​អនុលោម​តាមគោលការណ៍​សន្មត់​ថា​គ្មានទោស​ដរាប​ណា​ជនសង្ស័យ​មិនទាន់​ត្រូវបាន​កាត់ទោស។​

• ធានាថា​ មុនពេល​ចេញដីកា​សម្រេច​ឃុំខ្លួន​ គួរមានការ​ពិចារណា​ឱ្យបាន​សមស្រប​ដោយផ្អែក​លើ​កាលៈទេសៈ​ផ្ទាល់ខ្លួន​ នៃ​រាល់បុគ្គល​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ ដោយ​អនុលោម​តាមកិច្ច​ការពារ​ផ្នែកច្បាប់​ ជាពិសេស​ក្នុងករណី​នៃអ្នកជាប់ឃុំ​ដែលងាយ​រងគ្រោះ​ដូចជា​ ស្ត្រីមាន​ផ្ទៃពោះ ​និងម្ដាយ​មានកូនតូច​​ ក៏ដូចជា​អនីតិជនជាដើម។​

• ធានាថា​ លក្ខខណ្ឌនៃការ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ឆ្នាំ២០១៤​ គួរត្រូវបាន​ប្រើប្រាស់​ត្រឹមត្រូវ​ ដោយពន្យល់​ឱ្យបាន​ច្បាស់លាស់​អំពី ហេតុផល​ណាមួយ​នៃ​ហេតុផល​​ទាំង៦​នៃការ​អនុវត្ត​នីតិវិធី​ឃុំខ្លួន​បណ្ដោះ​អាសន្ន ​ចំពោះ​ករណី ​និងអំណះ​អំណាង​ដែល​​មាន​ហេតុផល​ច្បាស់លាស់​​​ មុនពេល​សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន។​

• ធានាថា ​រាល់បុគ្គល​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ទទួល​បានសិទ្ធិ​ និង​កិច្ចការពារ​ មុនពេល​សវនាការ​ រូមមាន​ ការ​ទទួលបាន​កិច្ចការពារ​ផ្លូវច្បាប់​គ្រប់គ្រាន់​ ទទួលបាន​ការជូន​ដំណឹង​ត្រឹមត្រូវ​ពីបទចោទ​ចំពោះ​ពួកគេ​ និង​ដឹងពី​នីតិវិធី​ពាក់ព័ន្ធ​នឹងការ​ដាក់​ពាក្យ​ស្នើសុំ ​និង​ទទួល​បាន​សិទ្ធិ​នៅ​ក្រៅឃុំ ​ក៏ដូចជា​សមត្ថភាព​ក្នុងការ​ស្នើសុំ​នៅក្រៅឃុំ​បណ្ដោះ​អាសន្ន​ ជាពិសេស​ក្នុងករណី​នៃ​អ្នកជាប់ឃុំ​ដែល​ងាយ​រងគ្រោះ​ដូចជា​ អនីតិជន​ ស្ត្រីមាន​ផ្ទៃពោះ ​និង​ម្ដាយ​មាន​កូន​តូច​ជាដើម។​ ដំណើរការ​នៃនីតិវិធី​ទាំងនេះ ​គួរត្រូវបាន​ពន្យល់​ឱ្យបាន​ច្បាស់លាស់​ និង​អនុវត្ត​ឱ្យបាន​ទាន់​ពេលវេលា។​

លើសពីនេះ​ លីកាដូ ​ក៏សូមផ្ដល់​អនុសាសន៍​ឱ្យអគ្គព្រះរាជអាជ្ញា​ធ្វើការ​ផ្សព្វផ្សាយ​ពី​គោលការណ៍​ណែនាំ​ស្ដីពីរ​បៀប​ដែល​ អាជ្ញាធរ​យុត្តិធម៌​ និង​មន្រ្តី​តុលាការ​ ​ គួរដោះស្រាយ​ចំពោះករណី​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹងម្ដាយ​ និង​ស្ត្រីមាន​ផ្ទៃពោះ​​ ដើម្បី​ធានាថា ​អ្នកទាំងនោះ​មិនត្រូវ​បាន​ឃុំខ្លួន​ ដែល​ធ្វើឱ្យ​កើនឡើង​នូវ​ចំនួន​អ្នកជាប់ឃុំ​នៅពេល​អនាគត។

សំណូមពរ​ខាងលើនេះ​ គឺជា​វិធីសាស្ត្រ​ដ៏ល្អ​ជាងគេ​ក្នុងការ​ដោះស្រាយ​ស្ថានភាព​អ្នកជាប់ឃុំ​ជាម្ដាយ​ និង​ស្រ្តីមាន​ផ្ទៃពោះ ​ហើយ​សំណូមពរ​ទាំងនេះ​ ក៏ស្របទៅ​នឹង​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ​ដើម្បី​ផ្ដល់អាទិភាព​ចំពោះ​ស្រ្តី​មួយចំនួន​នៅក្នុង​ពន្ធនាគារផងដែរ។​ នេះគឺជា​ក្ដីសង្ឃឹម​របស់​ ស្រ្តីមាន​ផ្ទៃពោះ ​និង​ម្ដាយមាន​កូនតូច​នៅក្នុង​ពន្ធនាគារ​ ដែល​កំពុង​អនុវត្ត​ការឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ អាចទទួល​បានសិទ្ធិ​នៅក្រៅឃុំ​ ឬក៏ត្រូវបាន​ជំនុំជម្រះ​មុនពេល​បុណ្យចូលឆ្នាំខ្មែរ​ប្រពៃណី​ជាតិ។​

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក​ អំ សំអាត​ នាយករង​ផ្នែកឃ្លាំមើល​ និង​ការពារ​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ,​ Signal:​ +85510327770 (ភាសាខ្មែរ)។
 ណាលី ​ពីឡូក​ នាយិកា​នៃ​អង្គការ​លីកាដូ,​ Signal:​ +85512214454 (អង់គ្លេស)។

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា